-
គ្រឿងយន្តអវកាស Al-Amal របស់អេមីរ៉ាត់អារ៉ាប់រួម ទទួលជោគជ័យក្នុងការបញ្ជាចូលក្នុងគន្លងគោចរភពព្រះអង្គារ

អេមីរ៉ាត់អារ៉ាប់រួម៖ ទីបំផុតគ្រឿងយន្តអវកាស អាល់អាម៉ល របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានទទួលជោគជ័យ ក្នុងជ្រៀតចូលគន្លងគោចរនៅជុំវិញភពអង្គារ ដែលស្ថិតនៅក្នុងរយៈកម្ពស់ជាង៥០០គីឡូម៉ែត្រពីផ្ទៃភពក្រហមមួយនេះ ។ ភាពជោគជ័យរបស់គ្រឿងយន្តអវកាស អាល់អាម៉ល ពេលនេះ បានធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥នៅលើពិភពលោក ដែលមានគ្រឿងយន្តហោះទៅក្នុងគន្លងគោរជុំវិញភពអង្គារ និងជាការអបអរគម្រប់ខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រជាជាតិអារ៉ាប់មួយនេះផងដែរ ។ យ៉ាងណាមិញ អេមីរ៉ាត់អារ៉ាប់រួមត្រូវការពេលប្រមាណ០២សប្តាហ៍ទៀត ដើម្បីត្រួតពិនិត្យមើលឧបករណ៍គ្រប់យ៉ាង នៅលើផ្កាយរណប អាល់អាម៉ល ថាតើវានៅដំណើរការដែរឬយ៉ាងណា ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចប្រក្រតី នោះ ផ្កាយរណប អាល់អាម៉ល នឹងចំណាយពេល៦៨៧ថ្ងៃ (រយៈពេលលើផែនដី) ដែលស្មើនឹងរយៈពេលមួយឆ្នាំនៅភពអង្គារ ដើម្បីសិក្សាស្វែងយល់បែបស៊ីជម្រៅ អំពីស្រទាប់បរិយាកាស និងអាកាសធាតុរបស់ភពនេះ ៕ ប្រភព៖ Reuters
-
មេដឹកនាំកំពូលគណបក្សកុម្មុយនិស្តចិន-វៀតណាមជួបសន្ទនាតាមទូរស័ព្ទ

លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម។ កាលពីថ្ងៃទី៨ ខែកុម្ភៈ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម។លោកស៊ីជីនភីងបានសម្តែងការជូនពរម្តងទៀតចំពោះ លោកNguyễn Phú Trọngដែលបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមមួយអាណត្តិទៀត ។លោកស៊ីជីនភីងបានថ្លែងថា សមាជបក្សកុម្មុយនិស្តវៀតណាមលើកទី១៣បានបើកធ្វើដោយជោគជ័យនិងបានកំណត់ទិសដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីដែលប្រកបដោយអត្ថន័យដ៏សំខាន់ក្នុងដំណើរអភិវឌ្ឍន៍នៃបុព្វហេតុបក្សនិងជាតិរបស់វៀតណាម។ លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា ប្រទេសចិននិងវៀតណាមគឺជាសហគមន៍រួមវាសនាដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងវៀតណាមគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់បក្សទាំងពីរ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ដែលមានអំណោយផលដល់ភាពរុងរឿងនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយម ក៏ដូចជាមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកក៏ដូចជាជំរុញការអភិវឌ្ឍនិងវិបុលភាពរួមផងដែរ។ ប្រទេសចិនមានឆន្ទៈពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តនិងបង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមកជាមួយប្រទេសវៀតណាម ដើម្បីជំរុញការដឹកនាំផ្នែកនយោបាយនិងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនិងជំរុញទំនាក់ទំនងចិន – វៀតណាមឱ្យវិវឌ្ឍន៍រីកចម្រើនទៅមុខប្រកបដោយស្ថិរភាពនិងយូរអង្វែង។
-
ភូមាផ្តើមបាញ់កាំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែក បង្ក្រាបបាតុករហើយ

