-
នាយករដ្ឋមន្ត្រីថៃឲ្យពន្លឿនចាក់វ៉ាក់សាំង AstraZeneca ដល់ពលរដ្ឋ១០លាននាក់ត្រឹម១ខែ

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចង់ឲ្យក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោយពេលលោកចាក់រួច ហើយថាលោកគ្មានប៉ះពាល់អ្វីទេ។ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca កាលពីម្សិលមិញ លោកប្រាយុទ្ធថា ទាំងរូបលោកនិងគណៈរដ្ឋមន្ត្រី១៥រូបទៀត ពុំមានបញ្ហាប្រតិកម្មអ្វីចំពោះសុខភាពទេ។ លោកថា «ខ្ញុំសូមបញ្ជាក់ថា គ្មានប្រតិកម្មអ្វីអាក្រក់ពីវ៉ាក់សាំង AstraZeneca ទេ»លោកនាយករដ្ឋមន្ត្រីរូបនេះក៏ចង់ឲ្យមន្ទីរពេទ្យឯកជនគួរតែមានសេវាកម្មចាក់វ៉ាក់សាំងដោយខ្លួនឯងដែរ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងប្រចាំខែរបស់ប្រទេស។ លោកថា «ខណៈនេះ យើងសូមជំរុញដល់ក្រសួងសុខាភិបាលអនុញ្ញាតឲ្យបញ្ជូនវ៉ាក់សាំងកូវីដ១៩ទៅមន្ទីរពេទ្យ ដោយមិនចាំបាច់រងចាំការសម្រេចពីរដ្ឋាភិបាលទេ ខណៈដែលយើងមានគោលដៅចាក់វ៉ាក់សាំងលើមនុស្ស១០នាក់ ក្នុង១ខែ»៕
-
ទីបំផុត! អឺរ៉ុបថា វ៉ាក់សាំង AstraZeneca គ្មានបង្កឲ្យមានបញ្ហាកំណកឈាមទេ

គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca គឺជាមូលហេតុបង្កឲ្យមានបញ្ហាកំណកឈាមនោះឡើយ នេះបើតាមនិយតករឱសថសហភាពអឺរ៉ុប ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីម្សិលមិញ។ លោកស្រី Emer Cooke នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុប(EMA)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន បានជួបប្រជុំគ្នាដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ស្តីអំពីបញ្ហាកំណកឈាម នៅក្នុងច ំណោមមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ហើយលទ្ធផលជាបឋមបានបង្ហាញថា មិនមានសញ្ញាណាមួយដែលបញ្ចាក់ថា វា៉ក់សាំង AstraZeneca ជាមូលហេតុបង្ករឲ្យមានបញ្ហាសុខភាពនេះឡើយ។ ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃភ្នាក់ងារឱសថអឺរ៉ុបរូបនេះបានគូសបញ្ជាក់ថា ទីភ្នាក់ងារឱសថអឺរ៉ុបបាននិងកំពុងធ្វើការវាយតម្លៃម្តងមួយករណីៗនៃឧប្បត្តិហេតុ ហើយសេចក្តីសន្និដ្ឋានចុងក្រោយត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 លើទារក និងកុមារ

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា (Moderna) បានចាប់ផ្តើមការសិក្សាវ៉ាក់សាំង Covid-19 របស់ខ្លួនលើកុមារដែលមានអាយុចាប់ពី៦ខែដល់១១ឆ្នាំ ខណៈក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ គ្រោងនឹងចុះឈ្មោះកុមារចំនួន៦ពាន់៧៥០នាក់នៅសហរដ្ឋអាមេរិក និងកាណាដាសម្រាប់ការសាកល្បងនេះ ។ នាយកប្រតិបត្តិក្រុមហ៊ុន ម៉ូឌែណា លោក ស្ទេហ្វេន បេនសែល (Stéphane Bancel) បាននិយាយថា ការសិក្សាលើកុមារនេះ នឹងជួយយើងអោយវាយតម្លៃអំពីសុវត្ថិភាព និងភាពស៊ាំនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់យើងចំពោះមនុស្សវ័យក្មេង ។ បច្ចុប្បន្នទាំងក្រុមហ៊ុន ម៉ូឌែណា និង ភីហ្វីហ្សឺ បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ពួកគេលើកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅកាលពីឆ្នាំមុន ប៉ុន្តែលទ្ធផលលើការសាកល្បងទាំងនេះមិនទាន់បញ្ចេញទេ ។ ដោយឡែកក្រុមហ៊ុន អាស្រ្តាហ្សេណេកា ក៏បានប្រកាសពីការធ្វើតេស្តលើកដំបូងរបស់ខ្លួនលើកុមារកាលពីខែមុនផងដែរ ខណៈដែលក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនលើទារក និងកុមារ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាទេ ៕ ប្រភព៖ Reuters
-
សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអ្នកនៅពីក្រោយការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមបាតុករនាសប្តាហ៍ក្រោយនេះ

