-
ថៃគ្រោងដកការរឹតត្បិតពាក់ព័ន្ធជំងឺ Covid-19 និង បើកប្រទេសឡើងវិញទាំងស្រុងនៅក្នុងខែតុលាខាងមុខនេះ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) របស់ថៃ នៅថ្ងៃពុធនេះបញ្ជាក់ថា ប្រទេសថៃនឹងបើកឡើងវិញទាំងស្រុងនៅត្រឹមខែតុលាខាងមុខ ហើយរាល់ការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ១៩នឹងត្រូវដកចេញ ប្រសិនបើគ្រប់វិស័យទាំងអស់បន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាល សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មាធិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ស្តីពីការបន្ធូរបន្ថយការរឹតត្បិតអាជីវកម្ម និងសកម្មភាព អ្នកនាំពាក្យជំនួយការរបស់ (CCSA) លោកស្រី អាភីសាម៉ៃ ស៊្រីរ៉ាងសុន (Apisamai Srirangson) បានសរសើរក្រុមមន្ត្រីនៅក្នុងខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ១៩រលកថ្មី ។ លោកស្រីបន្តថា កិច្ចសហប្រតិបត្តិការយ៉ាងសកម្មដោយវិស័យឯកជន និង ការឆ្លើយតបយ៉ាងល្អប្រហាក់ប្រហែលគ្នាពីសាធារណៈជន ចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩ របស់រដ្ឋាភិបាល គឺជាលក្ខណៈវិនិច្ឆ័យសំខាន់ពីរផ្សេងទៀត ដែលត្រូវយកមកពិចារណា មុនពេលអនុម័តការបើកប្រទេសឡើងវិញទាំងស្រុង ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា សំណើនេះនឹងត្រូវពិភាក្សានៅឯកិច្ចប្រជុំនៃគណៈកម្មាធិការធំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនាខាងមុខ ។ ជាផ្នែកមួយនៃការបើកឡើងវិញ មជ្ឈមណ្ឌល (CCSA) នឹងពិចារណាពង្រឹងខេត្តសាមុតសាខន ពីតំបន់ត្រួតពិនិត្យអតិបរមា ទៅជាតំបន់ដែលមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ជំងឺកូវីដ១៩ ៕ ប្រភព៖ Bangkok Post
-
ស្លាប់មនុស្សជិត៣០នាក់ ករណីរថយន្តដឹកសិស្ស១គ្រឿងធ្លាក់ចូលជ្រោះ នៅឥណ្ឌូនេស៊ី

រថយន្តក្រុងទេសចរណ៍មួយគ្រឿងត្រូវបានបើកធ្លាក់ចូលទៅក្នុងជ្រោះ នៅតំបន់កោះជ្វា ក្រោយមានបញ្ហាហ្វ្រាំង បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២៧នាក់ របួស៣៩នាក់ នេះបើតាមនគរបាលនិងក្រុមសង្គ្រោះបញ្ជាក់ឲ្យដឹង នាថ្ងៃទី១១ មីនា ២០២១នេះ។ មន្ត្រីនគរបាលជាន់ខ្ពស់ Eko Prasetyo Robbyanto ថា រថយន្តនេះផ្ទុកសិស្សវិទ្យាល័យឥស្លាម គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ពីខេត្ត West Java ក៏ជួបបញ្ហាគ្រោះថ្នាក់ កាលពីយប់ថ្ងៃទី១០ មីនា។ លោកបន្តថា រថយន្តក្រុងមួយគ្រឿងនេះបានធ្លាក់ចូលទៅក្នុងជ្រោះ ជម្រៅ២០ម៉ែត្រ ក្រោយអ្នកបើកបរបាត់បង់ម្ចាស់ការ មិនអាចគ្រប់គ្រងចង្កូតបាន។ នគរបាលនៅតែស៊ើបអង្កេតករណីនេះ ប៉ុន្តែអ្នកនៅរស់រានមានជីវិតបាននិយាយថា ហ្វ្រាំងរថយន្តស្រាប់តែគាំងភ្លាមៗ ពេលកំពុងបើកបរ៕ ប្រភពពី CNA
-
កូវីដ១៩៖ វៀតណាមនឹងទទួលវ៉ាក់សាំងពីកូវាក់ជាង៤លានដូសទៀត ទិញជាង១លានទៀត ក្នុងខែនេះនិងខែក្រោយ

ប្រទេសវៀតណាមនឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ នៃអង្គការសុខភាពពិភពលោកចំនួនជាង៤លានដូសទៀត គឺវ៉ាក់សាំង អាស្ត្រាសេនីកា ព្រមទាំងវ៉ាក់សាំង ១.៤៨លានដូសផ្សេងទៀត ដែលវៀតណាមបានបញ្ជាទិញ ដោយវ៉ាក់សាំងទាំងនេះ នឹងមកដល់ក្នុងខែនេះ និងខែក្រោយ នេះបើតាមការចេញផ្សាយរបស់ VNexpress ថ្មីៗនេះ។ យោងតាមវៀតណាមថា ខ្លួននឹងទទួលបាន៤.១៧៧លានដូសទៀត នូវវ៉ាក់សាំងកូវីដ១៩ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ក្រោយការសម្របសម្រួលពី UNICEF (យូនីសេហ្វ)។ ប្រភពបញ្ជាក់ថា ១.៣៧៣លានដូស នឹងមកដល់នៅថ្ងៃទី២៥ មីនា ផ្សេងៗទៀត មកដល់នៅខែមេសា ជាវ៉ាក់សាំងផលិតដោយប្រទេសអង់គ្លេស។ វៀតណាមគ្រោងនឹងមានតម្រូវការវ៉ាក់សាំងកូវីដ១៩ ចំនួន១៥០លានដូស ពីប្រភពក្រៅប្រទេសផង និងប្រភពផលិតក្នុងប្រទេសផង នៅត្រឹមឆ្នាំ២០២២។ កន្លងមក វៀតណាមទទួលបានវ៉ាក់សាំង អាស្រ្តានីកា ជាង១១ម៉ឺនដូសហើយ ហើយក៏កំពុងផលិតវ៉ាក់សាំងក្នុងប្រទេសដោយខ្លួនឯងដែរ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងបានធ្វើឡើង តាំងពីថ្ងៃទី៨ មីនា ២០២១៕
-
ព័ត៌មានអន្តរជាតិថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
អង្គការសហប្រជាជាតិអំពាវនាវអោយបញ្ឈប់រដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងថ្កោលទោសការប្រើហិង្សាលើក្រុមអ្នកប្រឆាំងតវ៉ា

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធនេះអំពាវនាវជាឯកច្ឆន្ទឱ្យបញ្ចប់រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ក៏ដូចជាទទូចអោយមានការអត់ធ្មត់បំផុតពីសំណាក់យោធា ។ សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុម័តដោយសមាជិកក្រុមប្រឹក្សាទាំង១៥ រួមទាំងចិនផងនោះ ត្រូវបានអនុម័តជាផ្លូវការនៅឯកិច្ចប្រជុំខ្លីមួយតាមវីដេអូ ជាទីដែលអគ្គរដ្ឋទូតអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល (Linda Thomas-Greenfield) ដែលជាប្រធានក្រុមប្រឹក្សាបច្ចុប្បន្នបានប្រកាសថា សេចក្តីថ្លែងការណ៍ត្រូវបានយល់ព្រម ។ សេចក្តីថ្លែងការណ៍ដែលព្រាងដោយចក្រភពអង់គ្លេស គឺអំពាវនាវឱ្យមានការដោះលែងមេដឹកនាំរដ្ឋាភិបាលជាបន្ទាន់ រួមមានទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ ដែលត្រូវបានឃុំខ្លួនចាប់តាំងពីពួកគេត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។ សេចក្តីថ្លែងការណ៍នេះទៀតសោត បានគាំទ្រអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាទុកនូវស្ថាប័ន និងដំណើរការប្រជាធិបតេយ្យនានា បញ្ចៀសអំពើហិង្សា គោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និង គោរពនីតិរដ្ឋ ៕ ប្រភព៖ CNA
-
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូនរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ព្រមទាំងក្រុមហ៊ុនចំនួន០៦ដែលពួកគេ

អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានដាក់ទណ្ឌកម្មកូនៗពីរនាក់របស់មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង និងក្រុមហ៊ុនចំនួន០៦ដែលពួកគេគ្រប់គ្រង ដើម្បីជាឆ្លើយតបទៅនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ និងការបាញ់សម្លាប់ក្រុមអ្នកប្រឆាំងតវ៉ា ចាប់តាំងពីរបបសឹកឡើងក្តោបក្តាប់អំណាច ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់បញ្ចូលបញ្ជីខ្មៅនូវឈ្មោះ អោង ផ្យេ សូណេ (Aung Pyae Sone) និង ឃីន ធីរី ថេត មុន (Khin Thiri Thet Mon) ដែលជាកូនៗមានវ័យជំទង់របស់មេបញ្ជាការយោធាមីយ៉ាន់ម៉ា ដែលជាអ្នកដឹកនាំធ្វើរដ្ឋប្រហារ ហើយបានតំឡើងតំណែងខ្លួនឯងជាប្រមុខក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលកំពុងកាន់អំណាច ។ បន្ថែមលើនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន ក៏បានព្រមានដែរថា សកម្មភាពដាក់ទណ្ឌកម្មបន្ថែមទៀត អាចនឹងធ្វើឡើង ក៏ដូចជាថ្កោលទោសការចាប់ឃុំខ្លួនមនុស្សជាង១ពាន់៧រយនាក់ និងការវាយប្រហារដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករដែលគ្មានអាវុធ ដោយលោកបាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Google គ្រោងធ្វើការត្រួតពិនិត្យឡើងវិញ ជុំវិញការផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនទូរគមនាគមន៍ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា

អាមេរិក៖ ក្រុមហ៊ុន Google ប្រកាសនឹងត្រួតពិនិត្យឡើងវិញនូវដំណើរការផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនទូរគមនាគមន៍ ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា និងបានបញ្ឈប់ដំណើរការគណនីមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងយោធានៅលើសេវាកម្មរបស់ខ្លួន ក្រោយមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ។ អ្នកនាំពាក្យក្រុមហ៊ុន Google បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា យើងបានចាត់វិធានការប្រឆាំងនឹងគណនីនៅលើទម្រង់របស់យើង ក្នុងនោះរួមទាំងការបញ្ឈប់គណនីនៅលើសេវាកម្ម Google និងបិទឆានែល YouTube មួយចំនួន និងវីដេអូដែលពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ហើយថា អាទិភាពរបស់យើង គឺជួយប្រជាជនមីយ៉ាន់ម៉ាចូលទៅកាន់ព័ត៌មាន និងទំនាក់ទំនងគ្នាដោយសុវត្ថិភាព ។ ការប្រកាសខាងលើនេះរបស់ Google បានធ្វើឡើងចំពេលដែលក្រុមសកម្មជនបានអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកនេះ ធ្វើការរឹតត្បិតការចូលប្រើប្រាស់សេវាកម្មរបស់ខ្លួន បន្ទាប់ពីមានមនុស្សរាប់សិបនាក់បានស្លាប់ ក្រោយពីការតវ៉ាអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយកអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៨លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៣ម៉ឺននាក់ និងជាសះស្បើយ៩៤លាន២៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៨លាន៦៣ម៉ឺន៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៣ម៉ឺន១ពាន់៩៩៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៤លាន២៣ម៉ឺន៨ពាន់៦៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៨៦ម៉ឺន២ពាន់១២៤នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់១៩១នាក់ និងជាសះស្បើយចំនួន២០លាន៦៤ម៉ឺន២៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៨ម៉ឺន៤ពាន់៣១១នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់២១៣នាក់ និងជាសះស្បើយ១០លាន៩៣ម៉ឺន៥ពាន់៨០៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន២០ម៉ឺន៥ពាន់៩៧២នាក់ ស្លាប់២៧ម៉ឺន៩១៧នាក់ និងជាសះស្បើយ៩លាន៩១ម៉ឺន៣ពាន់៧៣៩នាក់ ៕ ប្រភព៖ worldometers
-
នាយករដ្ឋមន្ត្រីថៃបានរងការរិះគន់ពីក្រុមបណ្តាញសារព័ត៌មានដោយសារតែលោកប្រើវិធីបាញ់ទឹកអនាម័យដាក់លើអ្នកយកព័ត៌មានក្នុងការបញ្ចៀសការឆ្លើយនឹងសំណួរ

