-
វៀតណាមនឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ៥លានដូស នៅចុងខែនេះ

ប្រទេសវៀតណាមនឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ៥លានដូស នៅត្រឹមចុងខែកុម្ភៈ ២០២១នេះ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នាថ្ងៃម្សិលមិញ។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ កុម្ភៈ លោកអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Truong Quoc Cuong បានគូសបញ្ជាក់ថា ក្នុងចំណោម៥លានដូសនេះ រួមបញ្ជូលទាំងវ៉ាក់សាំងប្រមាណ៤.៩លានដូស ដែលផ្តល់តាមរយៈកម្មវិធី Covax ដែលជាយន្តការពិភពលោកជួយអភិវឌ្ឍន៍ ផលិតនិងជួយឲ្យបណ្តាប្រទេសនានាទទួលបានវ៉ាក់សាំងនេះ។លោកបន្ថែមទៀតថា ប្រមាណ១១៧០០០ដូសទៀតនឹងនាំចូលដែរ ដោយសរុបទាំងប្រមាណ៥លានដូសនេះនឹងមកដល់វៀតណាម ត្រឹមចុងខែកុម្ភៈនេះ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Truong Hoa Binh ធ្លាប់បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលនាំចូល គឺមិនមានច្រើនទេ ដូច្នេះ អាជ្ញាធរប្រទេសនីមួយៗចាំបាច់ត្រូវចរចាជាមួយប្រភពផ្សេងៗទៀត ក្នុងការទិញ និងជំរុញការផលិតក្នុងស្រុក។ សូមបញ្ជាក់ថា វៀតណាមក៏កំពុងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយខ្លួនឯងដែរ ក្រៅពីការបញ្ជាទិញនិងទទួលបានពីគេនោះ ដោយវ៉ាក់សាំងទាំងនោះស្ថិតក្នុងការសាកល្បងក្នងប្រទេសដែរ៕
-
លោក ចូ បៃដិន នឹងពិភាក្សាពីបញ្ហាជំងឺរាតត្បាត សេដ្ឋកិច្ច និងចិន ជាមួយក្រុមប្រទេស G7 នៅថ្ងៃសុក្រសប្តាហ៍នេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ គ្រោងរៀបចំព្រឹត្តិការណ៍ដំបូងរបស់ខ្លួនជាមួយមេដឹកនាំមកពីក្រុមប្រទេស G7 នៅក្នុងកិច្ចប្រជុំមួយ ស្ថិតក្នុងគោលបំណងពិភាក្សាជុំវិញបញ្ហាជំងឺរាតត្បាត សេដ្ឋកិច្ចពិភពលោក និងការដោះស្រាយជាមួយចិន ។ ជាមួយគ្នានេះ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកនេះ នឹងផ្តល់នូវឱកាសសម្រាប់លោកប្រធានាធិបតី បៃដិន ពិភាក្សាអំពីផែនការដើម្បីកម្ចាត់ជំងឺរាតត្បាត ហើយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ នាឱកាសនោះដែរ លោក បៃដិន នឹងផ្តោតការកត់សម្គាល់របស់លោក លើការឆ្លើយតបជាសកល ចំពោះផលិតកម្ម និងការចែកចាយវ៉ាក់សាំងកូវីដ១៩ ក៏ដូចជា បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូល និង សហការគ្នា ប្រឆាំងការគំរាមកំហែងនៃជំងឺឆ្លងដែលកំពុងកើតមាន តាមរយៈការកសាងសមត្ថភាពរបស់ប្រទេស និងការបង្កើតហិរញ្ញប្បទានសន្តិសុខសុខាភិបាល ៕ ប្រភព៖ Reuters
-
លោក បូរីស ចនសុន និយាយថា ពិភពលោកត្រូវការជាចាំបាច់នូវសន្ធិសញ្ញាស្តីពីជំងឺរាតត្បាតសកល ដើម្បីធានាបាននូវតម្លាភាព

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន អះអាងថា ពិភពលោកត្រូវការជាចំាបាច់នូវ «សន្ធិសញ្ញាមួយស្ដីពីជំងឺឆ្លងរាតត្បាតសកល» ដើម្បីធានាឱ្យបានតម្លាភាព បន្ទាប់ពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះចេញដំបូងពីប្រទេសចិន ។ ការកត់សម្គាល់ខាងលើនេះរបស់លោក ចនសុន កើតមានឡើងបន្ទាប់ពីអង់គ្លេស និងសហរដ្ឋអាមេរិកបង្ហាញក្ដីបារម្ភ ជុំវិញការស៊ើបអង្កេតរកប្រភពដើមនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន ដោយក្រុមអ្នកជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ។ លោក បូរីស ចនសុន បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ខ្ញុំគិតថា អ្វីដែលពិភពលោកត្រូវការ គឺកិច្ចព្រមព្រៀងទូទៅមួយ ដែលអាចឱ្យយើងចែករំលែកទិន្នន័យ ហើយយើងចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនោះ ប្រកបដោយតម្លាភាព ។ បើតាមលោក ចនសុន នោះ សន្ធិសញ្ញាដែលលោកចង់បាន គឺជាសន្ធិសញ្ញាជាសកលស្ដីពីជំងឺឆ្លងរាតត្បាតសកល ដែលតម្រូវឱ្យប្រទេសនានាចែករំលែកទិន្នន័យប្រកបដោយតម្លាភាព ៕ ប្រភព៖ CNA
-
អង្គការសុខភាពពិភពលោក WHO អនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ Oxford / AstraZeneca ក្នុងករណីបន្ទាន់

