-
កងទ័ពមីយ៉ាន់ម៉ា បានប្រកាសដណ្តើមអំណាចហើយ

មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មាន មៀវ ឌី ដែលជាសារព័ត៌មានកងទ័ពមីយ៉ាន់ម៉ា បានរាយការណ៍ថា៖ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានចូលទៅកាន់អំណាចហើយ។ ក្នុងសេចត្តីថ្លែងការណ៍បញ្ជាក់ថា៖ ការចាប់ខ្លួនបុគ្គលដែលកើតចេញពី អស្ថិរភាពខាងនយោបាយ ក្រោយពីមានភាពខុសប្រក្រតី ក្នុងការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតសកលកន្លងមក។ កងទ័ពប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយនឹងតែងតាំងលោកឧត្តមសេនីយ៍ឯក មិន្ទ សួយ អនុប្រធានាធិបតី ឱ្យធ្វើជាប្រធានាធិបតីជាបណ្តោះអាសន្នសិន។ លោកឩត្តមសេនីយ៍ឯក មិន្ទ សួយ គឺជាសម្ព័ន្ធមិត្រ ដ៏សំខាន់របស់លោកឩត្តមសេនីយ៍ឯក ថាន់ ស្វេ អតីតមេដឹកនាំរដ្ឋបាលយោធានៅមីយ៉ាន់ម៉ាកន្លងទៅ៕
-
យោធាមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ ក្រោយចាប់ខ្លួនលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត (Video)

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ ក្រោយមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្ទះដោយយោធា ដែលគេមើលឃើញថា ទង្វើបែបនេះគឺជា «រដ្ឋប្រហារ» ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទនេះថា ទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ាក៏ប្រកាសដែរថា អនុប្រធា នាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន ៕ ប្រភព៖ ស៊ីនហួរ
-
មនុស្សជាង៥ពាន់នាក់ត្រូវចាប់ខ្លួន ក្នុងបាតុកម្មទាមទារអោយដោះលែងមេបក្សប្រឆាំងនៅរុស្ស៊ី

រុស្ស៊ី៖ មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនានានៅទូទាំងប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីបន្តទាមទារឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ដែលកំពុងជាប់ពន្ធនាគារ ។ ទោះបីជាមានការព្រមានធ្ងន់ៗពីសំណាក់អាជ្ញាធរ ជុំវិញហានិភ័យនៃការឆ្លង COVID-19ឬអាចប្រឈមមុខជាប់ពន្ធនាគារក៏ដោយ ក៏ការបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅតែផ្ទុះឡើងនៅតាមទីក្រុងជាច្រើនរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ ។ ទន្ទឹមគ្នា ក្រុមអ្នកតាមដានបាននិយាយថា មានមនុស្សជាង៥ពាន់នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ហើយបើតាមសារព័ត៌មាន CNN នោះ ភរិយារបស់មេដឹកនាំបក្សប្រឆាំងលោក Navalny ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ ។ សូមជម្រាបថា មេដឹកនំាបក្សប្រឆាំងធំបំផុតនៅរុស្ស៊ី លោក Navalny វ័យ៤៤ឆ្នាំ ដែលជាអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងជាអ្នករិះគន់ដ៏ល្បីប្រឆាំងនឹង លោក វ្លាឌីមៀ ពូទីន ត្រូវបានចាប់ខ្លួន នៅពេលលោកវិលត្រលប់មកដល់ទីក្រុងម៉ូស្គូ វិញ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ ដោយវាមានរយៈពេល០៥ខែ ក្រោយពីលោកប៊ិះបាត់បង់ជីវិត ដោយសារត្រូវគេលួចបំពុល ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញករណីឆ្លងវីរុស Covid-19 ទម្រង់ថ្មីមួយទៀត ដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញវីរុស Covid-19 ទម្រង់ថ្មី ដែលមានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខ្លួនអ្នកជំនាញបរ ទេសម្នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កចាប់តាំងពីពេលមកដល់ទីក្រុងហាណូយកាលពីខែធ្នូកន្លងទៅ ។ អ្នកជំងឺដែលជាអ្នកជំនាញអាហ្វ្រិកខាងត្បូងអាយុ២៥ឆ្នាំនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៩ ខែធ្នូ ។ គាត់បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុងហាណូយ ដើម្បីព្យាបាល ។ សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលវីរុសកូរ៉ូណាទម្រង់ថ្មី មានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ បន្ទាប់ពីកាលពីដើមខែមករាកន្លងទៅ ករណីនាំចូលលើកដំបូងនៃវីរុស Covid-19 ទម្រង់ថ្មីមួយទៀត ដែលមានដើមកំណើតនៅចក្រភពអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនស្ត្រីអាយុ៤៤ឆ្នាំម្នាក់ ដែលវិលត្រឡប់មកវៀតណាមពីអង់គ្លេសផងដែរ ៕ ប្រភព៖ VNExpress
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨២៩នាក់ទៀត និងមិនមានអ្នកស្លាប់ទេ ក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ CCSA បានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៨២៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ នៅក្នុងរបាយការណ៍ប្រចំាំថ្ងៃអាទិត្យម្សិលមិញ ។ បើតាមមជ្ឈមណ្ឌល CCSA ក្នុងចំណោមករណីឆ្លងថ្មីៗនេះ មាន៨២២ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះ មាន៧២២ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុត សាខន ។ ដោយឡែក០៧ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ ។ សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមានចំនួន១ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកស្លាប់៧៧នាក់ និងអ្នកជាសះស្បើយវិញចំនួន១ម៉ឺន១ពាន់៦១៥នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៣លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៣លាន៥២ម៉ឺន៤ពាន់៨០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៣ម៉ឺន៧ពាន់៧៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៥លាន១២ម៉ឺន៨ពាន់៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៧៦ម៉ឺន៧ពាន់២២៩នាក់ ស្លាប់ចំនួន៤៥ម៉ឺន២ពាន់២៧៩នាក់ និងជាសះស្បើយចំនួន១៦លាន៤០ម៉ឺន៣ពាន់៨៤៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៥ម៉ឺន៨ពាន់៦១៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៤២៨នាក់ និងជាសះស្បើយ១០លាន៤៣ម៉ឺន៣ពាន់៩៨៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន២០ម៉ឺន៤ពាន់៧៣១នាក់ ស្លាប់២២ម៉ឺន៤ពាន់៥៣៤នាក់ និងជាសះស្បើយ៨លាន២ម៉ឺន៧ពាន់៤២នាក់ ៕ ប្រភព៖ worldometers
-
លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួន

