-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៩ម៉ឺននាក់ និងជាសះស្បើយ៨០លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន៧២ម៉ឺន៧ពាន់១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៩ម៉ឺន៤ពាន់១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៧៣ម៉ឺន៦ពាន់៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន១០ម៉ឺន៦ពាន់៧០៤នាក់ ស្លាប់ចំនួន៤៩ម៉ឺន២ពាន់៥២១នាក់ និងជាសះស្បើយចំនួន១៨លាន៤ម៉ឺន៣១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៩ម៉ឺន២ពាន់៥៥០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៥៨៨នាក់ និងជាសះស្បើយ១០លាន៥៩ម៉ឺន៨ពាន់៧០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧៦ម៉ឺន៥ពាន់៦៩៤នាក់ ស្លាប់២៣ម៉ឺន៧ពាន់៦០១នាក់ និងជាសះស្បើយ៨លាន៦៧ម៉ឺន៨ពាន់៣២៧នាក់ ៕ ប្រភព៖ worldometers
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង២០០លានដូសបន្ថែមទៀត

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកបានចុះកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងចំនួន២០០លានដូសបន្ថែមទៀត តបតាមការសន្យាកាលពីខែមករាកន្លងទៅ ក្នុងគោលបំណងបង្កើនការចាក់វ៉ាក់សាំងអោយដល់ប្រជាជនគ្រប់គ្នា ។ លោក ចូ បៃដិន បានថ្លែងនៅឯវិទ្យាសា្ថនសុខាភិបាលជាតិក្នុងទីក្រុង Bethesda រដ្ឋ Maryland ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer Inc. និង Moderna Inc. ដែលតម្រូវអោយក្រុមហ៊ុននីមួយផ្តល់ជូននូវវ៉ាក់សាំង១០០លានដូសបន្ថែមទៀត ។ ការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតនេះ នឹងនាំអោយការបញ្ជាទិញរបស់សហរដ្ឋអាមេរិកពីក្រុមហ៊ុនផលិតឱសថធំៗទាំងពីរនេះ សរុបកើនឡើងដល់៦០០លានដូស ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ៕ ប្រភព៖ Reuters
-
ទីបំផុតសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា១០រូប ពីបទផ្តួលរំលំរដ្ឋាភិបាលស៊ីវិល

អាមេរិក៖ ទីបំផុតសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ា១០រូប ចំពោះតួនាទីរបស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ដែលធ្វើអោយមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ។ បើតាមសេតវិមានរបស់សហរដ្ឋអាមេរិក ការដាក់ទណ្ឌកម្មនេះ គឺអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ត្រូវប្រគល់អំណាចដល់មេដឹកនាំដែលបានជាប់ឆ្នោត បញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួន ។ សេតវិមានបន្ថែមថា លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវតែគោរព ហើយសភាគួរតែត្រូវបានកោះប្រជុំ ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដៃគូ និងអង្គការអន្តរជាតិរបស់យើង នៅពេលដែលយើងថ្កោលទោសចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា និងអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ។ សូមបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មមានអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង និងអនុសេនីរបស់គាត់គឺលោក សូ វីន ។ ដោយឡែកលោក ម្យីនត៍ ស្វេ អតីតមន្រ្តីយោធាដែលបច្ចុប្បន្នជាអនុប្រធានាធិបតីទី ១ របស់មីយ៉ាន់ម៉ា និងឧត្តមសេនីយទោ០៣រូបទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក ៕ ប្រភព៖ Anadolu
-
ចិនឈប់អោយសារព័ត៌មាន BBC ផ្សាយព័ត៌មាននៅក្នុងប្រទេសខ្លួន ក្រោយអង់គ្លេសបានហាមឃាត់ទូរទស្សន៍ CGTN របស់ចិន

ចិន៖ និយតករផ្សព្វផ្សាយចិន នៅថ្ងៃព្រហស្បតិ៍នេះ បានដកសារព័ត៌មាន BBC ចេញពីរលកធាតុអាកាសរបស់ខ្លួន បន្ទាប់ពី BBC បានចាក់ផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅ ដែលរៀបរាប់លម្អិតអំពីរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចនៃការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទទៅលើស្ត្រីជនជាតិអ៊ុយហ្គ័រនៅក្នុងជំរំចិន ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) បាននិយាយថា សេចក្តីរាយការណ៍របស់ BBC World News អំពីប្រទេសចិន ត្រូវបានគេរកឃើញថា រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ណែនាំនៃការផ្សាយ ។ គោលការណ៍នៃការផ្សាយ គឺតម្រូវអោយព័ត៌មានគួរតែមានភាពត្រឹមត្រូវ និងយុត្តិធម៌ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិនឡើយ ។ ជាការឆ្លើយតបនោះ ទូរទស្សន៍ BBC បានបញ្ជាក់ថា ខ្លួនខកចិត្តចំពោះទង្វើនេះ ហើយបើតាមអ្នកនាំពាក្យរបស់ BBC នោះ BBC គឺជាអ្នកផ្សាយព័ត៌មានអន្តរជាតិដ៏គួរឲ្យទុកចិត្តបំផុតរបស់ពិភពលោក និង រាយការណ៍អំពីរឿងរ៉ាវជុំវិញពិភពលោកដោយយុត្តិធម៌ មិនលម្អៀង និងដោយគ្មានការភ័យខ្លាច ឬកាន់ជើងខាងណានោះទេ ៕ ប្រភព៖ AFP
-
មេដឹកនាំយោធាមីយ៉ាន់ម៉ាអំពាវនាវអោយបញ្ឈប់ការធ្វើបាតុកម្ម ចំពេលមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក

