-
ជើងឯកកីឡាវាយកូនហ្គោលលោក ថៃហ្គ័រ វូដ រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ក្រឡាប់ឡាន

អាមេរិក៖ អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា ជើងឯកកីឡាវាយកូនហ្គោលលោក ថៃហ្គ័រ វូដ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអង្គារម្សិលមិញ នៅពេលរថយន្តប្រភេទ SUVរបស់គាត់បានក្រឡាប់ រួចធ្លាក់ទៅជម្រាលផ្លូវនៅជាយក្រុង ឡូស អាន់ជីឡេស ។ ប៉ូលិសតំបន់ជាយក្រុង ឡូស អាន់ជីឡេស លោក អាឡិច វីឡានូវ៉ា បាននិយាយថា ពោងសុវត្ថិភាពបានផ្ទុះឡើង ហើយផ្នែកខាងក្នុងរថយន្តរក្សាសភាពដើមនៅដដែល ហើយពោងនោះបានជួយឱ្យគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ លោក ដារីល អូសប៊ី ប្រធានផ្នែកពន្លត់អគ្គិភ័យប្រចាំតំបន់បាននិយាយថា ជើងទាំងពីររបស់គាត់បានរងរបួសធ្ងន់ ។ បើតាមអាជ្ញាធរ ពួកគេបានឆែករកក្លិនស្រា ឬសញ្ញាផ្សេងទៀតដែលថា គាត់អាចស្ថិតក្រោមឥទ្ធិពលនៃសារធាតុអ្វីមួយ ហើយមិនបានរកឃើញនោះទេ ហើយក៏មិនដឹងថា គាត់បើកបរលឿនប៉ុនណានោះដែរ ។ គួរបញ្ជាក់ថា កំពូលតារាវាយកូនគោលរូបនេះ ត្រូវបានទាញចេញពីកញ្ចក់មុខ ហើយភ្នាក់ងាររបស់គាត់និយាយថា គាត់កំពុងធ្វើការវះកាត់ជើង ។ អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទកាសែតថា លោក វូដ នៅតែឯងនៅពេលរថយន្តនេះបើកក្រឡាប់កណ្តាលផ្លូវមុនម៉ោង០៧ និង ១២ នាទីព្រឹក (ម៉ោងក្នុងតំបន់) ។ មិនមានរថយន្តផ្សេងទៀតចូលរួមពាក់ព័ន្ធនោះទេ ៕ ប្រភព៖…
-
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា ថៃនឹងពិចារណាដកការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរណ៍ដែលកាន់កាតចាក់វ៉ាក់សាំង

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារ ណាលុបចោលការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍ណាដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 រួចហើយ ដែលនេះទំនងជាវិធីមួយ ដើម្បីជួយអោយឧស្សាហកម្មទេសចរណ៍ប្រទេសថៃរស់ឡើងវិញ ។ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ជនបរទេសដែលមកទស្សនាថៃអាចមិនធ្វើចត្តាឡីស័កពីរសប្តាហ៍ បើសិនជាពួកគេកាន់កាតចាក់វ៉ាក់សាំង តែអាជ្ញាធរនៅបន្តតាមដានពួកគេ ។ សូមជម្រាបថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសនេះ ដើម្បីទទួលបានវ៉ាក់សាំងជាជំហានដំបូងចំនួន២០ម៉ឺនដូស នៅថ្ងៃពុធនេះ ។ បើតាមមន្ត្រីរដ្ឋាភិបាលដែលស្នើសុំមិនបញ្ចេញឈ្មោះម្នាក់ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងទៅអាកាសយានដ្ឋាន ដើម្បីសង្កេតមើលការមកដល់់របស់វ៉ាក់សាំងចិន ៕ ប្រភព៖ The Thaiger
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១២លាន៦៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៩ម៉ឺននាក់ និងជាសះស្បើយ៨៨លាន២៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១២លាន៦៤ម៉ឺន៨ពាន់៣០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៩ម៉ឺន៦ពាន់៦៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៨លាន២៣ម៉ឺន៣ពាន់៨៥១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៨៩ម៉ឺន៧ពាន់៧១៨នាក់ ស្លាប់ចំនួន៥១ម៉ឺន៤ពាន់៩៩៦នាក់ និងជាសះស្បើយចំនួន១៩លាន២១ម៉ឺន២ពាន់៥១៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២ម៉ឺន៩ពាន់៣២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៥៩៨នាក់ និងជាសះស្បើយ១០លាន៧២ម៉ឺន៤ពាន់១៤៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន២៦ម៉ឺន៦២១នាក់ ស្លាប់២៤ម៉ឺន៨ពាន់៦៤៦នាក់ និងជាសះស្បើយ៩លាន២១ម៉ឺន៥ពាន់១៦៤នាក់ ៕ ប្រភព៖ worldometers
-
ថៃ៖ បាងកកបើកក្លឹបរាត្រី កន្លែងម៉ាសា និងទីតាំងកម្សាន្តនានាវិញ ចាប់ពីយប់នេះ

