-
មនុស្សស្លាប់០៧នាក់ និងរបួសរាប់រយនាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ BNPB បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិកទ័របានវាយប្រហារកោះ ស៊ូឡាវេស៊ី របស់ឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ បណ្តាលអោយមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ខណៈប្រជាជនជាច្រើនត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយសំណង់អគារជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ ស្នូលរញ្ជួយស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីភាគឦសាន្តទីក្រុង ម៉ាចេណេ និងមានជំរៅ១០គីឡូម៉ែត្រ ។ បើតាមទីភ្នាក់ងារដដែលនេះ អ្នកស្រុកដែលភិតភ័យរាប់ពាន់នាក់បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះសម្បែងរបស់គេ ដើម្បីសុវត្ថិភាព ក្រោយកើតមានគ្រោះរញ្ជួយដីភ្លាមៗ តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិទេ ។ ទីភ្នាក់ងារនេះបានបន្ថែមទៀតថា សណ្ឋាគារមួយ និងការិយាល័យរបស់អភិបាលខេត្តដីកោះ ស៊ូឡាវេស៊ី ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ផងដែរ ។ សូមជម្រាបផងដែរថា ឥណ្ឌូណេស៊ីជាប្រទេសមួយដែលស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះឥណ្ឌូណេស៊ី តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ។ តួយ៉ាងកាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ ដែលស្ថិតនៅលើកោះ ស៊ូឡាវេស៊ី នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៣លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៦៧លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៣លាន៥៣ម៉ឺន២ពាន់៥១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២ពាន់៣៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន៨១ម៉ឺន២ពាន់៣០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន៨៤ម៉ឺន៨ពាន់៤១០នាក់ ស្លាប់ចំនួន៣៩ម៉ឺន៧ពាន់៩៩៤នាក់ និងជាសះស្បើយចំនួន១៤លាន១១ម៉ឺន២ពាន់១១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥២ម៉ឺន៨ពាន់៥០៨នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៩៥៤នាក់ និងជាសះស្បើយ១០លាន១៦ម៉ឺន២ពាន់៨២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៣២ម៉ឺន៦ពាន់១១៥នាក់ ស្លាប់២០ម៉ឺន៧ពាន់១៦០នាក់ និងជាសះស្បើយ៧លាន៣៣ម៉ឺន៩ពាន់៧០៣នាក់ ៕
-
ទីបំផុត! តុលាការកំពូលឲ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គុនហេ ជាប់គុក២០ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៥ មករា ២០២១នេះថា តុលាការកំពូលកូរ៉េខាងត្បូង បានបដិសេធការប្តឹងឧទ្ធរណ៍ ដោយរក្សាទុកជាបានការដដែល នូវការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ លើអតីតប្រធានាធិបតីលោកស្រី Park Geun-hye វ័យ ៦៨ឆ្នាំ ដែលត្រូវបានគេរកឃើញថា មានទោសកំហុសពីបទរំលោភអំណាច និងពុករលួយ។ ការសម្រេចចិត្តរបស់តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍នេះ បានរក្សាទុកជាបានការនូវទោសជាប់ពន្ធនាគារ ដែលត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ២០ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២០ ខណៈលោកស្រី Park ដំបូងឡើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ។ តុលាការកំពូលកូរ៉េខាងត្បូងក៏បានរក្សាទុកការពិន័យជាប្រាក់ ១៨ពាន់លានវ៉ុន ឬស្មើនឹង ១៧លានដុល្លារអាមេរិកផងដែរ ខណៈកាលពីដំបូងលោកស្រីអតីតប្រធានាធិបតីរូបនេះ ត្រូវបានពិន័យជាប្រាក់ ២០ពាន់លានវ៉ុន។ ការសម្រេចចិត្តរបស់តុលាការកំពូលកូរ៉េខាងត្បូង គឺជាសាលក្រមចុងក្រោយ និងបិទផ្លូវតវ៉ា នៅក្នុងសំណុំរឿងពុករលួយរបស់លោកស្រី Park៕
-
ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ កើនដល់៦៩នាក់ហើយ

