-
លោក ចូ បៃដិន មានផែនការទទួលយកជនភៀសខ្លួនបន្ថែម ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានរារាំងគំរោងនេះអស់ជាច្រើនឆ្នាំ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីកសាងសមត្ថភាពរបស់ប្រទេសខ្លួន ក្នុងការត្រៀមទទួលយកជនភៀសខ្លួន នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បញ្ជាក់ក្នុងពេលធ្វើសន្និសីទកាសែតនៅសេតវិមាន ។ កន្លងមក លោក ចូ បៃដិន បានសន្យាស្តារតួនាទីជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមួយដែលស្វាគមន៍ជនភៀសខ្លួនមកពីជុំវិញពិភពលោក បន្ទាប់ពីការរារាំងមិនអោយចូលរយៈពេល០៤ឆ្នាំ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ចាប់តាំងពីចូលកាន់តំណែងកាលពី២សប្តាហ៍មុន លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន០៩ ដែលមានគោលបំណងដើម្បីលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក ត្រាំ ។ ទន្ទឹមគ្នា លោក បៃដិន បានលុបចោលបម្រាមធ្វើដំណើរលើជនមូស្លីម បញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិចស៊ីកូ និងការពារកម្មវិធីផ្តល់ឋានៈដល់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលមកដល់សហរដ្ឋអាមេរិកក្នុងនាមជាកុមារ ហៅកាត់ DACA ផងដែរ ៕ ប្រភព៖ Aljazeera
-
លោក ចូ បៃដិន ជំរុញអោយយោធាមីយ៉ាន់ម៉ាលះបង់អំណាច និងទាមទារអោយដោះលែងមេដឹកនាំស៊ីវិលដែលត្រូវចាប់ខ្លួនក្នុងរដ្ឋប្រហារ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់លោកអគ្គមេបញ្ជាការមីយ៉ាន់ម៉ាអោយលះបង់អំណាច ហើយទាមទារឲ្យពួកគេដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនក្នុងរដ្ឋប្រហារនៅសប្តាហ៍នេះ ខណៈរដ្ឋបាលរបស់លោកនិយាយថា ខ្លួនកំពុងពិចារណាលើទណ្ឌកម្ម ។ នៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់លើកដំបូង ក្នុងនាមជាប្រធានាធិបតីអាមេរិក លោក បៃដិន បញ្ជាក់ថា គ្មានអ្វីត្រូវសង្ស័យទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរព្យាយាមបំផ្លាញឆន្ទៈរបស់ប្រជាជន ឬការប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោតដែលគួរឲ្យទុកចិត្តបានឡើយ ។ លោក បៃដិន បានសង្កត់ធ្ងន់ថា យោធាមីយ៉ាន់ម៉ាគួរតែលះបង់អំណាចដែលពួកគេបានកាន់កាប់ ហើយដោះលែងអ្នកតស៊ូមតិ និងសកម្មជន ព្រមទាំងមន្រ្តីដែលពួកគេឃុំខ្លួន និងដកការរឹតត្បិតក្នុងវិស័យទូរគមនាគមន៍ ហើយចៀសវាងអំពើហិង្សា ។ សូមជម្រាបថា ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន បានកើតមានឡើងស្របពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Jake Sullivan បាននិយាយថា សេតវិមានកំពុងពិនិត្យមើលការដាក់ទណ្ឌកម្ម ដែលមានគោលដៅជាក់លាក់ទាំងទៅលើបុគ្គល និងអង្គភាពដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទណ្ឌកម្មទាំងនោះទេ ៕ ប្រភព៖ AFP
-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវអោយយោធាដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់ ប៉ុន្តែមិនបានថ្កោលទោសការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាទេ

