-
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មរុស្ស៊ី ពាក់ព័ន្ធនឹងការបំពុល និងដាក់គុកមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny

អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះអ្វីដែលខ្លួនបានហៅថា ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីបំពុលមេដឹកនាំបក្សប្រឆាំងលោក អាឡិចហ្សេ ណាវ៉ាល់នី ដោយប្រភេទថ្នាំសរសៃប្រសាទកាលពីឆ្នាំមុន ។ ទណ្ឌកម្មនេះបានធ្លាក់ទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី០៧នាក់ ដែលក្នុងចំណោមពួកគេមានមេដឹកនៃសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី និងលើអង្គភាពចំនួន១៤ទៀតដែលជាសញ្ញាកត់សំគាល់ខ្លាំងមួយ ពីការចាក់ចេញយ៉ាងស្ទាក់ស្ទើរបំផុតរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការប្រឈមនឹងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកក៏បានសាទរផងដែរ ចំពោះសហគមន៍អឺរ៉ុបដែលកាលពីថ្ងៃអង្គារម្សិលមិញនេះ បានដាក់ទណ្ឌកម្មជានិម្មិតរូបយ៉ាងធំទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី០៤នាក់ សុទ្ធសឹងជាមនុស្សជំនិតនឹងលោក ពូទីន ដែលនេះជាការយល់ព្រមមួយដោយរដ្ឋមន្ត្រីសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបនឹងដាក់ពន្ធ នាគារលោក អាឡិចហ្សេ ណាវ៉ាល់នី ៕ ប្រភព៖ Reuters
-
រុស្ស៊ីព្រមានសហរដ្ឋអាមេរិកថា “កុំប្រលែងជាមួយភ្លើង” បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញរឿងចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក Navalny