អាជ្ញាធរមីយ៉ាន់ម៉ាបានឈានដល់ការបាញ់កាំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករនៅរដ្ឋធានីណៃពីដោហើយ នៅថ្ងៃអង្គារ៍ទី៩ កុម្ភៈនេះ ខណៈដែលក្រុមសកម្មជនបានបន្តធ្វើបាតុកម្មទូទាំងប្រទេស ជំទាស់នឹងបំរាមជួបជុំរបស់ពួកយោធា។ សកម្មភាពបាតុកម្មបានផ្ទុះឡើង៤ថ្ងៃជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុនដែលបានបណ្តេញលោកស្រីអ៊ួង សានស៊ូជី ចេញពីតំណែង ជាការធ្វើបាតុកម្ម បើទោះបីជាមានការព្រមានពីក្រុមយោធាថ្មីដែលនឹងចាត់វិធានការប្រឆាំងនឹងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាពជាតិ។ ការសម្រេចបាញ់កាំភ្លើងកៅស៊ូនិងឧស្ម័នបង្ហៀរទឹកភ្នែកនេះបានធ្វើឡើង ក្រោយ១ថ្ងៃដែលពួកយោធាបានប្រើប្រាស់ត្រឹមកាំភ្លើងបាញ់ទឹកបង្ក្រាបបាតុករ ដោយពេលនោះ បាតុករបានរងរបួសខ្លះៗដែរ៕ ប្រភពពី CNA
-
ថៃនឹងទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លានម្ជុល ត្រឹមចុងខែមេសា

ប្រទេសថៃនឹងទទួលវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ចំនួន២លានដូស (ម្ជុល) នៅត្រឹមចុងខែមេសា ២០២១ ដោយចាប់ផ្តើមទទួលពី២០ម៉ឺនដូស ក្នុងខែកុម្ភៈនេះ នេះបើតាមលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បញ្ជាក់នាថ្ងៃទី៩ កុម្ភៈ នេះ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រាយុទ្ធនិយាយថា វ៉ាក់សាំង២០ម៉ឺនដូស ដំបូងនឹងមកដល់ចុងខែកុម្ភៈនេះ ហើយ៨០ម៉ឺនដូសទៀត នឹងមកដល់នាខែក្រោយ។ រីឯ១លានដូសទៀតនឹងមកដល់នៅខែមេសា ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបញ្ជាក់ពីប្រភពវ៉ាក់សាំងពីខាងណាទេ៕
-
ការធ្វើតេស្តរក Covid-19 នៅមីយ៉ាន់ម៉ាត្រូវជាប់គាំង បន្ទាប់ពីមានរដ្ឋប្រហារយោធា

