-
ហ្វីលីពីនប្រកាសរកឃើញអ្នកផ្ទុកវីរុស Covid-19 ទម្រង់ថ្មីជាលើកដំបូង ដែលមានប្រភពនៅអង់គ្លេស

ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនបានរកឃើញជាលើកដំបូងនូវអ្នកផ្ទុកវីរុសកូវីដ១៩ទម្រង់ថ្មី ដូចគ្នាទៅនឹងវីរុសនៅចក្រភពអង់គ្លេស ដែលឆ្លងរាតត្បាតយ៉ាងលឿន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ ក្រសួងសុខាភិបាលហ្វីលីពីន DOH និងមជ្ឈមណ្ឌលហ្សែនហ្វីលីពីន PGC បាននិយាយថា វីរុសកូរ៉ូណាទម្រង់ថ្មីដែលហៅថា VUI-202012/01 ឬ lineage B117 ត្រូវបានរកឃើញនៅក្នុងខ្លួនភ្នាក់ងារអចលនទ្រព្យម្នាក់នៅទីក្រុង កេហ្សុន ស៊ីធី។បុរសនេះធ្លាប់បានទៅអារ៉ាប់រួមអេមីរ៉ាត់ ចាប់ពីថ្ងៃ២៧ ខែធ្នូដល់ទី៧ ខែមករា ។ជននេះត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅមួយថ្ងៃក្រោយវិលត្រឡប់ពីទីក្រុងឌូបៃ មកដល់ទីក្រុងម៉ានីល ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលហ្វីលីពីនហាមឃាត់អ្នកដំណើរដែលមានប្រវត្តិធ្វើដំណើរនាពេលថ្មីៗទៅកាន់ចក្រភពអង់គ្លេស និង៣២ប្រទេស និងតំបន់ផ្សេងទៀត ដើម្បីការពារកុំអោយមានការឆ្លងរាលដាលថ្មីៗនៅក្នុងប្រទេស ខណៈអ្នកជំនាញការសុខភាពព្រមានថា វីរុសកូវីដ១៩ទម្រង់ថ្មីនេះអាចនាំអោយចំនួនឆ្លងនៅហ្វីលីពីនកើនឡើង១៥ដង ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៩៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៨ម៉ឺននាក់ និងជាសះស្បើយជាង៦៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩២លាន៧៤ម៉ឺន៧ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៨ម៉ឺន៥ពាន់៤០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន២៧ម៉ឺន៦ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន៦១ម៉ឺន៦ពាន់៣៤៥នាក់ ស្លាប់ចំនួន៣៩ម៉ឺន៣ពាន់៩២៨នាក់ និងជាសះស្បើយចំនួន១៣លាន៩៧ម៉ឺន៥ពាន់៣៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥១ម៉ឺន២ពាន់៨៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៧៦៥នាក់ និងជាសះស្បើយ១០លាន១៤ម៉ឺន៦ពាន់២៥៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន២៥ម៉ឺន៧ពាន់៤៥៩នាក់ ស្លាប់២០ម៉ឺន៦ពាន់៩នាក់ និងជាសះស្បើយ៧លាន២៧ម៉ឺន៧ពាន់១៩៥នាក់ ៕
-
ផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយនៅកណ្តាលទីក្រុងបាងកក ត្រូវបានបិទរយៈពេល០៣ថ្ងៃ បន្ទាប់ពីអ្នកលក់ម្នាក់ធ្វើតេស្តវិជ្ជមាន Covid-19

