-
ចិនរាយការណ៍ពីអត្រាឆ្លង Covid-19 ក្នុងសហគមន៍ដ៏ខ្ពស់បំផុតក្នុងរយៈពេល២ខែ ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាដែលឆ្លងដែនចូលប្រទេសខ្លួន ៕ (មានវីដេអូ)

-
ចំនួនអ្នកស្លាប់កើនឡើងដល់៤៤នាក់ ដោយសារតែទឹកជំនន់ ទឹកភ្លៀង បានបង្កជាគ្រោះបាក់ដីដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសឥណ្ឌូណេស៊ី ៕

-
លោក បូរីស ចនសុន គ្រោងដាក់ចេញផែនការថ្មី សម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញ បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បានចាប់ផ្តើម

អង់គ្លេស៖នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន គ្រោងដាក់ចេញនូវផែន ការថ្មី ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ច តាមរយៈចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីខ្លួនបានចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក ។ លោក បូរីស ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលយើងបន្តធ្វើឱ្យមានវឌ្ឍនភាពល្អ លើកម្មវិធីចាក់វ៉ាក់សាំងរបស់យើង និងជាមួយផែនការមេរបស់យើង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ ។ ជាមួយគ្នានេះ លោករំពឹងថា នឹងអាចប្រកាសឲ្យហាងលក់ទំនិញបន្ទាប់បន្សំ និងហាងកាត់សក់បើកដំណើរការឡើងវិញនៅអង់គ្លេស ចាប់ពីថ្ងៃទី១២ ខែមេសា ខណៈលោកក៏នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីលិខិតឆ្លងដែនវ៉ាក់សាំង និងការធ្វើដំណើរអន្តរជាតិផងដែរ ។ សូមជម្រាបថា អង់គ្លេសអាចនឹងបន្តឈានទៅរកការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក អាស្រ្តាហ្សេណេកា និងក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ ជូនដល់ប្រជាជនពេញវ័យជាងពាក់កណ្តាលរបស់ខ្លួន ៕ ប្រភព៖ CNA
-
អូស្រ្តាលីបញ្ជាក់ថា ពលរដ្ឋខ្លួន២នាក់ដែលត្រូវចាប់ខ្លួននៅមីយ៉ាន់ម៉ាកាលពីចុងខែមុន ត្រូវបានដោះលែងហើយ

មីយ៉ាន់ម៉ា៖ ក្រសួងការបរទេសអូស្រ្តាលីនៅថ្ងៃចន្ទនេះបញ្ជាក់ថា ជនជាតិអូស្ត្រាលី២នាក់ដែលត្រូវបានចាប់ខ្លួននៅមីយ៉ាន់ម៉ាកាលពីចុងខែមុន ត្រូវបានដោះលែង និងចាកចេញពីទីក្រុងយ៉ាងហ្គោនហើយ ។ អ្នកផ្តល់យោបល់ខាងធុរកិច្ចលោក ម៉ាតធូវ អូកេន និង នាង គ្រីស្តា អាវេរី ដែលជាពលរដ្ឋអូស្រ្តាលី ត្រូវបានដាក់អោយនៅតែក្នុងផ្ទះ បន្ទាប់ពីពួកគេបានព្យាយាមចាកចេញពីប្រទេសតាមយន្តហោះមួយកាលពីខែមីនាកន្លងទៅ ។ ប្តីប្រពន្ធជនជាតិអូស្ត្រាលីនេះ បំរើការជាអ្នកផ្តល់ការប្រឹក្សាយោបល់ (កុងស៊ុលតង់) នៅទីក្រុងយ៉ាងហ្គោន ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី មន្ត្រីអូស្ត្រាលីបានផ្តល់ជំនួយយោបល់ដល់អ្នកទាំងពីរ ក្នុងអំឡុងពេលត្រូវបង្ខាំងខ្លួន និងការដោះលែងពួកគេ ហើយយើងស្វាគមន៍ការដោះលែងនេះ ។ ដោយឡែកជនជាតិអូស្ត្រាលីទី៣លោក ស៊ីន ធឺណែល ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំកំពុងជាប់ឃុំលោកស្រី អោង សាន ស៊ូជី ក៏ត្រូវចាប់ឃុំខ្លួននៅមួយសប្តាហ៍ក្រោយរដ្ឋប្រហារ និងកំពុងនៅក្នុងកន្លែងឃុំខ្លួននៅឡើយដែរ ។ លោកត្រូវបានស៊ើបអង្កេតចំពោះការរំលោភច្បាប់អន្តោប្រវេសន៍ និងការសម្ងាត់រដ្ឋ ៕ ប្រភព៖ CNA
-
ចិនរាយការណ៍ពីអត្រាឆ្លង Covid-19 ក្នុងសហគមន៍ដ៏ខ្ពស់បំផុតក្នុងរយៈពេល២ខែ ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាដែលឆ្លងដែនចូលប្រទេសចិន

