-
រុស្សីចាប់ផ្តើមការផលិតវ៉ាក់សាំងទី៣របស់ខ្លួនជាផ្លូវការ សម្រាប់បង្ការជំងឺកូវីដ-១៩

រុស្ស៊ី៖ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងការអប់រំជាន់ខ្ពស់រុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ ជូម៉ាកូវ បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី០៣ ដែលមានឈ្មោះថា ខូវីវ៉ាក់ (CoviVac) ។វ៉ាក់សាំង ខូវីវ៉ាក់ ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ទី០៣របស់ប្រទេសរុស្ស៉ី បន្ទាប់ពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូវីវ៉ាក់ នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ។បើតាមលោក វ៉ាឡឺរី វ៉ាលកូវ រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០ដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona ៕ ប្រភព៖ Sputnik
-
ទិន្នន័យសាកល្បងនៅសហរដ្ឋអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាពបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព៧៦ភាគរយ

អង់គ្លេស៖ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួនមានប្រសិទ្ធិភាព៧៦ភាគរយ ក្នុងការការពារជំងឺកូវីដ១៩ នេះបើតាមការវិភាគថ្មី ដែលផ្អែកលើទិន្នន័យសាកល្បងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលទើបធ្វើបច្ចុប្បន្នភាព ។ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បន្ថែមថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ ជាជាង៧៩ភាគរយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា វានៅតែមានប្រសិទ្ធភាព១០០ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ។ ការអះអាងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការសាកល្បងនេះ បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មិនបានបញ្ចូលទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងតួលេខដែលបានចេញផ្សាយដំបូងរបស់ខ្លួនទេ ៕ ប្រភព៖ Reuters
-
ថៃអនុម័តអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស

ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បាននិយាយថា ប្រទេសរបស់លោកបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់ដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Janssen ដែលជាវ៉ាក់សាំងបង្ការវីរុសកូរ៉ូណារបស់ Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស ហើយវាជាវ៉ាក់សាំងទី៣ហើយដែលថៃបានអនុញ្ញាតអោយប្រើប្រាស់ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាល ចំណីអាហារ និងឱសថរបស់ថៃ (FDA) បានអនុម័តអោយប្រើវ៉ាក់សាំងខាងលើនេះ បន្ថែមពីលើវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងស៊ីណូវ៉ាក់ បាយអូធិច ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់រួចហើយនៅក្នុងប្រទេសអាស៊ីមួយនេះ ។ បើតាមប្រធានរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) លោក ផៃសាល ដុនឃុម វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) និងក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី បាននិងកំពុងរៀបចំបញ្ជូនសំណើ ដើម្បីសុំការអនុម័ត ។ លោកបន្ថែមថា ក្រុមហ៊ុនអាមេរិក ម៉ូឌែណា និយាយថា ខ្លួននឹងដាក់ពាក្យស្នើសុំការយល់ព្រមដែរ ខណៈក្រុមហ៊ុនឥណ្ឌា បារ៉ាត់ បាយអូធិច ក៏កំពុងដំណើរការបញ្ជូនឯកសារសម្រាប់ការចុះបញ្ជីវ៉ាក់សាំងផងដែរ ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាង២ម៉ឺន៨ពាន់ករណី…
-
បណ្តាញសម្ងាត់នៃក្រុមសកម្មជន និងអ្នកស្ម័គ្រចិត្តកំពុងជួយប៉ូលីសមីយ៉ាន់ម៉ារាប់រយនាក់រត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា

ឥណ្ឌា៖ បណ្តាញសម្ងាត់ នៃក្រុមសកម្មជន និងអ្នកស្ម័គ្រចិត្តកំពុងជួយប៉ូលីសមីយ៉ាន់ម៉ារាប់រយនាក់ឲ្យចេញពីការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ទៅលើក្រុមអ្នកប្រឆាំងតវ៉ា និងបានចូលទៅរដ្ឋភាគឥសាន្តឥណ្ឌាដោយសុវត្ថិភាព ។ ការរត់គេចខ្លួនរបស់ពួកគេ ភាគច្រើនដោយរថយន្ត ម៉ូតូ និងដោយថ្មើរជើងឆ្លងកាត់ដីព្រៃក្រាស់ជាញឹកញាប់ត្រូវបានដឹកនាំដោយក្រុមដឹកនាំដោយអ្នកស្ម័គ្រចិត្តនៅតាមព្រំដែនទាំងសងខាង ។ ប្រជាជនបាននិយាយថា នៅពេលមួយនៅក្នុងប្រទេសឥណ្ឌា សកម្មជនក្នុងតំបន់ និងអ្នកស្រុកផ្តល់អាហារ និងទីជំរកនៅក្នុងផ្ទះមានសុវត្ថិភាពដល់ក្រុមអ្នករត់គេចខ្លួន ។ បុគ្គលិកប៉ូលីសមួយចំនួនបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារខ្លាចថ្នាក់លើដាក់ទោស ព្រោះពួកគេមិនគោរពតាមបទបញ្ជារបស់យោធា ក្នុងការបាញ់ប្រហារទៅលើក្រុមបាតុករ ។ ទន្ទឹមគ្នា សមាជិកសភាឥណ្ឌាលោក K Vanlalvena បាននិយាយថា មនុស្សជាង ១ពាន់នាក់ដែលភៀសខ្លួនពីអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឆ្លងចូលទៅក្នុងរដ្ឋរបស់ឥណ្ឌាចាប់តាំងពីចុងខែកុម្ភៈមក ។ ចំនួននេះ រួមបញ្ចូលទាំងប៉ូលីសមីយ៉ាន់ម៉ាប្រហែល២៨០នាក់ និងបុគ្គលិកនាយកដ្ឋានពន្លត់អគ្គិភ័យជាច្រើននាក់ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៦លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១០១លាន៧១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៦លាន៥ម៉ឺន៧ពាន់៧៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៦ម៉ឺន៧ពាន់២៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០១លាន៧១ម៉ឺន៩ពាន់៥១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៧៧ម៉ឺន៤ពាន់៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧៤៤នាក់ និងជាសះស្បើយចំនួន២៣លាន១៩ម៉ឺន៦ពាន់២០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៣២ម៉ឺន៤ពាន់៧៦៥នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧២៦នាក់ និងជាសះស្បើយ១០លាន៧៧ម៉ឺន២ពាន់៥៤៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៨៤ម៉ឺន៦ពាន់៨២នាក់ ស្លាប់ចំនួន១៦ម៉ឺន៩៨៣នាក់ និងជាសះស្បើយ១១លាន២៦ម៉ឺន២ពាន់៥០៣នាក់ ៕ ប្រភព៖ worldometers
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៥ ខែមីនា ឆ្នា២០២១ (មានវីដេអូ)

-
ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងមិនបង្ខំអោយសម្ព័ន្ធមិត្តនៅអង្គការ NATO ធ្វើការជ្រើសរើសរវាងចិន និងអាមេរិកឡើយ

