-
ទីបំផុតសហភាពអឺរ៉ុបព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី

ប៊ែលហ្ស៊ិក៖ ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់រុស្ស៊ី ដែលមានជាប់ទាក់ទិននឹងការចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី និងលើយោធាមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ។ ស្របពេលជាមួយគ្នានេះដែរ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល បានលើកឡើងថា យើងបានឯកភាពគ្នាលើកិច្ចព្រមព្រៀងនយោបាយ ដើម្បីដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដែលជាអ្នកទទួលខុសត្រូវលើការធ្វើរដ្ឋប្រហារ ហើយរាល់ការជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងអស់ ដែលមានប្រភពចេញពីប្រព័ន្ធរបស់យើងនឹងត្រូវបានលុបចោល ។ បច្ចុប្បន្នក្រុមបាតុករក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តធ្វើបាតុកម្មតវ៉ាដដែល ដើម្បីទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូ ជី និងអ្នកទាំងឡាយដែលកំពុងជាប់ឃុំ ខណៈមកទល់នឹងពេលនេះ មានមនុស្ស០៣នាក់ហើយបានបាត់បង់ជីវិត ដោយសារអំពើហិង្សាកើតឡើងក្នុងបាតុកម្មតវ៉ា ៕ ប្រភព៖ Reuters
-
លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលនឹងត្រូវចាក់វ៉ាក់សាំង Sinovac របស់ចិន

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះប្រកាសថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac ដើម្បីបង្កើនទំនុកចិត្តពីសាធារណៈជន ។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ខ្ញុំនឹងធ្វើវាប្រសិនបើខ្ញុំអាច… ហើយខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលការចាក់វ៉ាក់សាំង ។ បើតាមលោក ប្រាយុទ្ធ វ៉ាក់សាំង Sinovac ជំហានដំបូងគ្រោងនឹងមកដល់ប្រទេសថៃ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈជំហានទី២គ្រោងនឹងមកដល់នៅខែក្រោយ ហើយជំហានទី៣ នឹងមកដល់នៅខេមេសាខាងមុខ ។ អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ លោក Obas Kankawenphung បានឲ្យដឹងថា ក្រុមមនុស្សដំបូងដែលនឹងទទួលបានចាក់វ៉ាក់សាំងទាំងនេះ គឺរួមមានបុគ្គលិកពេទ្យដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ COVID-19 និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួន ព្រមទាំងមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១២លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៨ម៉ឺននាក់ និងជាសះស្បើយ៨៧លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១២លាន២៥ម៉ឺន៩ពាន់៥៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៨ម៉ឺន៥ពាន់៣២៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៧លាន៧៨ម៉ឺន៤ពាន់៧៨៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៨២ម៉ឺន៦ពាន់៣០៧នាក់ ស្លាប់ចំនួន៥១ម៉ឺន២ពាន់៥៩០នាក់ និងជាសះស្បើយចំនួន១៩លាន១១ម៉ឺន៤ពាន់១៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១ម៉ឺន៥ពាន់៨៦៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៤៩៨នាក់ និងជាសះស្បើយ១០លាន៧១ម៉ឺន៤៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន១៩ម៉ឺន៧ពាន់៥៣១នាក់ ស្លាប់២៤ម៉ឺន៧ពាន់២៧៦នាក់ និងជាសះស្បើយ៩លាន១៣ម៉ឺន៩ពាន់២១៥នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃប្រកាសថានឹងចាក់វ៉ាក់សាំងចិនមុនគេ ខណៈវ៉ាក់សាំងនឹងមកដល់ស្អែក

