-
សហរដ្ឋអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង Covid-19 រួចរាល់ អាចជួបជុំទ្រង់ទ្រាយតូចដោយមិនចាំបាច់ពាក់ម៉ាស់បាន

អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ពេញលេញហើយនោះ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន ប៉ុន្តែគួរជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងបន្តពាក់ម៉ាសនៅតាមទីសាធារណៈ ។ ក្រុមមន្រ្តីសុខាភិបាលអាមេរិកបានប្រកាសពីគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា របស់សេតវិមាននៅក្នុងថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ។ អនុសាសន៍នេះនិយាយថា ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងពេញលេញ គឺអាចជួបជាមួយអ្នកចាក់វ៉ាក់សាំងពេញលេញផ្សេងទៀតនៅក្នុងផ្ទះ ដោយមិនបាច់ពាក់ម៉ាស ឬវិធានការគម្លាតសង្គម ។ អាចជួបនៅក្នុងផ្ទះជាមួយមនុស្សដែលមិនបានទទួលវ៉ាក់សាំងមកពីគ្រួសារតែមួយ ប្រសិនបើពួកគេមានហានិភ័យទាបពីវីរុសនេះ និង មិនបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កនៅពេលប៉ះពាល់ជាមួយអ្នកឆ្លង Covid-19 លើកលែងតែមានរោគសញ្ញាលេចចេញមក ។ យ៉ាងណាមិញ អ្នកដែលទទួលវ៉ាក់សាំងរួច នៅតែតម្រូវឲ្យអនុវត្តតាមវិធានការសុវត្ថិភាពមូលដ្ឋានផ្សេងទៀតដូចជា ពាក់ម៉ាស និងរក្សាគម្លាតសង្គមនៅតាមទីសាធារណៈ ក៏ដូចជាការចៀសវាងពីហ្វូងមនុស្សធំៗ និងការធ្វើដំណើរផងដែរ ៕ ប្រភព៖ Reuters
-
អង់គ្លេសគាំទ្រការអំពាវនាវរបស់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង អោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី

អង់គ្លេស៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនីច រ៉ាអាប (Dominic Raab) បានថ្លែងកោតសរសើរ និងគាំទ្រអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង ដែលនៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ដោយអ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីខែមុន ។ លោក ដូមីនីច រ៉ាអាប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំសូមកោតសរសើរចំពោះភាពក្លាហាន និងស្នេហាជាតិរបស់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំចក្រភពអង់គ្លេសលោក ខ្យ៉ ស្វា មីន (Kyaw Zwar Minn) ក្នុងការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ហើយចំពោះលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២០ត្រូវតែគោរពជាដាច់ខាត ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ទៀតថា របបយោធាមីយ៉ាន់ម៉ាត្រូវតែបិទបញ្ចប់ជាបន្ទាន់ ចំពោះសកម្មភាពបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំងតវ៉ាដោយសន្តិវិធី ហើយចាប់ផ្តើមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕ ប្រភព៖ Reuters
-
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធក្រុមអ្នកប្រឆាំងតវ៉ា និងបញ្ជាដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន០៥

មីយ៉ាន់ម៉ា៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ថ្ងៃចន្ទម្សិលមិញ ក្នុងសង្កាត់មួយកន្លែង នៅទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករចាកចេញពីការឡោមព័ទ្ធ ។ បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដោយបំពានបម្រាមគោចរ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុវជន ដែលកំពុងត្រូវបានឡោមព័ទ្ធក្នុងសង្កាត់ សានឆង (Sanchaung) ។ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងបាតុករក្នុងសង្កាត់ សានឆង Sanchaung ហើយសាក្សីក៏បានលឺស្នូរគ្រាប់កាំភ្លើងដែរ ។ ស្របពេលជាមួយគ្នានោះដែរ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន០៥ទៀតផង ក្នុងនោះរួមមាន មីហ្ស៊ីម៉ា (Mizzima), DVB, ឃីតធីត (Khit Thit Media), Myanmar Now និង 7Day News ៕ ប្រភព៖ Reuters
-
បាតុករ៣នាក់ទៀតស្លាប់នៅមីយ៉ាន់ម៉ា ស្របពេលដែលហាងលក់ទំនិញ និងរោងចក្រ ព្រោះកម្មករនាំគ្នាធ្វើបាតុកម្ម