មីយ៉ាន់ម៉ា៖ ការធ្វើតេស្តរកជំងឺ Covid-19 ក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងជាប់គាំង បន្ទាប់ពីរដ្ឋប្រហារយោធាបានជំរុញអោយមានយុទ្ធនាការ នៃការមិនគោរពច្បាប់ស៊ីវិល ដែលដឹកនាំដោយក្រុមវេជ្ជបណ្ឌិត និងការធ្វើបាតុកម្មដ៏ក្តៅគគុកទូទាំងប្រទេស ដោយមិនខ្វល់ពីការឆ្លងរាតត្បាតជាសកលនៃវីរុសដ៏កាចសាហាវមួយនេះ ។ ចំនួននៃការធ្វើតេស្តប្រចាំថ្ងៃដែលត្រូវបានរាយការណ៍នៅល្ងាចថ្ងៃ ច័ន្ទ ម្សិលមិញនេះ មានចំនួន១ពាន់៩៨៧ ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ បើធៀបទៅនឹងចំនួន៩ពាន់កាលពីសប្តាហ៍មុន និង ជាមធ្យមជាង១ម៉ឺន៧ពាន់ក្នុងមួយថ្ងៃនៅក្នុងមួយសប្តាហ៍ មុនរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈកន្លងមកនេះ ។ ចំនួនករណីដែលត្រូវបានរកឃើញកាលពីថ្ងៃចន្ទម្សិលមិញនេះ គឺមានតែ០៤ករណីប៉ុណ្ណោះ បើធៀបជាមធ្យម៤២០ករណីក្នុងមួយថ្ងៃនៅក្នុងសប្តាហ៍ចុងក្រោយនៃខែមករា កន្លងទៅ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនធ្វើអត្ថាធិប្បាយ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទម្សិលមិញ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានអំពាវនាវដល់បុគ្គលិកសុខាភិបាល ឲ្យ ជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានចាប់ផ្តើមកាលពីចុងខែមុន ។ ក្រសួងបានបញ្ជាក់ដូច្នេះថា សមាជិកបុគ្គលិកទាំងអស់ត្រូវបានជំរុញឱ្យវិលត្រឡប់ទៅបំពេញភារកិច្ចរបស់ខ្លួនវិញ ដោយយកសុខុមាលភាពរបស់អ្នកជំងឺមកពិចារណា ៕ ប្រភព៖ Reuters
-
ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ គ្រោងបើកកិច្ចប្រជុំពិសេសមួយ ស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិនឹងរៀបចំសម័យប្រជុំពិសេសមួយនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងគោលបំណងបើកកិច្ចពិភាក្សាស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំស៊ីវិលជាប់ឆ្នោតប្រទេសនេះគឺលោកស្រី អោងសាន ស៊ូជី ត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធា ។ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ អង់គ្លេស និងសហភាពអឺរ៉ុបបានស្នើអោយរៀបចំកិច្ចប្រជុំពិសេសខាងលើនេះ នៅថ្ងៃចន្ទម្សិលមិញ ដោយមានការគាំទ្រពីសមាជិកចំនួន១៩ ក្នុងចំណោមសមាជិកទាំង ៤៧ ដែលភាគច្រើនគឺជាប្រទេសលោកខាងលិច ហើយជប៉ុន និងកូរ៉េខាងត្បូងក៏នឹងចូលរួមផងដែរ ។ សូមជម្រាបថា កិច្ចប្រជុំពិសេសខាងលើនេះ គ្រោងរៀបចំឡើងស្របពេលដែលយោធាមីយ៉ាន់ម៉ាបានចេញសារព្រមានមួយ អំពីការប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឃាំង ៕ ប្រភព៖ Reuters
-
យោធាមីយ៉ាន់ម៉ាប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកផ្នែកខ្លះនៃប្រទេស ខណៈបាតុកម្មកាន់តែដាក់សម្ពាធខ្លាំងលើមេដឹកនាំរដ្ឋប្រហារ

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុង មិនដាឡេ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាធ្វើ បាតុកម្មតវ៉ានៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារយោធា ។ ស្ថាប័នរដ្ឋបាលទូទៅបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់អាជ្ញាសឹកនេះ នឹងគ្របដណ្ដប់លើក្រុងចំនួន០៧ក្នុងទីក្រុងមិនដាឡេ ដោយហាមឃាត់ការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស០៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង០៨យប់ ដល់ម៉ោង០៤ព្រឹក ខណៈច្បាប់អាជ្ញាសឹកស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅក្នុងក្រុងមួយនៃតំបន់ អាយ៉េយ៉ាវ៉ាដឌី ផងដែរ ។ ទន្ទឹមគ្នា យោធាមីយ៉ាន់ម៉ាក៏បានចេញសារព្រមានមួយផងដែរ ពីការប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឃាំង ៕ ប្រភព៖ AP
-
មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យារៀបចំការបោះឆ្នោតថ្មីមួយដោយសេរី និងយុត្តិធម៌ ដើម្បីផ្ទេរអំណាចទៅអោយគណបក្សដែលឈ្នះ