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានជំរុញអោយរដ្ឋបាលរបស់លោក ចូ បៃដិន “កុំប្រលែងជាមួយភ្លើង” ក្រោយទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គល និងអង្គភាពរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់បំពុលមេដឹកនាំបក្សប្រឆាំងលោក អាឡិចហ្សេ ណាវ៉ាល់នី ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញមួយ ក្រសួងការបរទេសបានហៅទណ្ឌ កម្មរបស់សហរដ្ឋអាមេរិកថា ជា “ការវាយប្រហារបង្ករឿងប្រឆាំងនឹងរុស្ស៊ី” ក្រោមហេតុផលមិនសមហេតុផល ។ ក្រសួងការបរទេសរុស្ស៊ីក៏បានអះអាងដែរថា រុស្ស៊ីនឹងសងសឹកដោយឈរលើគោលការណ៍បដិភាព និងបន្តការពារផលប្រយោជន៍ជាតិរបស់ខ្លួន ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី សហរដ្ឋអាមេរិកលែងមានឥទ្ធិពលបង្រៀនអ្នកដទៃហើយ ចាប់តាំងពីខ្លួនក្លាយជាអ្នករំលោភបំពានលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិនានា ក្នុងវិស័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយភាយអាវុធ ៕ ប្រភព៖ ស៊ីនហួរ
-
ប្រជាជាតិអាស៊ីអាគ្នេយ៍ជំរុញអោយបញ្ឈប់ការប្រើហិង្សាលើក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ បណ្តារដ្ឋមន្រ្តីការបរទេសប្រជាជាតិអាស៊ីអាគ្នេយ៍បានជំរុញអោយបញ្ឈប់ការប្រើអំពើហិង្សា និងចាប់ផ្តើមកិច្ចចរចាលើដំណោះស្រាយដោយសន្តិវិធីក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ក៏ដូចជាបានបង្កការចាប់ខ្លួនដ៏ធំសម្បើម និងការបង្ហូរឈាមប្រឆាំងនឹងអ្នកតវ៉ាដោយសន្តិវិធី ។ ប្រទេសប្រ៊ុយណេដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានស្នើឲ្យមានសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំខាងលើនេះ ។ ប៉ុន្តែរដ្ឋមន្រ្តីទាំងនោះ ទំនងជាមិនបានយល់ព្រមលើសេចក្តីប្រកាសមួយទេ ហើយប្រ៊ុយណេបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានផ្ទាល់ ។ បើតាមសេចក្តីថ្លែងការណ៍នោះ យើងបានសម្តែងការព្រួយបារម្ភរបស់យើង ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងពីការញុះញង់ឱ្យមានអំពើហឹង្សាបន្ថែមទៀត ហើយសម្រាប់គ្រប់ភាគីទាំងអស់ត្រូវអត់ធ្មត់បំផុត និងមានភាពបត់បែន ។ យើងក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាប្រកបដោយការស្ថាបនា ។ ទន្ទឹមគ្នា អ្នកការទូតជាន់ខ្ពស់របស់មីយ៉ាន់ម៉ាក៏បានធ្វើបទសម្ភាសន៍ជាមួយរដ្ឋមន្រ្តីការបរទេសដទៃទៀតមកពីសមាគមន៍ប្រជាជាតិអាគ្នេយ៍ នៅក្នុងសន្និសិទវីដេអូមួយនៅថ្ងៃអង្គារម្សិលមិញផងដែរ នេះបើតាមរបៀបវារៈនៃកិច្ចប្រជុំ ។ នេះគឺកិច្ចប្រជុំលើកដំបូងរបស់បណ្តារដ្ឋមន្រ្តីការបរទេស ដែលជាសមាជិកទាំង១០របស់អាស៊ាន ចាប់តាំងពីផ្ទុះការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាលរបស់លោកស្រី ៕ ប្រភព៖ AP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៥លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៦ម៉ឺននាក់ និងជាសះស្បើយ៩១លាន១១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៥លាន២៩ម៉ឺន៩ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៦ម៉ឺន៦០២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩១លាន១១ម៉ឺន៥ពាន់៤៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៣៧ម៉ឺន៧០៥នាក់ ស្លាប់ចំនួន៥២ម៉ឺន៩ពាន់២១៤នាក់ និងជាសះស្បើយចំនួន១៩លាន៩០ម៉ឺន៥ពាន់៣២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១៣ម៉ឺន៩ពាន់៣២៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៣៨៥នាក់ និងជាសះស្បើយ១០លាន៨១ម៉ឺន១៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៦៤ម៉ឺន៧ពាន់៨៤៥នាក់ ស្លាប់២៥ម៉ឺន៧ពាន់៥៦២នាក់ និងជាសះស្បើយ៩លាន៥២ម៉ឺន៧ពាន់១៧៣នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ ថៃបន្តធ្លាក់ចុះការឆ្លងក្នុងសហគមន៍ មកនៅត្រឹម៣៥នាក់ នៅថ្ងៃនេះ

ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅប្រទេសថៃបានបន្តធ្លាក់ចុះមកត្រឹម៣៥នាក់ នៅថ្ងៃទី២ មីនា ២០២១នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩។ ប្រភពបានឲ្យដឹងដែរថា ក្រៅពីឆ្លងសហគមន៍ ៣៥នាក់ ក៏មានការឆ្លងថ្មីៗដោយឡែក៤នាក់ទៀតនិង ករណីនាំចូលពីក្រៅប្រទេសចំនួន៣នាក់ទៀតដែរ ថែមទាំងស្លាប់ម្នាក់ទៀត ធ្វើឲ្យអ្នកស្លាប់កើនដល់៨៤នាក់ ខណៈថៃមានអ្នកកើតកូវីដ១៩ សរុប ២៦០៧៣នាក់ហើយដែរ។ ជាការកត់សម្គាល់ តាំងពីផ្ទុះក្នុងសហគមន៍ជាថ្មី កាលពីចុងឆ្នាំ២០២០មក នាប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបន្តធ្លាក់ចុះចំនួនឆ្លងថ្មីៗ ក្រោម១០០នាក់ ក្នុងមួយថ្ងៃ ព្រោះថា ពេលផ្ទុះដំបូង ១ថ្ងៃឆ្លងដល់ជិត១ពាន់នាក់ក៏មានដែរ៕
-
យោធាមីយ៉ាន់ម៉ាស្នើអោយកងកម្លាំងសន្តិសុខកុំប្រើគ្រាប់ពិតលើអ្នកប្រឆាំងតវ៉ា ខណៈខ្លួនកំពុងកើនឡើងទណ្ឌកម្មពីអន្តរជាតិ