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំង Covid-19 ដែលបង្កើតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដើម្បីពង្រីកលទ្ធភាពទទួលបាននូវការចាក់វ៉ាក់សាំងដែលមានតម្លៃថោកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ឥឡូវនេះ យើងមានចំណែកទាំងអស់សម្រាប់ចែកចាយវ៉ាក់សាំង ប៉ុន្តែយើងនៅតែត្រូវការពង្រីកផលិតកម្ម ។ លោកបន្ថែមថា យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ត្រូវបញ្ជូនសំណុំឯកសាររបស់ពួកគេទៅកាន់ WHO ដើម្បីពិនិត្យនៅពេលតែមួយ ដូចដែលពួកគេបញ្ជូនទៅឲ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ។ សូមជម្រាថា ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍ប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យ ។ វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេសរសើរដោយសារតែវាមានតម្លៃថោកជាង ហើយអាចទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតាបាន ៕ ប្រភព៖ Reuters
-
ក្រុមបាតុករនៅតែបន្តធ្វើការតវ៉ា ក្រោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាត់ផ្តាច់អ៊ីនធើណិត និងដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេស

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកាត់ផ្តាច់សេវាកម្មអ៊ីនធើណិត និងបានដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ក្នុងសញ្ញានៃការបង្ក្រាបដ៏គួរឱ្យភ័យខ្លាចចំពោះការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំដដែលនៅតាមដងផ្លូវនានានៅថ្ងៃចន្ទដដែលនេះ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់យុទ្ធនាការមិនគោរពច្បាប់ស៊ីវិល ដែលបាននិងកំពុងកើនឡើង សំដៅទាមទារឲ្យដោះលែងលោកស្រី អោងសាន ស៊ូជី ។ ក្រុមឃ្លាំមើល NetBlocks បាននិយាយថា ការផ្តាច់ចរន្តអគ្គិសនីតាមការបញ្ជាពីរដ្ឋ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា គ្មានអ៊ីនធើណិតប្រើប្រាស់ស្ទើរតែនៅទូទាំងប្រទេស ។ ហើយការកាត់ផ្តាច់អ៊ីនធើណិតនៅថ្ងៃចន្ទម្សិលមិញ និងសំណើរសុំអោយអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិចូលក្នុងប្រទេសនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីរូបភាពផ្សាយផ្ទាល់ដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តយោធា និងទាហាន ធ្វើដំណើរឆ្លងកាត់ផ្នែកមួយចំនួនក្នុងប្រទេស ៕ ប្រភព៖ AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៩លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤១ម៉ឺននាក់ និងជាសះស្បើយ៨៤លាន២១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៩លាន៦៧ម៉ឺន៥ពាន់១០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤១ម៉ឺន៨ពាន់៧២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៤លាន២១ម៉ឺន៣ពាន់៦៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៣១ម៉ឺន៧ពាន់៧០៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់២០៣នាក់ និងជាសះស្បើយចំនួន១៨លាន៣៥ម៉ឺន៦ពាន់៦២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩២ម៉ឺន៥ពាន់៣១១នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៨៤០នាក់ និងជាសះស្បើយ១០លាន៦៣ម៉ឺន៨៩២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៨៦ម៉ឺន៦ពាន់៧១០នាក់ ស្លាប់២៣ម៉ឺន៩ពាន់៨៩៥នាក់ និងជាសះស្បើយ៨លាន៨០ម៉ឺន៥ពាន់២៣៩នាក់ ៕ ប្រភព៖ worldometers
-
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន អំពាវនាវដល់បងប្អូនខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ឆាប់ជូនដំណឹងបន្ទាន់ក្នុងករណ៍ ដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី

តូក្យូ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន ផ្តល់អាស័យដ្ឋាន និង លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងរណីរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រិកទ័រ។ ការយកចិត្តទុកដាក់នេះ ព្រោះតែកាលពីថ្ងៃទី១៣ ខែកុម្ភៈ ២០២១ កន្លងទៅ មានគ្រោះរញ្ជួយដី នៅខេត្ត Fukushima និងខេត្ត Miyagi ដែលបណ្តាលអោយមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម)។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អាជ្ញាធរឧត្តុនិយមជប៉ុនជូនដំណឹងថា អាចនឹងមានហានិភ័យខ្ពស់ដែលអាចបបាក់ដី និងរលំផ្ទះនៅក្នុងតំបន់ដែលរងប៉ះពាល់ខ្លាំង និងសូមអោយពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។ អាស័យដ្ឋាន និងការទំនាក់ទំនងបន្ទាន់គឺ ១- ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ២- ទូរស័ព្ទលេខ ០៨០ ៤៦៨៩៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤ ៕
-
លោក ចូ បៃដិន អំពាវនាវអោយធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ចំថ្ងៃខួបលើកទី៣ នៃការបាញ់ប្រហារដ៏សាហាវក្នុងទីក្រុង ផាកឡេនដ៍

