-
ក្រុមហ៊ុន Johnson & Johnson បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងការព្រមានអំពីសុវត្ថិភាព

បរទេស៖ ក្រុមហ៊ុន Johnson & Johnson នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួននឹងបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីនិយ័តករឱសថក្នុងតំបន់នេះនិយាយថា ការចាក់វ៉ាក់សាំងនេះមានគុណប្រយោជន៍ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ។និយ័តករសុខាភិបាលអឺរ៉ុប និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអង្គារដដែលនេះ ក៏បានធ្វើការណែនាំអោយបន្ថែមការព្រមានអំពីបញ្ហាកំណកឈាមដ៏កម្រ ជាមួយនឹងចំនួនផ្លាកែតឈាមទាប នៅពេលចាក់វ៉ាក់សាំងនេះ ប៉ុន្តែនៅតែនិយាយថា អត្ថប្រយោជន៍របស់វ៉ាក់សាំងចាក់តែមួយដូសនេះ មានច្រើនជាងហានិភ័យរបស់វា ។ ភ្លាមៗគ្នានោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Johnson & Johnson បានកើនឡើងច្រើនជាង២ភាគរយ ។សូមបញ្ជាក់ថា ការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ត្រូវបាននិយ័តករអាមេរិកសម្រេចអោយផ្អាកជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន បន្ទាប់ពីបញ្ហាកំណកឈាមដ៏កម្រ រួមបញ្ជូលទាំងចំនួនផ្លាកែតឈាមទាប ត្រូវបានរាយការណ៍កើតមានឡើងទៅលើស្ត្រីចំនួន៦នាក់ ដែលធ្វើអោយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកនេះផ្អាកដំណើរការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុប ។ មកទល់ពេលនេះ មានមនុស្សជិត៨លាននាក់ហើយនៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Johnson & Johnson ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការកើនឡើងករណីឆ្លងជំងឺ Covid-19

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចាត់វិធានការណ៍បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដូច្នេះការបិទខ្ទប់ (Lockdown) មិនចាំបាច់ត្រូវធ្វើវានោះទេ ។លោក ម៉ូឌី បានថ្លែងតាមទូរទស្សន៍ថា សភាពការណ៍នៅអាចគ្រប់គ្រងបានរហូតដល់ប៉ុន្មានសប្តាហ៍មុន ។ រលកទី២នេះចូលមកហាក់ដូចជាព្យុះមួយអ៊ីចឹង… សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ និងកុំភិតភ័យ ខណៈប្រទេសជាតិជួបគ្រាអាសន្នសុខភាពដ៏អាក្រក់បំផុត ។ លោក ម៉ូឌី បន្ថែមថា រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់នូវគ្រែពេទ្យ, អុកស៊ីសែន និងថ្នាំប្រឆាំងវីរុស ដើម្បីប្រយុទ្ធនឹងការផ្ទុះកូវីដ១៩ដ៏ធំនៅរលកទី២។គួរបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដ៏ច្រើនដែលមិនធ្លាប់មានពីមុន គឺ១ពាន់៧៦១នាក់ ដែលនាំអោយចំនួនអ្នកស្លាប់សរុបឡើងដល់១៨ម៉ឺន៥៣០នាក់ តែទោះជាយ៉ាងណា វានៅតែទាបជាងសហរដ្ឋអាមេរិកឆ្ងាយ គឺ៥៦ម៉ឺន៧ពាន់៥៣៨នាក់ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន TikTok រងការចោទប្រកាន់ពីបទប្រមូលទិន្នន័យឯកជនរបស់កុមាររាប់លាននាក់នៅអឺរ៉ុបដោយខុសច្បាប់

