-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១១លាន៩៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៧ម៉ឺននាក់ និងជាសះស្បើយ៨៧លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១១លាន៩៥ម៉ឺន៥ពាន់៤១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៧ម៉ឺន៧ពាន់៨៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៧លាន៣១ម៉ឺន៦ពាន់៣២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៧៦ម៉ឺន៥ពាន់៤២៣នាក់ ស្លាប់ចំនួន៥១ម៉ឺន១ពាន់១៣៣នាក់ និងជាសះស្បើយចំនួន១៨លាន៩៧ម៉ឺន៣ពាន់១៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៥ពាន់៧១នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៤១៨នាក់ និងជាសះស្បើយ១០លាន៦៩ម៉ឺន៧ពាន់១៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន១៦ម៉ឺន៨ពាន់១៧៤នាក់ ស្លាប់២៤ម៉ឺន៦ពាន់៥៦០នាក់ និងជាសះស្បើយ៩លាន៩ម៉ឺន៥ពាន់៤៨៣នាក់ ៕ ប្រភព៖ worldometers
-
លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រឡប់មកវិញហើយ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រើសន្ទរកថាដំបូងរបស់លោកនៅចំពោះមុខទស្សនិកជនទូទាំងពិភពលោក នៅថ្ងៃសុក្រនេះ ដើម្បីប្រកាសថា សហរដ្ឋអាមេរិកវិលមកវិញហើយ… សម្ព័ន្ធភាពអន្តរអាត្លង់ទិច (NATO) បានត្រឡប់មកវិញហើយ បន្ទាប់ពីរយៈពេល០៤ឆ្នាំនៃរដ្ឋបាលលោក ត្រាំ ដែលបានលើកតម្កើងគោលនយោបាយការបរទេស “គិតផលប្រយោជន៍អាមេរិកមុនគេ ឬ America first” ។ នៅក្នុងសុន្ទរកថាមួយតាមប្រព័ន្ធអនឡាញ ទៅកាន់សន្និសិទសន្តិសុខប្រចាំឆ្នាំទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា ខ្ញុំសូមផ្ញើសារទៅកាន់ពិភពលោកថា សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ រីឯសម្ព័ន្ធភាពអន្តរអាត្លង់ទិចក៏បានត្រឡប់មកវិញដែរ ។ សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តចូលរួមជាមួយអឺរ៉ុប ប្រឹក្សាយោបល់ជាមួយអ្នក និងស្ដារភាពជាមេដឹកនាំគួរឱ្យទុកចិត្តរបស់យើងឡើងវិញ ។ ចិន និងរុស្ស៊ី ក៏មានឈ្មោះក្នុងសុន្ទរកថារបស់លោក បៃដិន ផងដែរ ដោយលោកនៅតែអំពាវនាវឱ្យប្រទេសនានារួមដៃគ្នាទប់ទល់ការគំរាមពីសំណាក់ប្រទេសទាំងពីរនេះ ។ លោកចោទសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ព្យាយាមធ្វើឱ្យអឺរ៉ុប និងសម្ពន្ធយោធា NATO ទន់ខ្សោយ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក បៃដិន ទទូចឱ្យលោកខាងលិចរួមគ្នា ព្រោះរុស្ស៊ីនឹងពិបាកសម្រេចគោលដៅ ។…
-
ក្រុមហ៊ុន Pfizer សន្យាបង្កើនការផលិតទ្វេដង ខណៈដែលលោក ចូ បៃដិន ជំរុញអោយប្រញាប់ចែកចាយវ៉ាក់សាំងអោយបានឆាប់រហ័ស