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានស្នើទៅដល់កងកម្លាំងសន្តិសុខ ដែលទទួលខុសត្រូវចំពោះការបង្ក្រាបដ៏ហិង្សាលើអ្នកប្រឆាំងរដ្ឋប្រហារកាលពីចុងសប្តាហ៍ កុំប្រើគ្រាប់ពិត ខណៈពេលដែលមានការថ្កោលទោសពីសហគមន៍អន្តរជាតិកាន់តែកើនឡើង ។ ការអំពាវនាវខាងលើធ្វើឡើងតាមរយៈការផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV ពោលគឺក្រោយពេលដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃអាទិត្យ បានជួបការបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃ០១ ខែកុម្ភៈ ដោយអង្គការសហប្រជាជាតិបាននិយាយថា អ្នកប្រឆាំងតវ៉ាយ៉ាងហោចណាស់១៨នាក់ត្រូវបានសម្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស ។ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទម្សិលមិញក៏បានអះអាងដែរថា អ្នកប្រឆាំងតវ៉ាជាង១ពាន់៣រយនាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្មនៅទូទាំងប្រទេស ។ សូមជម្រាបថា ការជួបជុំប្រឆាំងតវ៉ានៅរលកថ្មី ត្រូវគេរំពឹងថា នឹងកើតមានសាជាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីតុលាការមីយ៉ាន់ម៉ាបានបន្ថែមការចោទប្រកាន់ទៀតប្រឆាំងនឹងមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី ដែលអាចអោយលោកស្រីនៅក្នុងគុកកាន់តែយូរ ៕ ប្រភព៖ Bloomberg
-
ហ្វីលីពីនអះអាងពីការរកឃើញករណីឆ្លង Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង

ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃអង្គារនេះបញ្ជាក់ថា ប្រទេសខ្លួនទើបរកឃើញអ្នកឆ្លងជំងឺ Covid-19 បំប្លែងខ្លួនប្រភេទថ្មីរបស់អាហ្រ្វិកខាងត្បូង ចំនួន០៦ករណី ខណៈអ្នកជំនាញព្រួយបារម្ភថា វ៉ាក់សាំងបច្ចុប្បន្នអាចនឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះនោះទេ ។ ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនលោកស្រី ម៉ារៀ រ៉ូសារីអូ បានសម្តែងការព្រួយបារម្ភ ជុំវិញការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ ដែលអាចនឹងធ្វើអោយករណីឆ្លងប្រចាំថ្ងៃកើនឡើងបន្ថែមទៀត ដូចទៅនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មីនៅចក្រភពអង់គ្លេសដែរ ហើយថា វីរុសបំប្លែងខ្លួនថ្មីនេះ ទំនងជាអាចគេចផុតពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំង ។ គួរបញ្ជាក់ថា ក្នុងចំណោម០៦ករណីនៃវីរុសអាហ្វ្រិកខាងត្បូង មាន០៣ករណីត្រូវបានរកឃើញនៅក្នុងស្រុក និង០២ករណីកើតលើជនជាតិហ្វីលីពីនវិលត្រឡប់មកពីបរទេស ខណៈដើមកំណើតនៃករណីផ្សេងទៀតនៅតែត្រូវបានគេផ្ទៀងផ្ទាត់ ៕ ប្រភព៖ ស៊ីនហួរ
-
អង្គការ WHO បញ្ជាក់ថា ពិភពលោកមើលឃើញករណីឆ្លង Covid-19 កើនឡើងជាលើកដំបូងក្នុងរយៈពេល០៧សប្តាហ៍

