-
ក្រសួងការបរទេសអាមេរិកចូលរួមរំលែកទុក្ខដល់ប្រជាជនឆាដ បន្ទាប់ពីលោកប្រធានាធិបតី Idriss Deby បានស្លាប់ នៅពេលប៉ះទង្គិចគ្នាជាមួយពួកឧទ្ទាម (មានវីដេអូ)

-
ក្រសួងការបរទេសអាមេរិកចូលរួមរំលែកទុក្ខដល់ប្រជាជនឆាដ បន្ទាប់ពីលោកប្រធានាធិបតី Idriss Deby បានស្លាប់ នៅពេលប៉ះទង្គិចគ្នាជាមួយពួកឧទ្ទាម

ឆាដ៖ កងទ័ពប្រទេសឆាដបាននិយាយថា ប្រធានាធិបតីឆាដលោក Idriss Deby ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយក្រុមឧទ្ទាម ដោយបញ្ចប់ការកាន់កាប់អំណាចរបស់លោករយៈពេល៣០ឆ្នាំនៅប្រទេសមួយនេះ ។ ថ្លែងតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យកងទ័ពឆាដបាននិយាយថា លោក Deby បានស្លាប់ដោយសាររបួសពេលលោកទៅសួរសុខទុក្ខកងទ័ពជួរមុខ ។ក្រុមឧទ្ទាមមានឈ្មោះថា រណសិរ្សដើម្បីការផ្លាស់ប្តូរ និងកិច្ចព្រមព្រៀងនៅប្រទេសឆាដបានសម្រុកចូលពីភាគខាងជើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះឆ្ពោះទៅរដ្ឋធានី N’Djamena ។ រដ្ឋាភិបាល និងសភាត្រូវបានរំលាយ ហើយអ្នកនាំពាក្យកងទ័ពលោក Azem Bermendao Agouna បាននិយាយថា ក្រុមប្រឹក្សាយោធានឹងគ្រប់គ្រងប្រទេសនេះរយៈពេល១៨ខែ និងថា ក្រុមប្រឹក្សានឹងត្រូវដឹកនាំដោយកូនប្រុសរបស់លោក Deby គឺលោកឧត្តមសេនីយ៍ Mahamat Idriss Deby Into អាយុ៣៧ឆ្នាំ ។ ទន្ទឹមគ្នា ស្ថានទូតសហរដ្ឋអាមេរិកនៅរដ្ឋធានី N’Djamena បានបញ្ជាឱ្យបុគ្គលិកស្នាក់នៅកន្លែងដែលមានសុវត្ថិភាព ដោយលើកឡើងអំពីភាពចលាចលដែលអាចកើតមាន ។ ក្រសួងការបរទេសអាមេរិកបានចូលរួមរំលែកទុក្ខដល់ប្រជាជនឆាដ និងបានឲ្យដឹងថា សហរដ្ឋអាមេរិកគាំទ្រការផ្ទេរអំណាចដោយសន្ដិវិធី ដោយយោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសឆាដ ។ អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអាមេរិកនៅអាហ្រ្វិកបានសម្តែងការចូលរួមមរណទុក្ខជាមួយប្រជាជនឆាដ ហើយបាននិយាយថា បញ្ជាការដ្ឋាននេះ កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការលុកលុយរបស់ក្រុមឧទ្ទាមនៅប្រទេសនេះ ។សូមបញ្ជាក់ថា លោក Deby អាយុ៦៨ឆ្នាំបានគ្រប់គ្រងប្រទេសឆាដចាប់តាំងពីឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែធ្នូ…
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីចំនួនអ្នកជំងឺ COVID-19 ដ៏ច្រើនជាលើកដំបូង គឺរហូតដល់៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ។មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើនេះ គឺជាករណីឆ្លងក្នុងស្រុកទាំងអស់ ដោយក្នុងនោះ៤៤៦នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក ១១៨នាក់នៅខេត្តណុនថាបុរី ៩៩នាក់នៅខេតឈៀងម៉ៃ និង ៩៧នាក់ទៀតនៅខេត្តឈុនបុរី ។សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ នៅទូទាំងប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប៤ម៉ឺន៨ពាន់១១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១៧នាក់ និងជាសះស្បើយវិញចំនួន២ម៉ឺន៩ពាន់៨៤៨នាក់ ខណៈដែលអ្នកជំងឺ ១ម៉ឺន៨ពាន់១៤៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ប្រភព៖ Bangkok Post
-
ថៃប្រកាសពីការស្លាប់ប្រចាំថ្ងៃព្រោះកូវីដច្រើនបំផុត មិនធ្លាប់មាន!

