-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៣លាន៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥០ម៉ឺននាក់ និងជាសះស្បើយ៨៨លាន៧០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៣លាន៩ម៉ឺន៤ពាន់៤៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥០ម៉ឺន៨ពាន់៨១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៨លាន៧០ម៉ឺន៨ពាន់៣១៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៩៧ម៉ឺន៤ពាន់៦២៣នាក់ ស្លាប់ចំនួន៥១ម៉ឺន៨ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន១៩លាន៣៤ម៉ឺន៣២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤ម៉ឺន៦ពាន់៤៣២នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៧៤២នាក់ និងជាសះស្បើយ១០លាន៧៣ម៉ឺន៦ពាន់៤៣៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣២ម៉ឺន៦ពាន់៨នាក់ ស្លាប់២៥ម៉ឺន៧៩នាក់ និងជាសះស្បើយ៩លាន២៨ម៉ឺន១ពាន់១៨នាក់ ៕ ប្រភព៖ worldometers
-
ទីបំផុត! ហ្គាណាជាប្រទេសក្រីក្រដំបូងគេទទួលបានវ៉ាក់សាំងកូវីដ១៩ពីកម្មវិធី COVAX

ហ្គាណាគឺជាប្រទេសដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកមុនគេបង្អស់ ក្នុងនោះ វ៉ាក់សាំងទាំងនោះត្រូវបានបញ្ជូនដល់ប្រទេសក្រីក្រមួយនេះ នាថ្ងៃពុធ ទី២៤ កុម្ភៈ ២០២១នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ យន្តហោះផ្ទុកវ៉ាក់សាំង៦០ម៉ឺនដូស ជាវ៉ាក់សាំងអង់គ្លេស AstraZeneca/Oxford ដែលផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌាបានទៅដល់រដ្ឋធានី Accra នៃប្រទេសហ្គាណា យោងតាមសេចក្តីប្រកាសរួមរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិបន្ទាន់សម្រាប់ដើម្បីកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ(UNICEF)។ គួរបញ្ជាក់ថា កម្មវិធី COVAX នេះគ្រោងនឹងផ្តល់វ៉ាក់សាំង២.៣ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ ក្នុងនោះ រួមមានទាំង១.៨ពាន់លានដូស សម្រាប់ប្រទេសក្រីក្រ ដោយមិនគិតថ្លៃ។ គួរបញ្ជាក់ថា ប្រទេសហ្គាណាមានប្រជាជនសរុបជាង៣០លាននាក់ បច្ចុប្បន្ន មានអ្នកកើតជំងឺកូវីដ១៩ សរុបជាង៨ម៉ឺនករណី ក្នុងនោះ ស្លាប់៥៨២នាក់៕
-
រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចស្ងាត់ៗ ចូលមកប្រទេសថៃ ក្នុងថ្ងៃនេះ

មីយ៉ាន់ម៉ា ៖ លោក វណ្ណៈ ម៉ោងឡាវិន រដ្ឋមន្ត្រីក្រសួងការបរទេស មីយ៉ាន់ម៉ា បានធ្វើដំណើរមកកាន់ប្រទេសថៃនៅក្នុងថ្ងៃទី ២៤ កុម្ភៈនេះ ដើម្បីពិភាក្សារជាមួយក្រុមប្រទេស អាសាន ពាក់ព័ន្ធនឹងការដែល មីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារ កាលពីដើមខែកុម្ភៈ។ សារព័ត៌មានបរទេសជាច្រើនបានបញ្ជាក់ថា៖ ប្រភពព័ត៌មានរបស់រដ្ឋាភិបាលថៃ បានថ្លែងឱ្យដឹងថា៖ លោក វណ្ណៈ ម៉ោង ឡាវិន បានធ្វើដំណើរមកដល់ប្រទេសថៃ ដើម្បីចូលរួមចលនា ពាក់ព័ន្ធនឹងការព្យាយាម សហការជាមួយប្រទេសផ្សេងៗក្នុងសមាជិក អាសាន ដើម្បីស្វែងរកដំណោះស្រាយក្រោយពីកងទ័ពមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី១កុម្ភៈកន្លងមកនេះ៕
-
កូវីដ១៩៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាក់វ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសដំបូងនៅថ្ងៃពុធនេះ ជាកិច្ចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ លោក Muhyiddin បានទទួលការចាក់វ៉ាក់សាំង COVID-19 នៅការិយាល័យសុខាភិបាលមួយក្នុងទីក្រុង ពត់ត្រាចាយ៉ា (Putrajaya)។ ម៉ាឡេស៊ីបានទទួលវ៉ាក់សាំង ៣១២,៣៩០ដូស របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីសប្ដាហ៍មុន ហើយវ៉ាក់សាំង ១៨២,២៥០ដូសបន្ថែមទៀត នៅថ្ងៃពុធនេះ៕
-
លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដោយសារព្យុះព្រិល និងអាកាសធាតុត្រជាក់ដ៏អាក្រក់ក្នុងរដ្ឋតិចសាស់ នៅថ្ងៃសុក្រសប្តាហ៍នេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហូស្តុន រដ្ឋតិចសាស់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីមូលដ្ឋាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ បន្ទាប់ពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងានេះ បានធ្វើអោយដាច់ចរន្តអគ្គិសនី និងខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងរដ្ឋ ។ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សារគី បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកប្រធានាធិបតីនឹងជួបជាមួយក្រុមមេដឹកនាំក្នុងតំបន់ ដើម្បីពិភាក្សាបញ្ហាព្យុះព្រិលដ៏អាក្រក់ និង កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ សំដៅឆ្ពោះទៅរកការងើបឡើងវិញ និងភាពធន់ទ្រាំដែលបង្ហាញឡើងដោយប្រជាជនក្នុងក្រុងហូស្តុន និងរដ្ឋតិចសាស់ ។ លោកស្រីបន្ថែមថា អំឡុងបំពេញទស្សនកិច្ចក្នុងរដ្ឋ តិចសាស់ លោកប្រធានា ធិបតីក៏នឹងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលសុខាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាទីដែលវ៉ាក់សាំងចាប់ផ្តើមចែកចាយដល់ប្រជាជនផងដែរ ។ បើតាមរបាយការណ៍របស់សារព័ត៌មាន CNN នោះ ព្យុះព្រិលជាច្រើនបានវាយប្រហារលើរដ្ឋ តិចសាស់ ដោយយ៉ាងហោចណាស់មានមនុស្ស២៩នាក់បានស្លាប់ ៕ ប្រភព៖ ស៊ីនហួរ
-
អ៊ីរ៉ង់ចាប់ផ្តើមរឹតត្បិតការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ដើម្បីជាការដាក់សម្ពាធអោយសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសខ្លួន