ចិន៖ ចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ ខណៈទីក្រុងមួយនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាក្នុងខេត្ត Yunnan ភាគនិរតី កំពុងតែផ្ទុះការឆ្លងក្នុងសហគមន៍ ។ រដ្ឋាភិបាលក្នុងទីក្រុង Ruili បានដាក់ប្រជាជនឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយអនុវត្តការធ្វើតេស្តដ៏ធំមួយ និងចាប់ផ្តើមរឹតត្បិតលើប្រជាជនមិនឲ្យចាកចេញ និងចូលទីក្រុងកាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍អំពីអ្នកជំងឺកូវីដ-១៩ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ករណីដែលត្រូវបានរកឃើញនៅទីក្រុង Ruili គឺជាការឆ្លងក្នុងសហគមន៍ដែលបង្កឡើងដោយវីរុសនាំចូលពីប្រទេសមីយ៉ាន់ម៉ា ។ ក្នុងចំណោមអ្នកជំងឺថ្មីដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងនេះ គឺមាន១១នាក់ជាពលរដ្ឋមីយ៉ាន់ម៉ា ។ ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរបស់ខេត្ត Yunnan ដែលមានព្រំប្រទល់៤ពាន់គីឡូម៉ែត្រជាប់ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។ អាជ្ញាធរក្នុងតំបន់ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទីក្រុង Ruili ផងដែរ ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ៕ ប្រភព៖ Reuters
-
ចំនួនអ្នកស្លាប់កើនឡើងដល់៤៤នាក់ ដោយសារតែទឹកជំនន់ទឹកភ្លៀងបានបង្កជាគ្រោះបាក់ដីដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់កើនឡើងដល់៤៤នាក់ ក្រោយទឹកជំនន់ទឹកភ្លៀងបានកើតឡើងយ៉ាងលឿន បណ្តាលឲ្យបាក់ដីបានវាយប្រហារកោះមួយនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ខណៈក្រុមសង្គ្រោះបន្ទាន់ឥណ្ឌូណេស៊ីនិយាយថា តួលេខស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីលោក Raditya Jati បានប្រាប់សារព័ត៌មាន AFP ថា មានមនុស្ស៤៤នាក់បានស្លាប់ និង៩នាក់បានរបួសនៅកោះ East Flores ហើយនៅមានច្រើននាក់ទៀតស្ថិតនៅក្រោមដីភក់ ។ ប៉ុន្មានម៉ោងមុនពេលមនុស្សភ្ញាក់ពីដំណេក ដើម្បីអបអរពិធីបុណ្យស៊ុតអេស្ទើរនៅថ្ងៃអាទិត្យម្សិលមិញ មានភ្ញៀងដ៏ខ្លាំងដូចហែកមេឃបានកើតមាន ហើយបង្កើតជាទឹកជំនន់វាយប្រហារនៅកោះ Flores ដែលភាគច្រើនជាកាតូលិក ។ ពេលនោះដីភក់បានជន់លិចលើផ្ទះសម្បែងអ្នកស្រុក ខណៈស្ពាន និងផ្លូវនៅភាគខាងកោះត្រូវបានបំផ្លាញ ។ នៅថ្ងៃអាទិត្យដដែលនេះ ក៏មានទឹកជំនន់ដាច់ដោយឡែកធំមួយទៀតបានសម្លាប់មនុស្ស២នាក់នៅទីក្រុង Bima ក្នុងខេត្ត West Nusa Tenggara ផងដែរ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី ៕ ប្រភព៖ AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣១លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៦ម៉ឺននាក់ និងជាសះស្បើយ១០៦លាន១៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣១លាន៩១ម៉ឺន៨៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៦ម៉ឺន៥ពាន់៩២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៦លាន១៩ម៉ឺន៦ពាន់៨២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៤២ម៉ឺន៣៣១នាក់ ស្លាប់ចំនួន៥៦ម៉ឺន៨ពាន់៧៧៧នាក់ និងជាសះស្បើយចំនួន២៣លាន៩៤ម៉ឺន៦ពាន់៧០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៩៨ម៉ឺន៤ពាន់៩៥៦នាក់ ស្លាប់៣៣ម៉ឺន១ពាន់៥៣០នាក់ និងជាសះស្បើយ១១លាន៣៥ម៉ឺន៧ពាន់៥២១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៥៨ម៉ឺន៧ពាន់៩២០នាក់ ស្លាប់ចំនួន១៦ម៉ឺន៥ពាន់១៣២នាក់ និងជាសះស្បើយ១១លាន៦៧ម៉ឺន៩ពាន់៩៥៨នាក់ ៕ ប្រភព៖ worldometers
-
លោកទូតជប៉ុនប្រចាំប្រទេសថៃបានឆ្លងជំងឺកូវីដ១៩