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទម្សិលមិញ បានស្នើអោយសាធារណជនផ្តល់អាទិភាពលើអង្គហេតុជាជាងអារម្មណ៍ និងថា ការបោះឆ្នោតថ្មីមួយនឹងត្រូវប្រព្រឹត្តិទៅដោយសេរីនៅពេលឆាប់ៗនេះ ហើយអំណាចនឹងត្រូវប្រគល់ទៅឲ្យគណបក្សដែលឈ្នះ ខណៈបាតុកម្មប្រឆាំងរដ្ឋប្រហារកំពុងពុះកញ្ជ្រោលទូទាំងប្រទេស ។ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក ចាប់តាំងពីរដ្ឋប្រហារមួយសប្តាហ៍មុន នាយឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីសមរម្យនឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស នឹងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្តឲ្យមកវិនិយោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ជាថ្មីថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេមើលរំលង ហើយលោកគូសបញ្ជាក់ថា គ្មានអង្គការណាមួយ អាចនៅខាងលើច្បាប់ឡើយ។ ទោះជាយ៉ាងណា លោកមិនបានរំលឹកអំពីលោកស្រីអ៊ុងសាន ស៊ូជី ទេ ៕ ប្រភព៖ Reuters
-
អាជ្ញាធរវៀតណាមសម្លាប់មាន់ទាជាង១០ម៉ឺនក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី

វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្លាប់មាន់ទាជាង១០ម៉ឺនក្បាលនៅក្នុងឆ្នាំនេះ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុស H5N1 និង H5N6 នៅទីតាំងចំនួន១៤ផ្សេងគ្នា ។ បើតាមនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ការផ្ទុះជំងឺផ្តាសាយបក្សីនេះ បានកើតឡើងកាលពីដើមខែមុន ភាគច្រើននៅក្នុងកសិដ្ឋានខ្នាតតូច ជាទីដែលសត្វចិញ្ចឹមមិនត្រូវបានចាក់វ៉ាក់សាំង ។ នាយកដ្ឋាននេះបន្ថែមថា លទ្ធភាពនៃការឆ្លងរាលដាលជំងឺនេះខ្ពស់ណាស់ និងបានណែនាំប្រជាជនកុំអោយបរិភោគសាច់មាន់ទាមិនស្គាល់ប្រភព ហើយក្នុងដំណាក់កាលនេះ ស្នើសុំកុំធ្វើអាហារប្រើឈាមទាឆៅ ដែលជាអាហារពិសេសរបស់ប្រជាជនវៀតណាម ។ គួរបញ្ជាក់ថា វីរុសផ្តាសាយបក្សី H5N6 និង H5N1នេះ អាចចម្លងពីសត្វស្លាបមកមនុស្ស តាមរយៈប៉ះពាល់លាមក ឬ សារធាតុរាវក្នុងខ្លួនវា និងអាចអោយមនុស្សស្លាប់បាន ។ វៀតណាមមានមាន់ទាប្រមាណ៤៦០លានក្បាល ដោយកាលពីឆ្នាំ២០១៩ បានសម្លាប់ចោលប្រមាណ១៣ម៉ឺន៣ពាន់ក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សី ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៧លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៧៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៤ពាន់៤៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៣ម៉ឺន៦ពាន់២៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៨លាន៨៤ម៉ឺន៨ពាន់៩៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៧០ម៉ឺន៦២៩នាក់ ស្លាប់ចំនួន៤៧ម៉ឺន៦ពាន់៤០៥នាក់ និងជាសះស្បើយចំនួន១៧លាន៥១ម៉ឺន២ពាន់៥៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៤ម៉ឺន៧ពាន់៧៩០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់១៩៥នាក់ និងជាសះស្បើយ១០លាន៥៤ម៉ឺន៦ពាន់៩០៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៥៥ម៉ឺន៣០១នាក់ ស្លាប់២៣ម៉ឺន២ពាន់២៤៨នាក់ និងជាសះស្បើយ៨លាន៤៤ម៉ឺន៧ពាន់៦៤៥នាក់ ៕ ប្រភព៖ worldometers