-
លោកស្រី អោងសាន ស៊ូជី នឹងបន្តស្ថិតក្រោមការឃុំឃាំងរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈខាងមុខ ក្រោយរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ លោកស្រី អោងសាន ស៊ូជី នឹងត្រូវបន្តស្ថិតក្រោមការឃុំឃាំង រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈខាងមុខ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដូចការរំពឹងទុកកាលពីដំបូងនោះឡើយ នេះបើតាមមេធាវីលោកស្រី ស៊ូជី ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីណៃពិដោ ។ ការសម្រេចចិត្តអូសបន្លាយពេលវេលាឃុំខ្លួនលោកស្រី ស៊ូជី នេះ បានកើតមានឡើងកំឡុងបាតុកម្មបាននិងកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងនៅតាមបណ្តាទីក្រុងមួយចំនួនទៀតជុំវិញពិភពលោក ដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ស៊ូជី និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ។ មេធាវីរបស់លោកស្រី ស៊ូជី គឺលោក ឃីន ម៉ង ហ្សរ បាននិយាយថា ក្រោយការពិភាក្សាជាមួយចៅក្រមនោះ លោកស្រី ស៊ូជី ហាក់ដូចជាត្រូវនៅបន្តជាប់ឃុំរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ គឺមិនមែនត្រឹមថ្ងៃចន្ទនេះទេ ។ មេធាវីរូបនេះបន្ថែមទៀតថា លោកនៅតែកំពុងព្យាយាមស្វែងរកវីធីតាមផ្លូវច្បាប់ ដើម្បីជួបជាមួយលោកស្រី ស៊ូជី ៕ ប្រភព៖ Reuters
-
ថ្ងៃនេះ! ថៃមានស្លាប់ព្រោះជំងឺកូវីដ១៩ ថែម២នាក់ទៀត កើនដល់៨២នាក់ហើយ

អាជ្ញាធរថៃបានប្រកាសពីការស្លាប់មនុស្សដោយសារតែជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត នាថ្ងៃទី១៥ កុម្ភៈ ២០២១នេះ ធ្វើឲ្យចំនួនអ្នកជំងឺកូវីដ១៩ដែលបានស្លាប់នៅប្រទេសនេះបានកើនដល់ ៨២នាក់។ ជាមួយគ្នានេះ ថៃក៏បានប្រកាសពីករណីវិជ្ជមានកូវីដ១៩ ចំនួន១៤៣នាក់ទៀតដែរ ថ្ងៃចន្ទនេះ ក្នុងនោះ ភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍ ខណៈដែល១១នាក់ក្នុងចំណោមនេះគឺជាអ្នកមកពីក្រៅប្រទេស។ ខេត្តមានសាមុត សាខន មានឆ្លងថ្មី៥៣នាក់ ខេត្តណាខន ផាទុមមាន៨នាក់ ព្រមទាំងខេត្តផ្សេងៗទៀតដែរ។ គិតត្រឹមព្រឹកថ្ងៃទី១៥ កុម្ភៈនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន២៤៧១៤នាក់ហើយ៕
-
ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ប្រាប់អោយពលរដ្ឋខ្លួនប្រុងប្រយ័ត្ន និងព្រមានអំពីការចល័តទ័ព

អាមេរិក៖ ស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានប្រាប់អោយប្រជាពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ខណៈព្រមានអំពីការចល័តកងទ័ព និងការកាត់ផ្តាច់ទូរគមនាគមន៍ដែលអាចនឹងកើតមានឡើងនៅក្នុងទីក្រុងយ៉ាងហ្គន ។ ការព្រមានខាងលើនេះបានកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់បំបែកក្រុមអ្នកប្រឆាំងតវ៉ា នៅក្រៅរោងចក្រអគ្គិសនីមួយក្នុងរដ្ឋកាជីនភាគខាងជើង តែគេមិនដឹងថាតើការបាញ់នេះប្រើគ្រាប់ជ័រ ឬគ្រាប់កាំភ្លើងពិតនោះទេ ។ មនុស្សរាប់រយនាក់បានជួបជុំគ្នានៅថ្ងៃអាទិត្យម្សិលមិញ នៅក្រៅរោងចក្រថាម ពលមួយ ដែលទាហានកាន់កាប់នៅក្នុងទីក្រុងមីយីតគ្យីណា ។ នៅពេលព្រលប់ចូលមកដល់ ប៉ូលិសបង្ក្រាបបាតុកម្ម រួមជាមួយទាហានបានមកដល់ ដើម្បីបណ្តេញហ្វូងមនុស្ស ។ កងកម្លាំងសន្តិសុខបានបាញ់ទឹកលើហ្វូងមនុស្ស ហើយក៏មានការផ្ទុះអាវុធផងដែរ ៕ ប្រភព៖ AFP
