-
ឡាវទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន ជាដំណាក់កាលដំបូង

វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាជំនួយរបស់ប្រទេសចិន កញ្ចប់ដំបូង ត្រូវបានបញ្ជូនទៅដល់ប្រទេសឡាវ នាវេលាម៉ោង១រំលងអាធ្រាតឈាងចូលថ្ងៃទី៨ កុម្ភៈ ២០២១នេះ ជាវ៉ាក់សាំង Sinopharm នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ រដ្ឋមន្ត្រីសុខាភិបាលឡាវ Bounkong Syhavong ដែលបានមកទទួលវ៉ាក់សាំងនៅចំណតអាកាសយានដ្ឋានក្នុងរដ្ឋធានី វៀងចន្ទ បានមានប្រសាសន៍សម្តែងនូវការដឹងគុណចំពោះការជួយពីរដ្ឋាភិបាលនិងប្រជាជនចិន លើកកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ហើយលោកជឿជាក់ថា វ៉ាក់សាំងចិននេះមានគុណភាពខ្ពស់និងប្រសិទ្ធិភាព ដែលនឹងជួយការពារដល់មន្ត្រីសាធារណៈនិងបុគ្គលិកសុខាភិបាលជួរមុខ។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ Jiang Zaidong សង្ឃឹមថា វ៉ាក់សាំងចិននឹងជួយឡាវទប់ស្កាត់ជំងឺកូវីដ១៩ ការពារអាយុជីវិត និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាក៏ដោយ ស៊ីនហួរមិនបានបញ្ជាក់លម្អិតពីចំនួនវ៉ាក់សាំងប៉ុន្មានដូស ក្នុងដំណាក់ដំបូងនេះទេ៕
-
លោក ចូ បៃដិន អះអាងថា លោកមិនចង់អោយលោក ដូណាល់ ត្រាំ បន្តទទួលបានព័ត៌មានសំងាត់ទេ

អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនគួរត្រូវបានអនុញ្ញាតឱ្យទទួលបានការជូនដំណឹងលំអិតអំពីព័ត៌ មានសំងាត់ណាមួយនោះទេ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ខ្ញុំគ្រាន់តែគិតថា វាមិនមានភាពចាំបាច់ណាមួយ ដែលគាត់ (លោក ត្រាំ) ត្រូវទទួលបានព័ត៌មានសំងាត់ពិស្ដារនោះទេ… តើវាមានតម្លៃអ្វីទៅដែលត្រូវអោយគាត់ទទួលបានព័ត៌មានទាំងនោះ ។ ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី នៅដើមសប្តាហ៍នេះបាននិយាយថា បញ្ហានៃការផ្តល់ជូនដំណឹងពីព័ត៌មានសំងាត់ពិស្តារដល់លោក ដូណាល់ ត្រាំ គឺជារឿងបាននិងកំពុងស្ថិតក្រោមការពិចារណានៅឡើយ ។ សូមជម្រាបថា ការជូនដំណឹងពីព័ត៌មានសំងាត់ពិស្ដារដល់អតីតប្រធានាធិបតី គឺជាប្រពៃណីមួយនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែការសម្រេចថាតើត្រូវផ្ដល់ព័ត៌មានសំងាត់ដល់អតីតប្រធានាធិបតីណាមួយ គឺជាសិទ្ធិផ្ដាច់មុខនៃរដ្ឋាភិបាលកំពុងកាន់អំណាច ៕ ប្រភព៖ AP
-
យោធាមីយ៉ាន់ម៉ាបញ្ជាអោយបិទ Twitter និង Instagram ទៀត ក្រោយទើបបញ្ជាអោយបិទ Facebook