-
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញអោយលោក ចូ បៃដិន ចូលរួមធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានជំរុញអោយសមភាគីអាមេរិកលោក ចូ បៃដិន បើកកិច្ចចរចាដោយផ្ទាល់ជាមួយប្រទេសកូរ៉េខាងជើង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន the New York Times ដែលត្រូវបានចុះផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ លោក មូន បានលើកឡើងថា លោកប្រធា នាធិបតីអាមេរិកចាំបាច់ត្រូវទាក់ទងដោយផ្ទាល់ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយមិនត្រូវពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរទៅកាន់មន្រ្តីថ្នាក់ក្រោម ដោយមិនអើពើនឹងព័ត៌មានលម្អិតបឋមឡើយ ។ លោក មូន បានប្រាប់កាសែត the Times ដែរថា ចំនុចចាប់ផ្តើមសំខាន់បំផុត សម្រាប់រដ្ឋាភិបាលទាំងពីរ (អាមេរិក-កូរ៉េខាងជើង) គឺត្រូវមានឆន្ទៈសម្រាប់ការសន្ទនាគ្នា និងអង្គុយទល់មុខគ្នានៅកាលបរិច្ឆេតណាមួយ ។ជាមួយគ្នានេះ លោក មូន សង្ឃឹមថា លោក បៃដិន នឹងធ្វើការបន្ធូរបន្ថយ ដើម្បីក្លាយជាប្រធានាធិបតីក្នុងប្រវត្តិសាស្រ្តមួយរូប ដែលទទួលបានវឌ្ឍនភាពគួរអោយកត់សម្គាល់ និងធ្វើមិនអោយត្រឡប់មកវិញនូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាអាចស្វែងរកពន្លឺសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ៕ ប្រភព៖ CNA
-
បណ្តាប្រទេសសហភាពអឺរ៉ុបត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ខណៈការចែកចាយបន្តឡើងវិញហើយ

អាល្លឺម៉ង់៖ បណ្តាប្រទេសអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ក៏ដូចជាបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសពួកគេ បន្ទាប់ពីនិយ័តករឱសថអឺរ៉ុបបានគាំទ្រការប្រើប្រាស់ និងចាប់ផ្តើមចែកចាយវ៉ាក់សាំងនេះឡើងវិញ បន្ទាប់ពីបានផ្អាកអស់ពេលជាច្រើនសប្តាហ៍ ។ក្រសួងសុខាភិបាលអាល្លឺម៉ង់និយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការចែកចាយទៅដល់រដ្ឋសហព័ន្ធសម្រាប់ការប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ហើយថា ក្រុមគ្រូពេទ្យទាំងអស់គួរតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ឡើងវិញចាប់ពីថ្ងៃពុធសប្តាហ៍នេះ ។ ដោយឡែកបារាំងនឹងចាប់ផ្តើមទទួលយកវ៉ាក់សាំងចាប់ពីសប្តាហ៍នេះ និងសប្តាហ៍បន្តបន្ទាប់ ខណៈដែលហូឡង់ក៏មានគំរោងចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ក្នុងប្រទេសខ្លូននៅសប្តាហ៍ក្រោយផងដែរ ។បើតាមប្រភពបានអោយដឹងថា ក្រុមហ៊ុន Johnson & Johnson គ្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៥៥លានដូសទៅសហភាពអឺរ៉ុបនៅត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ៕ ប្រភព៖ CNA
-
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនរដ្ឋចំនួន២របស់យោធាមីយ៉ាន់ម៉ា

