-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
ប្រជាជាតិធំៗនៅប្លុកអឺរ៉ុបសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព

បរទេស៖ បណ្តាប្រទេសជាច្រើនៅប្លុកអឺរ៉ុប ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ AstraZeneca នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីបញ្ហាកំណកឈាមក្នុងសរសៃឈាម លើមនុស្សមួយចំនួនដែលបានទទួលការចាក់វ៉ាក់សាំងនេះរួច បើទោះបីជាក្រុមហ៊ុនផ្ទាល់ និងនិយ័តករអន្តរជាតិនិយាយថា មិនមានភស្តុតាងណាមួយត្រូវបានរកឃើញពាក់ព័ន្ធនឹងបញ្ហានេះក៏ដោយ ។ បើតាមប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រទេសរបស់លោកបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca យ៉ាងហោចណាស់រហូតដល់រសៀលថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជាវិធានការបង្ការទុកជាមុន ចំពោះការព្រួយបារម្ភជុំវិញបញ្ហាសុវត្ថិភាព ប៉ុន្តែលោក ម៉ាក្រុង មិនបានពន្យល់ពីមូលហេតុនៃការសម្រេចចិត្តនេះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ត្រូវបានគេរំពឹងថា នឹងដាក់សំណើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ខណៈបច្ចុប្បន្នអាមេរិកបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson & Johnson ៕ ប្រភព៖ AP
-
ប្រជាជនកូរ៉េខាងត្បូងចំនួន១២លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ Covid-19 នៅត្រឹមចុងខែមិថុនាខាងមុខនេះ

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះប្រកាសថា ខ្លួនមានគោលបំណងចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនអោយបាន១២លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន៥២លាននាក់ នៅត្រឹមចុងខែមិថុនាខាងមុខនេះ ។ បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ការចាក់វ៉ាក់សាំងដំណាក់កាលដំបូងគ្រោងនឹងបញ្ចប់នៅចុងខែមីនានេះ ហើយការចាក់វ៉ាក់សាំងដំណាក់កាលទី២ នឹងចាប់ផ្តើមពីសប្តាហ៍ទី៤ នៃខែមីនា រហូតដល់ខែមិថុនា ដោយនឹងមានការចូលរួមពីសំណាក់ក្រុមមនុស្សសំខាន់ៗចំនួន៦ក្រុម ក្នុងនោះរួមមានក្រុមអ្នកជំងឺ ក្រុមបុគ្គលិកពេទ្យនៅតាមមជ្ឈមណ្ឌលថែទាំដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ និងក្រុមមនុស្សដែលមានហានីភ័យខ្ពស់ ដូចជាក្រុមមនុស្សចាស់ ក្រុមជនពិការ និងក្រុមជនអនាថា ។ ចំណែកឯការចាក់វ៉ាក់សាំងដំណាក់កាលទី៣ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខ ដែលភាគច្រើននឹងផ្តោតទៅលើសាធារណជនទូទៅ ។ សូមជម្រាបថា កូរ៉េខាងត្បូងបានកំណត់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនប្រមាណ៧០ភាគរយ នៃចំនួនប្រជាជនសរុបនៅត្រឹមខែកញ្ញាខាងមុខ ដើម្បីឲ្យមានភាពស៊ាំជាសហគមន៍នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ៕ ប្រភព៖ ស៊ីនហួរ
-
ម៉ាឡេស៊ីនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារ Covid-19 របស់ក្រុមហ៊ុនចិន Sinovac ជូនប្រជាជនរបស់ខ្លួនក្នុងសប្តាហ៍នេះ

ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅថ្ងៃចន្ទនេះនិយាយថា ម៉ាឡេស៊ីនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ជូនប្រជាជនរបស់ខ្លួនក្នុងសប្តាហ៍នេះ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតម៉ាឡេស៊ី លោក ខៃរី ហ្សាម៉ាលូដឌីន (Khairy Jamaluddin) និយាយថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac នឹងត្រូវចាប់ផ្តើមចែកចាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយរូបលោកនឹងក្លាយជាមនុស្សដំបូងគេ ដែលទទួលចាក់វ៉ាក់សាំងនេះនៅរដ្ឋ នីជើរី សែមប៊ីលែន (Negeri Sembilan) ។ សូមជម្រាបថា ប្រទេសម៉ាឡេស៊ីមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនឲ្យបានយ៉ាងហោចណាស់៨០ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណជា៣២លាននាក់នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២០លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៧ម៉ឺននាក់ និងជាសះស្បើយ៩៧លាន៤១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២០លាន៧៧ម៉ឺន៩២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៧ម៉ឺន២ពាន់៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៧លាន៤១ម៉ឺន៥ពាន់៩៤៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន១៣ម៉ឺន៨ពាន់៥៨៦នាក់ ស្លាប់ចំនួន៥៤ម៉ឺន៨ពាន់១៣នាក់ និងជាសះស្បើយចំនួន២២លាន២៨ម៉ឺន៦ពាន់៥៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៥២ម៉ឺន៥ពាន់៤៧៧នាក់ ស្លាប់២៧ម៉ឺន៩ពាន់៦០២នាក់ និងជាសះស្បើយ១០លាន១១ម៉ឺន១ពាន់៩៥៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤០ម៉ឺន៩ពាន់៥៩៥នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៨៩២នាក់ និងជាសះស្បើយ១១លាន២ម៉ឺន៥ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers
-
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាក់វ៉ាក់សាំង Astra zeneca រួចហើយ ព្រឹកមិញ

ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន១៥រូបទៀតបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១២៩ហើយ នៅព្រឹកថ្ងៃទី១៦ មីនា ២០២១នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ។ ប្រភពថា ពួកលោកបានចាក់វ៉ាក់សាំងផលិតនៅអង់គ្លេស Astrazeneca ដោយទទួលការចាក់នៅបរិវេណវិមានរដ្ឋាភិបាល ពោលគឺមុនពេលមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតែម្តង។ គណៈរដ្ឋមន្ត្រីដែលបានចាក់ជាមួយរូបលោក មានទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល គេដឹងថា ចាក់វ៉ាក់សាំងរបស់ចិនរួចហើយ កាលពីពេលមុន។ ដើម្បីបញ្ចៀសការប្រមូលផ្តុំមនុស្សច្រើន អ្នកសារព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងអគារដែលលោកនាយករដ្ឋមន្ត្រីចាក់វ៉ាក់សាំងទេ ប៉ុន្តែអាចទស្សនាបានការផ្សាយផ្ទាល់លើហ្វេសបុក។ ជាការកត់សម្គាល់ លោកត្រូវចាក់ តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ តែសម្រេចពន្យាពេលវិញ ក្រោយលឺដឹងថា អ្នកចាក់វ៉ាក់សាំងអង់គ្លេសនេះនៅអឺរ៉ុប ខ្លះមានកំណកសសៃឈាម ពេលចាក់រួច ប៉ុន្តែម្សិលមិញ ក្រុមហ៊ុន Astra zenecaអះអាងថា ក្រោយការពិសោធន៍ថា គ្មានភស្តុតាំងបង្ហាញថា មានកំណកឈាម ពេលចាក់រួចទេ៕
-
សភាវៀតណាមនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីថ្មី ដើមខែក្រោយ

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចេញផ្សាយ កាលពីថ្ងៃទី១៥ មីនា ២០២១ម្សិលមិញថា រដ្ឋសភាវៀតណាមគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ ប្រភពថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀណាមគ្រោងនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២ និងទី៥ មេសា ២០២១ខាងមុខនេះ ក្រោយសភាជាតិបោះឆ្នោតជ្រើសរើស។ យោងតាមកម្មវិធីគ្រោងទុក រដ្ឋសភាវៀតណាមនឹងបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មីផងដែរ នៅថ្ងៃទី៣០ មីនា ហើយមេដឹកនាំស្ថាប័ននីតិបញ្ញថ្មីក៏នឹងស្បថចូលកាន់តំណែង ១ថ្ងៃក្រោយការបោះឆ្នោតសម្ងាត់។ គួរបញ្ជាក់ថា ប្រធានាធិបតីបច្ចុប្បន្នរបស់វៀតណាមគឺលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីគឺលោក Nguyen Xuan Phuc និងប្រធានសភាលោកស្រី Nguyen Thi Kim Ngan ៕
-
ថ្ងៃនេះ! ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ កើនដល់៨៧នាក់ ឆ្លងថ្មីៗ៧៨នាក់

