-
ហុងកុងបិទជើងហោះហើរពីឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថាន ដោយសារព្រួយបារម្ភខ្លាំងពីវីរុស Covid-19 បំប្លែងខ្លួនថ្មី

ហុងកុង៖ អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញថា ហុងកុងនឹងផ្អាកជើងហោះហើរពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីនរយៈពេល១៤ថ្ងៃ ឬ ពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ បន្ទាប់ពីវីរុសបំម្លែងខ្លួនប្រភេទថ្មីមានឈ្មោះថា N501Y ត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះជាលើកដំបូង ។ បើតាមរដ្ឋាភិបាលទីក្រុងហុងកុង ប្រទេសទាំងបីខាងលើនេះត្រូវបានចាត់ចូលជាប្រភេទប្រទេសហានិភ័យខ្ពស់បំផុត ក្រោយមានករណីនាំចូលជាច្រើនចូលក្នុងទីក្រុងហុងកុងក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ។ ទីក្រុងហុងកុងបានរាយការណ៍ពីករណីឆ្លងវីរុសបំម្លែងខ្លួនថ្មីចំនួន៣០ករណីកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលក្នុងនោះ មាន២៩ករណីត្រូវបាននាំចូល ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនាមក ៕ ប្រភព៖ retuers
-
ក្រុមហ៊ុន Facebook គ្រោងដាក់អោយដំណើរការកម្មវិធីថ្មី «Social Audio» នាពេលឆាប់ៗនេះ

អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានអោយក្រុមការងារបង្កើតនូវមុខងារថ្មីមួយទៀត ដែលមានឈ្មោះថា «social audio» សម្រាប់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ។ មុខងារថ្មីដែលមានឈ្មោះថា «social audio» ខាងលើនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការចាក់ផ្សាយនូវឯកសារជាសំឡេងបាននៅលើ News Feed ផ្ទាល់ខ្លួន ដូចគ្នាទៅនឹងការផុសរូបភាពវីដេអូផងដែរ ។ បើតាមប្រភពផ្សេងទៀតនោះ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ នឹងប្រើប្រាស់មុខងារថ្មីខាងលើសម្រាប់ឲ្យអ្នកប្រើធ្វើការចាក់ផ្សាយឯកសារសំឡេងបាននៅក្នុង Chat Room ឬជាមួយនឹងមុខងារថ្មីមួយទៀតដែលនឹងភ្ជាប់មកជាមួយ «social audio» ៕ ប្រភព៖ Reuters
-
ថ្ងៃនេះ! ថៃបន្តឆ្លងកូវីដ១៩ ចំនួន១៣៩០នាក់ទៀត ស្លាប់ថែម៣នាក់

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សានៅថ្ងៃចន្ទ ទី១៩ មេសានេះថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅកាត់ថា CCSA បានរាយការណ៍ពីអ្នកឆ្លងជំងឺ COVID-19 សរុប ១,៣៩០នាក់ទៀតត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ០៣នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ដោយក្នុងនោះម្នាក់ជាបុរសវ័យ ៥៦ឆ្នាំ និងពីរនាក់ទៀតជាស្ត្រីអាយុ ៨៤ឆ្នាំ និង ៦១ឆ្នាំ។ បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៣៩០នាក់ខាងលើនេះ ០៦នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ២៩៣នាក់រកឃើញនៅទីក្រុងបាងកក, ១៩៧នាក់នៅខេត្តឈៀងម៉ៃ, ៩៨នាក់នៅខេត្តឈុនបុរី និង ៨២នាក់នៅខេត្ត សាមុត ប្រាកាន។ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៣,៧៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៤នាក់ និងជាសះស្បើយឡើងវិញ ២៨,៧៨៧នាក់ គិតត្រឹមថ្ងៃទី១៩ មេសានេះ៕
-
អង់គ្លេសកំពុងបើកការស៊ើបអង្កេតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ៕