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការដោះលែងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធាជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមិនបានថ្កោលទោសការធ្វើរដ្ឋប្រហារនៅសប្តាហ៍នេះទេ ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវឯកភាពដោយការមូលមតិគ្នានៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីគាំទ្រស្ថាប័ន និងដំណើរការលទ្ធិប្រជាធិបតេយ្យនានា, ចៀសវាងពីអំពើហិង្សា និងការគោរពសិទ្ធិមនុស្ស, សេរីភាពជាមូលដ្ឋាន និងនីតិរដ្ឋ ។ សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសានស៊ូជី អាយុ៧៥ឆ្នាំមិនត្រូវបានគេមើលឃើញទេ ចាប់តាំងពីលោកស្រីត្រូវបានចាប់ខ្លួនក្នុងរដ្ឋប្រហារកាលពីដើមសប្តាហ៍នេះ ។ មិនតែប៉ុណ្ណោះ ប៉ូលិសមីយ៉ាន់ម៉ាបានប្តឹងចោទប្រកាន់លោកស្រីពីបទនាំចូលដោយខុសច្បាប់ និង ប្រើប្រាស់វិទ្យុទាក់ទងចំនួន០៦គ្រឿងដែលរកឃើញនៅក្នុងផ្ទះរបស់លោកស្រី ដែលអាចឲ្យលោកស្រីជាប់ពន្ធនាគារថែមទៀតផង ៕ ប្រភព៖ CNA
-
មនុស្សជំនិតម្នាក់របស់លោកស្រី ស៊ូជី ត្រូវបានចាប់ខ្លួន ដែលធ្វើអោយអ្នកទោសនយោបាយសរុប១៤៧នាក់ហើយត្រូវចាប់ខ្លួន ក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ថ្នាក់ដឹកនាំម្នាក់ទៀតនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) និងជាមនុស្សជំនិតរបស់លោកស្រី អោង សាន ស៊ូជី គឺលោក វីន ថេន ត្រូវបានចាប់ខ្លួន ក្រោយកើតមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវ អោយដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ។ លោក វីន ថេន មានអាយុ៧៩ឆ្នាំបានអះអាងពីការចាប់ខ្លួនរូបលោក ប្រាប់ទីភ្នាក់ព័ត៌មានរ៉យទ័រតាមទូរស័ព្ទនៅថ្ងៃសុក្រនេះ ដោយលោកនិយាយថា ប៉ូលិសបានចាប់លោកឡើងរថយន្ដមួយគ្រឿងចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់រដ្ឋធានីណៃពីដោ ។ ប៉ុន្តែលោក វីន ថេន មិនបានប្រាប់ឱ្យដឹងថា លោកត្រូវបានចាប់ខ្លួនពីបទល្មើសអ្វី ឬក៏បទចោទប្រកាន់ដែលលោកនឹងត្រូវប្រឈមមុខនោះទេ ។ បើតាមសមាគមផ្ដល់ជំនួយរបស់មីយ៉ាន់ម៉ា សម្រាប់អ្នកទោសនយោបាយគិតត្រឹមថ្ងៃសុក្រនេះមនុស្សសរុប១៤៧នាក់ហើយ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៥លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៧លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៥លាន៤១ម៉ឺន៧ពាន់១២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៩ម៉ឺន៤ពាន់៤១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៧លាន៩ម៉ឺន៣ពាន់៦២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន២៧ម៉ឺន៣ពាន់៨៩០នាក់ ស្លាប់ចំនួន៤៦ម៉ឺន៦ពាន់៩៨៨នាក់ និងជាសះស្បើយចំនួន១៧លាន៣ម៉ឺន១ពាន់៦២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨០ម៉ឺន៣ពាន់៥៣៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៨៦២នាក់ និងជាសះស្បើយ១០លាន៤៩ម៉ឺន៥ពាន់៤០១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៣៩ម៉ឺន៧ពាន់៧៦៩នាក់ ស្លាប់២២ម៉ឺន៨ពាន់៨៨៣នាក់ និងជាសះស្បើយ៨លាន២៩ម៉ឺន១ពាន់៧៦៣នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ វៀតណាមប្រកាសពីការគ្មានករណីឆ្លងថ្មី លើកដំបូងតាំងពីផ្ទុះរលកទី៣មក