នៅថ្ងៃព្រហស្បតិ៍ ទី១៤ មករា ២០២១នេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ២៧១នាក់ ថែមទៀត និងករណីស្លាប់ ០២នាក់ផងដែរ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។ អ្នកជំងឺ COVID-19 ពីរនាក់ដែលទើបបាត់បង់ជីវិតនោះ គឺម្នាក់ជាបុរសជនជាតិអង់គ្លេសវ័យ ៧១ឆ្នាំ ដែលមានជំងឺប្រចាំកាយស្រាប់ និងម្នាក់ទៀតជាបុរសជនជាតិថៃវ័យ ៥៣ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម។ សរុបនៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃគឺបានកើនដល់ ១១,២៦២ករណី ក្នុងនោះ ៧,៦៦០នាក់បានជាសះស្បើយ និង ៦៩នាក់បានបាត់បង់ជីវិត។ ទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃបានឲ្យដឹងដែរថា ក្នុងចំណោមករណីថ្មីៗទាំងនោះ មាន ២៥៩នាក់ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង ១២នាក់ជាករណីនាំចូលពីក្រៅប្រទេស៕
-
ទីបំផុតហ្វីលីពីនបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងករណីបន្ទាន់ (Video)

ហ្វីលីពីន៖ រដ្ឋបាលត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ឱសថហ្វីលីពីនប្រកាសអនុម័តអោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្ស៊ឺ របស់អាមេរិក និង បាយអូអិនធិចរបស់អាល្លឺម៉ង់ នៅក្នុងករណីបន្ទាន់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ ប្រធានរដ្ឋបាលត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ឱសថហ្វីលីពីនលោក រ៉ូលែនដូ អេនរីហ្គេ ដូមីនហ្គោ បាននិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុនភីហ្វីហ្ស៊ឺ-បាយអូអិនធិច ដែលបានបង្ហាញអត្រាជោគជ័យរហូតដល់៩៥ភាគរយនេះ អាចនឹងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយនឹងមនុស្សជិតកន្លះលាននាក់នៅហ្វីលីពីន ដែលឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ សូមជម្រាបថា ការអនុម័តខាងលើនេះ បានកើតមានឡើងក្រោយអាជ្ញាធរសុខាភិបាលហ្វីលីពីនបាននិយាយថា ក្រុមហ៊ុនផលិតឱសថចិន ស៊ីណាវ៉ាក់ នៅថ្ងៃពុធម្សិលមិញ ក៏ទើបតែបានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន នៅហ្វីលីពីន ខណៈប្រទេសអាស៊ានមួយនេះរំពឹងថា នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅខែកុម្ភៈ ឆ្នាំ២០២១ ៕
-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ សំដៅរឹតត្បិតលើការវិនិយោគដោយក្រុមហ៊ុនអាមេរិកនៅប្រទេសចិន (Video)

អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ចុះហត្ថលេ ខាលើបទបញ្ជាថ្មីមួយ សំដៅរឹតបន្តឹងបម្រាមដែលបានចូលជាធរមានកាលពីខែវិច្ឆិកាកន្លងទៅ ដែលហាមក្រុមហ៊ុនអាមេរិកទាំងអស់ មិនអោយធ្វើការវិនិយោគក្នុងក្រុមហ៊ុនចិន ដែលជាប់សង្ស័យថា មានទំនាក់ទំនងជាមួយយោធាចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា បទបញ្ជាប្រតិបត្តិនៅថ្ងៃនេះ នឹងធានាថា សហរដ្ឋអាមេរិកមានកូនសោដ៏សំខាន់មួយនៅក្នុងដៃ ដែលអាចការពារ និងរារាំងអ្នកវិនិយោគអាមេរិកផ្ដល់ហិរញ្ញវត្ថុទៅអោយយោធាចិន ។ សូមជម្រាបថា បទបញ្ជាកាលពីខែវិច្ឆិកាកន្លងទៅ បានធ្វើការហាមឃាត់ត្រឹមតែការទិញភាគហ៊ុនប៉ុណ្ណោះ តែនៅក្រោមបទបញ្ជាថ្មីខាងលើនេះវិញ ក្រុមហ៊ុន ឬអ្នកវិនិយោគអាមេរិកទាំងអស់ នឹងតម្រូវឱ្យដកភាគហ៊ុន ឬការវិនិយោគរបស់ពួកគេទាំងស្រុង ចេញពីក្រុមហ៊ុនចិនទាំងឡាយណាដែលរងការចោទប្រកាន់ ឬជាប់សង្ស័យថា មានទំនាក់ទំនងជាមួយយោធាចិន ៕
-
លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវសភាតំណាងរាស្ត្របោះឆ្នោតដកតំណែងជាលើកទី២ (Video)

