-
សហរដ្ឋអាមេរិកដាក់ពង្រាយកងទាហានបន្ថែមនៅទូទាំងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងរលកនៃការតវ៉ាប្រដាប់អាវុធ

អាមេរិក៖ កងទាហានរដ្ឋត្រូវបានដាក់ពង្រឹងបន្ថែមទៀតនៅថ្ងៃអាទិត្យសប្តាហ៍មុននេះក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ជាការរៀបចំមួយដើម្បីប្រឆាំងនឹងរលកនៃការតវ៉ាប្រដាប់អាវុធ ដែលអាចនឹងកើតមានដោយអ្នកគាំទ្រលោក ត្រាំ មួយក្តាប់តូច ដែលគេជឿជាក់ថា នឹងបង្កភាពចលាចលនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាផ្លូវការ ។បណ្តារដ្ឋជាច្រើនត្រូវបានដាក់ពង្រាយកងកម្លាំងឆ្មាំការពារជាតិ ដើម្បីជួយពង្រឹងសុវត្ថិភាពនៅអគារ កាពីតូល របស់ពួកគេ ស្របតាមការព្រមានរបស់ទីភ្នាក់ងារ FBI អំពីការធ្វើបាតុកម្មប្រដាប់អាវុធដោយពួកបះបោរស្តាំនិយម ដែលបានបង្កការអុកឡុកដ៏ហិង្សានៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ ។ ក្រុមបាតុករប្រដាប់អាវុធបានបង្ហាញមុខនៅខាងក្រៅសភារបស់រដ្ឋ អូហៃយ៉ូ នៅក្នុងទីក្រុង ខូឡុំប៊ស់ ប៉ុន្តែពួកគេត្រូវបានប៉ូលីសចាប់ខ្លួន ។ អ្នកតំណាងដ៏ធំនៃក្រុមនេះ ហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនា ប៊ូហ្គាលូ“Boogaloo” ជាចលនាកងជីវពលថ្មីដែលប្រឆាំងរដ្ឋាភិបាល ហើយបានប្រាប់អ្នកយកព័ត៌មានថា ពួកគេមិននៅទីនោះក្នុងនាមគាំទ្រលោក ត្រាំ ទេ ប៉ុន្តែសម្រាប់សេរីភាពបុគ្គលទាំងអស់គ្នា ។ហេតុការណ៍ស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ អូរីហ្គន និងនៅរដ្ឋ មីឈីហ្គេន ជាកន្លែងដែលក្រុមអ្នកតវ៉ាប្រហែល២៤នាក់បានប្រមូលផ្ដុំគ្នានៅឯវិមានកាពីតូលក្នុងទីក្រុង លែនស៊ីង នៅពេលថ្ងៃត្រង់ ។ ប៉ុន្តែមិនមានការរាយការណ៍អំពីអំពើហិង្សានោះទេ ហើយបន្ទាប់មកពួកគេបានចាកចេញនៅរយៈពេលមួយម៉ោងក្រោយមក ៕ ប្រភព៖ CNA
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៦៩ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ក្នុងនោះ៨២ជាករណីឆ្លងក្នុងសហគមន៍

ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៦៩ករណីបន្ថែមទៀត ដែលនាំអោយករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់១ម៉ឺន២ពាន់៤២៣ករណី ខណៈមិនមានរបាយការណ៍អំពីការស្លាប់ថ្មីនោះទេ ដូច្នេះចំនួនអ្នកស្លាប់នៅតែ៧០នាក់ដដែរ ។ នៅក្នុងចំណោមអ្នកឆ្លងទាំង ៣៦៩ ករណីថ្មីខាងលើនេះ ក្នុងនោះមាន៨២ករណីជាករណីឆ្លងក្នុងសហគមន៍ ស្របពេលដែល២៧៥ករណី រួមទាំងពលករចំណាកស្រុកផងដែរនោះ ត្រូវបានរកឃើញតាមរយៈការតាមដានយ៉ាងសកម្ម ។ ដោយឡែក ១២ ករណីទៀតត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចត្តាឡីស័កដែលបានមកដល់ប្រទេសថៃ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែមករានេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លងសរុប១ម៉ឺន២ពាន់៤២៣ករណី ក្នុងនោះមានអ្នកស្លាប់៧០នាក់ និងជាសះស្បើយឡើងវិញ៩ពាន់២០៦នាក់ ខណៈករណីសកម្មមានចំនួន៣ពាន់១៤៧នាក់ ៕ប្រភព៖ Bangkok Post
-
ក្រុមហ៊ុនចិន Xiaomi ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនជាក្រុមហ៊ុនយោធាកុម្មុយនិស្ដចិន

