-
លោក ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា និងជំរុញអោយពួកគេប្រគល់អំណាចអោយរដ្ឋាភិបាលស៊ីវិលវិញ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា ប្រទេសរបស់លោកនឹងចាត់វិធានការប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្នុងសហរដ្ឋអាមេរិក ហើយលោកថែមទាំងជំរុញយោធាប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី វិញផងដែរ ។ ប្រធានាធិបតីអាមេរិករូបនេះបានថ្លែងថា ជាថ្មីម្ដងទៀត ខ្ញុំអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាដោះលែងថ្នាក់ដឹកនាំនយោបាយ និងសកម្មជនប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំ ក្នុងនោះរួមមានលោកស្រី ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីន ជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ាក៏ត្រូវតែប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញផងដែរ ។ ជាមួយគ្នានេះ លោក ចូ បៃដិន បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរបស់លោកបាន និងកំពុងកាត់ផ្ដាច់ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យដក ឬចូលទៅកាន់មូលនិធិប្រមាណ១ពាន់លានដុល្លារ ដែលកំពុងតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិក ហើយទណ្ឌកម្មថ្មីៗបន្ថែមទៀត នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ៕ ប្រភព៖ Reuters
-
មេដឹកនាំយោធាមីយ៉ាន់ម៉ាស្នើនាយករដ្ឋមន្ត្រីថៃអោយគាំទ្រលទ្ធិប្រជាធិបតេយ្យ

មីយ៉ាន់ម៉ា៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃពុធម្សិលមិញថ្លែងថា លោកបានទទួលលិខិតមួយច្បាប់ពីពីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ដែលស្នើឱ្យថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។ ទាក់ទងរឿងនេះ លោក ប្រាយុទ្ធ បានបញ្ជាក់ថា យើងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាសំខាន់សម្រាប់ថៃនៅពេលនេះ គឺការរក្សាទំនាក់ទំនងល្អ ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាជន សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ លោក ប្រាយុទ្ធ ចង់បញ្ជាក់ថា ទោះថៃគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្ដី អ្វីៗអាស្រ័យលើលោក មីន អោង ហ្លេង ផ្ទាល់ទៅវិញទេ ។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងក្តោបក្តាប់អំណាចរដ្ឋាភិបាល សភា និងតុលាការ ។ មិនតែប៉ុណ្ណោះ ក្រុមយោធាថែមទាំងចាប់ឃុំខ្លួនលោកស្រី អោងសាន ស៊ូជី និង អ្នកនយោបាយជាន់ខ្ពស់របស់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសកម្មជនផ្សេងទៀត ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់បានចេញមកបាតុកម្មនៅពាសពេញប្រទេស…
-
ក្រុមបាតុករថៃប្រមូលផ្តុំគ្នាសាជាថ្មីទៀត បន្ទាប់ពីបានផ្អាកដោយសារផ្ទុះជំងឺ Covid-19 ក្នុងសហគមន៍ និងនៅខេត្តសាមុត សាខន

ថៃ៖ នៅថ្ងៃពុធម្សិលមិញនេះ មានការប្រមូលផ្តុំគ្នាសារជាថ្មីនៃក្រុមគណៈរាស្រ្ត ដែលចាត់ទុកថា ជាក្រុមទាមទារ០៣ចំនុចនៅក្នុងប្រទេសថៃ បានត្រឡប់មកប្រមូលផ្តុំគ្នាសាជាថ្មីឡើងវិញ ។ ក្រុមអ្នកប្រឆាំងតវ៉ានៃក្រុមគណៈរាស្រ្តបានឡោមព័ទ្ធអធិការដ្ឋាន ប៉ាធុំវ៉ាន់ ក្នុងក្រុងបាងកក ទាមទារអោយសមត្ថកិច្ចថៃដោះលែងពួកគេជាប្រញ៉ាប់មកវិញនៅវេលាម៉ោង២០និង០០នាទីនៅថ្ងៃទី១០ ខែកុម្ភៈនេះ បន្ទាប់ពីសមត្ថកិច្ចថៃបានចាប់ខ្លួនសមាជិកពួកគេកាលពីព្រលប់ថ្ងៃពុធម្សិលមិញ ប៉ុន្តែខាងសមត្ថកិច្ចថៃបានរារាំងពួកគេកុំអោយប្រមូលផ្តុំគ្នាចូលទៅក្នុងអធិការដ្ឋានបាន ។ ជាការឆ្លើយតប ក្រុមអ្នកប្រមូលផ្តុំបាននាំគ្នាវាយចាន វាយឆ្នាំង និងស្រែកជេរប្រទេចទៅកាន់សមត្ថកិច្ចរបស់ថៃធ្ងន់ៗផងដែរ ។ ការទាមទាររបស់ក្រុមគណៈរាស្រ្តសំខាន់បំផុត គឺគេទាមទារអោយលុបចោលនូវមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងការផ្តន្ទាទោសអ្នកដែលបានប្រមាថទៅលើព្រះជេស្តាព្រះមហាក្សត្រ និងព្រះបរមរាជវង្សសានុវង្ស ដែលនេះជាការចង់បានធំបំផុត នៃការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំសាជាថ្មីនាពេលនេះនៅក្នុងប្រទេសថៃ ៕ ប្រភព៖ Reuters
-
ក្រោយធ្វើដំណើរអស់ជិត០៧ខែពីផែនដី! ទីបំផុតបេសកកម្មអវកាស Tianwen-1 របស់ចិនចូលក្នុងគន្លងគោចរជុំវិញភពអង្គារដោយទទួលជោគជ័យ