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះ បានទទួលការប្តេជ្ញាចិត្តពីក្រុមហ៊ុន Pfizer Inc ក្នុងការបង្កើនការផលិតវ៉ាក់សាំង Covid-19 ទ្វេដង ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបំពេញគោលដៅស្តុកទុកប្រើប្រាស់នៅរដូវក្តៅ ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានប្រើឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកកាន់រោងចក្រផលិតឱសថដ៏ធំបំផុតនេះប្រកាសថា រូបលោករំពឹងថា នឹងអាចផលិតវ៉ាក់សាំងច្រើនជាងទ្វេដងក្នុងរង្វង់៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីផ្តល់អោយរដ្ឋាភិបាលអាមេរិក ។ រដ្ឋបាលលោក បៃដិន បាននិងកំពុងព្យាយាមពន្លឿនយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យអាមេរិកភាគច្រើន ខណៈរដ្ឋាភិបាលក្នុងតំបន់បានទាមទារអោយបង្កើនការចែកចាយវ៉ាក់សាំងជាច្រើនដូសបន្ថែមទៀត ស្របពេលវីរុសបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះបញ្ជាក់ថា រូបលោកមានទំនុកចិត្តថា លោកនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំង Covid-19 អោយបាន១០០លានដូស អំឡុងពេលចូលកាន់តំណែងរយៈពេល១០០ថ្ងៃដំបូងរបស់លោក ៕ ប្រភព៖ Reuters
-
សេតវិមានបញ្ជាក់ថា ព្យុះព្រិលបានបង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់រដ្ឋចំនួន៥០នៅទូទាំងសហរដ្ឋអាមេរិក

អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ លោក Andy Slavitt បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកបានជួបឧបសគ្គក្នុងការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៦លានដូស ដោយ សារតែបញ្ហាព្យុះព្រិល និងការដាច់ចរន្តអគ្គិសនី ហើយថា រដ្ឋាភិបាលសហព័ន្ធរំពឹងថា នឹងដំណើរការចែកចាយវ៉ាក់សាំងវិញនាសប្តាហ៍ក្រោយនេះ ។ បើតាម លោក Andy Slavitt រដ្ឋទាំង៥០នៅទូទាំងសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ហើយថា វ៉ាក់សាំងចំនួន៦លានដូសត្រូវពន្យាពេលការដឹកជញ្ជូនប្រហែល៣ថ្ងៃ ហើយរដ្ឋជាច្រើនអាចប្រើប្រាស់វ៉ាក់សាំងមួយចំនួនលើការពន្យាពេលនេះ ជាមួយនឹងស្តុកដែលមានស្រាប់ ។ លោក Andy Slavitt បានសង្កត់ធ្ងន់ថា នៅពេលដែលស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង យើងនឹងធ្វើការដើម្បីលុបបំបាត់បញ្ហានេះ ។ ក្នុងចំណោមវ៉ាក់សាំង៦លានដូស ក្នុងនោះ១.៤លានដូសត្រូវបានដឹកជញ្ជូនរួចហើយ ហើយយើងរំពឹងថា រាល់វ៉ាក់សាំងដែលជាប់គាំងនឹងត្រូវបានដឹកជញ្ជូននៅសប្តាហ៍ក្រោយ ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកអំពាវនាវជាថ្មីទៀតអោយយោធាមីយ៉ាន់ម៉ាលះបង់អំណាច បន្ទាប់ពីបាតុករម្នាក់បាត់បង់ជីវិត