ចិន៖ ក្រុមហ៊ុន Xiaomi បានចេញមុខបដិសេធ និងអះអាងថា ខ្លួនជាក្រុមហ៊ុនមួយដែលឯករាជ្យ និង មិនស្ថិតក្រោមការគ្រប់គ្រងដោយយោធាចិននោះទេ ខណៈការបដិសេធនេះធ្វើឡើងក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ក្រុមហ៊ុននេះ ទៅក្នុងបញ្ជីខ្មៅ និងហាមមិនឱ្យមានអ្នកវិនិយោគ និងក្រុមហ៊ុនអាមេរិកធ្វើជំនួញជាមួយ ។ តាមរយៈលិខិតផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា យើងសូមបញ្ជាក់ជាថ្មីថា យើងបានផ្តល់នូវផលិតផល និងសេវាកម្មសម្រាប់ការប្រើប្រាស់ជាលក្ខណៈស៊ីវិល (មិនមែនយោធា) ហើយយើងធ្វើដើម្បីពាណិជ្ជកម្ម… យើងមិនមែនជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់ គ្រងដោយយោធានចិនឡើយ ។ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកនេះដែរ ក្រុមហ៊ុនចិនដែលជួបបញ្ហានេះមុនគេ គឺក្រុមហ៊ុន ហូវៃ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធ និងទណ្ឌកម្មដែលធ្វើឱ្យតួលេខនៃការលក់ទូរស័ព្ទដៃធ្លាក់ចុះនៅក្នុងទីផ្សារអាមេរិក ជាពិសេសគឺស្មាតហ្វូនប្រើប្រាស់សេវា 5G ៕ប្រភព៖ GSM Arena
-
ថៃមានឆ្លងកូវីដ១៩ ជាង៧០០នាក់ ២ថ្ងៃជាប់ៗគ្នា

រដ្ឋាភិបាលថៃ នាថ្ងៃចន្ទ ទី១៨ មករា ២០២១នេះ បានប្រកាសពីរកឃើញវិជ្ជមានកូវីដ១៩ ថ្មីចំនួន៣៦៩នាក់ទៀតធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ចាប់តាំងពីពេលចាប់ផ្តើមផ្ទុះកូវីដ១៩មក កើនដល់១២៤២៣នាក់ហើយ ខណៈអ្នកស្លាប់មាន៧០នាក់។ កាលពីថ្ងៃអាទិត្យម្សិលមិញ រកឃើញ៣៧៤នាក់ឆ្លងកូវីដ១៩ នៅប្រទេសនេះដែរ ដូច្នេះសរុបទាំង២ថ្ងៃជាប់ៗគ្នា មាន៧៤៣នាក់បានឆ្លង។ ប្រភពបញ្ជាក់ថា ៨២នាក់ក្នុងចំណោម៣៦៩នាក់នេះ គឺជាករណីឆ្លងក្នុងស្រុក ខណៈដែល២៧៥នាក់ទៀត គឺជាការចម្លងក្នុងសហគមន៍ដែរ តែទាក់ទងនឹងពលករអន្តោប្រវេសន៍។ ក្រៅពីនេះ មាន១២នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ តាំងពីផ្ទុះក្នុងសហគមន៍ធ្ងន់ធ្ងរ ផ្តើមចេញពីផ្សាលក់អាហារសមុទ្រមួយក្នុងខេត្តសាមុត សាខន កាលពីចុងឆ្នាំ២០២០មក ជំងឺកូវីដ១៩បានឆ្លងរាលដាលដល់៦១រាជធានី-ខេត្តហើយ ក្នុងនោះ មានតែ១៦ខេត្តប៉ុណ្ណោដែលគ្មាន៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អ្នកជំនាញកំពូលអាមេរិកនិយាយថា ការចាក់វ៉ាក់សាំង Covid-19 ចំនួន១០០លានដូសក្នុងរយៈពេល១០០ថ្ងៃ ពិតជារឿងដែលអាចធ្វើបានសម្រាប់សហរដ្ឋអាមេរិក