ថៃ៖ ផ្សារ ក្លុង ថូយ (Klong Toey) ដែលជាផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយនៅកណ្តាលទីក្រុងបាងកក របស់ប្រទេសថៃ ត្រូវបានបិទរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃពុធនេះ ក្រោយអ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមាន Covid-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ ស្របពេលជាមួយគ្នានេះដែរ ទារកអាយុ០៣ខែម្នាក់ក៏បានធ្វើតេស្តវិជ្ជមាន Covid-19 ផងដែរ ខណៈមកទល់ពេលនេះ វាជាករណីឆ្លងក្មេងជាងគេ ក្នុងចំណោមករណីឆ្លងថ្មីចំនួន៣២ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីនេះកាលពីថ្ងៃ អង្គារ ម្សិលមិញ ។ ចៅសង្កាត់ ក្លុង ថូយ លោកស្រី ភីយ៉ាដា នីយុម បាននិយាយថា អ្នកលក់នៅផ្សារ នេះ ដែលមិនមានរោគសញ្ញាត្រូវបានដាក់អោយធ្វើចត្តាឡីស័ក ក្រោយការធ្វើតេស្តទឹកមាត់បានបង្ហាញថា អ្នកលក់រូបនេះបានឆ្លងវីរុសនេះ ។ បន្ថែមលើនេះ លោកស្រី ភីយ៉ាដា បានបន្ថែមទៀតថា មនុស្សជាង១០នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកលក់ដែលឆ្លងមេរោគនេះ ត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកផងដែរ ហើយថា ផ្សារនេះនឹងត្រូវបិទដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ហើយនឹងបើកឡើងវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕
-
៤ថ្ងៃ! សមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី ៤នាក់ឆ្លងកូវីដ១៩ ក្រោយទើបឆ្លងម្នាក់ទៀត

នៅថ្ងៃពុធ ទី១៣ មករា ២០២១នេះ ម៉ាឡេស៊ីបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ លើសមាជិកគណៈរដ្ឋមន្ត្រីមួយរូបទៀត កើនដល់៤រូបហើយ ត្រឹមពេល៤ថ្ងៃមកនេះ។ លោក Zahidi Zainul Abidin អនុរដ្ឋមន្ត្រីបណ្តាទំនាក់ទំនងសង្គមនិងទូរគមនាគម របស់ប្រទេសម៉ាឡេស៊ីត្រូវបានប្រកាសថាវិជ្ជមាន ដោយការិយាល័យរបស់លោកផ្ទាល់។ លោកបានឆ្លងជំងឺកូវីដ១៩ ក្រោយពេលសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី៣រូបផ្សេងទៀតបានឆ្លងជំងឺកូវីដ១៩ ក្នុងពេល៤ថ្ងៃមកនេះ។ កាលពីម្សិលមិញនេះដែរ ព្រះមហាក្សត្រម៉ាឡេស៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ទូទាំងប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ម៉ាឡេស៊ីបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣៣០៩ករណីថ្មី កាលពីម្សិលមិញ៕
-
ឥណ្ឌូនេស៊ីជឿជាក់ថា ខ្លួននឹងរកឃើញប្រអប់ខ្មៅទី២របស់យន្តហោះដឹកអ្នកដំណើរដែលធ្លាក់នៅសមុទ្រជ្វា (Video)

ឥណ្ឌូនេស៊ី៖ ក្រុមអ្នកមុជទឹករបស់ឥណ្ឌូនេស៊ីមានជឿជាក់ថា ពួកគេកាន់តែខិតជិតការរកឃើញម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះ របស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ ដែលបានជួបគ្រោះថ្នាក់ធ្លាក់ចូលក្នុងសមុទ្រជ្វា ជាមួយនឹងអ្នកដំណើរនៅលើនោះសរុប៦២នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ ការបង្ហាញទំនុកចិត្តរបស់ក្រុមអ្នកមុជទឹករបស់ឥណ្ឌូនេស៊ីខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រមុខយោធាឥណ្ឌូណេស៊ីលោក ហាឌី ចេសចាន់តូ និយាយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ឬប្រអប់ខ្មៅរបស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ ត្រូវបានរកឃើញនៅថ្ងៃទីបួន នៃប្រតិបត្តិការស្វែងរក ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ ហ្សាកាតា អ៊ីនធើនេសិនណល ខុនធើនណើ ធើមីណល ធូ ដោយនាវាកងទ័ពជើងទឹក KRI រីហ្គែល ។ លោក ចេសចាន់តូ បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ ត្រូវបានគេរកឃើញនៅម៉ោង០៤និង៤០នាទីល្ងាច (ម៉ោងក្នុងតំបន់) ហើយក្រុមរុករក និងជួយសង្គ្រោះនៅតែកំពុងស្វែងរកម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះទៀត ។ សូមរំលឹកថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ បានចាកចេញពីអាកាសយានដ្ឋាន សឹកកាណូ-ហាតា នៅទីក្រុងហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង ផុនទៀណាក់ នៅក្នុងខេត្ត…
-
អនុប្រធានាធិបតីអាមេរិកទាត់ចោលការអំពាវនាវអោយប្រើវិសោធនកម្មលើកទី២៥ ដើម្បីដកលោក ដូណាល់ ត្រាំ ចេញពីតំណែង (Video)

អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ភែន នៅថ្ងៃពុធនេះ បានធ្វើការច្រានចោលការអំពាវនាវអោយប្រើវិសោធនកម្មទី ២៥ មកប្រើ ដើម្បីដកប្រធានា ធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ចេញពីតំណែង នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ នៅក្នុងលិខិតមួយដែលនៅល្ងាចថ្ងៃ អង្គារ សប្តាហ៍នេះ ផ្ញើទៅកាន់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ផែលឡូស៊ី នោះ អនុប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា យន្តការនេះមិនគួរត្រូវបានប្រើជាមធ្យោបាយ នៃការដាក់ទណ្ឌ កម្ម ឬការដណ្តើមអំណាចឡើយ ។ ជាមួយគ្នានេះ លោក ភែន បានលើកទឹកចិត្តសភាអោយជៀសវាងសកម្មភាពនានា ដែលធ្វើអោយបែកបាក់ និង បំប៉ោងស្ថានការណ៍ ហើយត្រូវផ្តោតលើការធ្វើអោយរលូននូវដំណើរការផ្ទេរអំណាចទៅអោយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី ផែលឡូស៊ី បាននិយាយថា ប្រសិនបើលោក ភែន បដិសេធប្រើប្រាស់ការធ្វើវិសោធនកម្មទី២៥នេះ សភានឹងចាប់ផ្តើមដំណើរការប្តឹងចោទប្រកាន់គាត់ ខណៈសមាជិកបក្សសាធារណរដ្ឋចំនួន០៣រូបបាននិយាយរួចទៅហើយថា ពួកគេនឹងបោះឆ្នោតគាំទ្រ ៕
-
លោក ដូណាល់ ត្រាំ ហៅការប៉ុនប៉ងទម្លាប់រូបលោកមុនអាណត្តិថា ជាទង្វើដែលបង្កប់ដោយកំហឹងខ្លាំង (Video)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាការប៉ន់ប៉ងទម្លាក់លោកមុនអាណត្តិថា ជារឿងគួរអោយអស់សំណើច និងជាទង្វើដែលកង្កប់ដោយកំហឹងខ្លាំង នេះបើតាមសារព័ត៌មានអន្តរជាតិនានា ។ ថ្លែងនៅពេលកំពុងរៀបឡើងជិះយន្តហោះកងម៉ារីននៅឯសេតវិមាន ក្នុងដំណើរទៅកាន់រដ្ឋតិចសាស់ លោក ដូណាល់ ត្រាំ បានហៅការប៉ុនប៉ងទម្លាក់លោកពីសំណាក់សមាជិកសភាអាមេរិកកាលពីថ្ងៃពុធសប្តាហ៍មុនថា ជាការបន្តប្រមាញ់អាបធ្មប់ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយ ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកមានការខឹងសម្បារយ៉ាងខ្លាំងអំពីការធ្វើបាបរូបលោក ប៉ុន្តែទោះយ៉ាងណាលោកមិនចង់អោយមានអំពើហឹង្សាទេ ៕
-
លោក ដូណាល់ ត្រាំ ព្រមដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងភាពអាសន្ន ចំពេល FBI ព្រមានថា អាចនឹងមានភាពចលាចលនៅថ្ងៃលោក ចូ បៃដិន ចូលកាន់តំណែង

