-
ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងពិចារណាលើការដាក់សម្ពាធ ក៏ដូចជាជម្រើសការទូតដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ទាំងការដាក់សម្ពាធ និងជម្រើសការទូតមានរួចជាស្រេចគឺស្ថិតនៅលើតុដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងក្រោយប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងបានច្រានចោលកិច្ចចរចានានា ខណៈណាទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាមុនសិន ។ លោក ប្លីនខិន បានថ្លែងក្នុងពេលចូលរួមធ្វើសន្និសិទសារព័ត៌មានជាមួយមន្រ្តីកូរ៉េខាងត្បូងក្នុងទីក្រុង សេអ៊ូល ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបញ្ចប់ការពិនិត្យឡើងវិញរបស់ខ្លួន នូវគោលនយោបាយប្រទេសកូរ៉េខាងជើងនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ក្នុងការពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។ លោកបន្ថែមថា ទាំងសម្ពាធ និងជម្រើងការទូតបាននិងកំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិត នៅពេលត្រូវគេសួរថាតើសហរដ្ឋអាមេរិកនឹងយកវិធីអ្វី បន្ទាប់ពីការពិនិត្យឡើងវិញ ។ សូមបញ្ជាក់ថា លោក ប្លីនខិន បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងមុខតំណែងជារដ្ឋមន្រ្តីការបរទេសអាមេរិក និង អមដំណើរដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយ អូស្ទីន ផងដែរ ៕ ប្រភព៖ Reuters
-
កូរ៉េខាងជើងនៅតែមិនអើពើចំពោះសំណើសុំធ្វើកិច្ចចរចារបស់សហរដ្ឋអាមេរិក

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួននឹងច្រានចោល សំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើកិច្ចចរចាគ្នា ខណៈណាទីក្រុងវ៉ាស៊ីនតោនដកចេញនូវគោលនយោបាយអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាងជាមុនសិន ខណៈអះអាងបែបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាមេរិកនិយាយថា ខ្លួនបានទៅដល់កូរ៉េខាងជើងតាមរយៈបណ្តាញផ្សេងៗ ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសដំបូងរបស់កូរ៉េខាងជើងលោកស្រី ឆូ សុន ហួយ (Choe Son Hui) បានកើតមានឡើងប៉ុន្មានម៉ោងក្រោយប្រមុខការទូតកំពូលអាមេរិក និងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងសមភាគីកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីសេអ៊ូល សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមកនេះ ដើម្បីពិគ្រោះយោបល់គ្នាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោកស្រី ឆូ សុន ហួយ បាននិយាយដូច្នេះថា យើងបានប្រកាសជំហររបស់យើងរួចរាល់ហើយថា កូរ៉េខាងជើងមិនអាចធ្វើទំនាក់ទំនង និងការសន្ទនាណាមួយបានទេ លើកលែងតែសហរដ្ឋអាមេរិករំកិលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ។ ដូច្នេះយើងនឹងមិនយកចិត្តទុកដាក់ចំពោះការប៉ុនប៉ងរបស់អាមេរិកនាពេលអនាគតនោះទេ ៕ ប្រភព៖ AP
-
ចិនប្រកាសប្រឆាំងជំទាស់នឹងសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលសម្តែងការព្រួយបារម្ភអំពីអាកប្បកិរិយារបស់ចិន

ចិន៖ ចិននៅថ្ងៃពុធនេះបានជំទាស់តវ៉ាសហរដ្ឋអាមេរិក និងជប៉ុនជាខ្លាំង ដោយ សារតែសេចក្តីថ្លែងការណ៍របស់ប្រមុខការទូតប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានលើកឡើងពីការព្រួយបារម្ភចំពោះអាកប្បកិរិយារបស់ចិន ពាក់ព័ន្ធនឹងបញ្ហាទីក្រុងហុងកុង, ជនជាតិអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង និង តំបន់សមុទ្រចិនខាងត្បូង ។ សេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយរដ្ឋមន្ត្រីការបរទេសជប៉ុន និងសមភាគីអាមេរិក ព្រមទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភជាខ្លាំងអំពីដំណើរវិវត្តន៍សភាពការណ៍ដ៏រំខានថ្មីៗនៅក្នុងតំបន់ ដូចជាច្បាប់ស្តីពីឆ្មាំឆ្នេរសមុទ្រចិន ។ ហើយបានចោទប្រកាន់ចិនថា រំលោភសណ្តាប់ធ្នាប់អន្តរជាតិ ជាមួយនឹងការអះអាងដែនសមុទ្រធំធេង និងសកម្មភាពក្នុងសមុទ្រ ហើយសេចក្តីថ្លែងការណ៍នេះ ក៏បានការពារសិទ្ធិរបស់ជប៉ុន ក្នុងការគ្រប់គ្រងកោះគ្មានមនុស្សរស់នៅ “សេនកាគុ” ដែលចិនអះអាងថា ជារបស់ខ្លួន និងហៅវាថា កោះ “ដាវយុ” ក៏ដូចជាអំពាវនាវអោយមានស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន និយាយថា សេចក្តីថ្លែងការណ៍អាមេរិក-ជប៉ុនបានវាយប្រហារបែបព្យាបាទលើគោលនយោបាយការបរទេសចិន, ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរកិច្ចការផ្ទៃក្នុងចិន និងព្យាយាមធ្វើអោយគ្រោះថ្នាក់ដល់ផលប្រយោជន៍ចិន ហើយថា ចិនមិនសប្បាយចិត្តជាខ្លាំងនឹងសេចក្តីថ្លែងការណ៍នេះ និងសូមប្រឆាំងជំទាស់យ៉ាងមុតមាំ ៕ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា គួរតែបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ AstraZeneca តទៅទៀត ត្បិតអត្ថប្រយោជន៍របស់វាមានច្រើនជាងហានិភ័យ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) គួរតែបន្តប្រើប្រាស់វាតទៅទៀត ដោយសារតែអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះមានច្រើនជាងហានិភ័យរបស់វា ។ ការអំពាវនាវខាងលើនេះរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើឡើងបន្ទាប់ពីមានវិធានការណ៍បន្តបន្ទាប់គ្នាពីសំណាក់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើនផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ពីព្រោះព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ។ ប៉ុន្តែបើតាមនិយតករឱសថសហភាពអឺរ៉ុប គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំងរបស់ អាស្រ្តាហ្សេណេកា គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមក្នុងសរសៃឈាមនោះទេ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ក្រុមអ្នកជំនាញរបស់ខ្លួន កំពុងធ្វើការវាយតម្លៃលើទិន្នន័យសុវត្ថិភាពចុងក្រោយរបស់វ៉ាក់សំាងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ហើយនឹងធ្វើការសន្និដ្ឋានលើលទ្ធផល នៅពេលដែលការត្រួតពិនិត្យត្រូវបានបិទបញ្ចប់ ៕ ប្រភព៖ Reuters
-
ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិកំពុងស្វែងរកភស្តុតាងនានា ទាក់ទិននឹងបទបញ្ជាព្រហ្មទណ្ឌរបស់របបយោធាមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានធ្វើការអំពាវនាវអោយប្រជាជនទាំងអស់ ប្រមែប្រមូល និងរក្សាឯកសារភស្តុតាងនានា នៃបទបញ្ជាព្រហ្មទណ្ឌរបស់របបដឹកនាំយោធា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ដើម្បីកសាងជំនុំរឿងចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំយោធានៅថ្ងៃអនាគត ។ ប្រធានដឹកនាំក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ លោក នីកូលឡាស់ ឃុមជៀន (Nicholas Koumjian) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត ជាធម្មតា… ជាមនុស្សដែលមានមុខតំណែងជាអ្នកដឹកនាំជាន់ខ្ពស់ ។ លោកបន្ថែមថា ពួកគេមិនមែនជាអ្នកដែលប្រព្រឹត្តិបទល្មើសជាក់ស្តែងលើរាងកាយទេ… ហើយជារឿយៗក៏មិនមានវត្តមាននៅទីតាំងដែលបទឧក្រិដ្ឋត្រូវបានប្រព្រឹត្តដែរ ។ ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវរបស់ពួកគេ គឺត្រូវទាមទារមានភស្តុតាងនៃរបាយការណ៍ដែលទទួលបាន, ការដាក់ចេញបទបញ្ជា និងរបៀបដែលគោលនយោបាយត្រូវបានកំណត់ ។ សូមបញ្ជាក់ថា ក្រុមបាតុករច្រើនជាង១៨០នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ពីសំណាក់កងកម្លាំងសន្តិសុខដែលព្យាយាមបង្ក្រាបដ៏ហិង្សា លើរលកនៃការធ្វើបាតុកម្ម ចាប់តាំងពីយោធាដណ្តើមគ្រប់គ្រងអំណាចពីរដ្ឋាភិបាលស៊ីវិល នេះបើតាមបើតាមក្រុមអ្នកតាមដាន និងផ្តល់ជំនួយសម្រាប់អ្នកទោសនយោ បាយ (AAPP) ៕ ប្រភព៖ CNA
