-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ ជុំវិញបញ្ហាធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា (Video)

មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ ស្តីពីការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដែលលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរ៉េស ហៅថា ជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី បាបារ៉ា វូដវ៉ដ គឺជាប្រធានក្រុមប្រឹក្សានៅខែនេះ បាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ក្រុមប្រឹក្សានេះនឹងពិនិត្យមើលវិធានការជាច្រើន ដើម្បីគាំទ្រការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ ដែលឈ្នះដោយគណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី និងធានាឲ្យបាននូវការដោះលែងលោកស្រី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ។ បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្តេហ្វេន ឌូហ្សារិក ស្ថាប័នពិភពលោកមួយនេះមិនអាចទាក់ទងមន្ត្រីនៅមីយ៉ាន់ម៉ាបានទេ ហើយក៏មិនមានព័ត៌មានអំពីអ្នកដែលត្រូវបានចាប់ខ្លួនដែរ ។ លោក ឌូហ្សារិក បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបារម្ភថា សកម្មភាពយោធាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០ម៉ឺននាក់ ដែលនៅសេសសល់ក្នុងរដ្ឋរ៉ាក់ឃីនភាគខាងជើង ក្នុងនោះរាបបញ្ចូលទាំងមនុស្សចំនួន១២ម៉ឺននាក់ដែលកំពុងជាប់ឃុំនៅក្នុងជំរំផងដែរ ៕ ប្រភព៖ Arirang New
-
លោក ចូ បៃដិន គំរាមដាក់ទណ្ឌកម្មប្រទេសមីយ៉ាន់ម៉ា ក្រោយយោធាធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកស្រី ស៊ូជី ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត (Video)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគំរាមដាក់ទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារ និងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាល រួមទាំងលោកស្រី អ៊ុង សាន ស៊ូជី ផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើមីយ៉ាន់ម៉ាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។ លោកបន្តថា ការដើរថយក្រោយនៃការរីកចម្រើននោះ នឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអំណាចរបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប… អាមេរិកនឹងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលរងការវាយប្រហារ ។ គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានងើបចេញពីការគ្រប់គ្រងដោយយោ ធាយ៉ាងតឹងរ៉ឹងអស់រយៈពេលរាប់ទសវត្សរ៍ និង ភាពឯកោអន្តរជាតិដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦២ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាការធ្លាក់ចុះដ៏គួរអោយភ្ញាក់ផ្អើលមួយ ៕ ប្រភព៖ AP
-
ប្រធានអាស៊ានជំរុញអោយបន្តកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន បានអំពាវនាវឲ្យមីយ៉ាន់ម៉ា បន្តកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក្រោយយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ការអំពាវនាវខាងលើនេះបានកើតមានឡើងបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ ហើយនិងប្រកាសរដ្ឋប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ។ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងលើកទឹកចិត្ត ចំពោះការបន្តកិច្ចសន្ទនា ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ។ ប្រធានអាស៊ានដែលជាជនជាតិប្រ៊ុយណេរូបនេះបានអះអាងទៀតថា យើងសូមបញ្ជាក់ម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ាន គឺជាការចាំបាច់បំផុត ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព ៕ ប្រភព៖ AFP
-
យោធាមីយ៉ាន់ម៉ាដកតំណែងរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន២៤រូប ដោយតែងតាំងមន្រ្តី១១រូបមកជំនួសវិញក្នុងរដ្ឋបាលថ្មី (Video)