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានដាក់ទណ្ឌកម្មថ្មីទៅលើរបបយោធាមីយ៉ាន់ម៉ា ដោយផ្តោតទៅលើសហគ្រាសរដ្ឋចំនួនពីរ នៅក្នុងសកម្មភាពដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ក្រោយរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ និងការសម្លាប់ក្រុមបាតុករចាប់តាំងពីខ្លួនឡើងគ្រប់គ្រងអំណាច ។ក្រសួងរតនាគារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះបញ្ជីខ្មៅសហគ្រាសឈើ ហ៊ុប មីយ៉ាន់ម៉ា និងសហគ្រាសគុជខ្យងមីយ៉ាន់ម៉ា ដោយសហគ្រាសទាំងពីរនេះ គឺជាប្រភពសេដ្ឋកិច្ចជួយទ្រទ្រង់ដល់របបយោធាមីយ៉ាន់ម៉ា ។ មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងវិបត្តិ ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ជាមួយនឹងការតវ៉ាស្ទើរតែរាល់ថ្ងៃ ទោះបីជាមានការបង្ក្រាបដោយយោធា ដែលសម្លាប់មនុស្សរាប់រយនាក់ក៏ដោយ ។បើតាមអង្គការសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ មនុស្សប្រមាណ៧៣៨នាក់ហើយត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ និង៣ពាន់៣រយកំពុងជាប់ឃុំ ខណៈដែលមនុស្ស២០នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិត និងកំពុងរត់គេចខ្លួន ៕ ប្រភព៖ CNA
-
មនុស្សជិត២៥ម៉ឺននាក់បង្ខំចិត្តភៀសខ្លួន ដោយសារការបង្ក្រាបដ៏ឃោរឃៅពីសំណាក់យោធាមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ការបង្ក្រាបដ៏ឃោរឃៅដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករទូទាំងប្រទេស បានធ្វើឲ្យមនុស្សជិត២៥ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ក្នុងនោះមានទាំងប្រទេសជិតខាងផងដែរ នេះបើតាមប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ ។ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថម អេនឌ្រូស៍ (Tom Andrews) និយាយថា វាពិតជាគួរឲ្យភ័យរន្ធត់ណាស់ បន្ទាប់ពីយើងដឹងថា ការបង្ក្រាបដោយកងកម្លាំងយោធាបានធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ាជិត២៥ម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួន ។ ជាមួយគ្នានេះ លោក ថម អេនឌ្រូស៍ ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូល ចេញសកម្មភាពឲ្យបានឆាប់រហ័ស តាមដែលអាចទៅរួចផងដែរ ដើម្បីឆ្លើយតបនឹងមហន្តរាយផ្នែកមនុស្សធម៌នេះ ។បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈមក យោធាមីយ៉ាន់ម៉ាបានប្រើធម៌ក្តៅបង្ក្រាបលើក្រុមបាតុករជាបន្តបន្ទាប់ ក្នុងនោះតំបន់ដែលក្តៅគគុកជាងគេ គឺទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលជាតំបន់មានមនុស្សរស់នៅច្រើនបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៤លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧ម៉ឺននាក់ និងជាសះស្បើយ១២២លាន៦០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៤លាន៤៣ម៉ឺន១ពាន់៨៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧ម៉ឺន១ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២២លាន៦០ម៉ឺន៦ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៦០ម៉ឺន២ពាន់៥១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៣ពាន់៣៣០នាក់ និងជាសះស្បើយចំនួន២៥លាន១៧ម៉ឺន៧ពាន់៤៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៩២ម៉ឺន៤ពាន់៨០៦នាក់ ស្លាប់១៨ម៉ឺន៤ពាន់៦៧២នាក់ និងជាសះស្បើយ១៣លាន៤៤ម៉ឺន៩ពាន់៤០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន១២ម៉ឺន២ពាន់៧៩៥នាក់ ស្លាប់ចំនួន៣៨ម៉ឺន១ពាន់៦៨៧នាក់ និងជាសះស្បើយ១២លាន៥៦ម៉ឺន១ពាន់៦៨៩នាក់ ៕ ប្រភព៖ worldometers
-
ថៃ៖ លោក ថាក់ស៊ីន ចង់ជួយរកវ៉ាក់សាំងឲ្យជាតិ តែលោកប្រាយុទ្ធទាត់ចោល

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានច្រានចោលការជួយពីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលចង់ជួយឲ្យថៃទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតពីប្រទេសរុស្ស៊ី នេះបើតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី២២ មេសា ២០២១នេះ។ លោកប្រាយុទ្ធបានទាត់ចោលបែបនេះ ក្រោយពេលលោកថាក់ស៊ីដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសបានប្រកាសតាមបណ្តាញសង្គមពីបំណងជួយរបស់លោក កាលពីពេលថ្មីៗនេះ។ លោកថាក់ស៊ីនបាននិយាយថា នីតិវិធីទទួលបានវ៉ាក់សាំងរបស់ថៃមានការយឺតយ៉ាវខ្លាំង ហើយលោកស្នើថា គួរតែទទួលវ៉ាក់សាំងពីប្រភពផ្សេងទៀត មិនមែនតែស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកាទេ។ លោកនិយាយថា អ្នកជំនួញធំៗនៅប្រទេសថៃមានសមត្ថភាពនិងទំនាក់ទំនងដើម្បីបានវ៉ាក់សាំងបន្ថែមទៀត ពីក្រុមហ៊ុនហ៊ុនផលិតវ៉ាក់សាំងផ្សេងៗទៀត ដូចជា ចិន និងរុស្ស៊ីជាដើម។ លោកថាក់ស៊ីនបន្តថា រាជរដ្ឋាភិបាលគួរតែស្នើដល់ពួកមហាសេដ្ឋីទាំងនោះជួយ ដោយលោកបញ្ជាក់ថា រូបលោកអាចចរចាជាមួយប្រធានាធិបតីរុស្ស៊ីបាន បើរដ្ឋាភិបាលចង់បាន។ ឆ្លើយតបនឹងបំណងនេះ លោក ប្រាយុទ្ធបាននិយាយថា «ខ្ញុំមិនឆ្លើយតបទេ សូមកុំលើកពីសំណួរពីបុគ្គលរស់នៅក្រៅប្រទេស… ខ្ញុំមិនស្គាល់គាត់ទេ កុំខ្វល់ពីគាត់អី»៕