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃ លោក Kazuya Nashida បានឆ្លងជំងឺកូវីដ១៩ នេះបើតាមក្រសួងការបរទេសជប៉ុន បញ្ជាក់កាលពីចុងសប្តាហ៍ ដោយពុំមានព័ត៌មានលម្អិត។ ក្រសួងថា លោកទូតកំពុងត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅថៃ ហើយសុខភាពរបស់លោកល្អប្រសើរទេ។ ក្រសួងក៏ប្រកាសដល់អ្នកដែលទាក់ទងផ្ទាល់ ឬប្រយោលជាមួយលោកទូតជប៉ុនធ្វើតេស្តនិងចត្តាឡីស័ក។ រដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ ក៏បានឲ្យដឹងកាលពីថ្ងៃទី៤ មេសាម្សិលមិញថា មានជនជាតិជប៉ុន៣នាក់ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកសរុប៨៧នាក់ តែមិនច្បាស់ថា រួមបញ្ជូលទាំងលោកទូតជប៉ុនរូបនេះឬអត់៕
-
ទាន់ហេតុការណ៍! ផ្ទុះកូវីដ១៩ក្នុងគុកនៅថៃ ឆ្លងអ្នកទោសជិត១០០នាក់ មន្ត្រីជាង២០នាក់

ក្រសួងមហាផ្ទៃប្រទេសថៃបានឲ្យដឹងថា មានមនុស្ស១១២នាក់នៅក្នុងពន្ធនាគារមួយ ក្នុងខេត្តណារ៉ាត់ធីវ៉ាត់បានវិជ្ជមានកូវីដ១៩ នេះបើតាមអាជ្ញាធរខេត្តបញ្ជាក់ ចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃអាទិត្យនេះ។ បើតាមឯកសារផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ អ្នកឆ្លងទាំង១១២នាក់ រួមមានមន្ត្រី២៣នាក់ អ្នកទោស៨៨នាក់ និងពេទ្យម្នាក់។ អ្នកឆ្លងថ្មីទាំងនេះស្ថិតក្នុងចំណោមអ្នកទោសសរុប២៣៣៤នាក់ និងមន្ត្រី៩៧នាក់៕
-
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ រួចខ្លួនពីការពិន័យជាង១ពាន់លានដុល្លារ រឿងក្តីស្រូវអង្ករ

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានរួចខ្លួនពីការពិន័យទឹកប្រាក់ចំនួន ៣៥,៧ ពាន់លានបាត ឬ ១.១ពាន់លានដុល្លារអាមេរិក ទាក់ទងនឹងរឿងក្ដីគម្រោងស្រូវអង្ករ បន្ទាប់ពីតុលាការថៃបានសម្រេចទម្លាក់ចោលរឿងក្តីនេះ កាលពីម្សិលមិញ។ តុលាការថា បទចោទរបស់ក្រសួងសេដ្ឋកិច្ចថៃ កាលពីខែតុលា ឆ្នាំ២០១៦ មិនស្របច្បាប់ ព្រោះអំពើពុករលួយក្នុងគម្រោងស្រូវអង្ករ បានកើតឡើងនៅក្នុងកម្រិតប្រតិបត្តិការ ហើយលោកស្រី យីងឡាក់ មិនមានបំណងចង់ឱ្យមានអំពើពុករលួយកើតឡើងនោះឡើយ។ មួយវិញទៀត ក្រសួងសេដ្ឋកិច្ច មិនមានព័ស្តុតាងច្បាស់លាស់ថា លោកស្រី យីងឡាក់ ត្រូវទទួលខុសត្រូវដោយផ្ទាល់លើការខូចខាត នៃគម្រោងនេះឡើយ។ លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីការពិន័យ ទាក់ទងនឹងការបរាជ័យនៅក្នុងគម្រោងស្រូវអង្ករ អំឡុងរដ្ឋបាលរបស់លោកស្រី ដោយ តុលាការកំពូលបានសម្រេចសាលក្រមកំបាំងមុខ ដោយលោកស្រីយីងឡាក់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ៕