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានបង្កើនការទប់ស្កាត់នៅលើប្រព័ន្ធអ៊ីនធើណិតរបស់ខ្លួន តាមរយៈការដាក់ចេញនូវបទបញ្ជាអោយបិទបណ្តាញសង្គម Twitter និង Instagram មួយថ្ងៃបន្ទាប់ពីយោធាឡើងគ្រប់គ្រងអំណាចក្រោយរដ្ឋប្រហារ ។ បើតាមក្រុមហ៊ុនទូរគមនាគមន៍ន័រវែស Telenor យោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ បានបញ្ជាឱ្យប្រតិបត្តិករទូរស័ព្ទចល័ត និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតទាំងអស់បិទការចូលប្រើប្រាស់ Twitter និង Instagram នៅក្នុងប្រទេសរហូតដល់មានការជូនដំណឹងបន្ថែម ។ ជាមួយគ្នានេះ ក្រុមហ៊ុន Telenor បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការណែនាំនេះ ហើយនិយាយថា ខ្លួនបានជំទាស់នឹងការបិទបណ្តាញសង្គមជាមួយអាជ្ញាធរ ។ អ្នកនាំពាក្យរបស់ Facebook ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែរថា យើងជំរុញឱ្យអាជ្ញាធរស្តារការតភ្ជាប់អ៊ីនធើណិតឡើងវិញ ដើម្បីឱ្យប្រជាជននៅមីយ៉ាន់ម៉ាអាចធ្វើទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ ជាពិសេសការទទួលបានព័ត៌មានសំខាន់ៗ ។ គួរបញ្ជាក់ថា ចាប់តាំងពីការបិទ Facebook មនុស្សរាប់ម៉ឺននាក់នៅមីយ៉ាន់ម៉ាបានប្រមូលផ្តុំគ្នានៅលើបណ្តាញសង្គម Twitter និង Instagram ដើម្បីសម្តែងការប្រឆាំងជំទាស់នឹងការកាន់កាប់អំណាចរបស់យោធាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ និងការបណ្តេញ ក៏ដូចជាការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ រួមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ៕ ប្រភព៖ CNN
-
មន្រ្តីគណបក្ស NLD បញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី មានសុខភាពល្អធម្មតា បន្ទាប់ពីយោធាចាប់ឃុំខ្លួនក្នុងរដ្ឋប្រហារ

មីយ៉ាន់ម៉ា៖ មន្រ្តីព័ត៌មាននៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោក ខ្យី ថូ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា បច្ចុប្បន្នលោកស្រី អ៊ុងសាន ស៊ូជី មានសុខភាពល្អធម្មតាទេ បន្ទាប់ពីត្រូវបានចាប់ឃុំឃាំងនៅឯគេហដ្ឋានរបស់លោកស្រី នៅពេលដែលយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បើតាមមន្រ្តីដដែលនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ និងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សាន ស៊ូជី ដែលកំពុងជាប់ឃាំងក្នុងផ្ទះនោះ នៅមានសុខភាពល្អធម្មតាទេ ។ ក្រោយរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ យោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលលោកស្រី ដោយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំទៀតផង ។ បើតាមយោធាមីយ៉ាន់ម៉ា លោកស្រី ស៊ូជី កំពុងប្រឈមមុខនឹងបទចោទប្រកាន់ពីបទកាន់កាប់វិទ្យុទាក់ទង ឬអាយកូមខុសច្បាប់ ហើយបទចោទនេះ អាចឱ្យលោកស្រីជាប់ពន្ធនាគារ០៣ឆ្នាំ ប្រសិនបើត្រូវបានគេកាត់ទោសមែននោះ ៕ ប្រភព៖ Retuers
-
គណបក្សចំនួន ២៣ ក្នុងប្រទេសមីយ៉ាន់ម៉ាយល់ព្រមសហការជាមួយយោធា

មីយ៉ាន់ម៉ា៖ គណបក្សនយោបាយចំនួន ២៣ ក្នុងនោះរួមមានទាំងគណបក្សអភិវឌ្ឍសាមគី្គភាពសហភាព (USDP) នឹងផ្តល់កិច្ចសហការជាមួយការិយាល័យអគ្គមេបញ្ជាការនៃក្រសួងការពារជាតិមីយ៉ាន់ម៉ា ។ គណបក្សទាំង២៣ គឺស្ថិតក្នុងចំណោមគណបក្សទាំង៣៤ ដែលបានជួបជាមួយអគ្គមេបញ្ជាការនៅទីក្រុង ណៃពិដោ មុនការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ ។ សេចក្តីថ្លែងការណ៍របស់គណបក្សទាំង២៣ខាងលើនេះបានបញ្ជាក់ថា ពួកគេនឹងសហការជាមួយកងទ័ព ហើយថា ការប្រគល់ភារកិច្ចដែលត្រូវបានធ្វើឡើងដោយលោកអគ្គមេបញ្ជាការ មីន អោង ហ្លេង នៅក្រោមសេចក្តីជូនដំណឹងលេខ ១/២០២១ គឺអនុលោមតាមរដ្ឋធម្មនុញ្ញ ។ សូមជម្រាបថា ក្រោយរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ យោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលលោកស្រី ដោយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំទៀតផង ៕ ប្រភព៖ Myanmar Times
-
ទោះគ្មានឆ្លងសោះ! កូរ៉េខាងជើងនឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជិត២លានដូស