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងក្លាយជាពលរដ្ឋថៃមុនគេ ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech ជាការចាក់បង្ហាញជំនឿចិត្តដល់សាធារណជនចំពោះវ៉ាក់សាំងនេះ ធានាទាំងប្រសិទ្ធិភាពនិងសុវត្ថិភាព។ លោក ប្រាយុទ្ធ បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២២ កុម្ភៈម្សិលមិញថា «ខ្ញុំត្រៀមខ្លួនរួចរហើយ ក្នុងការចាក់វ៉ាក់សាំង» ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង២លានដូស ឬ ម្ជុល ពីក្រុមហ៊ុនចិន ហើយវ៉ាក់សាំងទាំងនេះនឹងមកដល់តាមដំណាលកាល ចំនួន៣លើក ក្នុងនោះ ២០ម៉ឺនដូសមកដល់ថ្ងៃពុធស្អែកនេះ ៨០ម៉ឺដូសទៀតមកដល់ខែមិនា ខណៈ១លានដូសទៀតមកដល់នៅខែមេសា៕
-
មនុស្សពេញវ័យទាំងអស់នៅចក្រភពអង់គ្លេស នឹងត្រូវបានផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសន្យាថា មនុស្សពេញវ័យរាល់គ្នានៅក្នុងចក្រភពអង់គ្លេស នឹងទទួលបានការផ្តល់ជូននូវការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខនេះ ។ លោក បូរីស ចនសុន បានថ្លែងប្រាប់សារព័ត៌មាន Sky News ថា យើងនឹងឥឡូវនេះមានគោលបំណងផ្តល់ជូននូវការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យរាល់គ្នានៅចុងខែកក្កដាខាងមុខ ដើម្បីជួយការពារជនងាយរងគ្រោះបំផុតអោយបានឆាប់ៗ និងចាត់វិធានការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ។ បើតាមលោក ចនសុន នោះ ប្រជាជនអង់គ្លេសមានអាយុលើសពី៥០ឆ្នាំ និងអ្នកដែលមានសុខភាពមិនល្អប្រសើរនឹងត្រូវផ្តល់ជូនការចាក់វ៉ាក់សាំងនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។ រហូតមកទល់ពេលនេះ មានមនុស្សច្រើនជាង១៧.២លាននាក់ហើយនៅទូទាំងចក្រភពអង់គ្លេស ដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 ដូសដំបូង នេះបើតាមតួលេខផ្លូវការចុងក្រោយបំផុត ៕ ប្រភព៖ ស៊ីនហួរ
-
ហ្វីលីពីនអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងករណីបន្ទាន់

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអនុម័តជាផ្លូវការអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ ក្នុងករណីបន្ទាន់ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ គឺជាសហគ្រាសផលិតឱសថទី៣ហើយ ដែលត្រូវបានបើកភ្លើងខៀវអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ក៏បានផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីនូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ និងដៃគូរអាល្លឺម៉ង់ បាយអូអិនធិច ក៏ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ អុកហ្វ័ដ-អាស្រ្តាហ្សេណេកា ផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
លោក ចូ បៃដិន ប្រកាសដាក់រដ្ឋតិចសាស់ ក្នុងស្ថានភាពប្រកាសអាសន្នទ្រង់ទ្រាយធំ ដោយសារព្យុះព្រិល និងអាកាសធាតុត្រជាក់ដ៏អាក្រក់

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តអោយប្រកាសអាសន្នគ្រោះមហន្តរាយទ្រង់ទ្រាយធំនៅរដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ខណៈដែលរដ្ឋភាគខាងត្បូងនេះ កំពុងរងគ្រោះធ្ងន់ធ្ងន់ដោយសារព្យុះព្រិល និងស្ថានភាពអាកាសធាតុដ៏ត្រជាក់ ដែលបានផ្តាច់ជីវិតមនុស្សជាច្រើននាក់ ក៏ដូចជាកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកស្អាតប្រើប្រាស់ ។ ទន្ទឹមគ្នា លោក បៃដិន បានបង្គាប់ឲ្យរដ្ឋាភិបាលសហព័ន្ធផ្តល់ការជ្រោមជ្រែង និងជំនួយដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរប្រចាំរដ្ឋតិចសាស់ និងប្រចាំមូលដ្ឋាននៅតាមតំបន់ដែលបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិខាងលើ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ និងកំពុងតែបន្តនៅឡើយ ។ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រជាជនអាមេរិកសរុបជាង១៤លាននាក់ ដែលរស់នៅរដ្ឋតិចសាស់ នៅតែពុំមានអគ្គិសនីប្រើប្រាស់ និងប្រឈមបញ្ហាខ្វះខាតទឹកស្អាត ដោយសារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានរងការប៉ះពាល់ធ្ងន់ធ្ងរ នៅក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំង ៕ ប្រភព៖ Reuters
-
ទីបំផុតសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ Covid-19 កើនឡើងដល់៥០ម៉ឺននាក់

អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានកត់ត្រាពីចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 កើនឡើងដល់៥០ម៉ឺននាក់ចាប់តាំងពីវីរុសនេះបានផ្ទុះឡើងដំបូង ខណៈអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបានព្រមានដែរថា ប្រក្រតីភាពអាចនឹងមិនវិលត្រឡប់មកវិញឡើយ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ។ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គឺលោក អាន់ថូនី ហ្វូស៊ី បានប្រាប់កម្មវិធីជំនួបសារព័ត៌មានរបស់ទូរទស្សន៍ NBC ថា វាគួរឱ្យខ្លាចណាស់… វាជាប្រវត្តិសាស្ត្រ… យើងមិនដែលបានឃើញអ្វីមួយសូម្បីកៀកនឹងរឿងបែបនេះអស់រយៈពេលជាង១០០ឆ្នាំមកហើយ ចាប់តាំងពីជំងឺផ្តាសាយរាតត្បាតឆ្នាំ១៩១៨ ។ លោកបានសង្កត់ធ្ងន់ថា វាជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៅពេលដែលអ្នកក្រឡេកមើលតួលេខស្ទើរតែមិនគួរឱ្យជឿ ប៉ុន្តែវាជាការពិត ខណៈចំនួនអ្នកស្លាប់នៅលើវេបសាយរបស់សាកលវិទ្យាល័យ ចន ហប់ឃីន មានប្រហែល៤៩ម៉ឺន៨ពាន់នាក់ ។ យ៉ាងណាមិញ សញ្ញានៃក្តីសង្ឃឹមកំពុងលេចចេញជាថ្មីក្នុងពេលការចាក់វ៉ាក់សាំងបានចាប់ផ្តើម និងករណីឆ្លងនៅរដូវរងាបានថយចុះយ៉ាងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលរាយការណ៍អំពីអ្នកស្លាប់និងករណីឆ្លងច្រើនបំផុតនៅលើពិភពលោក ៕ ប្រភព៖ Reuters
-
កូរ៉េខាងត្បូងនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ចាក់ជូនប្រជាពលរដ្ឋខ្លួននៅចុងខែកុម្ភៈខាងមុខ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន១១ម៉ឺន៧ពាន់ដូសដំបូង ចាក់ជូនប្រជាជននៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក ឆុង ស៊ីក្យុន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ថា យុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca លើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈខាងមុខ ហើយយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ត្រូវចាប់ផ្តើមនៅថ្ងៃបន្ទាប់មួយថ្ងៃ ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង ពួកគេនឹងមិនប្រើវ៉ាក់សាំង AstraZeneca សម្រាប់មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំឡើយ រហូតដល់មានទិន្នន័យបញ្ជាក់ពីប្រសិទ្ធភាពច្រើនជាងនេះ ។ ក្រៅពីក្រុមហ៊ុន AstraZeneca និង Pfizer ប្រទេសកូរ៉េខាងត្បូងក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna, Novavax Johnson និង Johnson ផងដែរ ៕ ប្រភព៖ Reuters
-
ទីបំផុតឥណ្ឌា និងចិនដកកងទ័ពរួចរាល់ចេញពីផ្នែកខ្លះនៃព្រំដែនជម្លោះ ក្រោយភាពតានតឹងបានកើនឡើងជាច្រើនខែ

ឥណ្ឌា៖ មន្រ្តីឥណ្ឌា និងចិននៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរបានសំរេចសព្វគ្រប់នូវការដកទ័ពពីផ្នែក ដែលមានជម្លោះមួយនៃព្រំដែនភ្នំហិម៉ាឡៃ របស់ពួកគេ បន្ទាប់ពីភាពតានតឹងបានកើនឡើងជាច្រើនខែ ។ ក្រសួងការពារជាតិឥណ្ឌាបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយចិនថា អំឡុងកិច្ចចរចាជុំទី ១០ កាលពីថ្ងៃសៅរ៍កន្លងទៅ ភាគីទាំងពីរបានវាយតម្លៃជាវិជ្ជ មានចំពោះការបំពេញការដកកងទ័ពជួរមុខដោយរលូនចេញពីតំបន់បឹង ផាងហ្គុង ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ វាជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ដែលផ្តល់នូវចំណុចចាប់ផ្តើមដ៏ល្អ សម្រាប់ការដោះស្រាយជម្លោះផ្សេងទៀតនៅក្នុងតំបន់ភាគខាងលិចនៃព្រំដែនដែលមានជម្លោះ ។ បន្ថែមលើនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តការប្រាស្រ័យទាក់ទង និងការសន្ទនាគ្នា ធ្វើឱ្យមានស្ថិរភាពនិងគ្រប់គ្រងស្ថានការណ៍ជាក់ស្តែង ក៏ដូចជាជំរុញឱ្យមានដំណោះស្រាយ ដែលអាចទទួលយកបានទៅវិញទៅមកនៃបញ្ហាដែលនៅសេសសល់ ៕ ប្រភព៖ Reuters