មីយ៉ាន់ម៉ា៖ ក្រុមសាក្សីបានអោយដឹងថា នៅថ្ងៃចន្ទម្សិលមិញ បាតុករ៣នាក់ទៀត បានស្លាប់ នៅក្នុងការធ្វើបាតុកម្មប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធា ខណៈហាងលក់ទំនិញ រោងចក្រ និងធានាគារក៏ត្រូវបានបិទទ្វារផងដែរក្នុងទីក្រុង រ៉ង់ហ្គូន ។ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក បានបង្ហាញពីបាតុករ២នាក់ខាងលើដែលបានស្លាប់ គឺដោយសារតែពួកគេរងគ្រាប់កាំភ្លើងត្រូវចំក្បាល ពេលកំពុងចូលរួមធ្វើការបាតុកម្មនៅទីក្រុង ម្យីតគ្យីណា (Myitkyina) ដែលស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយមានការបង្រ្កាបពីសំណាក់កងកម្លាំងប៉ូលិស និងកម្លាំងយោធា ចំនែកឯមនុស្សមួយចំនួនទៀតរងរបួសផងដែរ ។ យោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបង្ក្រាប និងបង្កឲ្យមនុស្សស្លាប់ជាង៥០នាក់គិតចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិហៅថា ជារដ្ឋប្រហារយោធា ។ បើតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សវិញ មនុស្សជិត១ពាន់៨រយនាក់ហើយ ត្រូវបានចាប់ខ្លួនអាជ្ញាធរយោធាមីយ៉ាន់ម៉ា ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៧លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦១ម៉ឺននាក់ និងជាសះស្បើយ៩៣លាន៤២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៧លាន៧៤ម៉ឺន៧ពាន់៦៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦១ម៉ឺន២ពាន់៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៣លាន៤២ម៉ឺន៣ពាន់៣៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៧៤ម៉ឺន៤ពាន់៦៥២នាក់ ស្លាប់ចំនួន៥៣ម៉ឺន៨ពាន់៦២៨នាក់ និងជាសះស្បើយចំនួន២០លាន៤៤ម៉ឺន៩ពាន់៦៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៤ម៉ឺន៤ពាន់៦២៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៩៦៦នាក់ និងជាសះស្បើយ១០លាន៨៩ម៉ឺន៧ពាន់៤៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៥ម៉ឺន៥ពាន់៤៨០នាក់ ស្លាប់២៦ម៉ឺន៦ពាន់៦១៤នាក់ និងជាសះស្បើយ៩លាន៧៨ម៉ឺន២ពាន់៣២០នាក់ ៕ ប្រភព៖ worldometers
-
ការធ្វើប្រជាមតិក្នុងប្រទេសស្វីសបានគាំទ្រឲ្យបញ្ឈប់ការបាំងមុខជាសាធារណៈដែលក្នុងនោះរួមមានទាំងរបាំង មុខប្រពៃណីរបស់ពលរដ្ឋសាសនាមូស្ល៊ីមនោះថែមទៀត