ក្លឹបនិងទីតាំងកម្សាន្តពេលយប់នានានៅក្នុងរាជធានីបាងកក ប្រទេសថៃ អាចបើកដំណើរការឡើងវិញ រហូតដល់ម៉ោង១១យប់ ចាប់ពីថ្ងៃទី២៣ កុម្ភៈ ២០២០១នេះ បន្ទាប់ពីគណៈកម្មការទប់ស្កាត់បានបន្ធូរបន្ថយការរឹតបន្តឹងបង្ការកូវីដ១៩ នេះបើតាមអ្នកនាំពាក្យសាលាក្រុង ចេញផ្សាយដោយសារព័ត៌មាន The Nation នាប៉ុន្មានម៉ោងមុននេះ។ ប្រភពថា ភោជនីយដ្ឋាននានាអាចបំរើសេវាកម្មអាហារ និងស្រា រហូតដល់ម៉ោង១១យប់ ហើយកន្លែងម៉ាសា ក្លឹបកម្សាន្ត និងទីតាំងកម្សាន្តផ្សេងៗទៀតក៏អាចបើកឡើងវិញ រហូតដល់ម៉ោង១១យប់ ប៉ុន្តែតុអង្គុយត្រូវរក្សាគម្លាត គ្មានការរាំលេង ហើយនិងមានការពិនិត្យវត្តមានត្រឹមត្រូវ។ កន្លែងហាត់ប្រាណនានា ក៏អាចបើកធម្មតាវិញ ខណៈដែលស្តាលេងកីឡាអាចដំណើរការបានតែចំនួនមានកំណត់។ សាលារៀននៅក្រុងបាងកកក៏អាចដំណើរការបានជាធម្មតាដែរ។ ការបន្ធូរបន្ថយនេះធ្វើឡើង ក្រោយពេលអត្រាឆ្លងកូវីដ១៩នៅថៃបានបន្តធ្លាក់ចុះ ក្រោម១០០នាក់ ក្នុងមួយថ្ងៃ ខណៈដែលវ៉ាក់សាំងឈុតដំបូងនឹងមកដល់ស្អែកនេះ៕
-
វៀតណាម៖ ពេទ្យ ទ័ព មន្ត្រីទូតជាក្រុមត្រៀមចាក់វ៉ាក់សាំងកូវីដ១៩មុនគេ

រដ្ឋាភិបាលវៀតណាមបានប្រកាស នៅថ្ងៃទី២៣ កុម្ភៈ ២០២១នេះថា បុគ្គលិកសុខាភិបាល មន្ត្រីទូត និងមន្ត្រីយោធានឹងក្លាយជាក្រុមមនុស្សដំបូងដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលដែលវៀតណាមចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង នាខែមិនា ខាងមុខនេះ។ វៀតណាមដែលប្រជាជនសរុប៩៨លាននាក់អះអាងថា នឹងទទួលបានវ៉ាក់សាំង៦០លានដូស នៅឆ្នាំ២០២១នេះ រួមបញ្ជូលទាំង៣០លានដូស ទទួលបានតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកដែរ។ នៅត្រីមាសដំបូងនៃឆ្នាំ២០២១ វៀតណាមគ្រោងចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យ៥០ម៉ឺនដូស ហើយនិងមនុស្ស១២៦០០០នាក់ទៀត ទាក់ទងផ្ទាល់កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល។ កាលពីចុងខែមុន វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ករណីបន្ទាន់ ជាការប្រកាសក្រោយពេលប៉ុន្មានថ្ងៃ វៀតណាមប្រកាសពីការឆ្លងក្នុងសហគមន៍ ជាថ្មី អំឡុងរយៈពេលជិត២ខែ៕
-
សភាអាមេរិកអនុម័តលើកញ្ចប់ថវិកាជំនួយ១.៩ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិ Covid-19