កូរ៉េខាងជើងបានស្នើសុំវ៉ាក់សាំងកូវីដ១៩ ហើយរំពឹងថា នឹងទទួលបានជិត២លានដូស ជាវ៉ាក់សាំងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca-Oxford យ៉ាងយូរត្រឹមពាក់កណ្តាលឆ្នាំ២០២១ នេះបើតាមការបញ្ជាក់របស់កម្មវិធីចែករំលែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ របាយការណ៍របស់កម្មវិធី COVAX បានឲ្យដឹង កាលពីថ្ងៃទី៣ កុម្ភៈថា នឹងចែកចាយវ៉ាក់សាំង១.៩៩លានម្ជុលផលិតដោយវិទ្យាស្ថានឥណ្ឌា Serum Institute of India ឲ្យកូរ៉េខាងជើង។ កម្មវិធី COVAX ដែលធានាការផ្តល់វ៉ាក់សាំងកូវីដ១៩ដល់បណ្តាប្រទេសក្រីក្រនោះ ត្រូវបានសហការដឹកនាំដោយសម្ពន្ធ GAVI នៃអង្គការសុខភាពពិភពលោក (WHO), សម្ពន្ធភាពដើម្បីនវានុវត្តន៍ប្រុងប្រៀបលើជំងឺរាត្បាត និង មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ។ នេះគឺជាការអះអាងផ្លូវការលើកដំបូងហើយ ដែលថាកូរ៉េខាងជើងបានស្នើឲ្យអន្តរជាតិជួយ ជាមួយនឹងប្រព័ន្ធវេជ្ជសាស្ត្រប្រទេសនេះខ្វះខាតពិបាកនឹងទប់ទល់បើមានការឆ្លងទ្រង់ទ្រាយធំនោះ។ កូរ៉េខាងជើងបានបិទព្រំដែន តាំងពីចុងខែមករា ២០២០ ជាប្រទេសដំបូងគេដែលបានធ្វើរឿងនេះ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ មកទល់ពេលនេះ កូរ៉េខាងជើងប្រកាសថាខ្លួនគ្មានឆ្លង សូម្បី១ករណី៕
-
ថៃបន្តរកឃើញឆ្លងកូវីដ១៩ ជិត៦០០នាក់ទៀត ថ្ងៃសុក្រនេះ

នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨៦ ករណី ដោយក្នុងនោះ មានការចម្លងក្នុងសហគមន៍ចំនួន ៥៧៣ ករណី និងករណីនាំចូលចំនួន ១៣ ករណី។ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 ថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មានករណីចំនួន ៥២៦ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅតាមសហគមន៍ និងមាន ៤៧ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅមន្ទីរពេទ្យ។ គិតត្រឹមថ្ងៃនេះ ថៃមានករណី COVID-19 សរុបទាំងអស់ ២២៦៤៤ ករណី ខណៈដែលការឆ្លងក្នុងសហគមន៍ គឺភាគច្រើន ត្រូវបានរកឃើញនៅខេត្តសាមុត សាខន ដែលពីដំបូងៗវាផ្ទុះឡើងនៅក្នុងផ្សារបង្គាមួយកន្លែង៕
-
លោក ដូណាល់ ត្រាំ ច្រានចោលសំណើអោយខ្លួនចូលរួមផ្តល់សក្ខីកម្មនៅក្នុងព្រឹទ្ធសភាអាមេរិកនាសប្តាហ៍ក្រោយនេះ

អាមេរិក៖ ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើរបស់ក្រុមអ្នកប្រជាធិបតេយ្យ ដែលស្នើអោយអតីតប្រធានាធិបតីអាមេរិករូបនេះ ចូលរួមផ្តល់សក្ខីកម្មនៅក្នុងសវនាការជំនុំជម្រះ ទាក់ទិននឹងការចោទប្រកាន់លើរូបលោកនៅឯព្រឹទ្ធសភាអាមេរិកនាសប្តាហ៍ក្រោយនេះ ។ ទីប្រឹក្សាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ គឺលោក ចេសុន មីល្លឺ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតីនឹងមិនចូលរួមផ្តល់សក្ខីកម្មនៅក្នុងនីតិវិធី ដែលមិនស្របទៅតាមរដ្ឋធម្មនុញ្ញនោះទេ ។ ដោយឡែក នៅក្នុងលិខិតចំហមួយ មេធាវីរបស់លោក ត្រាំ គឺលោក ព្រូស ខាស្តឺ និងលោក ដេវីដ ឆូន ក៏បានហៅសំណើរនេះដែរថា ជាការទាក់ទាញយកចំណាប់អារម្មណ៍ ។ សូមជម្រាបថា ក្រុមអ្នកប្រជាធិបតេយ្យបានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទញុះញង់អោយមានការវាយលុកចូលវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដោយក្រុមកុបករគាំទ្រលោក ហើយជាលទ្ធផលនោះ មានមនុស្ស០៥នាក់បាត់បង់ជីវិត ៕ ប្រភព៖ Reuters
-
យោធាមីយ៉ាន់ម៉ាដាក់ឱសានវាទរយៈពេល២៤ម៉ោងអោយសមាជិកសភារបស់លោកស្រី ស៊ូជី ចាកចេញពីទីស្នាក់ការសភា