-
ចំនួនអ្នករបួសកើនឡើងដល់១៤៦នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងធ្វើឡើងនៅភាគខាងជើងប្រទេសជប៉ុន ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៣រ៉ិចទ័របានវាយប្រហារទីក្រុងហ្វូគូស៊ីម៉ា ហើយជាលទ្ធផលនោះ មនុស្សយ៉ាងតិច១៤៦នាក់បានរងរបួស ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ទេ និង នាំឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់ផងដែរ ។ គ្រោះមហន្តរាយធម្មជាតិខាងលើនេះ បានកើតឡើងមិនដល់មួយខែ មុនខួប១០ឆ្នាំនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលនាំឲ្យមានការផ្ទុះនៅចង្ក្រាននុយក្លេអ៊ែរចំនួន០៣ នៃរោងចក្រ ហ្វូគូស៊ីម៉ា ដៃ អ៊ិឈិ និងបណ្តាលឲ្យមនុស្សស្លាប់ ឬបាត់ខ្លួនប្រមាណ១ម៉ឺន៩ពាន់នាក់ ។ យ៉ាងណាមិញ ក្រុមហ៊ុនថាមពលនានាក្នុងតំបន់រងគ្រោះ មិនបានរាយការណ៍អំពីការខូចខាតដល់រោងចក្រថាម ពលនុយក្លេអ៊ែរនោះទេ ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីនៅថ្ងៃអាទិត្យម្សិលមិញេះ បានវាយប្រហារតំបន់ តូហូគូ ដែលមានចម្ងាយ២២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ ។ មនុស្សជាង៨៣ម៉ឺនគ្រួសារនៅតំបន់ តូហូគូ និង កាន់តុ គ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្តែតំបន់ខ្លះត្រូវបានតភ្ជាប់ឡើងវិញកាលពីអាទិត្យម្សិលមិញ ខណៈតំបន់មួយចំនួននៅ ហ្វូគូស៊ីម៉ា នៅតែគ្មានទឹកប្រើប្រាស់ ៕ ប្រភព៖ Reuters
-
ថៃរកឃើញវីរុស Covid-19 ទម្រង់ថ្មីលើពលរដ្ឋខ្លួនម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី

ថៃ៖ វីរុសកូវីដ១៩ទម្រង់ថ្មីមានប្រភពនៅអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី នេះបើតាមការបញ្ជាក់របស់អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃលោក អូផាស់ កានកាវីនផុង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ។ អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេសតង់ហ្សានី ដើម្បីរកស៊ី មុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ ខែមករាកន្លងទៅនេះ ។ លោកវេជ្ជបណ្ឌិតបន្ថែមថា នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ ហើយថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសកូវីដ១៩ទម្រង់ថ្មីបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ ៕ ប្រភព៖ Bangkok Post
-
ជំងឺ Ebola ផ្ទុះឡើងសាជាថ្មីក្នុងប្រទេសហ្គីណេ ខណៈមានមនុស្ស០៤នាក់ហើយស្លាប់