ប៊ីប៊ីស៊ីបានរាយការណ៍ថាលទ្ធផលជាផ្លូវការដែល ទទួលបាន តាមរយៈសម្លេងឆ្នោតធ្វើប្រជាមតិទូទាំងប្រទេសកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺសម្លេងគាំទ្រ មាន ៥១កណ្តក់ សញ្ញា២ភាគរយ ទល់នឹង៤៨កណ្តក់សញ្ញា៨ភាគរយ។ សំណើសុំរកការធ្វើប្រជាមតិនេះ បានដាក់ ចេញដោយ គណបក្សនយោបាយប្រជាជនស្វីស SVP ដែលបានធ្វើយុទ្ធនាការជាមួយពាក្យស្លោកដូចជាពាក្យ «សូមបញ្ឈប់ នូវអំពើជ្រុលនិយម»។ ក្រុមអ៊ីស្លាមក្នុងប្រទេសស្វីស បានថ្លែងប្រតិកម្មវិញថាគឺជា ថ្ងៃដ៏ខ្មៅងងឹត ចំពោះពល រដ្ឋ អ៊ីស្លាមក្នុងប្រទេសស្វីស។ ក្រុមប្រឹក្សាកណ្តាលមូស្ល៊ីមក្នុងប្រទេសស្វីសបានថ្លែងបន្តថា ការ សម្រេចរបស់ប្រទេសស្វីស បានបើកកកាយនូវរបួសចាស់, ពង្រីកនូវគោលការណ៍ច្បាប់វិសមភាព និងបាន បញ្ជូននូវសញ្ញាច្បាស់នូវអំពើរារាំងសិទ្ធិរបស់ក្រុមមូស្ល៊ីមភាគតិច។ រដ្ឋាភិបាលស្វីសក្នុងពេលជាមួយគ្នានេះផង ដែរ បានតស៊ូមតិប្រឆាំងនឹងការហាមឃាត់នោះផងដែរដោយនិយាយថាវាមិនមែនអាស្រ័យទៅលើរដ្ឋដើម្បីដាក់ បទបញ្ជានូវអ្វីដែលស្ត្រីត្រូវស្លៀកពាក់នោះទេ។ យោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Lucerne ក្នុង ប្រទេសអាល្លឺម៉ង់ ក្នុងប្រទេសស្វីសនោះ ស្ទើរតែគ្មានមនុស្សពាក់របាំងមុខបិទជិតប៊ើខា Burka ប៉ុន្តែមានស្ត្រី ប្រមាណ ៣០នាក់ដែលពាក់របាំងមុខពាក់កណ្តាល Niqab នីខាប។ ក្នុងប្រទេសស្វីសដែលមានពលរដ្ឋប្រមាណ ៨លាន៦សែននាក់ មានមនុស្សប្រមាណ៥ភាគរយដែលជាប្រជាជនអ៊ីស្លាម មកពីប្រទេសតួកគី, បូស្នៀនិងកូសូវ៉ូ ។
-
បាតុករក្នុងប្រទេសមីយ៉ាន់ម៉ា២នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅថ្ងៃច័ន្ទនេះទៀតគ្រាដែលបាតុករព្យាយាមចង់ រាំងខ្ទប់ដំណើរការសេដ្ឋកិច្ចក្នុងប្រទេសដោយការនាំគ្នាធ្វើបាតុកម្ម