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានប្រកាសលុបចោលនូវមន្រ្តីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាល ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈការដករដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីចំនួន២៤រូប ដោយតែងតាំងជំនួសមកវិញនូវមន្រ្តីចំនួន១១រូបក្នុងរដ្ឋបាលថ្មីរបស់ខ្លួន បន្ទាប់ពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច ។ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា Myawadday ដែលក្នុងនោះក៏រួមមានទាំងការតែងតាំងថ្មីនូវថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន កិច្ចការបរទេស ការពារជាតិ ព្រំដែន និងមហាផ្ទៃជាដើម ។ សូមជម្រាបថា លោកស្រី អ៊ុង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បច្ចុប្បន្នយោធាមីយ៉ាន់ម៉ាកំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុងយ៉ាងហ្គន ។ ចំណែកឯបណ្ដាញទូរស័ព្ទ អ៊ីនធើណិត និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាអះអាងថា វាបណ្ដាលមកពីបញ្ហាបច្ចេកទេស ៕ ប្រភព៖ AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០៤លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៣លាន៩៣ម៉ឺន១ពាន់៤៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៤ម៉ឺន៧ពាន់៧១៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៥លាន៧៣ម៉ឺន២៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៩១ម៉ឺន១ពាន់៣៧៥នាក់ ស្លាប់ចំនួន៤៥ម៉ឺន៤ពាន់២១៣នាក់ និងជាសះស្បើយចំនួន១៦លាន៦២ម៉ឺន៩ពាន់៥៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៦ម៉ឺន៧ពាន់២០៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៥២២នាក់ និងជាសះស្បើយ១០លាន៤៤ម៉ឺន៧ពាន់៤៥០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន២២ម៉ឺន១៦នាក់ ស្លាប់២២ម៉ឺន៥ពាន់១៤៣នាក់ និងជាសះស្បើយ៨លាន៧ម៉ឺន៧ពាន់៩៦៧នាក់ ៕ ប្រភព៖ worldometers
-
មនុស្សកំពុងតម្រង់ជួរដកលុយពីម៉ាស៊ីន ATM នៅទីក្រុងយ៉ាងហ្គន បន្ទាប់ពីភូមាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅព្រឹកនេះ

សាខាធនាគារភាគច្រើនបិទខណៈម៉ាស៊ីនដកលុយជាច្រើនលែងដំណើរការបន្ទាប់ពីខ្សែទូរស័ព្ទ និងសេវាអ៉ីនធឺណេតនៅទូទាំងប្រទេសត្រូវបានកាត់ផ្តាច់ភ្លាមៗមុនការប្រកាសអាសន្ន។ ហ្វូងមនុស្សបានបង្កើតជាផ្សារដាក់លក់តម្រូវការបឋមដូចជាអង្ករ ប្រេងឆា ថ្នាំពេទ្យ ហើយបានលក់អស់ភ្លាមៗ។ ខណៈពេលថ្លៃទំនិញនៅមានស្ថិរភាព អ្នកវិភាគរំពឹងថានឹងមានការកាត់ផ្តាច់ការផ្គត់ផ្គង់ ហើយតម្លៃនឹងមានការប្រែប្រួលឆាប់ៗ។ ដោយសារគ្មានអ៉ីនធើណេត ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Grab និង Foodpanda ក៏មិនអាចដំណើរការបានដែរ។ ព្រឹត្តិការណ៍ដែលកំពុងកើតនៅភូមាថ្ងៃនេះជាមេរៀនដ៏មានតម្លៃសំរាប់កម្ពុជា។ មនុស្សភាគច្រើនតែងមើលរំលងតម្លៃសន្តិភាព និងស្ថិរភាពនយោបាយ។ ទាល់តែបាត់បង់ទើបស្តាយ។ តើមាននរណាចង់ទៅបោះទុនវិនិយោគ ឬទស្សនាភូមាក្នុងគ្រាមានអាសន្ន? ដូចនេះ បើកម្ពុជាមានសន្តិភាព និងស្ថិរភាពហើយ គួរយើងពួតដៃគ្នាថែរក្សាឱ្យបានគង់វង្សដើម្បីជាប្រយោជន៍យូរអង្វែងសំរាប់កូនៗ និងចៅៗយើង៕
-
យោធាមីយ៉ាន់ម៉ាបញ្ជាក់ថា ការបោះឆ្នោតសកលថ្មីមួយនឹងកើតឡើង ក្រោយបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ (Video)