ចិន៖ បេសកកម្មយានអវកាសរបស់ចិន ធានវិនមួយ នៅថ្ងៃពុធនេះ បានទទួលជោគជ័យ ក្នុងចូលទៅក្នុងគន្លងវិថីតារាជុំវិញភពព្រះអង្គារ ក្រោយធ្វើដំណើរអស់រយៈពេលជិត៧ខែពីភពផែនដី ។ បើតាមរដ្ឋបាលអវកាសជាតិចិន CNSA បច្ចុប្បន្នយានអវកាស ធានវិនមួយ កំពុងស្ថិតក្នុងគន្លងគោចរជុំវិញភពអង្គារ ក្នុងកម្ពស់ប្រមាណ៤០០គីឡូម៉ែតពីភពក្រហមមួយនេះ ហើយវានឹងចំណាយពេល១០ថ្ងៃនៃភពផែនដី ដើម្បីវល់បានមួយជុំ ។ បេសកកម្ម ធានវិនមួយ មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ អូប៊ីតទ័រ ជើងទម្រសម្រាប់សម្រួលការចុះទៅលើផ្ទៃដីភពអង្គារ ឡេនដឺ និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ ។ បើតាមផែនការនោះ យានអវកាស ធានវិនមួយ នឹងធ្វើការរំកិលគន្លង ដើម្បីចូលទៅកាន់គន្លងកណ្តាលនៃភពអង្គារ ដោយធ្វើការស្ទង់មើលទីតាំងដែលមានសក្តានុពល ដើម្បីត្រៀមចុះចតនៅខែឧសភា ឬខែមិថុនា ឆ្នាំ២០២១ខាងមុននេះ ៕ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៧លាន៨៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៦ម៉ឺននាក់ និងជាសះស្បើយ៧៩លាន៨៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៨៥ម៉ឺន១ពាន់៥៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៦ម៉ឺន៤ពាន់៨៨១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៩លាន៨៥ម៉ឺន៤ពាន់២០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៨៩ម៉ឺន៧ពាន់២១៤នាក់ ស្លាប់ចំនួន៤៨ម៉ឺន៣ពាន់២០០នាក់ និងជាសះស្បើយចំនួន១៧លាន៨២ម៉ឺន៧ពាន់៣២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៧ម៉ឺន១ពាន់៦០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៣៩៩នាក់ និងជាសះស្បើយ១០លាន៥៧ម៉ឺន១ពាន់៦២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៦៦ម៉ឺន២ពាន់៣០៥នាក់ ស្លាប់២៣ម៉ឺន៤ពាន់៩៤៥នាក់ និងជាសះស្បើយ៨លាន៥៩ម៉ឺន៦ពាន់១៣០នាក់ ៕ ប្រភព៖ worldometers
-
ក្រុមអ្នកជំនាញការអង្គការសុខភាពពិភពលោកបញ្ជាក់ថា វីរុសកូរ៉ូណាទំនងជាមិនមែនបែកធ្លាយចេញពីបន្ទប់ពិសោធន៍ក្រុង វូហាន ប្រទេសចិនឡើយ

ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិន និងអន្តរជាតិដែលកំពុងដឹកនាំកិច្ចការស្រាវជ្រាវរកប្រភពដើមនៃជំងឺ Covid-19 នៅថ្ងៃអង្គារនេះបញ្ជាក់ថា វីរុសកូរ៉ូណាទំនងជាកើតមានលើមនុស្ស ដោយសារការចម្លងពីសត្វ ហើយទ្រឹស្តីដែលថា វីរុសនេះបែកធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិននោះ ក៏ទំនងជារឿងមិនអាចទៅរួចដែរ ។ ក្រុមអ្នកជំនាញការអន្តរជាតិរបស់អង្គការសុខភាពពិភពលោក WHO ដែលធ្វើដំណើរទៅត្រួតពិនិត្យក្នុងប្រទេសចិន បានបញ្ជាក់ថា មិនគួរទៅរួចឡើយ ដែលវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យកើតជំងឺកូវីដ-១៩នោះ បែកធ្លាយចេញពីបន្ទប់ពិសោធន៍ក្នុងទីក្រុងវូហាន ។ ក្រៅពីនោះ ពួកគេនៅបានរកឃើញថា ក្នុងទីក្រុងនេះ មិនបានរកឃើញការឆ្លងរាលដាល មុនខែធ្នូ ឆ្នាំ២០១៩ឡើយ បើទោះជានៅមិនទាន់អាចបញ្ជាក់បាន អំពីសត្វដែលជាភ្នាក់ងារចម្លងមេរោគកូរ៉ូណាបាននៅឡើយក៏ដោយ ។ អ្នកជំនាញការជាច្រើនបានជឿជាក់ថា ជំងឺកូវីដ-១៩ដែលចុងក្រោយបំផុតនេះ ធ្វើឱ្យពិភពលោកមានអ្នកឆ្លងមេរោគសរុបជាង១០៧លាននាក់ និងស្លាប់ជាង២.៣លាននាក់នោះ មានដើមកំណើតមកពីសត្វប្រចៀវ និងអាចមានសត្វចិញ្ចឹមកូនដោយទឹកដោះ១ប្រភេទទៀតជាភ្នាក់ងារចម្លងរោគពីសត្វប្រចៀវ ចូលមកក្នុងមនុស្ស ៕ ប្រភព៖ AP
-
ថៃនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ជូនប្រជាជន២ភាគ៣នៃប្រជាជនសរុបរបស់ខ្លួនសម្រាប់ដំណាក់កាលដំបូង

ថៃ៖ ថៃនឹងប្រើវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិក្នុងប្រទេសរបស់ខ្លួន ដោយចាក់ជូនប្រជាជន ២ ភាគ ៣ នៃចំនួនប្រជាជនសរុបរបស់ខ្លួន សម្រាប់ដំណាក់កាលដំបូង ខណៈថៃក៏ត្រូវបានគេរំពឹងដែរថា នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនក្នុងករណីបន្ទាន់នៅខែកុម្ភៈនេះផងដែរ ។ បើតាមនាយកស្ថាប័នគ្រប់គ្រងជំងឺឆ្លងរបស់ថៃ លោក អូផាស់ កាន់កាវីនផុង បុគ្គលិកសុខាភិបាល ប្រជាជនដែលមានវ័យចំណាស់ ប្រជាជនដែលមានជំងឺរុំារ៉ៃ និងពលករចំណាកស្រុក នឹងស្ថិតនៅក្នុងក្រុមមនុស្សមានអាទិភាព ក្នុងការទទួលបានវ៉ាក់សាំងនេះ ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទនេះថា វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ដំណាក់កាលទី១ នឹងមកដល់នៅអំឡុងខែកុម្ភៈនេះ ដល់ខែមេសាខាងមុខ ។ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មកពីអឺរ៉ុប ក៏នឹងមកដល់ប្រទេសថៃនៅចុងឆ្នាំ២០២១ខាងមុខនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ព្រឹទ្ធសភាអាមេរិកចាប់ផ្តើមការជំនុំជម្រះការចោទប្រកាន់លោក ដូណាល់ ត្រាំ លើកទី២ជាប្រវត្តិសាស្ត្រ

