-
ប៉ូលិសមីយ៉ាន់ម៉ាមួយចំនួនសុខចិត្តគេចខ្លួនទៅឥណ្ឌា បន្ទាប់ពីបដិសេធបទបញ្ជាបាញ់សម្លាប់បាតុករដែលប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ លោក ផេង (Peng) ដែលសុំមិនបញ្ចេញឈ្មោះពេញរបស់ខ្លួនបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកបានទទួលបញ្ជាមួយពីថ្នាក់លើ នៅថ្ងៃទី២៧ ខែកុម្ភៈ ឱ្យបាញ់សម្លាប់ក្រុមបាតុករដែលតវ៉ានៅក្នុងទីក្រុង ខេមផាត (Khampat) ។ ប៉ុន្តែអតីតមន្រ្តីប៉ូលិសរូបនេះ បានបដិសេធ បន្ទាប់ពីនោះ លោកបានលាលែងពីកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ហើយភៀសខ្លួនទៅរដ្ឋ មីហ្សូរ៉ាម (Mizoram) របស់ប្រទេសឥណ្ឌា ។ បើតាមអតីតប៉ូលិសមីយ៉ាន់ម៉ារូបនេះ អ្នករួមការងារចំនួន៦នាក់ផ្សេងទៀតក៏បានបដិសេធបញ្ជាបាញ់រហូតដល់ស្លាប់លើក្រុមបាតុករដែរ ។ លោក ផេង បានបញ្ជាក់ផងដែរថា តាមគោលការណ៍នោះ ប៉ូលិសអាចបាញ់គ្រាប់កាំភ្លើងជ័រ ឬអាចប្រើប្រាស់គ្រាប់ពិតបាញ់នៅកន្លែងក្រោមជង្គង់ ។ កន្លងទៅ ប៉ូលិសមីយ៉ាន់ម៉ា រួមទាំងក្រុមគ្រួសារ ប្រមាណ១០០នាក់បានគេចខ្លួនទៅឥណ្ឌា ចាប់តាំងពីរដ្ឋប្រហារមក ។ បើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌានោះ អ្នកភៀសខ្លួនភាគច្រើនត្រូវបានស្នាក់នៅក្នុងរដ្ឋមីហ្សូរ៉ាម ។ ពាក់ព័ន្ធនឹងអ្នកភៀសខ្លួនទៅឥណ្ឌានេះ អាជ្ញាធរមីយ៉ាន់ម៉ាក៏ធ្លាប់ស្នើអ្នកបញ្ជូនអ្នកទាំងនោះត្រលប់មកវិញផងដែរ ។ ចំណែករដ្ឋមន្រ្តីមហាផ្ទៃរដ្ឋ មីហ្សូរ៉ាម បានអះអាងថា អាជ្ញាធរនឹងសម្រេចលើបញ្ហាបញ្ជូនជនភៀសខ្លួនត្រលប់ទៅវិញ បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋាភិបាលទីក្រុងញូដេលី ៕ ប្រភព៖ Reuters
-
ព័ត៌មានអន្តរជាតិថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
លោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាសារដ៏រសើបមួយទៅកាន់ចិន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលលើកដំបូងជាមួយមេដឹកនាំអូស្រ្តាលី ជប៉ុន និងឥណ្ឌា នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈលោក បៃដិន កំពុងព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ។ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សារគី (Jen Psaki) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី បៃដិន បានធ្វើឱ្យកិច្ចសន្ទនានេះ ក្លាយជាការចូលរួមពហុភាគីដំបូងបំផុតមួយរបស់គាត់ ដើម្បីនិយាយពីសារៈសំខាន់ដែលយើងបានដាក់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ លោកស្រីបន្តថា ក្រុមមេដឹកនាំត្រូវបានគេរំពឹងថា នឹងពិភាក្សារឿងគ្រប់យ៉ាងចាប់ពីការគំរាមកំហែងនៃជំងឺកូវីដ១៩ រហូតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិ និងគោលនយោបាយអាកាសធាតុ ។ បើតាមលោក ចូ បៃដិន ផ្ទាល់បាននិយាយថា លោកមើលឃើញថា កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ គឺជាចំណុចផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់លោក ក្នុងការដោះស្រាយជាមួយនឹងភាពខ្លាំងផ្នែកសេដ្ឋកិច្ច និងយោធារបស់ចិន ៕ ប្រភព៖ AP