អង់គ្លេស៖ TikTok ដែលជាកម្មវិធីវីដេអូដ៏ពេញនិយម និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន បាយដាន (ByteDance) អាចប្រឈមនឹងការបង់ប្រាក់សំណងដែលមានតម្លៃរាប់ពាន់លានផោននៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ជុំវិញការចោទប្រកាន់ថា បានប្រមូលទិន្នន័យឯកជនរបស់កុមារអឺរ៉ុបរាប់លាននាក់ដោយខុសច្បាប់ ។នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដែលជាកុមារចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយការប្រមូលនោះ គឺធ្វើឡើងក្នុងរូបភាពខុសច្បាប់ និងរំលោភលើកម្មសិទ្ធិឯកជនភាព ហើយគេមិនបានដឹងថា ទិន្នន័យទាំងនោះ TikTok បានយកទៅប្រើក្នុងគោលដៅអ្វីនោះទេ ។ទិន្នន័យដែល TikTik បានប្រមូលគឺជាទិន្នន័យឯកជន ដែលរួមមាន លេខទូរស័ព្ទ អសយដ្ឋាន និងវីដេអូផ្សេងៗដែលពួកគេបានបង្ហោះ ។ ហើយបើសិនជាក្រុមមន្ត្រីជំនាញ និងអាជ្ញាធររកឃើញដូចការចោទប្រកាន់មែននោះ កម្មវិធីវីដេអូដ៏ពេញនិយមនេះ នឹងត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានផោន ដែលជាការពិន័យមួយក្នុងទឹកប្រាក់យ៉ាងខ្ពស់បំផុត ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៣លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥ម៉ឺននាក់ និងជាសះស្បើយ១២១លាន៨៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៣លាន៥៤ម៉ឺន៣ពាន់៧១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥ម៉ឺន៧ពាន់៥៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២១លាន៨៩ម៉ឺន៦ពាន់៦៤៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៥៣ម៉ឺន៦ពាន់៤៧០នាក់ ស្លាប់ចំនួន៥៨ម៉ឺន២ពាន់៤៥៦នាក់ និងជាសះស្បើយចំនួន២៥លាន១០ម៉ឺន៥ពាន់៥៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៦០ម៉ឺន៩ពាន់៤នាក់ ស្លាប់១៨ម៉ឺន២ពាន់៥៧០នាក់ និងជាសះស្បើយ១៣លាន២៦ម៉ឺន៩ពាន់៨៦៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥ម៉ឺន៨៨៥នាក់ ស្លាប់ចំនួន៣៧ម៉ឺន៨ពាន់៥៣០នាក់ និងជាសះស្បើយ១២លាន៥៦ម៉ឺន១ពាន់៦៨៩នាក់ ៕ ប្រភព៖ worldometers
-
សហរដ្ឋអាមេរិកនឹងប្តេជ្ញាក្លាយខ្លួនជាអ្នកដឹកនាំខាងអាកាសធាតុអោយកាន់តែប្រសើរឡើង

ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាក្លាយខ្លួនជាអ្នកដឹកនាំខាងអាកាសធាតុអោយកាន់តែប្រសើរឡើងអាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីនខិន បញ្ជាក់ថា ប្រទេសរបស់លោកនឹងដាក់សម្ពាធដល់គ្រប់ប្រទេសទាំងអស់ ឱ្យកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម ដែលនេះជាការប្រឈមមុខជាក់ស្តែងជាមួយចិន ខណៈលោកប្តេជ្ញាធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតខាងអាកាសធាតុ ។ប្រមុខការទូតអាមេរិករូបនេះ បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯទីក្រុង អានណាប៉ូលិស រដ្ឋម៉ារីលែន ថា វាពិបាកក្នុងការស្រមៃឃើញសហរដ្ឋអាមេរិកឈ្នះការប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែងជាមួយចិន ប្រសិនបើយើងមិនអាចដឹកនាំបដិវត្តន៍ថាមពលកកើតឡើងវិញបានទេនោះ ហើយថា ឥឡូវនេះ យើងកំពុងដើរក្រោយគេហើយ ។ ដោយចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាសន្តិសុខជាតិនោះ លោក ប្លីនខិន បានព្រមានពីផលប៉ះពាល់ធំៗនៅជុំវិញភពផែនដី និងហានិភ័យដល់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនមិនបង្កើនការខិតខំរបស់ខ្លួនទេនោះ ។សូមបញ្ជាក់ថា លោក ប្លីនខិន បានចាប់ផ្តើមការទូតអាកាសធាតុដ៏ខ្លាំងក្លាពេញមួយសប្តាហ៍ ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដោយបានអញ្ជើញមេដឹកនាំពិភពលោកចំនួន៤០នាក់ចូលរួមក្នុងកិច្ចប្រជុំកំពូលតាមអនឡាញមួយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ស្ថិតក្នុងគោលបំណងលើកកម្ពស់មហិច្ឆតារបស់ពិភពលោកស្តីពីអាកាសធាតុ ៕ ប្រភព៖ CNA
-
ថៃរង់ចាំដំណឹងពីតម្លៃវ៉ាក់សាំងអាមេរិក Pfizer អាចទិញ១០លានដូស