មីយ៉ាន់ម៉ា៖ ប្រមុខរដ្ឋាភិបាលយោធាថ្មីមីយ៉ាន់ម៉ា បានព្រមានដល់មន្រ្តីរាជការឲ្យវិលត្រឡប់ទៅធ្វើការវិញ និងជំរុញឲ្យប្រជាជនបញ្ឈប់ការប្រមូលផ្តុំគ្នាធំៗ ដើម្បីចៀសវាងឆ្លងរាលដាលនៃជំងឺ Covid-19 ខណៈការតវ៉ានៅថ្ងៃទី៦ប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពបានរាលដាលពាសពេញប្រទេសអាស៊ីមួយនេះ ។ លោកឧត្ដមសេនីយ៍ មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយនិយាយថា អ្នកដែលនៅឆ្ងាយពីភារកិច្ចរបស់ពួកគេ ត្រូវបានស្នើសុំឲ្យត្រឡប់ទៅបំពេញភារកិច្ចរបស់ពួកគេជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជន ។ បន្ថែមលើនេះ លោកឧត្ដមសេនីយ៍ មីន អោង ហ្លេង ក៏បានធ្វើការស្តីបន្ទោសខ្លាំងៗទៅលើក្រុមមនុស្សគ្មានការអៀនខ្មាស់ ដែលឈប់ធ្វើការងារនៅក្នុងចលនាមិនគោរពច្បាប់ស៊ីវិល ដែលក្នុងនោះរួមមានគ្រូពេទ្យ គ្រូបង្រៀន កម្មករផ្លូវដែក និងបុគ្គលិករដ្ឋាភិបាលជាច្រើនទៀតក៏បានចូលរួមក្នុងបាតុកម្មផងដែរ ៕ ប្រភព៖ Al Jazeera
-
ថៃនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ជូនប្រជាជនខ្លួន១លាននាក់នៅត្រឹមខែឧសភាខាងមុខ

ថៃ៖ ថៃគ្រោងនឹងចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនដែលងាយរងគ្រោះបំផុតចំនួន១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់អោយបាន១០លានដូសក្នុងមួយខែ ។ ការប្រកាសនេះ គឺជាការកំណត់ពេលវេលាច្បាស់លាស់ដំបូងបង្អស់សម្រាប់ផែនការរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនប្រមាណពាក់កណ្តាល នៃចំនួនប្រជាជនសរុបចំនួន៧០លាននាក់ ខណៈដែលមានការរិះគន់លើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ។ សូមជម្រាបថា ប្រទេសថៃគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនប្រមាណ៦០ភាគរយ នៃមនុស្សពេញវ័យត្រឹមចុងឆ្នាំ២០២១នេះ ។ រហូតមកទល់ពេលនេះ ប្រទេសសមាជិកអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លងសរុប២ម៉ឺន៤ពាន់១០៤ករណី ក្នុងនោះស្លាប់៨០នាក់ ៕ ប្រភព៖ Reuters
-
ហ្វីលីពីនមានគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់កងទ័ព និងបុគ្គលិកពេទ្យ ក្រោយទទួលបានវ៉ាក់សាំងរបស់ចិនចំនួន៦០ម៉ឺនដូសក្នុងខែកុម្ភៈនេះ

ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ប្រទេសរបស់ខ្លួននឹងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន៦០ម៉ឺនដូសនៅក្នុងខែនេះ ដែលជាការឧបត្ថម្ភរបស់ប្រទេសចិន ហើយផ្នែកខ្លះនៃវ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនកងទ័ព ។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក ហារី រ៉ូហ្គេ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា នៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ការមកដល់នៃវ៉ាក់សាំងរបស់ចិន គឺជារឿងជាក់លាក់មួយ ។ ប៉ុន្តែទោះជាយ៉ាងណា វានឹងមិនត្រូវបានចែកចាយ ដោយគ្មានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឪសថឡើយ ។ លោក រ៉ូហ្គេ បញ្ជាក់ទៀតថា វ៉ាក់សាំងចំនួន១០ម៉ឺនដូស ក្នុងចំណោមវ៉ាក់សាំងទាំង៦០ម៉ឺនដូសនៃក្រុមហ៊ុនចិន Sinovac ដែលនឹងមកដល់ក្នុងខែកុម្ភៈនេះ នឹងត្រូវផ្តល់ជូនដល់កងទ័ព ចំណែកវ៉ាក់សាំងដែលនៅសល់សម្រាប់បុគ្គលិកពេទ្យ ៕ ប្រភព៖ Arab News
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៧ម៉ឺននាក់ និងជាសះស្បើយ៨០លាន៣២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន២៩ម៉ឺន៦ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៧ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៣២ម៉ឺន៩ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៨ម៉ឺន៤១៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៤៨៤នាក់ និងជាសះស្បើយ១០លាន៥៨ម៉ឺន៧ពាន់៣៥១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧១ម៉ឺន៦ពាន់២៩៨នាក់ ស្លាប់២៣ម៉ឺន៦ពាន់៣៩៧នាក់ និងជាសះស្បើយ៨លាន៦៤ម៉ឺន៣ពាន់៦៩៣នាក់ ៕ ប្រភព៖ worldometers
-
លោក ចូ បៃដិន ផ្ញើសារជូនពរប្រជាជនចិនទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន អំឡុងជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ស៊ី ជិនពីង ជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូង នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដោយលោក បៃដិន បានបង្ហាញពីកង្វល់របស់ខ្លួនប្រាប់លោក ស៊ី ដូចជាសំណុំរឿងទីក្រុងហុងកុង តំបន់ស៊ីនជាំង កោះតៃវ៉ាន់ និងការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលអាមេរិកចោទថា មិនត្រឹមត្រូវ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក បៃដិន បានផ្ញើសារជូនពរប្រជាជនចិនទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ប៉ុន្តែជាមួយគ្នានេះ លោក បៃដិន ក៏បានឆ្លៀតលើកឡើងអំពីការងារជាអាទិភាពរបស់ខ្លួន ក្នុងនោះរួមមានកិច្ចការពារសន្តិសុខប្រជាជនអាមេរិក វិបុលភាព សុខាភិបាល រក្សាការពារសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ បន្ថែមលើនេះ មេដឹកនាំទាំងពីរថែមទាំងបានធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៀតផងដែរ ទៅលើបញ្ហាជំងឺ COVID-19 សន្តិសុខសុខាភិបាលសកល ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការរីកសាយអាវុធជាដើម ៕ ប្រភព៖ AFP
-
លោក ចូ បៃដិន និយាយថា មន្ទីរបញ្ចកោណនឹងត្រួតពិនិត្យយុទ្ធសាស្ត្រទប់ទល់ជាមួយចិនឡើងវិញ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា មន្ទីរបញ្ចកោណនឹងត្រួតពិនិត្យយុទ្ធសាស្ត្រទប់ទល់ជាមួយចិនឡើងវិញ ក្នុងនោះរួមមានវិស័យសំខាន់ៗដូចជា ព័ត៌មានសម្ងាត់ បច្ចេកវិទ្យា និងវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ។ នាឱកាសបំពេញទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណ នៅថ្ងៃពុធនេះ លោក បៃដិន បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានជូនដំណឹងដល់រូបលោក ពីការបង្កើតអង្គភាពពិសេសមួយ ដែលនឹងទទួលបន្ទុករៀប ចំយុទ្ធសាស្ត្រយោធាទប់ទល់ជាមួយចិន ។ លោក បៃដិន បន្ថែមទៀតថា ចិន និងបញ្ហាពាក់ព័ន្ធដទៃទៀតទាមទារអោយទីភ្នាក់ងាររដ្ឋាភិបាលធ្វើការជាមួយគ្នា បូករួមទាំងការគាំទ្រទ្វេភាគីនៅក្នុងសភា និងសម្ព័ន្ធភាពដ៏រឹងមាំ ។ បើតាមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ អង្គភាពពិសេសនេះ មានសមាជិក១៥រូបនឹងត្រូវបានបង្កើតឡើងនៅឯមន្ទីរបញ្ចកោណ ដើម្បីត្រួតពិនិត្យ និងរៀបចំយុទ្ធសាស្ត្រ ព្រមទាំងធ្វើបទបង្ហាញពីការផ្ដល់អនុសាសន៍នៅក្នុងរយៈពេល០៤ខែខាងមុខនេះ ៕ ប្រភព៖ Reuters