មីយ៉ាន់ម៉ា៖ ទីក្រុងវ៉ាស៊ីនតោនជំរុញអោយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាថ្មីបញ្ចៀសអំពើហិង្សា និងលះបង់អំណាច ក្រោយបាតុករប្រឆាំងរដ្ឋប្រហារម្នាក់បានបាត់បង់ជីវិត និងកំពុងបង្កការខឹងសម្បារកាន់តែខ្លាំងប្រឆាំងរបបយោធា ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ បានប្រាប់អ្នកសារព័ត៌មានថា យើងនៅតែអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ចៀសការប្រើអំពើហិង្សាប្រឆាំងក្រុមបាតុករ ដែលនាំគ្នាតវ៉ាដោយសន្តិវិធី ហើយថា យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនទាំងអស់ ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា រហូតដល់ពួកគេយល់ព្រមបកក្រោយវិញ ។ វេជ្ជបណ្ឌិតម្នាក់ក្នុងរដ្ឋធានីណៃពិដោ នៅថ្ងៃសុក្រម្សិលមិញ បានទទួលស្គាល់ពីការស្លាប់របស់បាតុករម្នាក់ជាលើកដំបូង ដែលត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់ឱ្យរបួសធ្ងន់ ។ យុវតីឈ្មោះ ម្យ៉ា ថ្វាតេ ខេង មានអាយុ២០ឆ្នាំបានសន្លប់បាត់ស្មារតី និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរូបនាងត្រូវបានគេបាញ់ចំក្បាល កំឡុងចូលរួមបាតុកម្មតវ៉ាក្នុងរដ្ឋធានីណៃពិដោ កាលពីសប្ដាហ៍មុន ៕ ប្រភព៖ AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១១លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៦ម៉ឺននាក់ និងជាសះស្បើយ៨៦លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១១លាន២៤ម៉ឺន៩ពាន់៦៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៦ម៉ឺន៣ពាន់៦៥២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៦លាន១២ម៉ឺន៣ពាន់៥៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៦០ម៉ឺន៣ពាន់៨១៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៧ពាន់៧៤៦នាក់ និងជាសះស្បើយចំនួន១៨លាន៨០ម៉ឺន៣ពាន់៧២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៧ម៉ឺន៧ពាន់៣៨៧នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់២៤០នាក់ និងជាសះស្បើយ១០លាន៦៧ម៉ឺន៨ពាន់៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៨ម៉ឺន១ពាន់៦៩៣នាក់ ស្លាប់២៤ម៉ឺន៤ពាន់៩៥៥នាក់ និងជាសះស្បើយ៩លាន២ម៉ឺន៩ពាន់១៥៩នាក់ ៕ ប្រភព៖ worldometers
-
ភ្នំភ្លើងដ៏សកម្មបំផុតមួយលើពិភពលោកក្នុងប្រទេសឥណ្ឌូនេសុី បានផ្ទុះឡើងនៅថ្ងៃសុក្រនេះ

ឥណ្ឌូនេស៊ី: ភ្នំភ្លើង Merapi នៅឥណ្ឌូនេសុី បានផ្ទុះ ឡើងនៅថ្ងៃសុក្រនេះ និងបង្ហូរកម្អែលភ្នំភ្លើងដ៏ក្រហមឆ្អិនឆ្អៅចេញមកក្រៅ ។ យោងតាមការរាយការណ៍ពីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ីបានអោយដឹងថា ភ្នំភ្លើងដែលស្ថិតនៅជិតរដ្ឋធានីយូគីយ៉ាកាតា នៅលើកោះជ្វា បានព្រួសកម្អែល២ដងរួចទៅហើយ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ និងបង្កឱ្យមានការរញ្ជួយដីភ្នំភ្លើងតូចៗរាប់រយដង ។ ជាមួយគ្នានេះ ប្រជាជនក្នុងតំបន់ត្រូវបានជូនដំណឹងអោយភៀសខ្លួនទៅកាន់ទីសុវត្ថិភាពចម្ងាយ៥គីឡូម៉ែត្រ ។ យ៉ាងណាមិញ ការព្រមានជាផ្លូវការអំពីស្ថានភាពនៃភ្នំភ្លើង មិនត្រូវបានផ្លាស់ប្តូរពីកម្រិតខ្ពស់ បំផុតទី 2 នោះទេ ចាប់តាំងពីការព្រមាននេះបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ។ សូមរំលឹកថា ភ្នំភ្លើង Merapi បានឆក់យកអាយុជីវិតមនុស្សប្រមាណ៣០០នាក់កាលពីឆ្នាំ២០១០ និងបង្ខំអោយមនុស្ស២៨មុឺននាក់ភៀសខ្លួនចេញពីតំបន់ព័ទ្ធជុំវិញភ្នំភ្លើងនេះ ៕ ប្រភព: AFP
-
វៀតណាមថា COVAX នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ខ្លួន ៣០លានដូស

ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០លានដូស នៅក្នុងឆ្នាំ២០២១នេះ រួមបញ្ជូលទាំង៣០លានដូសតាមរយៈកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ផងដែរ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល Nguyen Thanh Long ប្រកាសឲ្យដឹង នៅថ្ងៃទី១៩ កុម្ភៈនេះ។ វៀតណាគឺជាប្រទេសមួយក្នុងពិភពលោកដែលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយសារតែការរឹតបន្តឹងលើសកម្មភាពចត្តាឡីស័ក និងការធ្វើតេស្តទ្រង់ទ្រាយធំជាដើម។ វៀតណាមមានអ្នកកើតកូវីដ១៩ សរុបចំនួន២៣៤៧នាក់ ស្លាប់៣៥នាក់ គិតត្រឹមថ្ងៃនេះ។ គួររម្លឹកដែរថា កាលពីខែមករា វៀតណាមបានអះអាងពីការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយរដ្ឋាភិបាលក៏អះអាងដែរថា ២០ម៉ឺន៤ពាន់ដូសនឹងមកដល់ នាថ្ងៃទី២៨ កុម្ភៈ ខណៈដែលវ៉ាក់សាំងផលិតក្នុងប្រទេសទំនងជាចែកចាយក្នុងស្រុក នៅត្រឹមខែឧសភា៕
-
កូវីដ១៩៖ ម៉ាឡេស៊ីសម្រេចបើកទ្វារសាលារៀនវិញ ក្រោយបិទជិត១ឆ្នាំ

សិស្សនៅប្រទេសម៉ាឡេស៊ីនឹងចូលរៀនក្នុងថ្នាក់រៀនឡើងវិញ តាមដំណាក់កាល ដោយចាប់ផ្តើមពីមត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ចាប់ពីថ្ងៃទី១ មីនា ២០២១តទៅ។ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ កុម្ភៈនេះ រដ្ឋមន្ត្រីអប់រំ Mohd Radzi Md Jidin បាននិយាយថា សិស្សនៅម្រិតផ្សេងទៀត នឹងត្រលប់ទៅចូលរួមក្នុងថ្នាក់វិញដែរ ១សប្តាហ៍បន្ទាប់ ពោលគឺថ្ងៃទី៨ មីនា ២០២១។បច្ចុប្បន្ន ករណីកូវីដ១៩នៅប្រទេសម៉ាឡេស៊ីកើនដល់២៧៤៨៧៥នាក់ គិតត្រឹមថ្ងៃទី១៨ កុម្ភៈ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីបានបិទទ្វារសាលារៀន ជិត១ឆ្នាំហើយ ពោលគឺតាំងពីថ្ងៃទី១៨ មីនាមក ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ទោះបីជាសម្រេចបើកទ្វារសាលារៀនឡើងវិញ ម៉ាឡេស៊ីនៅតែមានអត្រាឆ្លងជំងឺខ្លាំងដែរ ពោលគឺថ្ងៃម្សិលមិញ មានជាង២ពាន់ករណី ខណៈដែរ អ្នកស្លាប់មាន២៥នាក់ទៀត កើនសរុបដល់១០៣០នាក់ហើយ៕
-
អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមម្នាក់ទទួលមរណភាព ក្នុងវ័យ៧៩ឆ្នាំ

អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម Truong Vinh Trong បានទទួលមរណភាពដោយសារជំងឺ នាថ្ងៃសុក្រទី១៩ កុម្ភៈ ២០២១ នៅគេហដ្ឋានរបស់លោក ក្នុងខេត្ត ។ លោក Truong Vinh Trong បានស្លាប់ក្នុងវ័យ៧៩ឆ្នាំ។ លោកបានចាប់ផ្តើមការងារដំបូង ក្នុងចលនានិស្សិត អំឡុងសង្គ្រាមវៀតណាម កាលពីឆ្នាំ១៩៦០ ហើយបានចូលកាន់តំណែងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ១៩៨៦ លោកត្រូវបានសមាជគណបក្សតែងតាំងជាសមាជិកគណកម្មាធិការកណ្តាលគណបក្សកម្មនុយនីស្តវៀតណាម៕ ប្រភពពី VNEXPRESS