មីយ៉ាន់ម៉ា៖ សមាជិកសភាមីយ៉ាន់ម៉ារបស់លោកស្រី អ៊ុងសាន ស៊ូជី បានជាប់គាំងនៅក្នុងទីស្នាក់ការមួយនៅក្នុងរដ្ឋបាលនៃរដ្ឋធានីណៃពិដោ នៅពេលដែលកងកម្លាំងយោធាបានឡើងកាន់អំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមកនោះ ត្រូវបានផ្តល់ឱសានវាទអោយចាកចេញពីកន្លែងនេះ ក្នុងរយៈពេល២៤ ម៉ោង ។ សមាជិកសភាដែលបានជាប់ឆ្នោតថ្មី និងក្រុមគ្រួសាររបស់ពួកគេបានស្នាក់នៅផ្ទះសំណាក់ Sibin ដើម្បីចូលរួមកិច្ចប្រជុំសភាថ្មីនៅថ្ងៃទី០១ ខែកុម្ភៈ ពោលគឺនៅពេលយោធាចាប់ផ្តើមដណ្តើមអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី រួមជាមួយនឹងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យ (NLD) ។ ប្រភពបានអោយដឹងថា បទបញ្ជាអោយចាកចេញពីទីស្នាក់ការសភាខាងលើនេះ ធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងកិច្ចការព្រំដែន និងបានបញ្ជាក់ថា សមាជិកសភាជាច្រើនបានចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីត្រៀមវិលត្រឡប់ទៅផ្ទះវិញ ហើយនេះគឺជាការបង្ខំមួយ ។ បទបញ្ជានេះបាននិយាយថា ប្រសិនបើពួកគេមិនចាកចេញពីកន្លែងនោះក្នុងរយៈពេល២៤ម៉ោងទេ ពួកគេនឹងត្រូវនាំទៅផ្ទះរបស់ពួកគេវិញដោយបង្ខំក្នុងរថយន្តយោធា ៕ ប្រភព៖ Myanmar Times
-
លោក Jeff Bezos សម្រេចចិត្តលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ដើម្បីទុកពេលផ្តោតសំខាន់លើការងារធំៗជាច្រើនទៀត

អាមេរិក៖ លោក ចេហ្វ បេហ្សូស សម្រេចចិត្តលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ដែលលោកផ្ទាល់ជាអ្នកបង្កើតកាលពីជាង២៧ឆ្នាំមុន ។ ការលាលែងពីតំណែងរបស់លោក ចេហ្វ បេហ្សូស នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ខណៈលោក អ៊ែនឌី ចាសស៊ី ដែលបច្ចុប្បន្នជានាយប្រតិបត្តិផ្នែកសេវាកម្មវែបសាយរបស់ Amazon នឹងត្រូវឡើងមកកាន់មុខតំណែងនេះជំនួសវិញ ។ បើតាមសេចក្ដីថ្លែងការណ៍មួយផ្ញើជូនបុគ្គលិកក្រុមហ៊ុន Amazon កំពូលមហាសេដ្ឋីអាមេរិករូបនេះ មិនបានបញ្ជាក់ពីហេតុផលលម្អិតចំពោះការសម្រេចចិត្តបែបនេះរបស់លោកនោះទេ ដោយគ្រាន់តែនិយាយថា ការលាឈប់នេះ នឹងផ្ដល់ពេលវេលា និងថាមពលដែលត្រូវការ ដើម្បីផ្ដោតជាសំខាន់លើការងារពាក់ព័ន្ធនឹងមូលនិធិ Day 1 Fund, បេហ្សូស Earth Fund, ក្រុមហ៊ុន Blue Origin និងរឿងដទៃៗទៀតដែលលោកចង់ធ្វើ ៕ ប្រភព៖ Reuters