-
ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើងនិយាយវាយប្រហារលើប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីធ្វើការរិះគន់ការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗនេះ

កូរ៉េខាងជើង៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដែលបានហៅការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះថា “ជាការព្រួយបារម្ភ” ហើយបានស្នើអោយទីក្រុងសេអ៊ូល ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន មិនគួរបង្កើតឧបសគ្គសម្រាប់កិច្ចចរចាឡើយ ។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួនពីរគ្រាប់ចូលទៅក្នុងដែនសមុទ្រជប៉ុនកាលពីសប្តាហ៍មុន ដោយបានបញ្ជាក់ពីដំណើរការរីកចម្រើនឥតឈប់ឈរនៅក្នុងកម្មវិធីសព្វាអាវុធរបស់ខ្លួន និងបង្កើនសម្ពាធទៅលើសហរដ្ឋអាមេរិក ។ ឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយដោយប្រយ័ត្នប្រយែងថា អំពើដែលឈរពាំងផ្លូវនៃការបន្តកិច្ចចរចារវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន មិនមែនជាការប្រាថ្នាចង់បានឡើយ ។ គ្រាន់តែនិយាយប៉ុណ្ណឹង កូរ៉េខាងជើងបានតវ៉ាប្រឆាំង ដោយប្អូនស្រីលោក គីម គឺ អ្នកនាង គីម យ៉ូជុង ដែលជាទីប្រឹក្សាដ៏សំខាន់របស់បងប្រុសនាង បានហៅវាថា មហាគឃ្លើន និង ចាត់ទុកលោក មូន ថា ជាសត្វសេកចិញ្ចឹមដោយអាមេរិក ហើយថា មានការត្រិះរិះបែបបងធំនៅសហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
ការធ្វើនាវាចរណ៍នៅព្រែកជីក Suez បើកដំណើរការឡើងវិញហើយ ក្រោយកប៉ាល់យក្សដែលជាប់គាំងទទឹងទិសជិតមួយសប្តាហ៍មកនេះត្រូវបានរំដោះចេញបាន ៕ (មានវីដេអូ)

-
សហរដ្ឋអាមេរិកសម្រេចផ្អាកការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយមីយ៉ាន់ម៉ា រហូតទាល់តែរដ្ឋាភិបាលជាប់ឆ្នោតវិលមកកាន់អំណាចវិញ ៕(មានវីដេអូ)

-
មន្រ្តីផ្នែកការទូតបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃពុធនេះ ដោយផ្តោតសំខាន់លើភាពតានតឹងនៅមីយ៉ាន់ម៉ា ៕ (មានវីដេអូ)

-
មន្រ្តីផ្នែកការទូតបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងរៀបចំកិច្ចប្រជុំបន្ទាន់នៅថ្ងៃពុធនេះ ដោយផ្តោតសំខាន់លើភាពតានតឹងនៅមីយ៉ាន់ម៉ា

អាមេរិក៖ យោងតាមប្រភពការទូតនៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ចក្រភពអង់ គ្លេសបានអំពាវនាវអោយមានការបើកកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋប្រហារត្រូវបានសម្លាប់យ៉ាងច្រើនកាលពីថ្ងៃចុងសប្តាហ៍មុន ។ ប្រភពបានអោយដឹងថា សមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងចាប់ផ្តើមសម័យប្រជុំបិទទ្វារមួយនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយនឹងការធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដោយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា គឺលោក Christine Schraner Burgener ។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់ ថាតើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចនឹងយល់ព្រមលើសេចក្តីប្រកាសថ្មីមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះនោះទេ ខណៈវាជាអ្វីដែលតម្រូវអោយមានការឯកភាពគ្នា ក្នុងចំណោមសមាជិកទាំងអស់ រួមមានទាំងរុស្ស៊ី និងចិនផងដែរ ។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសជាលើកដំបូង ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជុំវិញការប្រើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី ក្នុងនោះរួមមានទាំងស្រ្តី និងកុមារផងដែរ ៕ ប្រភព៖ AP
-
សហរដ្ឋអាមេរិកពិចារណាផ្អាកការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយមីយ៉ាន់ម៉ា រហូតទាល់តែរដ្ឋាភិបាលជាប់ឆ្នោតវិលមកកាន់អំណាចវិញ

អាមេរិក៖ សហរដ្ឋអាមេរិកបាននិងកំពុងរៀបចំជាបន្ទាន់ ដើម្បីផ្អាករាល់ការទាក់ ទងទាំងអស់ជាមួយមីយ៉ាន់ម៉ា ដែលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០១៣ រហូតទាល់តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ វិលត្រឡប់មកកាន់អំណាចវិញ នេះបើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខាធើរីន តៃ (Katherine Tai) ។ អ្នកតំណាងផ្នែកពាណិជ្ជកម្មអាមេរិករូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ក្រុមបាតុករអហិង្សា និសិ្សត ពលករ និងមេដឹកនាំកម្មករ រួមទាំងកុមារផងដែរ ដែលទង្វើនេះបានធ្វើមនតត់ស្លុតដល់សិការរបស់សហគមន៍អន្តរជាតិ ។ លោកស្រី Tai ដែលចូលកាន់តំណែងកាលពីទី១៨ ខែមីនាមកនេះបានសង្កត់ធ្ងន់ទៀតថា សកម្មភាពទាំងនេះ គឺជាការវាយលុកដោយប្រយោលទៅលើដំណើរការរបស់ប្រទេស ទៅរកលទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះគឺជាថ្ងៃដ៏បង្ហូរឈាមបំផុតរបស់ក្រុមបាតុករក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយមានមនុស្សស្លាប់រហូតដល់១១៤នាក់ឯណោះ ។ ដោយឡែកមនុស្ស៥នាក់ត្រូវបានសម្លាប់នៅថ្ងៃចន្ទម្សិលមិញ នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវម្តងទៀត ដើម្បីសម្តែងការប្រឆាំងនឹងយោធាដែលបានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីមួយទសវត្ស ៕ ប្រភព៖ Reuters
-
អង្គការ WHO និងមេដឹកនាំប្រទេសចំនួន២៣ បង្ហាញការគាំទ្រលើគំនិតបង្កើតសន្ធិសញ្ញាជំងឺរាតត្បាតសម្រាប់ភាពអាសន្ននាពេលអនាគត