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២១លាន៨១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៩ម៉ឺននាក់ និងជាសះស្បើយ៩៨លាន២០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២១លាន៨១ម៉ឺន៣ពាន់១៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៩ម៉ឺន២ពាន់៦២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៨លាន២០ម៉ឺន៤ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន២៩ម៉ឺន៤ពាន់៧៩៨នាក់ ស្លាប់ចំនួន៥៥ម៉ឺន៦៤៩នាក់ និងជាសះស្បើយចំនួន២២លាន៤៤ម៉ឺន៧ពាន់២៧៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៧០ម៉ឺន៤៣១នាក់ ស្លាប់២៨ម៉ឺន៥ពាន់១៣៦នាក់ និងជាសះស្បើយ១០លាន២៨ម៉ឺន៧ពាន់៥៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤៧ម៉ឺន៤ពាន់៣០២នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់២៥០នាក់ និងជាសះស្បើយ១១លាន៦ម៉ឺន១ពាន់១៧០នាក់ ៕ ប្រភព៖ worldometers
-
ប្រធានាធិបតីប្រទេសតង់ហ្សានីបានស្លាប់ហើយ ក្នុងវ័យ៦១ឆ្នាំ

ប្រធានាធិបតីប្រទេសតង់ហ្សានីលោក John Magufuli បានទទួលមរណៈភាព នៅក្នុងមន្ទីរពេទ្យមួយ នៅ Dar es Salaam នេះបើតាមអនុប្រធានាធិបតីប្រកាសតាមទូរទស្សន៍ កាលពីថ្ងៃពុធ ទី១៧ មីនា ២០២១ម្សិលមិញ។ លោកប្រធានាធិបតីបានស្លាប់ក្នុងវ័យ៦១ឆ្នាំ ជាការស្លាប់ ក្រោយការបាត់ខ្លួន ប៉ុន្មានសប្តាហ៍។ លោកស្រីអនុប្រធានាធិបតី Samia Suluhu Hassan បានប្រកាសថា «ប្រធានាធិបតីបានស្លាប់ដោយសារជំងឺបេះដូង ដែលលោកបានព្យាយាមទទួលការព្យាបាលជំងឺនេះ ជាង១០ឆ្នាំមកហើយ»។ លោកស្រីបន្ថែមទៀតថា លោកប្រធានាធិបតីត្រូវបានព្យាបាលជំងឺ នៅមន្ទីរពេទ្យ Mzena តាំងពីថ្ងៃអាទិត្យ ហើយបានប្រកាសកាន់ទុក្ខ ទូទាំងប្រទេស ១៤ថ្ងៃ។ លោកស្រី Hassan ពេលនេះបានក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន ខណៈដែលការស្បថចូលកាន់តំណែងមិនទាន់ដឹងថ្ងៃណាប្រាកដទេ ប៉ុន្តែលោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេ សម្រាប់ប្រទេសតង់ហ្សានី៕
-
អាមេរិកប្រហែលផ្តល់វ៉ាក់សាំងកូវីដ១៩ Pfizer ៣០លានដូស ជូនវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃទី១៨ មីនា ២០២១នេះថា ក្រុមហ៊ុនអាមេរិក Pfizer ប្រហែលជាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស ដល់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២១នេះ ខណៈដែលការចរចារវាងភាគីទាំងពីរកំពុងបន្តដំណើរការ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long កាលពីម្សិលមិញ។ លោករដ្ឋមន្ត្រីបានបន្តថា វៀតណាមក៏នៅតែបន្តចរចាជាមួយបណ្តារោងចក្រ នៅអាមេរិក រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីអាចទទួលបានវ៉ាក់សាំង សរុប១៥០លានដូស ក្នុងឆ្នាំ២០២១នេះ សម្រាប់ចាក់ជូនពលរដ្ឋ៧០លាននាក់។ ក្រៅពីនាំចូល វៀតណាមក៏កំពុងផលិតវ៉ាក់សាំងដោយខ្លួនឯងដែរ រួមមានវ៉ាក់សាំង Nanocovax, Covivax ជាដើម ដោយវ៉ាក់សាំងទាំងនេះកំពុងសាកល្បងចាក់លើមនុស្សជាបន្តបន្ទាប់ហើយដែរ។ វៀតណាមបានបញ្ជាទិញ៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយបញ្ជូនមកដល់១១៧០០ដូសហើយ កាលពីខែមុន ហើយវៀតណាមនឹងទទួលបានជាង៤លានដូសទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងតាមរយៈកុងត្រាផ្សេងៗទៀត នៅខែមេសា ដោយគ្រោងនឹងទទទួលបាន AstraZeneca ៦០លានដូស ក្នុងឆ្នាំ២០២១នេះ៕
-
កូវីដ១៩៖ ថៃឆ្លង២៤៨នាក់ និងស្លាប់ម្នាក់ទៀត ថ្ងៃពុធនេះ

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃបានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ មីនា ២០២១នេះ ថៃមានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២៤៨នាក់ទៀត ដែលភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍ មានតែ៦នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។ ប្រភពបញ្ជាក់ទៀតថា ថ្ងៃនេះក៏មានអ្នកជំងឺស្លាប់ម្នាក់ទៀតដែរ កើនដល់៨៨នាក់ហើយសម្រាប់អ្នកស្លាប់សរុបនៅថៃ។ ក្នុងចំណោមឆ្លងក្នុងសហគមន៍ទាំងអស់នៅថ្ងៃនេះ ភាគច្រើនរកឃើញនៅរាជធានីបាងកក ដែលមានរហូតដល់ទៅ ១៥៤នាក់។ គិតត្រឹមរសៀលថ្ងៃនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ ចំនួន២៧៤០២នាក់ហើយ ខណៈ២៦៣៣៩នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយអ្នកជំងឺ៩៧៥នាក់កំពុងសម្រាកព្យាបាល៕