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩នៃប្រទេសថៃបានប្រកាសថា នៅថ្ងៃទី១៥ មីនា ២០២១នេះ មានករណីវិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់បន្ថែមទៀត ខណៈដែលអ្នកស្លាប់មានម្នាក់ទៀត។ ប្រភពថា ក្នុងចំណោកនេះ មានតែ៤នាក់ប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនេះ គឺជាករណីឆ្លងក្នុងស្រុក។ គិតត្រឹមរសៀលថ្ងៃនេះ ថៃមានអ្នកកើតកូវីដ១៩ កើនដល់ ២៧០០០៥នាក់ ស្លាប់៨៧នាក់ កំពុងសម្រាកព្យាបាលចំនួហន៦៨៤នាក់ ជាសះស្បើយ២៦២៣៤នាក់៕
-
រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួនកំពុងពិចារណាលើការឆ្លើយតបនឹងបញ្ហារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

ជប៉ុន៖ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក កាស៊ុណូប៊ុ កាតុ (Katsunobu Kato) នៅថ្ងៃចន្ទនេះនិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ហើយក៏នឹងពិចារណាលើវិធីសាស្រ្ត ដើម្បីឆ្លើយតបនឹងអភិវឌ្ឍក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះមួយផងដែរ ។ លោក កាស៊ុណូប៊ុ កាតុ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ក្នុងដំណើរឆ្ពោះទៅមុន… ជប៉ុននឹងពិចារណាពីវិធីសាស្រ្តក្នុងការឆ្លើយតបទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ស្ថិតក្រោមលក្ខខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគោលនយោបាយដោយតាមដានការវិវឌ្ឍន៍នៃស្ថានភាព ខណៈខ្លួនក៏កំពុងពិចារណាលើការឆ្លើយតបពីបណ្តាប្រទេសពាក់ព័ន្ធផងដែរ ។ ការកត់សម្គាល់បែបនេះរបស់លោក កាស៊ុណូប៊ុ កាតុ បានកើតមានឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចសហការលើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ហើយហាមឃាត់រាល់ការនាំចេញគ្រឿងសព្វាវុធទៅកាន់ប្រទេសនេះ ក្រោយកើតមានរដ្ឋប្រហារយោធាកាលពីខែមុន និងការបង្ក្រាបដ៏ហិង្សាលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ តួយ៉ាងនៅថ្ងៃអាទិត្យម្សិលមិញនេះ យ៉ាងហោចណាស់មានក្រុមបាតុករ និងមន្រ្តីប៉ូលិស៣៨នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕ ប្រភព៖ Reuters
-
អ៊ីរ៉ង់សម្រេចផ្អាកជើងហោះហើរមកពីអ៊ីរ៉ាក់ទាំងអស់មួយសប្តាហ៍ ដោយសារព្រួយបារម្ភពីការឆ្លងរីករាលដាលជំងឺ Covid-19 បំប្លែងខ្លួនប្រភេទថ្មី

អ៊ីរ៉ង់៖ រាល់ជើងហោះហើរទាំងអស់មកពីប្រទេសអ៊ីរ៉ាក់ ត្រូវបានផ្អាក ឬពន្យារពេលមួយសប្តាហ៍គិតត្រឹមថ្ងៃអាទិត្យ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអាកាសចរណ៍ស៊ីវិលប្រទេសអ៊ីរ៉ង់ ។ សេចក្តីថ្លែងការណ៍ដែលចុះផ្សាយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានអោយដឹងថា ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើងជាវិធានការការពារជាមុន ដើម្បីការពារសុខភាពរបស់ប្រជាជនអ៊ីរ៉ង់ ចំពេលមានការរីករាលដាលនៃវីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវជូនដំណឹងដល់អ្នកដំណើរអំពីវិធានការណ៍ថ្មីអោយបានទាន់ពេលវេលា ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រទេសអ៊ីរ៉ង់ក៏បានព្រមានពីការឆ្លងរីករាលដាលនៃវីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី អំឡុងថ្ងៃបុណ្យឈប់សម្រាកឆ្នាំថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមីនាខាងមុខនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