អាមេរិក៖ មេដឹកនាំប្រទេសចំនួន២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ៍នេះ បានបង្ហាញការគាំទ្រដល់គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយបញ្ហាសុខភាពនាពេលអនាគត ដូចជាជំងឺ Covid-19 ដែលកំពុងតែរីករាលដាលពាសពេញពិភពលោក ។ បណ្តាមេដឹកនាំប្រទេសដែលគាំទ្រគំនិតខាងលើនេះរួមមាន បារាំង អាល្លឺម៉ង់ ក្រិក ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ទ្រីនីដេដ និង តូបាហ្គោ ទុយនីស៊ី អ៊ុយក្រែន ចក្រភពអង់គ្លេស និងអង្គការសុខភាពពិភពលោក (WHO) ជាដើម ។ គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិនេះ មានគោលបំណងសម្រួលដល់ការទទួលបានថ្នាំពេទ្យ ឬវ៉ាក់សាំងប្រកបដោយសមធម៌ ត្រូវបានលើកឡើងដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល កំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា កាលពីឆ្នាំ២០២០ ។ ហើយសន្ធិសញ្ញាអន្តរជាតិខាងលើនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះវិស័យសុខភាពមនុស្ស សត្វ និងពិភពលោក ដែលត្រូវបានចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងគ្នា ហើយប្រទេសទាំងអស់គួរតែចូលរួមចំណែកទទួលខុសត្រូវ និងធ្វើកិច្ចសហប្រតិបត្តិការជាសកលប្រកបដោយតម្លាភាព ៕ ប្រភព៖ reuters
-
ការធ្វើនាវាចរណ៍នៅព្រែកជីកស៊ុយអេ បើកដំណើរការឡើងវិញហើយ ក្រោយកប៉ាល់យក្សដែលជាប់គាំងទទឹងទិសជិតមួយសប្តាហ៍ត្រូវបានរំដោះចេញបានហើយ

អេហ្ស៊ីប៖ ការធ្វើនាវាចរណ៍ដឹកទំនិញតាមរយៈព្រែកជីកស៊ុយអេ បានបន្តដំណើការឡើងវិញហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញដ៏ធំមួយដែលជាប់កឿងបានរួចផុតពីការជាប់គាំង ដោយនាំមកនូវការធូរស្បើយដល់ប្រទេសមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើសរសៃឈាមពាណិជ្ជកម្មពិភពលោក ។ អាជ្ញាធរអេហ្ស៉ីបបានឲ្យដឹងថា កប៉ាល់ដឹកទំនិញយក្ស Ever Given ដែលបានជាប់គាំង ហើយបង្កភាពរាំងស្ទះនៅព្រែកជីកស៊ុយអេ អស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះ ត្រូវបានរំដោះចេញបានហើយ ។ ព្រែកស៊ុយអេ (Suez) គឺជាផ្លូវពាណិជ្ជកម្មដែលមមាញឹកបំផុតមួយនៅលើពិភពលោក ខណៈដែលកប៉ាល់យក្សជាង៣៧០គ្រឿងកំពុងរងចាំធ្វើដំណើរឆ្លងកាត់ ក្នុងនោះរួមមានទាំងកប៉ាល់ដឹកកុងតឺន័រ និងនាវាដឹកទំនិញជាច្រើន ។ សូមជម្រាបថា កប៉ាល់ខាងលើ ដែលមានបណ្តោយប្រវែង៤០០ម៉ែត្រ បានជាប់គាំងទទឹងទិសនៅព្រែកជីកស៊ុយអេ កាលពីថ្ងៃអង្គារសប្តាហ៍មុន កំឡុងពេលមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ដែលជាហេតុធ្វើឲ្យការចេញចូលច្រកផ្លូវទឹក ដែលជាផ្លូវកាត់រវាងតំបន់អឺរ៉ុបនិងអាស៉ីនេះត្រូវកកស្ទះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៨លាន២៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨០ម៉ឺននាក់ និងជាសះស្បើយ១០៣លាន៤៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៨លាន២៣ម៉ឺន៩ពាន់៧៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨០ម៉ឺន៤ពាន់៣៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៣លាន៤៤ម៉ឺន៦ពាន់៦៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣ម៉ឺន៣ពាន់៨០១នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់២០៦នាក់ និងជាសះស្បើយចំនួន២៣លាន៥០ម៉ឺន៩ពាន់២២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៥៧ម៉ឺន៧ពាន់៣៥៤នាក់ ស្លាប់៣១ម៉ឺន៤ពាន់២៦៨នាក់ និងជាសះស្បើយ១០លាន៩៦ម៉ឺន៩ពាន់២៤៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩ម៉ឺន៥ពាន់៣២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន២ពាន់១៤៧នាក់ និងជាសះស្បើយ១១លាន៣៩ម៉ឺន៨២៩នាក់ ៕ ប្រភព៖ worldometers
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