-
ឧប្បទ្ទេវហេតុរថភ្លើងរត់ធ្លាក់ចេញពីផ្លូវនៅប្រទេសអេហ្ស៊ីប បណ្តាលអោយមនុស្ស១១នាក់ស្លាប់ និងជិត១០០នាក់ទៀតរបួស ៕ (មានវីដេអូ)

-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកនិយាយថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson &Johnson ជាមួយការព្រមាន និងការរឹតត្បិត ៕

-
នៅចុងឆ្នាំនេះ ក្រុមហ៊ុន AstraZeneca អាចនឹងមានវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មី ៕ (មានវីដេអូ)

-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកនិយាយថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson &Johnson ជាមួយការព្រមាន និងការរឹតត្បិត

អាមេរិក៖ ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់សេតវិមាន លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី និយាយថា រូបលោកជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson &Johnson ជាមួយនឹងការព្រមាន ឬក៏ភ្ជាប់នឹងការរឹតត្បិត ។ និយ័តករសុខាភិបាលអាមេរិកកាលពីថ្ងៃអង្គារ៍សប្តាហ៍កន្លងទៅ បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson និង Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូសជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍អំពីបញ្ហាកំណកឈាមចំនួន៦ករណី ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងនេះជាង ៧លាននាក់ ។ ជុំវិញបញ្ហាខាងលើនេះដែរ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញថា សេចក្តីសម្រេចថាតើត្រូវបន្តប្រើវ៉ាក់សាំង Johnson &Johnson ឬមួយយ៉ាងណានោះ នឹងដឹងលទ្ធផលឆាប់ៗនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបន្ថែមថា គ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើមានការបន្តប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញក្នុងទម្រង់ណាមួយ ៕ ប្រភព៖ CNBC
-
នៅចុងឆ្នាំនេះ ក្រុមហ៊ុន AstraZeneca អាចនឹងមានវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង

អាមេរិក៖ វ៉ាក់សាំងទម្រង់ថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានកែប្រែដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខ នេះបើតាមមន្ត្រីរបស់ AstraZeneca ប្រចាំប្រទេសអូទ្រីសនិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ ។ អ្នកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសអូទ្រីស លោកស្រី Sarah Walters បញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងរបស់ AstraZeneca ដែលមានស្រាប់មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្រ្វិកខាងត្បូងនោះឡើយ ។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កំពុងចាប់ផ្តើមធ្វើការកែតម្រូវលើវ៉ាក់សាំង ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ហើយយើងរំពឹងថា វានឹងរួចរាល់នៅដំណាច់ឆ្នាំ២០២១នេះ ប្រសិនបើចាំបាច់ ។ គួរបញ្ជាក់ថា និយតករឱសថសហភាពអឺរ៉ុប និងអង់គ្លេសបានអះអាងថា ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca មានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ៕ ប្រភព៖ Reuters
-
អង់គ្លេសកំពុងបើកការស៊ើបអង្កេតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅប្រទេសឥណ្ឌា

អង់គ្លេស៖ ក្រុមមន្រ្តីសុខាភិបាលអង់គ្លេសបាននិងកំពុងធ្វើការស៊ើបអង្កេតទៅលើវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីប្រទេសឥណ្ឌា ប៉ុន្តែមកទល់ពេលនេះ ពួកគេនៅពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់ថ្នាក់វា គឺដូចជាការព្រួយបារម្ភនៅឡើយទេ ។ លោកស្រី Susan Hopkins ជាអ្នកពិគ្រោះយោបល់ផ្នែកជំងឺឆ្លង និងអតិសុខុមជីវសាស្ត្រនៅវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) បានប្រាប់កម្មវិធី “Andrew Marr Show” របស់ទូរទស្សន៍ BBC ថា យើងមិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ ដើម្បីអាចបញ្ជាក់បាន ថាតើវាជាវីរុសដែលអាចបង្កការព្រួយបារម្ភឬអត់… តែយើងបានដាក់វាជាវីរុសដែលស្ថិតក្រោមការតាមដាន ។ បើតាមវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) ខ្លួនបានរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីចំនួន៧៧ករណីនៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ CNA