-
សាកលវិទ្យាល័យ ជូឡាឡុងកន របស់ថៃ នឹងចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ខ្លួនលើមនុស្សនៅខែមេសាខាងមុខនេះ

ថៃ៖ មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៅសកលវិទ្យាល័យជូឡាឡុងកន នឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង Covid-19 ទៅលើមនុស្ស ដែលប្រើបច្ចេកវិទ្យា mRNA របស់ខ្លួន ដែលមានឈ្មោះថា Chula-Cov19 នៅក្នុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ បើតាមនាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ថៃលោក គាត រូករុងថាម ការសាកល្បងចាក់វ៉ាក់សាំង Covid-19 លើមនុស្ស នឹងត្រូវធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ៧២នាក់ ដើម្បីវាយតម្លៃពីកម្រិតវ៉ាក់សាំងដែលប្រើត្រឹមត្រូវ ។ ប្រសិទ្ធភាព និងសុវត្ថិភាពដំណាក់កាលទី២ ត្រូវបានរំពឹងថា នឹងអនុវត្តលើអ្នកស្ម័គ្រចិត្តប្រមាណ ៦០០នាក់ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញាខាងមុខនេះ ។ លោកបន្ថែមថា វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA របស់មជ្ឈមណ្ឌលនេះ អាចត្រូវបានរក្សាទុកក្នុងសីតុណ្ហភាព៥អង្សាសេ បើធៀបនឹងវ៉ាក់សាំង Pfizer ដែលត្រូវរក្សានៅសីតុណ្ហភាពដក៧០អង្សាសេ ។ សាកលវិទ្យាល័យនេះ បានទទួលគំរូវ៉ាក់សាំងពីរោងចក្រនៅសហរដ្ឋអាមេរិក ។ ប្រសិនបើការសាកល្បងលើមនុស្សមានប្រសិទ្ធិភាពនោះ វ៉ាក់សាំងដែលផលិតក្នុងស្រុកចំនួន១លានដូសដំបូងអាចនឹងប្រើប្រាស់នៅឆ្នាំនេះតែម្តង ៕ ប្រភព៖ The Thaiger
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០១លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០១លាន៤៣ម៉ឺន៤ពាន់៩៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៨ម៉ឺន៤ពាន់១២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៣លាន៣២ម៉ឺន១ពាន់៩៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន១៦ម៉ឺន៦ពាន់២០១នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៥១៧នាក់ និងជាសះស្បើយចំនួន១៥លាន៩៤ម៉ឺន២ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧០ម៉ឺន២ពាន់៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៨៨៥នាក់ និងជាសះស្បើយ១០លាន៣៧ម៉ឺន២ពាន់៨១៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៤៨៥នាក់ ស្លាប់២២ម៉ឺន២៣៧នាក់ និងជាសះស្បើយ៧លាន៧៩ម៉ឺន៨ពាន់៦៥៥នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ លោកស្រី ស៊ូជី គ្រោងនឹងចាក់វ៉ាក់សាំងស្អែក ខណៈមន្ត្រីសុខាភិបាលភូមាផ្តើមចាក់ហើយ