-
មេទ័ពកំពូលអាមេរិកសម្តែងការព្រួយបារម្ភថា ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់នៅឆ្នាំ២០២៧

អាមេរិក៖ មេទ័ពកំពូលអាមេរិកមួយរូប នៅថ្ងៃអង្គារនិយាយថា ប្រទេសចិនអាចនឹងវាយលុកកោះតៃវ៉ាន់ក្នុងរយៈពេល៦ឆ្នាំទៀត ពោលគឺនៅក្នុងឆ្នាំ២០២៧ខាងមុខ ដែលជំហានបែបនេះរបស់ទីក្រុងប៉េកាំង គឺស្ថិតនៅក្នុងគោលដៅធ្វើឲ្យអំណាចយោធារបស់សហរដ្ឋអាមេរិកនៅអាស៊ីចុះទន់ខ្សោយ ។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) និយាយថា ខ្ញុំព្រួយបារម្ភថា ពួកគេ (ចិន) កំពុងតែបង្កើនមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក និងភាពជាអ្នកដឹក នាំរបស់យើងនៅក្នុងការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្លាប់អន្តរជាតិ… គឺនៅឆ្នាំ២០៥០ ។ លោកបានប្រាប់គណៈកម្មាធិការមួយ នៃព្រឹទ្ធសភាអាមេរិកថា កោះតៃវ៉ាន់ គឺស្ថិតនៅក្នុងចំណោមមហិច្ឆតាមួយរបស់ពួកគេ (ចិន)… ខ្ញុំគិតថា ការគំរាមកំហែងនឹងអាចកើតឡើងអំឡុងទសវត្សរ៍នេះ… ហើយអ្វីដែលជាការពិត… គឺនៅក្នុងរយៈពេល០៦ឆ្នាំខាងមុខទៀត ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយខាងលើនេះរបស់លោកឧត្តមនាវី ហ្វីលីព ដេវីដសុន គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់ចិននៅឡើយទេ ៕ ប្រភព៖ AFP
-
មន្ត្រីទី២របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី ស៊ូជី បានស្លាប់ក្នុងទីឃុំឃាំង ខណៈបាតុកម្មតវ៉ានៅតែបន្តទូទាំងប្រទេស

មីយ៉ាន់ម៉ា៖ អតីតសមាជិកសភាម្នាក់បាននិយាយថា មន្ត្រីម្នាក់ទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់មេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី អោងសាន ស៊ូជី បានស្លាប់ក្នុងទីឃុំខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមីនាកន្លងទៅ ។ សមាជិកសភាជាន់ខ្ពស់ដែលត្រូវបានរំលាយគឺលោក Ba Myo Thein បានប្រាប់សារព័ត៌មានរ៉យទ័រថា មន្ត្រីគណបក្សលោក ហ្ស ម្យ៉ាត លីន (Zaw Myat Linn) ដែលជាប្រធានវិទ្យាស្ថានវិជ្ជាជីវៈ ស៊ូយូ វ៉ាក់ខេសិនណល អ៊ីនស្ទីជូត (Suu Vocational Institute) នៅក្នុងតំបន់ ស្វេ ផ្យី ថា (Shwe Pyi Thar) ត្រូវបានចាប់ខ្លួននៅពេលកម្លាំងសន្តិសុខវាយឆ្មក់វិទ្យាស្ថាន កាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ។ លោកជាមន្ត្រីទី២របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានស្លាប់ក្នុងទីឃុំខ្លួន ហើយថា ឥឡូវនេះ សាច់ញាតិកំពុងព្យាយាមយកសពពីមន្ទីរពេទ្យទាហាន ។ សូមបញ្ជាក់ថា ការតវ៉ាដែលធ្វើឡើងនៅទីក្រុងរ៉ង់ហ្គូន និង តាមទីប្រជុំនានាទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារនេះ ត្រូវបានកងកម្លាំងសន្តិសុខធ្វើការបង្ក្រាបដោយបាញ់ឧស្ម័នទឹកភ្នែក និងបំផ្ទុះគ្រាប់បែក ខណៈមនុស្សពីរនាក់រងរបួស ក្នុងនោះម្នាក់របួសដោយគ្រាប់កាំភ្លើងនៅទីប្រជុំជន…
-
លោក ប្រាយុទ្ធ ចាន់អូចា យកអាល់កុលបាញ់ក្រុមអ្នកសារព័ត៌មាន ព្រោះខឹងសួរសំណួរច្រើនពេក