មីយ៉ាន់ម៉ា៖ ប្រទេសបារាំងបានបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សហភាពអឺរ៉ុបអាចនឹងអនុម័តលើការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងអ្នកនៅពីក្រោយការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមបាតុករអហិង្សា ។ ស្របពេលជាមួយគ្នានោះដែរ ក្រៅពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តដទៃៗទៀតក៏បាននិងកំពុងកៀរគរអោយមានការដាក់ទណ្ឌកម្មទៅលើរបបយោធាមីយ៉ាន់ម៉ាផងដែរ ។ ដោយឡែកនៅថ្ងៃអង្គារនេះ ក្រុមគ្រួសារសាច់ញាតិជាច្រើននាក់នៃជនរងគ្រោះដែលបានស្លាប់ នៅក្នុងការបង្ក្រាបបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានរៀបចំពិធីបុណ្យសព ខណៈក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា បើទោះជាចំនួនមនុស្សស្លាប់បានកើនឡើងជារៀងរាល់ថ្ងៃក៏ដោយ ៕ ប្រភព៖ CNA
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
លោក ដូណាល់ ត្រាំ លើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានលើកទឹកចិត្តអោយអ្នកគាំទ្រគណបក្សសាធារណៈរដ្ឋរបស់លោក មួយក្នុងចំណោមក្រុមសំខាន់ៗអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេអោយបានពេញលេញ ។ អំឡុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បាននិយាយថា ខ្ញុំសូមស្នើអោយធ្វើវា (ការចាក់វ៉ាក់សាំង) ទៅកាន់មនុស្សដែលមិនចង់ទៅទទួលការចាក់វ៉ាក់សាំង ហើយនិងអ្នកជាច្រើនទៀតដែលបានបោះឆ្នោតអោយខ្ញុំ… នេះគឺការនិយាយដោយត្រង់ៗ ។ លោកបន្ថែមថា វាគឺពិតជាវ៉ាក់សាំងអស្ចារ្យ… វាគឺជាវ៉ាក់សាំងមានសុវត្ថិភាព ហើយវាជាអ្វីដែលត្រូវធ្វើ ។ ការអំពាវនាវខាងលើនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក អាន់ថូនី ហ្វាវស៊ី ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយដោយសង្ឃឹមថា អតីតប្រធានាធិបតីអាមេរិករូបនេះ អាចជំរុញអ្នកគាំទ្ររបស់លោកឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ៕ ប្រភព៖ AFP
-
អង់គ្លេសរកឃើញ២ករណីនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានដើមកំណើតនៅប្រទេសហ្វីលីពីន

អង់គ្លេស៖ អង់គ្លេសបានរកឃើញ២ករណីនៃវីរុស Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ខណៈបច្ចុប្បន្ន គេមិនទាន់ដឹងថាតើករណីទាំងនេះ ត្រូវបានគេរកឃើញនៅឯណាក្នុងប្រទេសនេះ ឬថាតើវីរុសនេះឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនមុនៗផ្សេងទៀតដែរឬអត់ ។ ប្រភពបានអោយដឹងថា ករណីមួយក្នុងចំណោមករណីទាំងពីរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើរអន្តរជាតិ ។ ចំណែកករណីមួយទៀត គឺមិនមែនជាករណីនាំចូលទេ ដែលនេះជាហេតុជំរុញអោយមានក្តីព្រួយបារម្ភអំពីការចម្លងក្នុងសហគមន៍ ។ មកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់ហ៊ាននិយាយទេ ថាតើផលប៉ះពាល់នៃវីរុសបំប្លែងខ្លួនថ្មីនេះខ្លាំងប៉ុណ្ណោះនោះ ។ សេវាសុខភាពសាធារណៈអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីរុសបំប្លែងខ្លួននេះ រួមបញ្ចូលទាំងកំឡាយគួរឲ្យកត់សម្គាល់មួយចំនួនផងដែររួមមាន E484K និង N501Y ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសគួរឲ្យព្រួយបារម្ភផ្សេងទៀត ។ សេវាសុខភាពសាធារណៈអង់គ្លេសបានរកឃើញពីរករណី នៃវីរុសនេះនៅអង់គ្លេស ។ ករណីមួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរអន្តរជាតិ ហើយមួយទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕ ប្រភព៖ Mirror
-
មន្រ្តីយោធាជាន់ខ្ពស់អាមេរិកនិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលទើបបង្កើតឡើងថ្មីក្នុងពេលអនាគតដ៏ខ្លីខាងមុខ