ហ្គីណេ៖ ជំងឺអេបូឡាបានឆ្លងរាតត្បាតសាជាថ្មីក្នុងប្រទេសហ្គីណេ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ ដោយក្នុងចំណោមពួកគេនោះ មានម្នាក់គឺជាគិលានុដ្ឋាយិកា ដែលបានធ្លាក់ខ្លួនឈឺ និងស្លាប់កាលពីចុងខែមករា ហើយត្រូវបានបញ្ចុះកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ នេះបើតាមក្រសួងសុខាភិបាលហ្គីណេ ។ ប្រភពបានអោយដឹងថា នៅក្នុងចំណោមអ្នកដែលបានចូលរួមពិធីបញ្ចុះសពគិលានុដ្ឋាយិកានេះ ស្រាប់តែមាន០៣នាក់បានឆ្លង និងស្លាប់ដោយសារជំងឺអេបូឡា ខណៈ០៤នាក់ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលហ្គីណេ និងអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ពួកគេបានត្រៀមលក្ខណៈយ៉ាងល្អ ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺអេបូឡាបានល្អប្រសើរជាង០៥ឆ្នាំមុន ពីព្រោះតែភាពជឿនលឿនក្នុងការអភិវឌ្ឍវ៉ាក់សាំង ៕ ប្រភព៖ BBC
-
សហរដ្ឋអាមេរិកអាចនឹងដកក្រុមឧទ្ទាមហូទីនៅប្រទេសយ៉េមែន ចេញពីបញ្ជីឈ្មោះក្រុមភេវរករនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន នៅថ្ងៃសុក្រនេះនិយាយថា រូបលោកនឹងដកក្រុមសកម្មប្រយុទ្ធហូទីនៅប្រទេសយ៉េមែន ចេញពីបញ្ជីឈ្មោះក្រុមភេវរករនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ បើទោះបីជាលោកបានព្រមានថា សមាជិកនៃក្រុមនេះនឹងទទួលរងនូវទណ្ឌកម្មបន្ថែមទៀតក៏ដោយ ។ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់បញ្ចូលក្រុមឧទ្ទាមហូទីនៅប្រទេសយ៉េមែនជាអង្គការភេវរកម្មបរទេស បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលប្រទេសនានា ក្រុមផ្តល់ជំនួយ និងអង្គការសហប្រជាជាតិថា ការដាក់ទណ្ឌកម្មនេះនឹងរុញច្រាលអោយយ៉េមែនធ្លាក់ជ្រៅក្នុងគ្រោះទុរភិក្សដ៏ធ្ងន់ធ្ងរក៏ដោយ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មេដឹកនាំក្រុមឧទ្ទាមហូទីចំនួន០៣រូបដែលជាប់ទណ្ឌកម្មរបស់រដ្ឋបាលលោក ត្រាំ គឺ អាប់ឌុល ម៉ាលីគ អាល់ហូទី, អាប អាល់ខាលីក បាដ អាល់ហូទី និងអាប់ឌុលឡា យ៉ាយ៉ា អាល់ ហាឃីម ក៏អាចនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្មនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះផងដែរ ។ សូមបញ្ជាក់ថា ប្រធានានាធិបតីអាមេរិកលោក ចូ បៃដិន ចាប់តាំងពីចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករាកន្លងទៅ បានប្រញាប់ប្រញាល់ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ក៏ដូចជាបង្កើនកិច្ចការផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសយ៉េមែន ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកអះអាងថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងកូរ៉េខាងជើងនៅតែជាបញ្ហាអាទិភាពរបស់ប្រទេសខ្លួន

អាមេរិក៖ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលីស្ទីករបស់កូរ៉េខាងជើង គឺជាបញ្ហាអាទិភាពបន្ទាន់របស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង នេះបើតាមសេចក្តថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃសុក្រម្សិលមិញ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ បញ្ជាក់ថា ការខ្វះទំនាក់ទំនងដោយផ្ទាល់នៃរដ្ឋបាលរបស់លោក បៃដិន ជាមួយកូរ៉េខាងជើង មិនគួរត្រូវបានមើលឃើញថា ការគំរាមកំហែងបង្កឡើងដោយកម្មវិធីផលិតសព្វា វុធរបស់ប្រទេសមួយនេះ មិនស្ថិតនៅក្នុងអាទិភាពនោះទេ… ជាការពិត គឺវាសំខាន់ខ្លាំងណាស់ ។ លោក ណេដ ប្រាយស៍ បានបន្ថែមទៀតថា កូរ៉េខាងជើងបានបន្តដំណើរការ ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិតជាបានធ្វើឲ្យវាក្លាយជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក និងជាបញ្ហាដែលតម្រូវឲ្យយើងធ្វើការដោះស្រាយរួមគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង ៕ ប្រភព៖ CNA