អាមេរិក៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមការជំនុំជម្រះការចោទប្រកាន់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើកទី២ជាប្រវត្តិសាស្ត្រ ។ សភាតំណាងរាស្ត្របានចោទប្រកាន់លោក ត្រាំ កាលពីខែមុន ជុំវិញតួនាទីរបស់គាត់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា លើវិមានសភា ដោយក្រុមអ្នកគាំទ្ររូបលោកហើយការកាត់ទោសលើលោក ត្រាំ ជាលើកដំបូងនេះ នឹងមានសមាជិក១០០នាក់របស់ព្រឹទ្ធសភាអង្គុយធ្វើជាគណៈវិនិច្ឆ័យ ។ ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានថ្កោលទោសករណីនេះថា មិនស្របនឹងរដ្ឋធម្មនុញ្ញ ដោយហៅវាថាមិនសមហេតុផល ដែលចាប់អតីតប្រធានាធិបតីទទួលខុសត្រូវចំពោះអំពើហិង្សានេះ ។ ប៉ុន្តែនៅក្នុងការពិនិត្យមើលជាមុនលើអំណះអំណាង នៃការកាត់ទោសខាងលើនេះ ក្រុមប្រជាធិបតេយ្យបានចោទប្រកាន់លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា បានប្រព្រឹត្តឧក្រិដ្ឋកម្មរដ្ឋធម្មនុញ្ញដ៏សែនអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររយៈពេល២៣២ឆ្នាំ នៃប្រធានាធិបតីអាមេរិក ដោយញុះញង់អ្នកគាំទ្ររបស់លោកឱ្យវាយប្រហារសភា ៕ ប្រភព៖ Reuters
-
យោធាមីយ៉ាន់ម៉ាវាយឆ្មក់ និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី ចំពេលអង្គការសហប្រជាជាតិ និងអាមេរិកថ្កោលទោសការប្រើហិង្សាលើបាតុករ

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានវាយឆ្មក់ទីស្នាក់ការកណ្តាលគណបក្សរបស់មេដឹកនាំស៊ីវិលដែលត្រូវបណ្តេញចេញពីតំណែង គឺលោកស្រី អោងសាន ស៊ូជី ក្នុងទីក្រុងយ៉ាងហ្គន នៅថ្ងៃអង្គារម្សិលមិញ នេះបើតាមការបញ្ជាក់របស់មន្រ្តីមីយ៉ាន់ម៉ា ។ ការវាយឆ្មក់ខាងលើនេះ បានកើតឡើងក្រោយបាតុកម្មបានផ្ទុះឡើងរយៈពេល០៤ថ្ងៃជាប់ៗគ្នា ដោយប៉ូលីសបានប្រើកាណុងបាញ់ទឹកនៅតាមទីក្រុងជាច្រើន និងបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅរដ្ឋធានីណៃពីដោ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅទីក្រុងមិនដាឡេ ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ ដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មេដឹកនាំផ្តាច់ការយោធាបានវាយឆ្មក់ និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ៩.៣០យប់ ។ សេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្ស NLD មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ៕ ប្រភព៖ AP
-
មនុស្សប្រមាណ១០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងអភិបាលក្រុងមិនដាឡេ ខណៈប៉ូលិសមីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបបាតុកម្មក្នុងប្រទេស

មីយ៉ាន់ម៉ា៖ ប៉ូលិសមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់ ហើយបានបាញ់គ្រាប់កាំភ្លើងពិត និងអាវុធគ្រប់គ្រងកុបកម្មដាក់អ្នកដទៃ ហើយជាលទ្ធផលនោះ មានមនុស្សមួយចំនួនរងរបួសធ្ងន់ ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅថ្ងៃនោះ រួមមានអភិបាលក្រុងមិនដាឡេ លោក យូ យី ល្វីន ដែលជាឥស្សរជនដ៏គួរឲ្យគោរពម្នាក់នៃទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ាមួយនេះ ។ ប្រភពបានអោយដឹងថា អភិបាលក្រុងរូបនេះត្រូវបានចាប់ខ្លួនដោយភ្នាក់ងារអនុវត្តច្បាប់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ខណៈមូលហេតុនៃការចាប់ខ្លួនគាត់ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ។ សូមជម្រាបថា មនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងអំឡុងបាតុកម្មនៅទីក្រុងមិនដាឡេ ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយយោធា បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក និង ដាក់បម្រាមគោចរ ព្រមទាំងហាមឃាត់មិនអោយមានការប្រមូលផ្តុំមនុស្សចាប់ពី០៥នាក់ ឬច្រើនជាងនេះ ៕ ប្រភព៖ Myanmar Times