អាមេរិក៖ អគ្គនាយកវិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វូស៊ី និយាយថា គោលបំណងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន គឺការចែកចាយវ៉ាក់សាំង Covid-19 ចំនួន១០០លានដូសនៅក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោកនោះ គឺពិតជារឿងដែលអាចធ្វើបាន ។ ថ្លែងក្នុងកម្មវិធី Meet The Press របស់ទូរទស្សន៍ NBC លោក ហ្វូស៊ី បាននិយាយថា បេក្ខភាពវ៉ាក់សាំងចំនួន០២ថ្មីកំពុងស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា និង ចនសុន អេន ចនសុន អាចនឹងផលិតបាននាពេលឆាប់ៗនេះ ដោយនឹងដាក់សំណើទៅកាន់និយ័តករអាមេរិកដើម្បីអនុម័ត ដែលប្រការនេះនឹងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ។ ការអត្ថាធិប្បាយរបស់លោក អាន់តូនី ហ្វូស៊ី ខាងលើនេះ បានកើតឡើងចំពេលមានការរិះគន់អំពីល្បឿនដែលសហរដ្ឋអាមេរិក កំពុងចាក់វ៉ាក់សាំងការពារជំងឺ ដែលបានសម្លាប់មនុស្សជាង៣៩ម៉ឺននាក់ នៅក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ ។ យ៉ាងណាមិញ ពលរដ្ឋអាមេរិកប្រមាណ១០.៦លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំង Covid-19 ៕ប្រភព៖ Reuters
-
ចិនរកឃើញអ្នកឆ្លង Covid-19 ក្នុងស្រុកថ្មីៗចំនួន១០៩ករណីបន្ថែមទៀតនៅថ្ងៃចន្ទនេះ

ចិន៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ រកឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន១០៩ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈបុណ្យចូលឆ្នាំថ្មីនឹងឈានមកដល់ខែក្រោយនេះ ។ គណៈកម្មាធិការសុខាភិបាលជាតិចិន NHC បញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់នេះ មាន៩៦នាក់គឺជាករណីឆ្លងក្នុងស្រុក ដោយ៧២នាក់បានរាយការណ៍ចេញពីខេត្ត Hebei ១២នាក់នៅខេត្ត Heilongjiang ១០នាក់នៅខេត្ត Jilin និង២នាក់ទៀតនៅទីក្រុងប៉េកាំង ។ សូមជម្រាបថា ការកើនឡើងនៃករណីឆ្លងថ្មីៗខាងលើនេះ បានកើតឡើងចំពេលដែលក្រុមអ្នកស៊ើបអង្កេតដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO កំពុងស្ថិតក្នុងវិធានការធ្វើចត្តាឡីស័កនៅទីក្រុងវូហាន ដើម្បីស្វែងរកប្រភពដើមនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ ២០១៩ ៕ប្រភព៖ AFP
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៧៤ករណី ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍នៅខេត្តសាមុត សាខន