បរទេស៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល០៧សប្តាហ៍ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ការកើនឡើងនូវករណីនេះគឺជារឿងខកចិត្ត ប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលទេ ហើយថា ការកើនឡើងមួយចំនួន គឺដោយសារតែការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ ការរីករាលដាលជាបន្តនៃវីរុសបំប្លែងខ្លួន និងមនុស្សលែងសូវការពារខ្លួនដូចមុន ។ ជាមួយគ្នានេះ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលនានា ក្នុងការពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង ហើយបោះបង់ចោលវិធានការផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ… ប្រសិនបើប្រទេសនានាពឹងផ្អែកតែលើវ៉ាក់សាំង ពួកគេនឹងមានកំហុស… វិធានការសុខភាពសាធារណៈនៅតែជាមូលដ្ឋាននៃការឆ្លើយតបចំពោះជំងឺ Covid-19 ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកគ្រោងអនុម័តអោយប្រើវ៉ាក់សាំង Novavax ឆាប់ៗនេះ ក្រោយមើលឃើញពីប្រសិទ្ធភាពប្រឆាំងវីរុសទម្រង់ធម្មតា និង បំប្លែងខ្លួនថ្មីនៅអង់គ្លេស

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក ស្ទែនលី អ៊ឺក និយាយថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនខ្លួនទំនងជាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យពីការធ្វើតេស្ដនៅអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ។ បើតាមលោក ស្ទែនលី អ៊ឺក កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកកំពុងធ្វើឡើងនៅឡើយ ហើយទីភ្នាក់ងារមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញទិន្នន័យធ្វើតេស្ដរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅពាក់កណ្ដាលរដូវក្ដៅ ។ យោងតាមទិន្នន័យបឋមទទួលបានពីការធ្វើតេស្តនៅអង់គ្លេស កាលពីខែមករា បានបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាពរហូតដល់៩៦ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅអង់គ្លេស ៕ ប្រភព៖ Reuters
-
ការស្រាវជ្រាវមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំង Oxford-AstraZeneca និង Pfizer-BioNTech អាចកាត់បន្ថយហានិភ័យពីជំងឺ Covid-19 ធ្ងន់ធ្ងររហូត៨០ភាគរយ

អង់គ្លេស៖ ការចាក់តែមួយដូសនៃវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Oxford-AstraZeneca ឬ Pfizer-BioNTech បានកាត់បន្ថយឱកាសនៃការចូលព្យាបាលនៅក្នុងមន្ទីរពេទ្យរហូតដល់ជាង៨០ភាគរយ នេះបើតាមការការវិភាគមួយនៅចក្រភពអង់គ្លេស ។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រាប់សន្និសីទសារព័ត៌មានក្នុងវិមាន Downing Street នៅថ្ងៃចន្ទនេះថា លទ្ធផលវ៉ាក់សាំងចុងក្រោយនេះ គឺខ្លាំងណាស់ ។ លោកបន្ថែមថា ពួកគេក៏អាចជួយពន្យល់ផងដែរ ពីមូលហេតុដែលចំនួនមនុស្សអាយុលើស៨០ឆ្នាំ ដែលចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ គួរបញ្ជាក់ថា ទិន្នន័យសុខភាពសាធារណៈអង់គ្លេសបានបង្ហាញពីប្រសិទ្ធភាពដែលត្រូវបានគេពិនិត្យក្នុងរយៈពេលបីទៅបួនសប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង ។ លទ្ធផលនេះ ផ្អែកទៅលើមនុស្សអាយុលើស៨០ឆ្នាំ ដែលជាក្រុមទទួលបានវ៉ាក់សាំងដំបូងគេ ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានសាទរចំពោះលទ្ធផលខាងលើ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងពីរដូសគឺត្រូវការជាចាំបាច់សម្រាប់ការការពារល្អបំផុត ៕ ប្រភព៖ BBC