អាមេរិក៖ ប្រធានមេបញ្ជាការភាគខាងជើងរបស់យោធាអាមេរិក នៅថ្ងៃអង្គារនេះនិយាយថា កូរ៉េខាងជើងអាចនឹងចាប់ផ្តើមធ្វើតេស្តការហោះហើរ ចំពោះការរចនាកាន់តែប្រសើរឡើងនូវមីស៊ីលផ្លោងឆ្លងទ្វីបអន្តរកូរ៉េរបស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខ ដែលសកម្មភាពនេះនឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ។ លោកឧត្តមសេនីយ៍ វ៉ាន់ហើគ បានប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ធំជាងមុន និងអាចសន្មត់ថា មានសមត្ថភាពខ្លាំងក្លាបន្ថែមទៀតរបស់ទីក្រុងព្យុងយ៉ាង បានបង្កើនការគំរាមកំហែងដល់សន្តិសុខសហរដ្ឋអាមេរិក ។ ទោះយ៉ាងណា លោកបានបង្ហាញនូវទំនុកចិត្តលើប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកផងដែរ ។ ការព្រមានខាងលើនេះរបស់លោកឧត្តមសេនីយ៍កងទ័ពអាកាស ក្លេន វ៉ាន់ហើគ (Glen VanHerck) ត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងបានបញ្ចេញមីស៊ីលបាលីស្ទីគ (មីស៊ីលបំបាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) បាញ់ចេញពីនាវាមុជទឹកដ៏ថ្មីសន្លាងមួយ កំឡុងពិធីព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង ខណៈមិនមានការស៊ើបការណ៍ជាក់លាក់ណាមួយ បង្ហាញពីកាលកំណត់នៃការធ្វើតេស្តបាញ់បង្ហោះវានោះទេ ៕ ប្រភព៖ Reuters
-
អង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សច្រើនជាង១៤៩នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបាត់ខ្លួន ខណៈមីយ៉ាន់ម៉ានៅតែស្ថិតក្រោមស្ថានភាពចលាចល

ស្វីស៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះធ្វើការរិះគន់ធ្ងន់ៗចំពោះការកើនឡើងនៃអ្នកស្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ហើយបានព្រមានថា ក្រុមអ្នកតវ៉ាដែលត្រូវបានចាប់ខ្លួនកំពុងប្រឈមមុខនឹងការធ្វើទារុណកម្ម ហើយមនុស្សរាប់រយនាក់បានបាត់ខ្លួន ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី រ៉ាវីណា ហ្សេមដាសានី (Ravina Shamdasani) បានប្រាប់អ្នកសារព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងខ្លាំងកាលពីសប្តាហ៍មុនក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងសន្តិសុខបានប្រើប្រាស់កម្លាំងដ៏ឃោរឃៅកាន់តែខ្លាំងឡើង ប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ។ បន្ថែមពីលើរបាយការណ៍នៃការស្លាប់ លោកស្រី ហ្សេមដាសានី ក៏បានព្រមានដែរថា កងកម្លាំងសន្តិសុខក៏បាននិងកំពុងបន្តចាប់ខ្លួន និងឃុំខ្លួនមនុស្សនៅទូទាំងប្រទេសផងដែរ ដោយមានមនុស្សយ៉ាងតិច២ពាន់៨៤នាក់កំពុងត្រូវបានឃុំខ្លួន ហើយថា របាយការណ៍គួរអោយព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំងក៏បានលេចចេញមកដែរ ។ គួរបញ្ជាក់ថា បើតាមសមាគមន៍ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មានមនុស្សប្រមាណជាង១៨០នាក់ហើយបានបាត់បង់ជីវិត នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ក្នុងនោះមានមនុស្ស៧៤នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ ៕ ប្រភព៖ AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២១លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៨ម៉ឺននាក់ និងជាសះស្បើយ៩៧លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២១លាន២៧ម៉ឺន៣ពាន់៤៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៨ម៉ឺន២ពាន់២១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៧លាន៧៨ម៉ឺន៧ពាន់៥១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន២៣ម៉ឺន១ពាន់៥៥០នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៣៦៧នាក់ និងជាសះស្បើយចំនួន២២លាន៣៤ម៉ឺន៣៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៦០ម៉ឺន៩ពាន់៦០១នាក់ ស្លាប់២៨ម៉ឺន២ពាន់៤០០នាក់ និងជាសះស្បើយ១០លាន២០ម៉ឺន៤ពាន់៥៤១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤៣ម៉ឺន៨ពាន់៤៦៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់៧៩នាក់ និងជាសះស្បើយ១១លាន៤ម៉ឺន៣ពាន់៣៧៧នាក់ ៕ ប្រភព៖ worldometers