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តលើការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី២៤ ខែមករាខាងមុខនេះ ដោយនឹងគ្របដណ្ដប់ទាំងថ្ងៃដែលលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួនាពេលថ្មីៗ ។ ការប្រកាសដាក់រដ្ឋធានីវ៉ាស៊ីនតោនក្នុងភាពអាសន្ន ត្រូវបានបញ្ជូនអោយលោក ដូណាល់ ត្រាំ ដោយអភិបាលរដ្ឋនេះ គឺលោកស្រី Muriel Bowser ដែលបានសម្រេចដាក់ភាពអាសន្នលើរដ្ឋធានីមួយនេះរយៈពេល១៥ថ្ងៃ ក្រោយក្រុមកុបករគាំទ្រលោក ត្រាំ ចូលលុកលុយវិមានសភាកាលពីសប្តាហ៍មុន ដែលបណ្តាលអោយមនុស្ស០៥នាក់ស្លាប់ ក្នុងនោះរួមមានប៉ូលិសម្នាក់ផងដែរ ។ តាមរយៈការប្រកាសភាពអាសន្នខាងលើនេះដែរ ក្រសួងសន្តិសុខមាតុភូមិអាមេរិក និងទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងភាពអាសន្ន នឹងត្រូវសម្របសម្រួលធនធាននានាជាមួយរដ្ឋ និងអាជ្ញាធរក្នុងតំបន់ ហើយវាបានកើតឡើង ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្រួយបារម្ភខ្លាចក្រែងបាតុកម្មប្រដាប់ដោយអាវុធ និងអំពើហិង្សា អាចនឹងផ្ទុះជាថ្មីនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាផ្លូវការ ៕
-
ពលរដ្ឋអាមេរិកជាងកន្លះលាននាក់ទាញយកកម្មវិធី Telegram មកប្រើប្រាស់ បន្ទាប់ពីបណ្ដាញសង្គមធំៗបិទគណនីលោក ដូណាល់ ត្រាំ

រុស្ស៊ី៖ កម្មវិធី Telegram បានក្លាយជាកម្មវិធីដែលមានការទាញយកច្រើនជាងគេលំដាប់ទី២នៅសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានផ្អាកពីការប្រើប្រាស់គណនី Twitter និង Facebook នេះបើតាមសារព័ត៌មាន Telegraph ។ ប្រភពដដែលបានអោយដឹងថា មនុស្សប្រមាណ៥៤ម៉ឺន៥ពាន់នាក់នៅសហរដ្ឋអាមេរិកបានទាញយកកម្មវិធី Telegram មកប្រើនៅចន្លោះថ្ងៃពុធ និងថ្ងៃអាទិត្យដែលមានចំនួនជិត០៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន ។ កាលពីថ្ងៃទី០៦ ខែមករា ក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលអុកឡុកវិមានសភានៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈសមាជិកសភាបានជួបគ្នា ដើម្បីបញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។ ចាប់តាំងពីពេលនោះ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ត្រូវបានបណ្តាញសង្គមធំៗរារាំង និង ហាមឃាត់មិនអោយប្រើគណនីរបស់ខ្លួនយ៉ាងហោចណាស់រហូតដល់ពេលដែលគាត់ចាកចេញពីតំណែង ៕
-
សហរដ្ឋអាមេរិកមានផែនការចាក់វ៉ាក់សាំង Covid-19 ជូនដល់ពលរដ្ឋដែលមានអាយុលើស៦៥ឆ្នាំទាំងអស់គ្នា ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំង (Video)

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំង COVID-19 ជូនដល់ពលរដ្ឋដែលមានអាយុលើសពី៦៥ឆ្នាំទាំងអស់គ្នា ស្ថិតក្នុងគោលបំណងពន្លឿនការចែកចាយ ចំពេលដែលអត្រាអ្នកស្លាប់បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ នៅសហរដ្ឋអាមេរិក មានមនុស្សជាង៣៧ម៉ឺន៥ពាន់នាក់ហើយ ដែលបានស្លាប់ដោយសារ Covid-19 ក្នុងចំណោមអ្នកជំងឺសរុបជាង២៣លាននាក់ ។ ដោយឡែកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានឡើងដល់៤ពាន់នាក់ក្នុងមួយថ្ងៃ ។ សូមជម្រាបថា នាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សត្រូវបានគេរំពឹងថា នឹងប្រកាសគោលការណ៍ណែនាំថ្មីនេះ នៅក្នុងសន្និសីទខ្លីមួយនៅអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ បច្ចុប្បន្ននេះវ៉ាក់សាំងភាគច្រើនត្រូវបានចែកចាយដល់ប្រជាជនដែលស្ថិតក្នុងប្រភេទហានិភ័យខ្ពស់បំផុត រួមមានបុគ្គលិកផ្នែកថែទាំសុខភាពជួរមុខ និងមនុស្សចាស់នៅតាមមណ្ឌលថែទាំ ៕