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញឱ្យសភារបស់សហរដ្ឋអាមេរិក អនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ប្រកបដោយសុភវិនិច្ឆ័យ ។ ការអំពាវនាវខាងលើនេះរបស់លោក បៃដិន បានកើតមានឡើងចំពេលថ្ងៃខួបលើកទី ៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ ម៉ាចូរី ស្តូនមែន ដូកក្លាស ក្នុងទីក្រុង ផាកឡេនដ៍ រដ្ឋផ្ល័ររីដា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានផ្ដាច់ជីវិតមនុស្ស១៧នាក់ និង ក្លាយជាការជំរុញកាន់តែខ្លាំងអោយមានកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធនៅក្នុងសហរដ្ឋអាមេរិក ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យសភាអនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធប្រកបដោយសុភវិនិច្ឆ័យ ក្នុងនោះរួមមានការតម្រូវឱ្យត្រួតពិនិត្យប្រវត្តិបុគ្គល ហាមឃាត់កាំភ្លើងដែលមានសមត្ថភាពខ្ពស់ ។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលមួយនេះ នឹងមិនរង់ចាំរហូតដល់មានការបាញ់ប្រហារយ៉ាងរង្គាលកើតឡើងសាជាថ្មី ទើបអំពាវនាវឱ្យធ្វើកំណែទម្រង់នោះឡើយ ៕ ប្រភព៖ ស៊ីនហួរ
-
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសជាលើកទីពីរ

អាមេរិក៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបោះឆ្នោតសម្រេចឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសជាលើកទីពីរ ។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ០៧រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីចោទប្រកាន់ និងកាត់ទោសលោក ត្រាំ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក ចូលអុកឡុកលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ នាំឱ្យមនុស្ស០៥នាក់ស្លាប់ ។ យ៉ាងណាមិញ ពួកគេនៅតែបរាជ័យក្នុងការរកឱ្យបានសំឡេង២ភាគ៣ ដើម្បីអាចកាត់ទោសលោក ដូណាល់ ត្រាំ ព្រោះព្រឹទ្ធសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៧ទល់នឹងសំឡេងជំទាស់៤៣ ។ គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋទាំង០៧រូបនេះ ត្រូវបានក្រុមអ្នកតាមដាននយោបាយអាមេរិកយល់ឃើញថា គណបក្សអភិរក្សនិយមមួយនេះ កំពុងប្រឈមមុខនឹងការបែកបាក់ ជុំវិញឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ដែលនៅតែបន្តមាននៅក្នុងគណបក្ស ៕ ប្រភព៖ AFP
-
រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត NATO

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន នឹងអះអាងសាជាថ្មីម្តងទៀតក្នុងសប្តាហ៍នេះ នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការ NATO ក៏ដូចជាធានាឡើងវិញដល់សម្ព័ន្ធមិត្តថា ពួកគេនឹងត្រូវបានពិគ្រោះយោបល់លើការសម្រេចចិត្តសំខាន់ៗ ដោយសង្ឃឹមថា នឹងបើកទំព័រថ្មីពីរយៈពេល០៤ឆ្នាំ នៃការរិះគន់លើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ក្រុមរដ្ឋមន្ត្រីការពារជាតិរបស់អង្គការ NATO នឹងបើកកិច្ចប្រជុំតាមអនឡាញនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ខាងមុខ ហើយប្រមុខមន្ទីរបញ្ចកោណថ្មីនឹងបញ្ជូនសារគាំទ្រ… អំពីថាតើអង្គការ NATO មានភាពពាក់ព័ន្ធយ៉ាងដូចម្តេច ? នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក ចន ខើប៊ី ។ លោក ខើប៊ី បន្ថែមថា លោក អូស្ទីន នឹងបញ្ជាក់ពីជំហររបស់រដ្ឋបាលថ្មីថា ពួកយើងនឹងល្អប្រសើរ នៅពេលដែលយើងធ្វើសកម្មភាពជាមួយគ្នា… ក្រុមទាំងនេះនឹងធ្វើឱ្យយើងកាន់តែរឹងមាំ ហើយសន្តិសុខជាសមូហភាព គឺពិតជាការទទួលខុសត្រូវរួមគ្នា ។ ការផ្ញើសារនេះ គឺផ្ទុយស្រឡះទាំងស្រុងពីរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានរិះគន់ប្រទេសជាដៃគូរបស់អង្គការ NATO ស្តីពីកម្រិតនៃការចំណាយផ្នែកការពារជាតិរបស់ពួកគេ និងដែលធ្លាប់ហៅសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកនេះថា “ហួសសម័យ” ៕ ប្រភព៖ AFP