-
មន្រ្តីផ្នែកសិទ្ធិមនុស្សជំរុញអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ក្រុមអ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានជំរុញអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ធ្វើការពិចារណាដាក់ទណ្ឌកម្មលើប្រទេសមួយនេះ ស្របពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានអនុម័តនូវដំណោះស្រាយមួយ ដែលអំពាវនាវអោយមានការដោះលែងលោក អោង សាន ស៊ូជី ។ អ្នករាយការណ៍ពិសេសលោក ថមម៉ាស់ អាន់ឌ្រូ បានលើកឡើងពីរបាយការណ៍ ដែលកំពុងកើនឡើង និងភស្តុតាងរូបថតដែលបង្ហាញថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រើប្រាស់គ្រាប់ពិតប្រឆាំងនឹងក្រុមបាតុករ ចាប់តាំងយោធាឡើងគ្រប់គ្រងអំណាចបានជាងពីរសប្តាហ៍កន្លងទៅមកនេះ ។ សូមជម្រាបថា នៅក្នុងលិខិតមួយដែលបានអានដោយក្រុមប្រឹក្សានៅព្រឹកថ្ងៃសុក្រនេះ សមាជិកសភាជាប់ឆ្នោតប្រមាណ៣០០នាក់បានអំពាវនាវឱ្យមានការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ទៅលើ “ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ” ដែលពួកគេបាននិយាយថា យោធាបានប្រព្រឹត្តចាប់តាំងពីមានរដ្ឋប្រហារ រួមទាំងការចាប់ខ្លួនផងដែរ ៕ ប្រភព៖ Reuters
-
បាតុករមីយ៉ាន់ម៉ាម្នាក់ដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាលក្នុងរដ្ឋធានីណៃពិដោ បានស្លាប់ហើយ

មីយ៉ាន់ម៉ា៖ នាង ម៉ា មីយ៉ា ធ្វីធ្វី ឃាំង អាយុ១៩ឆ្នាំដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល អំឡុងពេលធ្វើបាតុកម្មនៅទីក្រុងណៃពិដោ ប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីថ្ងៃទី០៩ ខែកុម្ភៈកន្លងទៅ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនោះ បានទទួលមរណភាពហើយ ។ ក្រុមគ្រូពេទ្យបានព្យាយាមយ៉ាងខ្លាំង ដើម្បីយកគ្រាប់កាំភ្លើងនៅខាងក្នុងក្បាលរបស់ជនរងគ្រោះខាងលើនេះ ប៉ុន្តែពួកគេបានព្យាយាមអស់ពីសមត្ថភាព និងបញ្ឈប់ការវះកាត់នេះនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ។ នាង ម៉ា មីយ៉ា ធ្វីធ្វី ឃាំង គឺជាបាតុករដំបូងគេដែលបានស្លាប់ក្នុងបាតុកម្មប្រឆាំងការកាន់កាប់ដោយយោធាក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។ វេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យោងតាមការធ្វើកោសល្យវិច័យនោះ គ្រាប់កាំភ្លើងដែលប៉ូលិសបានប្រើ ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ាដោយអហិង្សា មិនមែនជាគ្រាប់កាំភ្លើងជ័រទេ ប៉ុន្តែជាគ្រាប់កាំភ្លើងពិត ខណៈយោធាបានបដិសេធថា ខ្លួនមិនបានប្រើគ្រាប់ពិតនោះទេ ៕ ប្រភព៖ Myanmar Times