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចាប់ផ្តើមអនុវត្តការរឹតបន្តឹងថ្មីលើការធ្វើអធិការកិច្ច ដោយទីភ្នាក់ ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារម្សិលមិញ ដែលនេះជាការដាក់សម្ពាធអោយបណ្តាប្រទេសអឺរ៉ុប និងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ក៏ដូចជាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសមហាអំណាចពិភពលោកបានធ្វើការរិះគន់ធ្ងន់ៗ ពាក់ព័ន្ធនឹងការរឹតបន្តឹងខាងលើនេះ ដោយបានហៅសកម្មភាពនេះថា ជាទង្វើដ៏គ្រោះថ្នាក់ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA ថា ការអនុវត្តច្បាប់បានចាប់ផ្តើមនៅព្រឹកនេះ ។ កំណត់ត្រាទិន្នន័យស្តីពីឧបករណ៍ត្រួតពិនិត្យដែលទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) បានដំឡើងនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីបញ្ជាក់ពីការអនុលោមរបស់ខ្លួន ឥឡូវនេះនឹងត្រូវបានហាមឃាត់ដោយទីក្រុងតេហេរ៉ង់ រហូតដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន លុបចោលទណ្ឌកម្មដែលដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីការត្រៀមខ្លួនដើម្បីចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ប៉ុន្តែអំពាវនាវអោយទីក្រុងតេហេរ៉ង់វិលត្រឡប់ទៅរកការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមុនសិន ៕ ប្រភព៖ AP
-
រដ្ឋមន្ត្រីការបរទេសរបស់យោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ ដើម្បីពិភាក្សាអំពីវិបត្តិក្នុងប្រទេស