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានយកអាល់កុលបាញ់ដាក់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ បន្ទាប់ពីពួកគេសួរសំណួរច្រើនពេក ។ បន្ទាប់ពីឆ្លើយសំណួរយ៉ាងច្រើនរបស់អ្នកកាសែតក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ ត្រូវបានគេសួរអំពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្រ្តី ។ លោកបានប្រាប់អ្នកយកព័ត៌មានឲ្យគិតពីមុខជំនួញរបស់ពួកគេវិញទៅ បន្ទាប់មកលោកចាប់យកដបអាល់កុល ហើយបាញ់ដាក់អ្នកយកព័ត៌មាននៅជួរមុខ ។ អតីតមេបញ្ជាការកងទ័ពដែលឆាប់ខឹងរូបនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤ ។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥរិយាបទ គ្មានអ្នកណាអាចទាយទុកជាមុនបាន ។ កាលពីមុន លោកបានមួស្លឹកត្រចៀករបស់អ្នកយកព័ត៌មានម្នាក់ ហើយគប់សំបកចេកដាក់អ្នកកាន់កាមេរ៉ា ៕ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៨លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦២ម៉ឺននាក់ និងជាសះស្បើយ៩៣លាន៨៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៨លាន១៥ម៉ឺន៩ពាន់៦០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦២ម៉ឺន២ពាន់១០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៣លាន៨៤ម៉ឺន៦ពាន់១៨៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៨០ម៉ឺន១ពាន់៥០៦នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥៧៤នាក់ និងជាសះស្បើយចំនួន២០លាន៥៤ម៉ឺន៩ពាន់៦៧៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៦ម៉ឺន២ពាន់៧០៧នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៧៩នាក់ និងជាសះស្បើយ១០លាន៩២ម៉ឺន៤៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន១២ម៉ឺន៥ពាន់១៧នាក់ ស្លាប់២៦ម៉ឺន៨ពាន់៥៦៨នាក់ និងជាសះស្បើយ៩លាន៨៤ម៉ឺន៣ពាន់២១៨នាក់ ៕ ប្រភព៖ worldometers
-
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង Covid-19 បំប្លែងខ្លួនថ្មីចំនួន២០ករណីបន្ថែមទៀត ធ្វើអោយចំនួនសរុបនៃការឆ្លងវីរុសប្រភេទថ្មីនេះកើនដល់១៨២ករណីហើយ

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីប្រមាណជាង២០ករណីនាពេលថ្មីៗនេះ ដែលនាំអោយតួលេខសរុបកើនឡើងដល់១៨២ករណីហើយ ។ ក្នុងចំណោមករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីទាំង២០ករណីដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្នុងនោះមាន១១ករណីជាករណីនាំចូល ខណៈដែល៩ករណីទៀតជាករណីឆ្លងក្នុងស្រុក ។ ហើយបើបូកបញ្ចូលគ្នានោះឃើញថា ១៥៤ករណីជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅចក្រភពអង់គ្លេស, ២១ករណីជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅអាហ្វ្រិកខាងត្បូង និង៧ករណីទៀតជាករណីឆ្លងជំងឺ Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅប្រេស៊ីល ។ ជំងឺ Covid-19 បំប្លែងខ្លួនថ្មីទាំងបីប្រភេទនេះ ត្រូវបានគេជឿជាក់ថា អាចឆ្លងលឿនជាងជំងឺ Covid-19 ដែលត្រូវបានរកឃើញដំបូងទៅទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លង Covid-19 សរុប៩ម៉ឺន៣ពាន់២៦៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន១ពាន់៦៤៥នាក់ និងជាសះស្បើយឡើងវិញ៨ម៉ឺន៣ពាន់៩រយនាក់ ៕ ប្រភព៖ ស៊ីនហួរ