ថៃកំពុងរង់ចាំតារាងតម្លៃវ៉ាក់សាំង Pfizer/BioNTec ពីក្រុមហ៊ុននៅអាមេរិក មុនពេលដែលថៃប្រហែលជាត្រូវបញ្ជាទិញពី៥ទៅ១០លានដូស ដឹកមកដល់ចន្លោះពីខែកក្កដា ទៅខែធ្នូ ឆ្នាំ២០២១នេះ នេះបើតាមលោកនាយករដ្ឋមន្រី្តប្រាយុទ្ធ ចាន់អូចា និយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ៍ ទី២០ មេសា នេះ។ លោកក៏បញ្ជាក់ពីការត្រៀមទិញ AstraZeneca និង Sinovac បន្ថែមទៀតផងដែរ។ លោកថា ថ្ងៃសៅរ៍ខាងមុខនេះ Sinovac នឹងមកដល់ថៃ ៥០ម៉ឺនដូសទៀត៕
-
លោក ស៊ី ជីនភីង អំពាវនាវអោយប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើង (មានវីដេអូ)

-
ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក (មានវីដេអូ)

-
លោក ស៊ី ជីនភីង អំពាវនាវអោយប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើង

ចិន៖ នៅក្នុងសុន្ទរកថានៅវេទិកាក្រុង បូអាវ (Boao) សម្រាប់អាស៊ី ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃអង្គារនេះថ្លែងថា ប្រព័ន្ធអភិបាលកិច្ចសកលគួរតែមានសមធម៌ និងយុត្តិធម៌ច្រើនឡើង លោកថា ច្បាប់កំណត់ដោយប្រទេសមួយ ឬប្រទេសខ្លះ មិនអាចដាក់ប្រើលើប្រទេសដទៃបានទេ ។នៅក្នុងវេទិកានេះដែរ លោក ស៊ី បានគូសបញ្ជាក់ថា គោលការណ៍នៃសមភាព ការគោរព និងជឿទុកចិត្តគ្នា ត្រូវតែនៅពីមុខ និងជាស្នូលក្នុងការទាក់ទងរវាងប្រទេស ចំនែកឯការធ្វើជាចៅហ្វាយលើអ្នកដទៃ ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ នឹងលែងទទួលបានការគាំទ្រទៀតហើយ ។ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ចិននឹងគោរពតាមការសន្យារបស់ខ្លួនដែលថា ការផលិតវ៉ាក់សាំងដើម្បីជាគុណប្រយោជន៍សាធារណៈសកល ។ ចិននឹងបន្តកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងប្រទេសដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខិតខំជួយប្រទេសកំពុងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីយកឈ្នះលើវីរុសដ៏កាចសាហាវមួយនេះ ៕ ប្រភព៖ CNA
-
ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអត្រាប្រកាសអាសន្ន ដែលជំងឺ COVID-19 កំពុងឆ្លងរីករាលដាលនៅក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក ។ប្រមុខអង្គការ WHO រូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទម្សិលមិញថា ពិភពលោកអាចធ្វើឲ្យវីរុសរាតត្បាតសកល COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអាចធ្វើការផ្គត់ផ្គង់ធនធានដែលចាំបាច់ដោយយុត្តិធម៌ ។ជុំវិញបញ្ហានេះ សកម្មជនការពារបរិស្ថានវ័យក្មេង គឺយុវតី ហ្គ្រេតា ថាន់ប៊ឺក (Greta Thunberg) ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានខាងលើបាននិយាយថា រឿងត្រឹមត្រូវខាងសីលធម៌តែមួយគត់ដែលត្រូវធ្វើ គឺផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជន ដែលងាយរងគ្រោះបំផុត មិនថា ពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលទាបនោះទេ ទើបពិភពលោកពិភពលោកអាចនាំការឆ្លងរីករាលដាល នៃវីរុស COVID-19 មកស្ថិតនៅក្រោមការគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕ ប្រភព៖ CNA