លោកស្រី អ៊ួងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ខ្លួនដោយយោធា នាពេលព្រឹកថ្ងៃទី១ កុម្ភះ ២០២១ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពីបោះឆ្នោតហើយមានជម្លោះ។ អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា «លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានគេនាំខ្លួនយកទៅហើយ នៅព្រឹកព្រលឹម»៕ ប្រភពពី AFP
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០២លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០២លាន៦៣ម៉ឺន៥ពាន់១៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២១ម៉ឺន៦ពាន់៤១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៤លាន៣២ម៉ឺន៩ពាន់២៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៥១ម៉ឺន២ពាន់១៩៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៧ពាន់៤៥៩នាក់ និងជាសះស្បើយចំនួន១៦លាន១៩ម៉ឺន៩ពាន់៥៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៣ម៉ឺន៤ពាន់២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់១៨៤នាក់ និងជាសះស្បើយ១០លាន៤០ម៉ឺន៩ពាន់១៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន១១ម៉ឺន៩ពាន់៤៧៧នាក់ ស្លាប់២២ម៉ឺន២ពាន់៧៧៥នាក់ និងជាសះស្បើយ៧លាន៩៦ម៉ឺន៦៤៣នាក់ ៕ ប្រភព៖ worldometers
-
ទីបំផុតអឺរ៉ុបបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ចំពេលមានជម្លោះរឿងចែកចាយវ៉ាក់សាំងនឹងគ្នា

ប៊ែលហ្ស៊ិក៖ ទីបំផុតវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអឺរ៉ុបហើយ ក្រោយទទួលបាននូវការអនុម័តអោយប្រើវ៉ាក់សាំងនេះពីសំណាក់និយ័តករឱសថរបស់ប្លុកអឺរ៉ុប ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺជាវ៉ាក់សាំងទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្លុកអឺរ៉ុបដែលមានប្រទេសសរុបចំនួន២៧ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (ភីហ្វីហ្សឺ-បាយអូអិនធិច) និងក្រុមហ៊ុនអាមេរិក ម៉ូឌែណា ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី វ៉ុន ដឺ ឡេយែន បានគូសបញ្ជាក់ថា ខណៈជម្លាះរីកធំឡើងកាន់តែខ្លាំងរវាងសហភាពអឺរ៉ុប និងក្រុមហ៊ុនអង់គ្លេស AstraZeneca ជុំវិញការពន្យារពេលនៃផលិតកម្មវ៉ាក់សាំងនោះ លោកស្រីរំពឹងថា ក្រុមហ៊ុននេះនឹងផ្តល់ជូននូវវ៉ាក់សាំងចំនួន៤០០លានដូស ដែលស្របទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើជាមួយគ្នា ៕ ប្រភព៖ ស៊ីនហួរ
-
លោក វ៉្លាឌីមៀ ពូទីន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិកេយៈពេល០៥ឆ្នាំទៀត

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ីរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺមួយសប្តាហ៍ មុនពេលផុតសុពលភាព ។ សភាទាំងពីររបស់ប្រទេសរុស្ស៊ីបានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបន្តសន្ធិសញ្ញា New START រយៈពេល០៥ឆ្នាំទៀត បន្ទាប់ពីមានកិច្ចពិភាក្សាលើកដំបូងតាមទូរស័ព្ទរវាងលោក ពូទីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្តីពីសន្ធិសញ្ញានេះ ដោយវិមានក្រឹមឡាំងបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមបំពេញនិតីវិធីបន្ថែមដែលចាំបាច់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតនេះ ។ សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ ដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីតទ្រី ម៉េដវ៉េឌេវ បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលប្រទេសទាំងពីរអាចដាក់ពង្រាយដល់១.៥៥០គ្រាប់ ។ បន្ថែមលើនេះ វាក៏រឹតត្បិតចំនួនមីស៊ីលផ្លោងអន្តរទ្វីប, មីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងរួមបញ្ចូលទាំងការត្រួតពិនិត្យ ដើម្បីផ្ទៀងផ្ទាត់ការអនុលោមតាមកិច្ចព្រមព្រៀងផងដែរ ៕ ប្រភព៖ AP