អាមេរិក៖ លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានសមាជិកសភាតំណាងរាស្រ្តគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតទម្លាក់ពីតំណែងជាលើកទី២ នៅថ្ងៃពុធនេះ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលអុកឡុងវិមានសភាកាលពីសប្ដាហ៍មុន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ ការចាប់ផ្ដើមនីវិតិធីដកតំណែងលោក ត្រាំ ដោយសភាតំណាងរាស្ត្រខាងលើនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងភាពចលាចល និង អំពើហិង្សានៅវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានា ធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។ សភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ២៣២ ទល់នឹង១៩៧សំឡេង ។ នៅក្នុងការបោះឆ្នោតនេះដែរ ក៏មានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោក ត្រាំផងដែរ ៕
-
កងទ័ព១ម៉ឺន៥ពាន់នាក់ត្រូវបានដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង (Video)

អាមេរិក៖ កងទ័ពឆ្មាំការពារជាតិអាមេរិក១ម៉ឺន៥ពាន់នាក់ ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ ទុកជាមុន និងកំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ក្រុមអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រុកចូលអុកឡុកវិមានសភា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។ នៅក្នុងភាពចលាចលដ៏ហិង្សានោះ បណ្តាលអោយមនុស្ស០៥នាក់បាត់បង់ជីវិត ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ ហើយបន្ទាប់ពីភាពចលាចលនេះដែរ ទីភ្នាក់ងារ FBI បានព្រមានថា បាតុកម្មប្រដាប់ដោយអាវុធ និងអំពើហិង្សា អាចនឹងផ្ទុះឡើងនៅថ្ងៃលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី ៕
-
ប្រធានាធិបតីរុស្ស៊ីបញ្ជាអោយចាប់ផ្តើមចាក់វ៉ាក់សាំង Sputnik V ដើម្បីបង្ការវីរុស Covid-19 ក្នុងទ្រង់ទ្រាយធំជូនដល់ប្រជាជនទាំងអស់

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បញ្ជាអោយរដ្ឋាភិបាលរបស់លោកចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ ដោយចាក់ជូនប្រជាជនរុស្ស៊ីទាំងអស់ ចំពេលដែលពលរដ្ឋជាង១.៥លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ហើយ នេះបើតាមសារព័ត៌មាន RT នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ តាមរយៈកិច្ចប្រជុំអនឡាញជាមួយគណៈរដ្ឋមន្ត្រីរបស់ខ្លួន លោក ពូទីន បាននិយាយថា ខ្ញុំស្នើសុំអោយពួកអ្នកចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19 ជូនដល់ពលរដ្ឋទាំងមូលនៅសប្តាហ៍ក្រោយ ។ ស្របពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក តាធៀណា ហ្គោលីកូវ៉ា បាននិយាយថា អាជ្ញាធរនឹងត្រៀមខ្លួន ដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះតែម្តង ៕
-
មន្រ្តីជាន់ខ្ពស់អង្គការ WHO ព្រមានថា វីរុស Covid-19 ឆ្នាំទី២ អាចនឹងធ្ងន់ធ្ងរជាងឆ្នាំទី១ទៅទៀត (Video)

ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធនេះនិយាយថា ជំងឺកូវីដ១៩ឆ្នាំទី២នេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាងឆ្នាំដំបូងទៅទៀត ជាពិសេសនៅអឌ្ឍគោលខាងជើង ពីព្រោះវីរុសទម្រង់ថ្មីកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ មន្ត្រីផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO លោក ម៉ៃ រីយ៉ាន បញ្ជាក់ថា យើងនឹងឈានចូលដល់ឆ្នាំទី២នៃរោគរាតត្បាតនេះ ហើយវារឹតតែពិបាកថែមទៀត ដោយសារតែសក្ដានុពលនៃការចម្លង និង បញ្ហាមួយចំនួនដែលយើងកំពុងជួបប្រទះ ។ លោក រីយ៉ាន បន្ថែមទៀតថា ពិតណាស់ នៅអឌ្ឍគោលខាងជើង ជាពិសេសនៅអឺរ៉ុប និងអាមេរិកខាងជើង យើងបានឃើញថាមានពិធីបុណ្យានានា ភាពត្រជាក់ ប្រជាជនស្នាក់ខាងក្នុងផ្ទះ ការជួបជុំ និងការរួមបញ្ចូលកត្តាជាច្រើន ដែលជំរុញអោយមានការចម្លងកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើន ។ សូមជម្រាបថា ជំងឺ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩២លាន៧៤ម៉ឺន៧ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៨ម៉ឺន៥ពាន់៤០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន២៧ម៉ឺន៦ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ៕