ប៊ែលហ្ស៊ិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានអះអាងនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងមិនបង្ខំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនណាមួយក្នុងអង្គការ NATO ជ្រើសរើសយករវាងសហរដ្ឋអាមេរិក និងចិននោះឡើយ បើទោះបីជាលោកធ្លាប់បានព្រមានថា ប្រទេសលោកខាងលិចចាំបាច់ត្រូវបង្ហាញរដ្ឋផ្តាច់ការថា ប្រជាធិបតេយ្យគឺប្រសើរជាង ។ បច្ចុប្បន្នសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបរួមមានបារាំង និង អាល្លឺម៉ង់ កំពុងព្យាយាមស្វែងរកតុល្យភាពជាយុទ្ធសាស្រ្តមួយ នៅក្នុងទំនាក់ទំនងជាមួយចិន និងអាមេរិក ដែលអាចធានាថា សហភាពអឺរ៉ុបមើលទៅហាក់មិនឈរនៅកៀកខ្លាំងតែម្ខាង ហើយចោលម្ខាងទៀតនោះឡើយ រវាងកំពូលមហាអំណាចទាំងពីរ ។ ថ្លែងនៅឯទីស្នាក់ការរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នាកំឡុងដំណើរបំពេញទស្សនកិច្ចនៅអឺរ៉ុប ប្រមុខការទូតអាមេរិករូបនេះក៏បានចោទប្រកាន់ចិនថា កំពុងតែបង្កអន្តរាយដល់សណ្តាប់ធ្នាប់ នៃប្រព័ន្ធធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធបានកសាងឡើង ក្រោយសម័យសង្រ្គាមលោកលើកទីពីរ ហើយថា មហិច្ឆតាយោធារបស់ចិនកំពុងតែរីកធំឡើងខ្លាំងផងដែរ ៕ ប្រភព៖ CNA
-
ថ្ងៃនេះ!ថៃឆ្លងកូវីដ១៩ចំនួន៩៧នាក់ថែមទៀត

ប្រទេសថៃ នៅថ្ងៃទី២៥ មីនា ២០២១នេះ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៧នាក់បន្ថែមទៀត ក្នុងនោះ ភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍។ ប្រភពថា ក្នុងចំណោម៩៧នាក់ មានតែ៥នាកប៉ុណ្ណោះដែលជាករណីនាំចូលពីក្រៅប្រទេស ហើយ មាន៤៣នាក់ បានឆ្លងក្នុងស្រុកថ្មីៗ និង៤៩នាក់ ឆ្លងក្នុងតំបន់មានហានិភ័យខ្ពស់។ មកទល់ពេលនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ ចំនួន២៨៤៤៣នាក់ ស្លាប់ចំនួន៩២នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា៕
-
វៀតណាមនឹងបានវ៉ាក់សាំងកូវីដ១៩ ជាង៨០ម៉ឺនដូស ពីយន្តការកូវ៉ាក់ ខែក្រោយ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក AstraZeneca ចំនួនជាង៨១១០០០ដូសនឹងត្រូវបញ្ជូនមកដល់ទីក្រុងហាណូយ នាខែក្រោយនេះ នេះបើតាមបញ្ជាក់របស់មន្ត្រី UNICEF កាលពីថ្ងៃពុធ ទី២៤ មីនា ម្សិលមិញ។ ប្រភពថា នេះគឺជាកញ្ចប់វ៉ាក់សាំងដំបូងដែលវៀតណាមទទួលពីមជ្ឈមណ្ឌលកូវ៉ាក់ ពោលគឺនៅពាក់កណ្តាលខែមេសា។ គួរបញ្ជាក់ថា វៀតណាមគ្រោងនឹងទទួលបានវ៉ាក់សាំងពីយន្តការកូវ៉ាក់ ក្នុងចំនួន២០ភាគរយនៃចំនួនប្រជាជនសរុប ក្នុងនោះ ត្រឹមចុងខែឧសភា នឹងទទួលបាន៤.១លានដូស ខណៈដែលនៅសេសសល់នឹងបញ្ជូនមកនៅឆ្នាំបន្ទាប់ទៀត៕
-
យោធាកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោងចំនួនពីរគ្រាប់ចូលក្នុងដែនសមុទ្រជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

កូរ៉េខាងជើង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត អំឡុងពេលសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោកបប្រធានាធិបតី ចូ បៃដិន ។ នាយសេនាធិការចម្រុះទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់មីស៊ីលផ្លោងដែលមិនត្រូវបានស្គាល់អត្តសញ្ញាណត្រូវបានបាញ់ចូលក្នុងដែនសមុទ្រជប៉ុន ដែលគេស្គាល់ថា ដែនសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីខេត្តហាំងយ៉ុងខាងត្បូង ។ គួរបញ្ជាក់ផងដែរថា បាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង ជាទង្វើត្រូវបានហាមឃាត់ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបានចាត់ទុកថា ការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ៕ AFP