ក្រុមន្ត្រីសុខាភិបាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២៧ មករា ២០២១នេះបានក្លាយជាក្រុមមនុស្សដំបូងក្នុងប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលគឺក្រោយពេល៥ថ្ងៃដែលវ៉ាក់សាំងត្រូវបានបញ្ជូនមកដល់ ពីប្រទេសឥណ្ឌា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ផ្អែកតាមប្រភពក៏បញ្ជាក់ដែរថា លោកស្រី អ៊ួង សានស៊ូជី ទីប្រឹក្សារដ្ឋ វ័យ៧៥ឆ្នាំ ត្រូវបានរំពឹងថា នឹងចាក់វ៉ាក់សាំងនេះ នាថ្ងៃទី២៨ មករា ស្អែកនេះ។ លោកស្រីបានប្រកាសកាលពីសប្តាហ៍មុនថា បុគ្គលិកសុខាភិបាលជួរមុខជាអ្នកទទួលការចាក់វ៉ាក់សាំងមុនគេ ជាវ៉ាក់សាំងផលិតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនវេជ្ជសាស្ត្រ AstraZeneca។ ឥណ្ឌាដែលមានអាជ្ញាបណ្ណផលិតវ៉ាក់សាំងប្រភេទនេះក្នុងប្រទេសខ្លួនដែរនោះ បានបរិច្ចាគវា ចំនួន១.៥លានដូស ដល់មីយ៉ាន់ម៉ា សម្រាប់មនុស្ស៧៥ម៉ឺននាក់៕
-
មេដឹកនាំអាមេរិក និងរុស្ស៊ីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ដោយផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរ សិទ្ធិមនុស្ស និងអ៊ុយក្រែន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកយកបញ្ហាចំនួនពីរមកពិភាក្សា អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដែលក្នុងនោះរួមមានការចាប់ខ្លួន និងដាក់សម្ពាធលើមេបក្សប្រឆាំងរុស្ស៊ី លោក ណាវ៉ាល់នី ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សន្តិសុខអ៊ីនធើណេត និងវិបត្តិនៅអ៊ុយក្រែន ។ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបញ្ជូនក្រុមការងាររៀងៗខ្លួន ដើម្បីរៀបចំបន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលនឹងមានរយៈពេល០៥ឆ្នាំបន្ថែមទៀត គិតចាប់ពីឆ្នាំ២០២១នេះតទៅ ខណៈសន្ធិសញ្ញានេះនឹងត្រូវផុតសុពលភាពនៅក្នុងខែកុម្ភៈខាងមុខ ។ បើទោះបីជាបញ្ហារសើបមួយចំនួនត្រូវបានលើកឡើងមែន តែសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានអះអាងថា លោក ពូទីន លើកឡើងពីការសម្រួលទំនាក់ទំនង ដើម្បីសម្រេចបានផលប្រយោជន៍នៃប្រទេសទាំងពីរ និងថា អាមេរិក និងរុស្ស៊ីមានការទទួលខុសត្រូវពិសេស ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក ៕ ប្រភព៖ Reuters
-
រដ្ឋបាលលោក ចូ បៃដិន នឹងទិញវ៉ាក់សាំង Covid-19 ចំនួន២០០លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន

អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធបតីអាមេរិក ចូ បៃដិន នឹងបញ្ជាទិញវ៉ាក់សាំង Covid-19 បន្ថែមទៀតចំនួន២០០លានដូស ដើម្បីចែកចាយនៅតាមបណ្តារដ្ឋជាច្រើនទៀត ដែលនេះជាការសន្យារបស់លោកប្រធានាធិបតី ក្នុងការព្យាយាមទប់ស្កាតការឆ្លងរីករាលដាល នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ ។ រដ្ឋបាលរបស់លោក បៃដិន បានបញ្ជូនសេចក្តីថ្លែងការណ៍សង្ខេបទៅកាន់បណ្តាអភិបាលរដ្ឋនានានៅថ្ងៃអង្គារនេះ អំពីផែនការរបស់ខ្លួនក្នុងការបង្កើនចំនួនវ៉ា់ក់សាំងដែលនឹងត្រូវផ្តល់ជូនដល់រដ្ឋាភិបាលក្នុងតំបន់អោយបាន១០លានដូសក្នុងមួយសប្តាហ៍សម្រាប់រយៈពេល៣សប្តាហ៍បន្ទាប់ កើនឡើងពី៨.៦លានដូសក្នុងពេលបច្ចុប្បន្ន នេះបើតាមប្រភពពីមន្រ្តីអាមេរិកសុំមិនបញ្ជាក់អត្តសញ្ញាណ ។ សូមជម្រាបថា រដ្ឋបាលរបស់លោក បៃដិន នឹងបញ្ជាទិញវ៉ាក់សាំងផ្សេងៗគ្នាចំនួន១០០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ និងក្រុមហ៊ុនម៉ូឌែណា ដើម្បីបង្កើនចំនួនវ៉ាក់សាំងអោយកើនឡើងដល់៦០០លានដូស ព្រមជាមួយការរំពឹងថា នឹងចែកចាយនៅក្នុងរដូវក្តៅខាងមុខនេះ ។ វ៉ាក់សាំងនីមួយៗទាមទារអោយចាក់២ដូសក្នុងមនុស្សម្នាក់ ដើម្បីការពារពេញលេញពីវីរុស Covid-19 ខណៈការបញ្ជាទិញថ្មី អាចនឹងគ្របដណ្តប់លើប្រជាជនអាមេរិករហូតដល់៣៣១លាននាក់ ៕ ប្រភព៖ Reuters
-
អនុប្រធានាធិបតីអាមេរិកទទួលការចាក់វ៉ាក់សាំងការពារ Covid-19 ដូសទី២

អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 របស់លោកជាលើកទី២ ដែលជាវ៉ាក់សាំងផលិតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្រ្តអាមេរិក ម៉ូឌែណា នៅឯវិទ្យាស្ថានសុខាភិបាលជាតិ ។ ជាមួយគ្នានេះ លោកស្រី ហារី បាននិយាយថា ខ្ញុំចង់ជំរុញអោយអោយគ្រប់គ្នាទទួលការចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់អ្នក… វាពិតជាមិនមានការឈឺចាប់នោះទេ ហើយវានឹងអាចជួយសង្គ្រោះជីវិតរបស់អ្នកបានទៀតផង ។ ក្រុមហ៊ុន ម៉ូឌែណា អាយអិនស៊ី នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ខ្លួនជឿជាក់ថា វ៉ាក់សាំង Covid-19 របស់ខ្លួនអាចការពារប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។ ទន្ទឹមគ្នា ក្រុមហ៊ុន ភីហ្វីហ្សឺ អាយអិនស៊ី និង បាយអូអិនធិច អេសអ៊ី ក៏បានអះអាងដូចគ្នាដែរថា តាមរយៈការធ្វើតេស្តបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនអាចមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ ៕ ប្រភព៖ Yahoo News
-
មេប៉ូលិសវិមានសភាសុំអភ័យទោស ជុំវិញការបរាជ័យដើម្បីទប់ស្កាត់កុបកម្មនៅថ្ងៃ០៦ ខែមករាកន្លងទៅនេះ

អាមេរិក៖ ប្រធានបណ្តោះអាសន្ននៃកងកម្លាំងប៉ូលិសវិមានសភាអាមេរិក បានសុំអភ័យទោស ពាក់ព័ន្ធនឹងការបរាជ័យដើម្បីទប់ស្កាត់ការវាយប្រហារដ៏អាក្រក់នៅដើមខែមករាកន្លងទៅនេះលើវិមានសភា ពីសំណាក់ក្រុមកុបករគាំទ្រអតីតប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលធ្វើអោយមនុស្ស០៥នាក់ស្លាប់ ។ នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភា នាថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី យ៉ូហ្គាណាន់ដា ភីតមែន បានបញ្ជាក់ថា ប៉ូលិសកាពីតូលមិនបានបំពេញតាមស្តង់ដារខ្ពស់របស់ខ្លួន និង របស់អ្នកដទៃផងដែរ ។ លោកស្រីបន្ថែមថា យើងដឹងថា ក្រុមជីវពល និងអង្គការកំពូលៗនឹងចូលរួម… យើងក៏ដឹងដែរថា អ្នកចូលរួមខ្លះមានបំណងនាំយកកាំភ្លើង និងអាវុធផ្សេងទៀតមកចូលរួមក្នុងព្រឹត្តិការណ៍នេះ..យើងដឹងថា មានសក្តានុពលខ្លាំងសម្រាប់អំពើហិង្សា ហើយសភាគឺជាគោលដៅ ។ នៅក្នុងសក្ខីកម្មនេះ លោកស្រី ភីតមែន បានចុះបញ្ជីកំហុសរបស់ប៉ូលីសជាច្រើន ដែលមិនធ្វើតាមបទបញ្ជាដែលលោកស្រីបានចេញ អំឡុងការឡោមព័ទ្ធ និង មិនមានផែនការទំនាក់ទំនងគ្រប់គ្រាន់សម្រាប់វិបត្តិនេះ ។ ការទទួលយកកំហុសរបស់លោកស្រី ភីតមែន ខាងលើនេះ បានកើតមានឡើងស្របពេលដែលភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការគំរាមកំហែងមួយចំនួន ដែលផ្ដោតគោលដៅទៅលើសមាជិកសភា និងនៅពេលដែលការចោទប្រកាន់លើកទីពីររបស់លោក ត្រាំ កំពុងតែដំណើរការ ៕ ប្រភព៖ Reuters
-
ប្រទេសថៃមានឆ្លងកូវីដ១៩ថ្មីៗ ជិត២ពាន់នាក់ ត្រឹម២ថ្ងៃ

ថៃបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ជិត១ពាន់នាក់ទៀត នាថ្ងៃពុធ ទី២៧ មករា ២០២១នេះ ដោយម្សិលមិញ ក៏មានរកឃើញជិត១ពាន់នាក់ដែរ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃ CCSA បានរាយការណ៍ថា ថ្ងៃនេះមានឆ្លងថ្មី៨១៩នាក់ទៀត ក្នុងនោះ មានតែ១១នាក់ទេដែលជាករណីនាំចូល ហើយក៏មានស្លាប់មនុស្សម្នាក់ទៀតដែរ។ សូមរម្លឹកដែរថា កាលពីថ្ងៃទី២៦ មករា មានវិជ្ជមានកូវីដ១៩ចំនួន៩៥៩នាក់ដែរ ដោយភាគច្រើនលើសលុបជាករណីឆ្លងក្នុងសហគមន៍។ CCSA បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃពុធនេះ ថៃមានកូវីដ១៩សរុប កើនដល់១៥៤៦៥នាក់ហើយ ស្លាប់៧៦នាក់៕ ប្រភពពី The Nation
-
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ព្រមានប្រឆាំងនឹងការចាប់ផ្តើម “សង្គ្រាមត្រជាក់ថ្មី”

ចិន៖ អំឡុងពេលថ្លែងសុន្ទរកថាតាមវីដេអូ ក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានមេដឹកនាំផ្នែកនយោបាយ និងពាណិជ្ជកម្មនៅជុំវិញពិភពលោក អំពីការប្រឆាំងនឹងការចាប់ផ្តើម “សង្រ្គាមត្រជាក់ថ្មី” ។ ការព្រមានរបស់លោក ស៊ី គឺប្រឆាំងនឹង “សង្រ្គាមត្រជាក់ថ្មី” ដែលរួមទាំងការគំរាមកំហែងដល់អ្នកដទៃ និងការដាក់ទណ្ឌកម្មដោយចេតនា បានកើតឡើងចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក ខណៈអតីតប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាន់ជំហរប្រឈមនឹងទីក្រុងប៉េកាំង ។ នាឱកាសនោះដែរ ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមានឆន្ទៈសហការជាមួយសហគមន៍អន្តរជាតិ ហើយថា វាមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់ ក្នុងការប្រើជំងឺរាតត្បាតជាលេស ដើម្បីបញ្ច្រាសសកលភាវូបនីយកម្មនោះទេ ហើយវាកំពុងឆ្ពោះទៅរកភាពឯកោ និងការដួលរលំ… បញ្ហាដែលពិភពលោកកំពុងប្រឈមគឺសាំញ៉ាំ និងស្មុគស្មាញ ។ ផ្លូវចេញពីពួកវា គឺតាមរយៈការលើកកម្ពស់ពហុភាគីនិយម និងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ៕ ប្រភព៖ NHK
-
សហភាពអ៊ឺរ៉ុបព្រមានរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំង Covid-19 ចំពេលមានជម្លោះជាមួយក្រុមហ៊ុន AstraZeneca

ប៊ែលហ្ស៊ិក៖ សហភាពអ៊ឺរ៉ុបព្រមានថា ខ្លួននឹងរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំង Covid-19 ចំពេលមានជម្លោះជាមួយក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា ជុំវិញការកាត់បន្ថយការផ្គត់ផ្គង់តាមការគ្រោងទុក ទៅអោយប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ ។ ស្នងការសុខាភិបាលសហភាពអឺរ៉ុបលោកស្រី ស្តេឡា គីរៀឃីដ បានបង្ហោះសារនៅលើ Twitter ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបង្ហាញលទ្ធផលមិនពេញចិត្ត ដោយសារការខ្វះភាពច្បាស់លាស់ និងការពន្យល់មិនគ្រប់គ្រាន់ ។ លោកស្រី គីរៀឃីដ បន្ថែមថា សហភាពអឺរ៉ុបបានស្នើសុំផែនការលម្អិតអំពីការចែកចាយវ៉ាក់សាំង ហើយកិច្ចប្រជុំបន្ទាប់ជាមួយក្រុមហ៊ុន អាស្រ្តាហ្សេណេ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ ។ លោកស្រីបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបនឹងចាត់វិធានការណាមួយ ដែលចាំបាច់ ដើម្បីការពារពលរដ្ឋរបស់ខ្លួន ។ សូមជម្រាបថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន អាស្រ្តាហ្សេណេ បានប្រាប់ទៅកាន់សហភាពអឺរ៉ុបថា ខ្លួនខកខានចំពោះគោលដៅផ្គត់ផ្គង់របស់ខ្លួន ដោយសារតែបញ្ហាផលិតកម្ម ខណៈអឺរ៉ុបត្រូវបានគេរិះគន់ចំពោះការចែកចាយយឺតយ៉ាវនូវវ៉ាក់សាំងដែលខ្លួនទិញក្នុងនាមរដ្ឋជាសមាជិកទាំងអស់ ៕ ប្រភព៖ Reuters