យោងតាមប្រភពប៊ីប៊ីស៊ីថ្ងៃនេះនៅក្នុងសន្និសីទកាសែតមួយដែលមានការដាក់សំណួរចង់ដឹងអំពីការរុះរើគណរដ្ឋមន្ត្រីថៃលោកបានឆ្លើយថាវាមិនមែនជារឿងដែលនាយករដ្ឋមន្ត្រីត្រូវដឹងមុនគេនោះទេ។ហើយចួរកុំសួរសំណួរនេះទៀត។ក្រោយពីមានសំណួររបស់អ្នកកាសែតរឿងរុះរើគណរដ្ឋមន្ត្រីថៃនោះមកលោកប្រាយុទ្ធចាន់អូរចាបានយកទឹកអនាម័យដើរបាញ់ទៅលើអ្នកសារព័ត៌មានទាំងឡាយនោះ។ ក្រុមបណ្តាញសារព័ត៌មានបានរិះគន់ថាអតីតឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចារដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤ក្រោយរដ្ឋប្រហារយោធានោះមកមានប្រវត្តិបង្កនូវការមិនឲ្យពេញចិត្តក្នុងពេលដែលធ្វើសន្និសីទកាសែតម្តងៗ។ សេចក្តីរាយការណ៍ប៊ីប៊ីស៊ីបានបង្ហាញថាលោកប្រាយុទ្ធចាន់អូរចាធ្លាប់ត្រូវបានគេថតរូបប៉ះក្បាលអ្នកសារព័ត៌មាននិងបានទាញស្លឹកត្រចៀករបស់អ្នកសារព័ត៌មាន, និងមានម្តងនោះទៀតលោកបានឲ្យគេយករូបសិប្បនិម្មិតរបស់លោកធ្វើពីក្រដាសដើម្បីឲ្យអ្នកសារព័ត៌មានសួរដើម្បីបញ្ចៀសការឆ្លើយតបនឹងសំណួររបស់ក្រុមសារព័ត៌មានថែមទៀត៕
-
មន្ទីរបញ្ចកោណអនុម័តអោយពន្យារពេលកាត់បន្ថយឆ្មាំការពារជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈ FBI ទើបបញ្ចេញវីដេអូជនសង្ស័យដាក់បំផ្ទុះគ្រាប់បែកនៅវិមានសភា

អាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃអង្គារនេះបានអនុម័តលើសំណើអោយបន្តរក្សាទុកកងកម្លាំងឆ្មាំការពារជាតិប្រមាណ២ពាន់៣រយនាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួយការពារវិមានសភាសម្រាប់រយៈពេលពីរខែបន្ថែមទៀត ខណៈដែលចំនួននេះ គឺប្រហែលពាក់កណ្តាលនៃកងឆ្មាំការពារជាតិចំនួន៥ពាន់២រយនាក់ ដែលកំពុងឈាមល្បាតនៅវិមានកាពីតូល ។ ការអនុម័តខាងលើនេះ បានកើតមានឡើងចំពេលដែលទីភ្នាក់ងារ FBI បានបញ្ចេញវីដេអូជនសង្ស័យដែលបានដាក់គ្រាប់បែកបំពង់នៅក្បែរគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) និងទីស្នាក់ការគណៈកម្មាធិការជាតិសាធារណរដ្ឋ (RNC) នៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃមុនការវាយប្រហារដ៏សាហាវនៅថ្ងៃទី៦ ខែមករា លើវិមានសភាអាមេរិក ។ ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ការិយាល័យរបស់ FBI បានចេញផ្សាយព័ត៌មាន និងវីដេអូថ្មី ពាក់ព័ន្ធនឹងគ្រាប់ បែកបំពង់ដែលត្រូវបានដាក់នៅសង្កាត់ ខេបភីថល ហ៊ីល នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ហើយកំពុងស្វែងរកព័ត៌មានបន្ថែមពីសាធារណជន ។ ទីភ្នាក់ងារ FBI និយាយថា ខ្លួនកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ហើយកំពុងផ្តល់ប្រាក់រង្វាន់១០ម៉ឺនដុល្លារសម្រាប់ព័ត៌មានដែលឈានដល់ការកំណត់អត្តសញ្ញាណ និងការកាត់ទោសបុគ្គលនោះ ៕ ប្រភព៖ Reuters