ទីភ្នាក់ងារអេភីបានរាយការណ៍នៅថ្ងៃច័ន្ទ នេះ ថា ធនាគារ, រោងចក្រនិងកន្លែងលក់ដូរនានាបានបិទទ្វារក្នុងទីក្រុងរ៉ង់ហ្គូន។ រូបភាពតាមហ្វេសប៊ុកបាន បង្ហោះរូបមនុស្សស្លាប់២នាក់ជាបុរសនៅតាមថ្នល់នាក្រុងភាគខាងជើងមីយីតគី យីណា។ សាក្សីបាននិយាយថា បុរសស្លាប់ទាំង២នាក់នោះ គឺជាបាតុករដែលចូលរួមក្នុងបាតុកម្មមួយដែលមានការបាញ់ពីប៉ូលីសជាមួយនឹង គ្រាប់បែក Stun Grenade និងឧស្ម័ន្ធបង្ហូរទឹកភ្នែក។ សាក្សីម្នាក់អាយុ២០ឆ្នាំ ដែលនិយាយថារូបគាត់គឺជាអ្នក ជួយអូសសាកសពនោះ បានប្រាប់ទីភ្នាក់ងារ រ៉យតឺថា បុរសទាំង២ត្រូវបានគេបាញ់ចំ ក្បាលនិងបានស្លាប់ នៅនឹងកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានបង្ហាញទៀតថា ក្នុងពេលនោះផងដែរមនុស្សមួយចំនួន ទៀត បានត្រូវនឹងគ្រាប់កាំភ្លើងដែលបាញ់ចេញពីអគារដែលនៅក្បែរនោះ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ ថា តើអ្នកណាជាអ្នកបាញ់ បាតុករដែលកំពុងធ្វើការតវ៉ានាពេលនោះឡើយគ្រាដែលប៉ូលីសនិងកម្លាំងទាហាន បានស្ថិតក្នុងកន្លែងធ្វើបាតុកម្មនាពេលនោះ៕
-
ព័ត៌មានអន្តរជាតិថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
បណ្តារដ្ឋរបស់ប្រទេសអូស្រ្តាលីកាន់តែច្រើនចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីបាននឹងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា (AstraZeneca) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយរដ្ឋឃ្វីនលែន (Queeland) បានចាក់វ៉ាក់សាំងដូសដំបូងរបស់ខ្លួនដល់ឱសថការី និងមន្ទីរពេទ្យដែលស្ថិតនៅតំបន់ជួរមុខ ។ កាលពីចុងសប្តាហ៍កន្លងទៅ គ្លីនិកនៅភាគខាងលិចប្រទេសអូស្រ្តាលីក៏បានចាប់ផ្តើមការចាក់វ៉ាក់សាំងនេះផងដែរ ជាមួយនឹងកម្មវិធីដែលត្រូវបានគេរំពឹងថា នឹងទទួលបានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ ករណីឆ្លងជំងឺ Covid-19 នៅតែមានកម្រិតទាបខ្លាំងនៅទូទាំងប្រទេសអូស្រ្តាលី ដោយមានករណីឆ្លងសកម្មប្រមាណជា៩៧ករណីទូទាំងប្រទេស ដែលករណីទាំងអស់នេះត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រដ្ឋមន្រ្តីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ (Greg Hunt) បានប្រកាសថា អ្នកចូលរួមទូទៅជាង៤.៥០០ នាក់នឹងចូលរួមក្នុងដំណាក់កាលទី១ នៃដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 របស់អូស្ត្រាលី ដោយលោកបានពិពណ៌នាថា ជាបញ្ហាប្រឈមខាងផ្នែកភស្តុភារដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។ បើតាមលោក ហ្គ្រេក ហាន់ (Greg Hunt) ដំណាក់កាលទី១ នៃការដាក់បញ្ចូលអ្នកស្ម័គ្រចិត្តនេះ ក្នុងនោះរួមមានប្រជាជនដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងមនុស្សដែលស្ថិតក្រោមលក្ខខណ្ឌច្បាស់លាស់ជាដើម ៕ ប្រភព៖ ស៊ីនហួរ
-
សហរដ្ឋអាមេរិកចោទប្រកាន់សារព័ត៌មានអនឡាញរុស្ស៊ីថា កំពុងបញ្ចេញព័ត៌មានមិនពិតពាក់ព័ន្ធនឹងវ៉ាក់សាំង Covid-19 របស់ Pfizer និង Moderna

អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា ប្រទេសរបស់ខ្លួនបានចោទប្រកាន់ថា សារព័ត៌មានអនឡាញចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី កំពុងព្យាយាមបំផ្លាញវ៉ាក់សាំង COVID-19 ផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុន ម៉ូឌែណា (Moderna) តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ។ ការចោទប្រកាន់ខាងលើនេះ ត្រូវបានរាយការណ៍មុនគេដោយកាសែត Wall Street Journal ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបានច្រានចោលការចុះផ្សាយរបស់កាសែតអាមេរិកមួយនេះ ស្របពេលដែលស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោននៅពុំទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយនោះទេ ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនោះ សារព័ត៌មានអនឡាញចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី បានផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនទម្រង់ ក្នុងនោះរួមមានទាំងព័ត៌មានមិនពិតអំពីវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុន ម៉ូឌែណា (Moderna) ជម្លោះយោធា និង បាតុកម្មតវ៉ា ព្រមទាំងព័ត៌មានមិនពិតជាច្រើនទៀតអោយតែពួកគេអាចធ្វើបាន ៕ ប្រភព៖ Reuters