នៅថ្ងៃសុក្រទី៥ កុម្ភៈ ២០២១នេះ វៀតណាមបានប្រកាសថា ខ្លួនពុំមានករណីវិជ្ជមានកូវីដ១៩ ជាករណីថ្មីទេ ពោលគឺជាការគ្មានឆ្លងលើកដំបូង ចាប់តាំងពីផ្ទុះក្នុងសហគមន៍ជាថ្មី កាលពីពេលថ្មីៗនេះ។ សូមរម្លឹកថា កាលពីថ្ងៃទី២៨ មករា ២០២១ វៀតណាមបានផ្តើមផ្ទុះឆ្លងក្នុងសហគមន៍ជាថ្មី ក្រោយស្ងប់ស្ងាត់ជិត២ខែ ហើយក្រោយមក ក៏បន្តរកឃើញការឆ្លងជាបន្តបន្ទាប់ ក្នុងនោះ រលកទី៣របស់វៀតណាមនេះ មានឆ្លងក្នុងសហគមន៍ ៣៧៥នាក់ហើយ នៅក្នុងក្រុងនិងខេត្តចំនួន១០ រួមមានទាំងហាណូយ និងហូជីមិញដែរ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី៥ កុម្ភៈនេះ គឺគ្មានករណីឆ្លងថ្មីទេ ប៉ុន្តែកាលពីរសៀលម្សិលមិញ មាន៩ករណីដែរ។ វៀតណាមមានករណីកូវីដ១៩សរុប១៩៥៧នាក់ ស្លាប់៣៥នាក់ ខណៈដែលមនុស្សជាង៦៥០០០នាក់កំពុងធ្វើចត្តាឡីស័ក គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕
-
កូវីដ១៩៖ វ៉ាក់សាំងឈុតដំបូងរបស់ថៃមិនអាចមកតាមច្រកអឺរ៉ុប តាមការគ្រោងទុកទេ

ប្រទេសថៃនឹងនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈុតដំបូងពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ពីតំបន់អាស៊ី ក្រោយពេលអឺរ៉ុបបានពង្រឹងការគ្រប់គ្រងលើការនាំចេញ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលថៃបញ្ជាក់ នាថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១នេះ។ សហគមន៍អឺរ៉ុប កាលពីសប្តាហ៍មុន បានកំណត់ការរឹតបន្តឹងលើការនាំចេញវ៉ាក់សាំងពីប្លុកនេះ រហូតដល់ខែមីនា ដើម្បីធានាថាខ្លួននឹងធានាការផ្គត់ផ្គង់ ដែលខ្លួនបានបញ្ជាទិញទុកមុន រួមទាំងការទិញពីក្រុមហ៊ុន AstraZeneca នេះដែរ។ ប្រទេសថៃនឹងនៅតែនាំចូល ៥ម៉ឺនដូសដំបូង ក្នុងចំណោម១៥ម៉ឺនដូសដែលខ្លួនបញ្ជាទិញទុកមុន ពីក្រុមហ៊ុននេះ នាខែកុម្ភៈ ២០២១ តែមិនមែនមកពីអឺរ៉ុប ដូចធ្លាប់បានគ្រោងទេ នេះបើតាមលោករដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ។ លោកបានប្រាប់អ្នកសារព័ត៌មានថា «អ្នកផលិតនឹងរកវិធីសាស្ត្របញ្ជូនវ៉ាក់សាំងតាមច្រកផ្សេង ក្រៅពីអឺរ៉ុប។ វានឹងមកពីកន្លែងណាមួយ ពីក្នុងតំបន់អាស៊ី» ៕
-
យោធាមីយ៉ាន់ម៉ាបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតសហភាពថ្មីមួយ ក្រោយរដ្ឋប្រហារ

មីយ៉ាន់ម៉ា៖ ក្រុមយោធាមីយ៉ាន់ម៉ាបានរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថ្មីមួយ ដោយមានប្រធានម្នាក់ និងសមាជិក៦នាក់ ហើយប្រធាន UEC ថ្មីនេះ ក៏ធ្លាប់ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០១០ផងដែរ ។ គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ថ្មីនេះ គឺជាលោក ធៈអ៊ីន សូ ដែលធ្លាប់ជាប្រធានគណៈកម្មការនេះម្តងហើយ កាលពីឆ្នាំ២០១០ ដែលកាលនោះ លោក ធៈអ៊ីន សូ បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងទាក់ទិននឹងការបោះឆ្នោត ។ នៅក្នុងឆ្នាំ២០១០ អតីតឧត្តមសេនីយ៍ទោរូបនេះ បានហាមមិនឱ្យមានអ្នកសង្កេតការណ៍បរទេស និង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំឡុងការបោះឆ្នោតឡើយ ។ មិនតែប៉ុណ្ណោះ បុរសរូបនេះត្រូវគេជឿថា បានគ្រប់គ្រងលទ្ធផលបោះឆ្នោត ដើម្បីធានាថា បក្សអភិវឌ្ឍ និងបង្រួបង្រួមសហភាព អាចក្តោបក្តាប់អំណាចបាន ។ បញ្ហានេះ បានធ្វើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សាន ស៊ូជី និងគណបក្សផ្សេងទៀតបានពហិការចូលរួមក្នុងការបោះឆ្នោតនៅក្នុងឆ្នាំនោះ ។ ក្រោយរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវមួយ បន្ទាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបញ្ចប់ ហើយនឹងប្រគល់អំណាចដល់អ្នកដែលឈ្នះក្នុងការបោះឆ្នោត ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់កំណត់នៅឡើយ…