-
ឥណ្ឌូណេស៊ីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca នៅក្នុងករណីបន្ទាន់

ឥណ្ឌូនេស៊ី៖ ប្រធានទីភ្នាក់ងារឱសថ និងចំណីអាហាររបស់ប្រទេសឥណ្ឌូណេស៊ីលោកស្រី ភែននី ខេ. លូគីតូ (Penny K. Lukito) បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រីបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នៅក្នុងករណីបន្ទាន់ ។ វ៉ាក់សាំងច្រើនជាងមួយលានដូសបានដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈយន្តការ COVAX ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង COVID-19 ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល GAVI, មូលនិធិវ៉ាក់សាំង CEPI និងអង្គការសុខភាពពិភពលោក (WHO) ។ សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសខ្លួនកាលពីខែមករាកន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ បាយអូធិច (Sinovac Biotech) ។ គិតមកទល់ពេលនេះ មនុស្សប្រមាណ២.២៨លាននាក់ហើយនៅឥណ្ឌូណេស៊ី ដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច០១ដូសដំបូង ខណៈវ៉ាក់សាំងរបស់ ស៊ីណូវ៉ាក់ សរុបប្រហែល៣៨លានដូសត្រូវបានដឹកមកដល់ប្រទេសអាស៊ានមួយនេះ ៕ ប្រភព៖ Reuters
-
ទីបំផុតក្រុមបាតុករដែលជាប់ក្នុងការឡោមព័ទ្ធរបស់ប៉ូលិស ត្រូវបានអនុញ្ញាតអោយចាកចេញ ក្រោយមានការអំពាវនាវពីអង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិច

មីយ៉ាន់ម៉ា៖ ក្រុមសកម្មជនបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមយុវជនជាបាតុកររាប់រយនាក់ ដែលជាប់ក្នុងការឡោមព័ទ្ធរបស់កងកម្លាំងសន្តិសុខ ពេញមួយយប់ថ្ងៃចន្ទនេះ ក្នុងសង្កាត់មួយកន្លែងនៅទីក្រុងរ៉ង់ហ្គូន ត្រូវបានអនុញ្ញាតអោយចាកចេញហើយ បន្ទាប់ពីមានការអំពាវនាវពីមហាអំណាចលោកខាងលិច និងអង្គការសហប្រជាជាតិអោយពួកគេចាកចេញ ។ បាតុករម្នាក់បានប្រាប់សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារនេះថា រូបលោកអាចចាកចេញពីកន្លែងឡោមព័ទ្ធ ក្រោយកងកម្លាំងសន្តិសុខបានដកចេញនៅព្រឹកថ្ងៃអង្គារនេះ ។ បាតុកររូបនេះបន្ថែមថា មនុស្សសរុប៤០នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែអ្នកដែលនៅសេសសល់នៅតែបន្តលាក់ខ្លួន រហូតដល់ព្រឹកថ្ងៃអង្គារនេះ ទើបអាចចាកចេញបាន ។ សូមបញ្ជាក់ថា បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដោយបំពានបម្រាមគោចរ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុវជន ដែលកំពុងត្រូវបានឡោមព័ទ្ធក្នុងសង្កាត់ សានឆង ។ ជាមួយគ្នានោះដែរ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន០៥ទៀតផង ក្នុងនោះរួមមាន មីហ្ស៊ីម៉ា (Mizzima), DVB, ឃីតធីត (Khit Thit Media), Myanmar Now និង 7Day News ៕ ប្រភព៖ Reuters