ថៃ៖ រដ្ឋមន្រ្តីការបរទេសដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ខណៈដែលប្រទេសជិតខាងមីយ៉ាន់ម៉ាបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិដែលបានចាប់ផ្តើម នៅពេលដែលកងទ័ពបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។ មន្រ្តីរដ្ឋាភិបាលថៃក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វុនណា មោង ល្វីន បានទៅដល់ប្រទេសថៃ ដើម្បីធ្វើការពិភាក្សាស្តីពីកិច្ចប្រឹងប្រែងផ្នែកការទូតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (ASEAN) ស្របពេលដែលក្រុមមនុស្សប្រឆាំងរដ្ឋប្រហារបានតវ៉ានៅតាមផ្លូវម្តងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នៅក្នុងសប្តាហ៍នេះមានការប្រមូលផ្តុំដ៏ធំ និងការធ្វើកូដកម្ម ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារយោធា និងទាមទារឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អោង សាន ស៊ូជី បើទោះបីជាមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចបណ្តាលអោយមនុស្សស្លាប់ក៏ដោយ ៕ ប្រភព៖ Reuters
-
កូវីដ១៩៖ វ៉ាក់សាំងចិនបញ្ជូនដល់ប្រទេសថៃហើយ ព្រឹកមិញនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ឈុតដំបូងចំនួន២០ម៉ឺនដូសត្រូវបានបញ្ជូនទៅដល់ប្រទេសថៃហើយ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២១នេះ ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីសុខាភិបាលបានទៅទទួលផ្ទាល់នៅចំណតអាកាសយានដ្ឋានសុវណ្ណភូមិ។ រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ថា វ៉ាក់សាំងទាំងនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ៣ថ្ងៃទៀត ដោយនឹងបញ្ជូនទៅមន្ទីរពិសោធន៍ ហើយលោកត្រូវបានរាយការណ៍ថា នឹងក្លាយជាមនុស្សដំបូងចាក់វ៉ាក់សាំងនេះ នាថ្ងៃទី២៧ កុម្ភៈ។ រីឯលោក ប្រាយុទ្ធ នឹងត្រូវចាក់វ៉ាក់សាំងអង់គ្លេសវិញ គឺវ៉ាក់សាំង AstraZeneca ដែលនឹងមកដល់ប្រទេសថៃ នារសៀលថ្ងៃពុធ ទី២៤ កុម្ភៈនេះ។ បើតាមស្ថានទូតចិនប្រចាំប្រទេសថៃថា វ៉ាក់សាំងឈុតដំបូងនេះត្រូវបានបញ្ជាទិញ ក្នុងតម្លៃពាណិជ្ជកម្ម៕
-
ក្រុមប្រទេស G7 អះអាងជាថ្មីពីការថ្កោលទោសយោធាមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការប្រើហិង្សាលើបាតុករ

អង់គ្លេស៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង០៧ ឬ (G7) បានអះអាងរួមគ្នាពីការថ្កោលទោសចំពោះអំពើហិង្សាដែលបានប្រព្រឹត្តដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមបាតុករ ហើយនិងជំរុញអោយរបបដឹកនាំយោធាមីយ៉ាន់ម៉ាអនុវត្តការអត់ធ្មត់បំផុត និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ។ ក្រុមប្រទេស G7 ក្នុងនោះមានដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានអះអាងសាជាថ្មីទៀត ចំពោះការប្រឆាំងដាច់ខាតរបស់ពួកគេ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ក៏ដូចជាការឆ្លើយតបយ៉ាងខ្លាំងទៅនឹងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ។ ទន្ទឹមគ្នា ក្រុមប្រទេស G7 ក៏បានអំពាវនាវអោយបញ្ឈប់ការដាក់គោលដៅជាប្រព័ន្ធទៅលើក្រុមបាតុករ វេជ្ជបណ្ឌិត សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញអោយរបបយោធាមីយ៉ាន់ម៉ាដកចេញវិញ នូវការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ។ បន្ថែមលើនេះ ពួកគេក៏បានធ្វើការជំរុញអោយយោធាមីយ៉ាន់ម៉ាអនុ ញ្ញាតអោយមានដំណើរការផ្នែកជំនួយមនុស្សធម៌ដ៏ពេញលេញផងដែរ ដើម្បីគាំទ្រដល់ជនងាយរងគ្រោះបំផុត ៕ ប្រភព៖ CNA
-
មេដឹកនាំយោធាមីយ៉ាន់ម៉ាជំរុញអោយមានវិធានការទ្រទ្រង់សេដ្ឋកិច្ចប្រទេស ខណៈដែលលោកខាងលិចកាន់តែដាក់សម្ពាធខ្លាំងឡើង

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានអំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងចុះទន់ខ្សោយឡើងវិញ ខណៈដែលប្រទេសលោកខាងលិចបានពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើរបបដឹកនាំយោធា ដើម្បីបញ្ឈប់ការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ។ ការអំពាវនាវដែលផ្តោតសំខាន់លើការកម្ពស់សេដ្ឋកិច្ចខាងលើនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់កូដកម្មទូទៅបានបិទអាជីវកម្ម ហើយហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ និងទាមទារអោយដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អោង សាន ស៊ូជី បើទោះបីជាការមានព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើអោយមានមនុស្សស្លាប់ក៏ដោយ ។ ហើយនៅថ្ងៃអង្គារម្សិលមិញ ក៏មានការប្រមូលផ្តុំគ្នាម្តងទៀតជាលក្ខណៈទ្រង់ទ្រាយតូចផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការប្រើហិង្សានោះទេ ។ សូមបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្ម ដែលនឹងកំណត់គោលដៅលើអាជីវកម្មរបស់កងទ័ព ប៉ុន្តែប្លុកនេះបានច្រានចោលរាល់ការកាត់បន្ថយការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួន ដើម្បីចៀសវាងផលប៉ះពាល់ដល់កម្មករក្រីក្រ ៕ ប្រភព៖ CNA