អាមេរិក៖ គណៈកម្មាធិការថវិកានៃសភាអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)បានអនុម័តលើច្បាប់ដែលមានទឹកប្រាក់ចំនួន១.៩ទ្រីលានដុល្លារ ក្នុងការផ្តល់ជំនួយសង្គ្រោះថ្មីពីវិបត្តិ Covid-19 ។ វិធានការណ៍ខាងលើនេះ បានអនុម័តលើសំឡេងឆ្នោតភាគច្រើន នៃគណបក្ស ដែលមាន១៩តទល់នឹង១៦សំឡេង ស្របពេលដែលចំនួនអ្នកស្លាប់ ដោយសារជំងឺ Covid-19 ទូទាំងសហរដ្ឋអាមេរិកបានកើនឡើងលើសកន្លះលាននាក់ បន្ទាប់ពីវីរុសដ៏កាចសាហាវមួយនេះ ឆ្លងរាតត្បាតមិនដល់រយៈពេលមួយឆ្នាំផង ។ សហរដ្ឋអាមេរិកបានកត់ត្រាពីចំនួនអ្នកឆ្លងកើនឡើងជាង២៨លានករណី និងស្លាប់ជាង៥០ម៉ឺន៥៤នាក់ គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញ នេះបើតាមសារព័ត៌ មានរ៉យទ័រចេញផ្សាយនូវទិន្នន័យសរុបផ្នែកសុខាភិបាលសាធារណៈ បើទោះបី ជាករណីឆ្លងប្រចាំថ្ងៃ និងក្នុងមន្ទីរពេទ្យបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីថ្ងៃឈប់សម្រាក Thanksgiving និងថ្ងៃបុណ្យណូអែល ៕ ប្រភព៖ Reuters
-
ប្រមុខ WHO អំពាវនាវអោយប្រទេសអ្នកមានកុំទិញវ៉ាក់សាំងបន្ថែម ព្រោះអាចរាំងស្ទះដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានស្នើដល់ប្រទេសអ្នកមានកុំបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត ដែលអាចរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យម ។ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានគូសបញ្ជាក់ថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួនកំពុងតែខិតជិតក្រុមហ៊ុនផលិត ដើម្បីទទួលបានវ៉ាក់សាំងបន្ថែម ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងជាមួយកម្មវិធី COVAX ។ ហើយសូម្បីតែចំនួនទឹកប្រាក់ដែលត្រូវបានបម្រុងទុកសម្រាប់កម្មវិធី COVAX ក៏ត្រូវបានកាត់បន្ថយដែរដោយសារតែបញ្ហានេះ ។ ជាមួយគ្នានេះ លោក ថេដ្រូស បានអំពាវនាវដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីធ្វើឲ្យប្រាកដពីបញ្ហានេះ មុនពេលធ្វើការស្នើសុំពីក្រុមហ៊ុនផលិតវ៉ាក់សាំង និងប្រាកដថា ការទិញបន្ថែមរបស់ពួកគេនឹងមិនធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងដែលធ្វើឡើងដោយកម្មវិធី COVAX នោះទេ ។ សូមជម្រាបថា គំនិតផ្តួចផ្តើមកម្មវិធីវ៉ាក់សាំង COVAX បានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង អាស្រ្តាហ្សេណេកា ក្រុមហ៊ុន បាយអូអិនធិច និងវិទ្យាស្ថាន សេរូម របស់ប្រទេសឥណ្ឌា ហើយគ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន ៣៣៧លានដូសទៅកាន់ប្រទេសជាង ១៣០ គិតចាប់ពីចុងខែនេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ៕ ប្រភព៖ Anadulu
-
ហ្គីណេ និងកុងហ្គោរកឃើញអ្នកឆ្លងជំងឺអេបូឡាចំនួន១៤ករណី និងស្លាប់៩នាក់ ខណៈ WHO ផ្តល់ជំនួយវ៉ាក់សាំងបង្ការជាង១០ម៉ឺនដូសដល់ហ្គីណេ

ហ្គីណេ៖ ប្រទេសអាហ្វ្រិកចំនួនពីរ រួមមានហ្គីណេ និងសាធារណៈរដ្ឋកុងហ្គោបានរាយការណ៍ពីអ្នកឆ្លងជំងឺអេបូឡាចំនួន១៤ករណី និងស្លាប់ចំនួន៩នាក់ នេះបើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាហ្រ្វិក (Africa CDC) ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលហ្គីណេបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺអេបូឡាសរុបចំនួន១ម៉ឺន១ពាន៥រយដូស ដែលបរិច្ចាគដោយអង្គការសុខភាពពិភពលោក (WHO) បានមកដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះហើយ ។ បើតាមក្រសួងសុខាភិបាលហ្គីណេ វ៉ាក់សាំងនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនដែលនៅភាគអាគ្នេយ៍នៃខេត្ត ហ្សេរ៉េករហើយនឹងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ភ្នំភាគអាគ្នេយ៍នៃប្រទេសហ្គីណេ ដើម្បីចាក់ជូនដល់ប្រជាជនក្នុងតំបន់នោះនៅថ្ងៃអង្គារសប្ដាហ៍នេះផងដែរ ។ គួរបញ្ជាក់ថា អេបូឡា ដែលជាជំងឺដ៏កាចសាហាវឆ្លងពីសត្វមកមនុស្ស តាមរយៈសារធាតុរាវចេញពីរាងកាយនោះ ក៏អាចឆ្លងតាមការប៉ះពាល់ជាមួយរបស់ ឬ កន្លែងដែលមានផ្ទុកវីរុសនេះផងដែរ ។ ឈ្មោះថា អេបូឡា នេះ បានមកពីឈ្មោះទន្លេរបស់កុងហ្គោ ដែលនៅក្បែរទីតាំងដែលវីរុសនេះត្រូវបានរកឃើញជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាស្រ្តាចារ្យជនជាតិប៊ែលហ្សិកឈ្មោះ ភីធើ ភាត (Peter Piot) កាលពីឆ្នាំ១៩៧៦ ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកនោះ ជំងឺអេបូឡាបានផ្តាច់ជីវិតមនុស្សជាង១ម៉ឺន១ពាន់នាក់ នៅតំបន់ភាគខាងលិច នៃទ្វីបអាហ្រ្វិកកាលពីចន្លោះឆ្នាំ២០១៤-២០១៥ ៕ ប្រភព៖ ស៊ីនហួរ
-
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាចំនួនពីររូបបន្ថែមទៀត ពាក់ព័ន្ធនឹងការធ្វើប្រហារ

អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកចំនួន០២រូបនៃរបបយោធាមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ខ្លួនបានបង្កកទ្រព្យសម្បត្តិក្នុងសហរដ្ឋអាមេរិក និង ផ្អាកការចូលមកក្នុងសហរដ្ឋអាមេរិក នៃសមាជិកចំនួនពីររូបរបស់ក្រុមប្រឹក្សារដ្ឋបាលដែលកំពុងកាន់អំណាចថ្មី គឺឧត្តមសេនីយ៍ មោង មោង ខ្យ៉ ដែលជាអ្នកបញ្ជា កងទ័ពអាកាស និងឧត្តមសេនីយ៍ឯក ម៉ូ ម្យីនត៍ ថុន ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអំពាវនាវឱ្យយោធា និងប៉ូលិសបញ្ឈប់រាល់ការវាយប្រហារទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី… សូមដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់… បញ្ឈប់ការវាយប្រហារ និងការបំភិតបំភ័យអ្នកសារព័ត៌មាន និង ក្រុមសកម្មជន ក៏ដូចជាស្តាររដ្ឋាភិបាលដែលត្រូវបានជ្រើសរើសដោយលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕ ប្រភព៖ AFP
-
ទីបំផុតសហរដ្ឋអាមេរិកក្លាយជាប្រទេសដំបូងគេ ដែលមានអ្នកស្លាប់ដោយសារជំងឺ Covid-19 កើនឡើងលើស៥០ម៉ឺននាក់

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ មានចំនួនអ្នកស្លាប់ដោយ សារ Covid-19 បានកើនឡើងលើស៥០ម៉ឺននាក់ហើយ ក្រោយវីរុសដ៏កាចសាហាវមួយនេះ ឆ្លងរាតត្បាតមិនដល់រយៈពេលមួយឆ្នាំផង ខណៈតួលេខនេះធ្វើឲ្យ សហរដ្ឋអាមេរិកក្លាយជាប្រទេសដំបូងគេ ដែលមានអ្នកស្លាប់ដោយសារជំងឺនេះ លើសកន្លះលាននាក់ ។ សហរដ្ឋអាមេរិកបានកត់ត្រាពីចំនួនអ្នកឆ្លងកើនឡើងជាង២៨លានករណី និងស្លាប់ជាង៥០ម៉ឺន៥៤នាក់ គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញ នេះបើតាមសារព័ត៌មានរ៉យទ័រចេញផ្សាយនូវទិន្នន័យសរុបផ្នែកសុខាភិបាលសាធារណៈ ទោះបី ជាករណីឆ្លងប្រចាំថ្ងៃ និងមន្ទីរពេទ្យបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីថ្ងៃឈប់សម្រាក Thanksgiving និងថ្ងៃបុណ្យណូអែល ។ អ្នកតាមដានរបស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានរកឃើញថា ប្រទេសខ្លួនមានករណីឆ្លងជំងឺ Covid-19 ច្រើនជាង២៨លានករណី ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ សេចក្តីរាយការណ៍ដំបូងនៃការស្លាប់ដោយសារ Covid-19 នៅសហរដ្ឋអាមេរិក គឺជាអ្នករស់នៅរដ្ឋ វ៉ាស៊ីនតោន ក្នុងវ័យ៥០ឆ្នាំ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាហេតុជំរុញអោយរដ្ឋនេះប្រកាសអាសន្ន ៕ ប្រភព៖ Reuters