-
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាដឹកនាំកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មក្នុងស្រុក ដើម្បីជំរុញស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ

មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សារដ្ឋបាលដែលទើបបង្កើតថ្មីរបស់មីយ៉ាន់ម៉ា ជួបពិភាក្សាការងារជាមួយសហភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មសហភាពមីយ៉ាន់ម៉ា (UMFCCI) និងសមាគមន៍ពាក់ព័ន្ធរបស់ខ្លួននៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីណៃពីដោ ក្រោមការចូលរួមដោយផ្ទាល់ពីលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេងព្រមទាំងរដ្ឋមន្ត្រី និងក្រុមមន្ត្រីមីយ៉ាន់ម៉ាជាច្រើនរូបទៀត ដែលទើបតែត្រូវបានតែងតាំង ។ នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង បាននិយាយថា នឹងមិនមានការរឹតត្បិតលើដំណើរការអាជីវកម្មធម្មតា ក្នុងអំឡុងអំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ។ ជាមួយគ្នានេះ លោកសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញវិធានការការពារ និងត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីប្រឆាំងនឹង Covid-19 ដោយមិនធ្វើអោយប៉ះពាល់ដល់ការធ្វើអាជីវកម្មធម្មតា ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីការរស់រានអាជីវកម្ម ព្រោះវណ្ណៈកម្មករកំពុងរងការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារការបិទអាជីវកម្មមួយចំនួន ។ ទន្ទឹមគ្នា លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេងនៅតែបញ្ជាក់ជំហរដដែលថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានលួចបន្លំ ៕ ប្រភព៖ ស៊ីនហួរ
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិសន្យានឹងធ្វើគ្រប់យ៉ាង ដើម្បីអោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបរាជ័យ

អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស នៅថ្ងៃពុធនេះអះអាងថា រូបលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលអាចធ្វើទៅបាន ដើម្បីដាក់សម្ពាធលើមីយ៉ាន់ម៉ា និងធ្វើឱ្យប្រាកដថា រដ្ឋប្រហារនឹងទទួលបរាជ័យ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយកាសែតអាមេរិក Washington Post លោក ហ្គូទែរែស បានគូសបញ្ជាក់ថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបាន សំដៅជំរុញអោយតួអង្គសំខាន់ៗ និងសហគមន៍អន្តរជាតិដាក់សម្ពាធលើមីយ៉ានម៉ា ដើម្បីធ្វើឱ្យប្រាកដថា រដ្ឋប្រហារនេះនឹងបរាជ័យ ។ ស្របពេលជាមួយគ្នានោះដែរ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋប្រហារ និងចេតនាចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ៕ ប្រភព៖ AFP