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះអះអាងថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង បន្ទាប់ពីបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយថា ខ្លួននឹងផ្ទេរអំណាចអោយរដ្ឋាភិបាលថ្មី ។ យោធាមីយ៉ាន់ម៉ាក៏បានអះអាងដែរថា កំឡុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតនឹងត្រូវបានជូនដំណឹង ហើយការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងវិញជាថ្មី បន្ទាប់ពីការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ។ មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ដោយអំណាចទាំងមូលត្រូវផ្ទេរទៅឱ្យអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង ។ សូមជម្រាបថា ការិយាល័យប្រធានាធិបតីដែលបច្ចុប្បន្នស្ថិតនៅក្រោមកណ្ដាប់ដៃយោធា បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ា ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ក្រោយលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ក្នុងនោះរួមមានទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីន ត្រូវបានយោធាចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ ៕ ប្រភព៖ ស៊ីនហួរ
-
លោកស្រី អោង សាន ស៊ូជី ជំរុញប្រជាជនខ្លួនកុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា (Video)

មីយ៉ាន់ម៉ា៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី បានទទូចឱ្យប្រជាជនខ្លួនទាំងអស់ កុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា នេះបើតាមការប្រកាសរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ។ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បានដកស្រង់សម្តីរបស់លោក ស៊ូជី បញ្ជាក់ថា សកម្មភាពដែលយោធាកំពុងធ្វើ បាននិងកំពុងនាំប្រទេសជាតិ ត្រលប់ទៅរបបផ្ដាច់ការសាជាថ្មី… ខ្ញុំជំរុញឱ្យប្រជាជនទាំងអស់ កុំទទួលស្គាល់ទង្វើបែបនេះជាដាច់ខាត ហើយក្រោកឈរឡើងធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា ។ យោធាមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទនេះប្រកាសថា ខ្លួនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ តាមរយៈការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចទៅឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ហើយថែមទាំងព្រមានថា នឹងចាត់វិធានការឆ្លើយតប បើសិនជាយោធាមិនព្រមដោះលែងលោកស្រី ស៊ូជី និងអ្នកដែលត្រូវបានចាប់ខ្លួនឱ្យមានសេរីភាពវិញទេនោះ ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកគំរាមលូកដៃចូល បើសិនយោធាមីយ៉ាន់ម៉ាមិនព្រមដោះលែងលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត (Video)

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ស្នើអោយយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អោងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត ដែលត្រូវបានចាប់ឃុំខ្លួនអោយមានសេរីភាពឡើងវិញជាបន្ទាន់ ហើយថែមទាំងបានព្រមានចាត់វិធានការឆ្លើយតបផងដែរ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចេន ផ្សាគី បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ ។ ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើង (សហរដ្ឋអាមេរិក) សូមអំពាវនាវ និងលើកទឹកចិត្តទាំងយោធា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងនោះជាបន្ទាន់នៅថ្ងៃនេះ ៕ ប្រភព៖ AP
-
កងទ័ពមីយ៉ាន់ម៉ាប្រកាសដណ្តើមអំណាចហើយ

មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មាន មៀវ ឌី ដែលជាសារព័ត៌មានរបស់កងទ័ពមីយ៉ាន់ម៉ាបានរាយការណ៍ថា អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាបានចូលទៅកាន់អំណាចហើយ ។ ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលដែលកើតចេញពីអស្ថិរភាពខាងនយោបាយ ក្រោយពីមានភាពខុសប្រក្រតី ក្នុងការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតសកលកន្លងមក ។ កងទ័ពប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេល១ឆ្នាំ ហើយនិងតែងតាំងលោកឧត្តមសេនីយ៍ឯក មិន្ទ សួយ អនុប្រធានាធិបតី អោយធ្វើជាប្រធានាធិបតីជាបណ្តោះអាសន្នសិន ។ លោកឧត្តមសេនីយ៍ឯក មិន្ទ សួយ គឺជាសម្ព័ន្ធមិត្រដ៏សំខាន់របស់ឧត្តមសេនីយ៍ឯក ថាន់ ស្វេ អតីតមេដឹកនាំរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ាកន្លងទៅ ៕