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យនេះ រកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៣៧៤ករណីបន្ថែមទៀត ដែលក្នុងនោះភាគច្រើនត្រូវបានរកឃើញក្នុងខេត្ត សាមុត សាខន ។ អ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ លោក ថាវីស៊ីព វីសានុយោធីន បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់នេះ មាន៣២១ករណី ក្នុងនោះមានទាំងជនបរទេស៣១១នាក់ ហើយភាគច្រើននៃអ្នកទាំងនេះគឺនៅក្នុងខេត្ត សាមុត សាខន ខណៈ៤៣ករណីទៀត គឺជាករណីឆ្លងនៅក្នុងស្រុក និង១០ករណីទៀតជាអ្នកមកពីបរទេស ។ សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស១ម៉ឺន២ពាន់៥៤ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ៩ពាន់១៥នាក់ ៕ប្រភព៖ Bangkok Post
-
ចំនួនអ្នកស្លាប់កើនដល់៨១នាក់ ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ភ្លៀងមូសុង នៅថ្ងៃអាទិត្យម្សិលមិញ បានរារាំងដល់ប្រតិបត្តិការស្វែងរកអ្នកដែលបន្តកប់នៅក្រោមអគារ ដែលបាក់ដោយការរញ្ជួយដីដ៏ខ្លាំងលើកោះ ស៊ូឡាវេស៊ី របស់ឥណ្ឌូណេស៊ី ក្រោយ គ្រោះរញ្ជួយដីដ៏កក្រើកបានផ្តាច់ជីវិតមនុស្ស៨១នាក់ និងធ្វើអោយមនុស្សរាប់ពាន់នាក់បាត់បង់ទីជម្រក ។ រថយន្តអេស្កាវ៉ាទ័រ និងដងស្ទូចត្រូវបានដាក់ពង្រាយពាសពេញទីក្រុងមាត់សមុទ្រ ម៉ាម៊ូជូ ដែលនៅទីនោះ អគារជាច្រើនត្រូវទទួលការបំផ្លិចបំផ្លាញ រួមទាំងមន្ទីរពេទ្យ និងការិយាល័យអភិបាលខេត្តផងដែរ ។ នៅថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសឥណ្ឌូណេស៊ីក៏បានដាក់ពង្រាយអង្គភាពឆ្កែហិតក្លិន K-9 ដើម្បីជួយដល់ការស្វែងរកនៅឯមន្ទីរពេទ្យមួយដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។ ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញនៅទីក្រុង ម៉ាម៊ូជូ ប៉ុន្តែអ្នកខ្លះក៏ត្រូវបានគេរកឃើញនៅភាគខាងត្បូងទីក្រុងដែលមានប្រជាជន១១ម៉ឺននាក់ក្នុងខេត្ត West Sulawesi មួយនេះផងដែរ ខណៈអាជ្ញាធរមិនបានផ្តល់តួលេខពីអ្នកដែលនៅរស់រានមានជីវិតក្រោយការជួយសង្គ្រោះនៅឡើយទេ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិចទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ៕ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៥លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៥លាន៤៧ម៉ឺន៩ពាន់៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣ម៉ឺន៩ពាន់៦០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៨លាន១៦ម៉ឺន៧ពាន់១៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន៤៨ម៉ឺន២ពាន់៥០នាក់ ស្លាប់ចំនួន៤០ម៉ឺន៧ពាន់២០២នាក់ និងជាសះស្បើយចំនួន១៤លាន៤២ម៉ឺន៨ពាន់៣៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៧ម៉ឺន២ពាន់៦៧២នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់៤៥៦នាក់ និងជាសះស្បើយ១០លាន២១ម៉ឺន៦៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៤៨ម៉ឺន៨ពាន់៩៩នាក់ ស្លាប់២០ម៉ឺន៩ពាន់៨៦៨នាក់ និងជាសះស្បើយ៧លាន៤១ម៉ឺន១ពាន់៦៥៤នាក់ ៕
-
ក្រុមហ៊ុន Pfizer ពន្យារពេលចែកចាយវ៉ាក់សាំង Covid-19 ជាបណ្តោះអាសន្ន ធ្វើអោយអឺរ៉ុបព្រួយបារម្ភជាខ្លាំង ខណៈចំនួនអ្នកឆ្លងវីរុសកើនឡើង (Video)

ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្សឺ-បាយអូអិនធិច កាលពីដំបូងឡើយបាននិយាយថា ការចែកចាយវ៉ាក់សាំង COVID-19 របស់ខ្លួនកំពុងដំណើរការទៅតាមកាលវិភាគ ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រសប្ដាហ៍នេះ ពួកគេបានប្រកាសជាថ្មីវិញថា នឹងមានផលប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការដឹកជញ្ជូននៅចុងខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែការផ្លាស់ប្តូរដំណើរការ នៃសង្វាក់ផលិតកម្មរបស់វា ដើម្បីបង្កើនចំនួននៃការផលិត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលរបស់បណ្ដាប្រទេសអ៊ឺរ៉ុបជាច្រើនបានត្អូញត្អែរថា ភាពជឿជាក់នៃដំណើរការចែកចាយវ៉ាក់សាំង COVID-19 របស់ពួកគេកំពុងជួបហានិភ័យ ក្រោយក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ បានប្រកាសពីការពន្យារពេល ក្នុងការចែកចាយវ៉ាក់សាំងជាបណ្តោះអាសន្ន ។ ទន្ទឹមគ្នា ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ក្រុមហ៊ុន ភីហ្វីហ្ស៊ឺ បានធានាចំពោះការដឹកជញ្ជូនតាមផែនការទៅដល់សហភាពអ៊ឺរ៉ុបក្នុងត្រីមាសទី ១ នឹងមិនត្រូវពន្យារពេលនោះទេ ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ បានឆ្លើយតបវិញថា ការផ្លាស់ប្តូរខាងលើនេះ នឹងបង្កើនសមត្ថភាពនៃការផលិតវ៉ាក់សាំងដ៏គួរអោយកត់សម្គាល់មួយនៅចុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ខាងមុខ ៕