-
នាយករដ្ឋមន្រ្តីអង់គ្លេសសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្តជាមួយសហភាពអឺរ៉ុប

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ដោយចាត់ទុកថា ជាការចាប់ផ្តើមថ្មីសម្រាប់ចក្រភពអង់គ្លេស នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅវិមានរដ្ឋាភិបាល លោក ចនសុន បានបញ្ជាក់ថា អង់គ្លេសបាននាំមកនូវអ្វីដែលបានសន្យានៅក្នុងការធ្វើប្រជាមតិ អំពីការចាកចេញពីសហភាពអឺរ៉ុប (Brexit) ឆ្នាំ ២០១៦ ។ លោកបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ យើងនឹងស្ថិតនៅក្រៅសហភាពគយ និងនៅក្រៅទីផ្សារតែមួយ ហើយថា ច្បាប់អង់គ្លេសនឹងត្រូវតាក់តែងឡើងដោយសភាអង់គ្លេស ដែលបកស្រាយដោយចៅក្រមអង់គ្លេស ដែលអង្គុយនៅតុលាការអង់គ្លេស ហើយយុត្តាធិការរបស់តុលាការយុត្តិធម៌អឺរ៉ុបនឹងត្រូវបញ្ចប់ ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយ៉ែន ថ្លែងថា យើងបានរកឃើញកិច្ចព្រមព្រៀងហើយ… វាយុត្តិធម៌ វាជាកិច្ចព្រមព្រៀងមួយដែលមានតុល្យភាព ហើយវាជារឿងត្រឹមត្រូវ និង មានទំនួលខុសត្រូវដើម្បីធ្វើសម្រាប់ភាគីទាំងសងខាង ។ សូមជម្រាបថា បន្ទាប់ពីការចរចាអស់ពេលជាច្រើនខែមក កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅមួយថ្ងៃមុនបុណ្យណូអែលរវាងភាគីទាំងពីរ (អង់គ្លេស-អឺរ៉ុប) ដោយនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសនៅពេលបន្ទាប់ថា ចក្រភពអង់គ្លេសបានដណ្តើមការគ្រប់គ្រងលើអនាគតរបស់ខ្លួនត្រឡប់មកវិញហើយ ៕
-
លទ្ធផលធ្វើតេស្តចុងក្រោយនៅតួកគីបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនឱសថចិន Sinovac មានប្រសិទ្ធភាពរហូតដល់ ៩១.២៥%

តួកគី៖ វ៉ាក់សាំងប្រឆាំង Covid-19 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac Biotech មានប្រសិទ្ធភាពរហូតដល់៩១.២៥ភាគរយ នេះបើតាមទិន្នន័យបណ្តោះអាសន្ន នៃការធ្វើតេស្តដំណាក់កាលចុងក្រោយនៅក្នុងប្រទេសតួកគី ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ តួកគីស្ថិតនៅក្នុងចំណោមប្រទេសធំៗមួយចំនួន ដែលបានចូលខ្លួនធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងដំណាក់កាលចុងក្រោយ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន៧.០០០នាក់ ។ ហើយលទ្ធផលនៃការធ្វើតេស្ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានបង្ហាញដោយផ្អែកលើទន្និន័យពីមនុស្សប្រមាណ១ពាន់៣២២នាក់ ។ បើតាមក្រុមស្រាវជ្រាវវេជ្ជសាស្ត្រជាតិរបស់តួកគីនោះ គ្មានបញ្ហាគួរឲ្យកត់សម្គាល់ណាមួយបានកើតឡើង អំឡុងការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នោះឡើយ ក្នុងនោះមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានជួបប្រទះបញ្ហាប្រតិកម្មអាលែកហ្ស៊ីតិចតួច ប៉ុន្តែរូបគេបានធូរស្រាលវិញហើយ ៕
-
កញ្ចប់ថវិកាសង្គ្រោះពីវិបត្តិ Covid-19 កំពុងជាប់គាំង ខណៈសភាអាមេរិកច្រានចោលសំណើបង្កើនថវិការបស់លោក ដូណាល់ ត្រាំ

អាមេរិក៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានទាត់ចោលសំណើបង្កើនកញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយ នៃរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលប្រការនេះកំពុងធ្វើឱ្យអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ការច្រានចោលសំណើបង្កើនថវិការបស់លោក ត្រាំ ខាងលើនេះ បានកើតមានឡើងក្រោយសភាទាំងពីររបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ ស្ដីពីកញ្ចប់ថវិកាដោះស្រាយ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលអោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ។ លោក ត្រាំ ក្នុងថ្ងៃដដែលនោះដែរ មិនបាននិយាយថា លោកនឹងចុះ ឬមិនចុះហត្ថលេខាឡើយ តែលោកធ្លាប់បានព្រមានថា លោកនឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើ បើសិនជាសភាអាមេរិកមិនព្រមបង្កើនកញ្ចប់ថវិការតាមសំណើរបស់លោក ។ សូមជម្រាបថា ប្រសិនបើប្រធានាធិបតីអាមេរិកជិតផុតអាណតិ្តរូបនេះ មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការនេះទេ នោះអត្ថប្រយោជន៍ ឬកញ្ចប់ថវិកាសម្រាប់ប្រជាជនអាមេរិក ដែលគ្មានការងារធ្វើជាង១៤លាននាក់ នឹងត្រូវអស់សុពលភាពដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលអាមេរិកវិញ នឹងត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ៕
-
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មានផែនការលក់អាវុធតម្លៃ៤៧៨លានដុល្លារអោយទៅអារ៉ាប៊ីសាអូឌីត

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភា អំពីគម្រោងលក់អាវុធទៅអោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃប្រមាណ៤៧៨លានដុល្លារ ដែលក្នុងនោះរួមមានប្រព័ន្ធកំណត់គោលដៅ និងអាវុធបំពាក់លើយន្ដហោះចម្បាំង នេះបើតាមក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដកស្រង់ចុះផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon Technologies Corp អាចនឹងលក់អាវុធទាំងនេះដោយផ្ទាល់ទៅអោយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលទទួលបានអាជ្ញាប័ណ្ណ ។ យ៉ាងណាមិញ ខាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឡើយ ប៉ុន្តែដំណឹងនេះ កើតឡើងនៅមុនពេលដែលលោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិជាប្រធា នាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា រដ្ឋាភិបាលថៃនឹងធ្វើអោយបានល្អបំផុត ដើម្បីគ្រប់គ្រងស្ថានការណ៍ Covid-19 នាពេលបច្ចុប្បន្ននេះ

ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនជឿជាក់ខ្ពស់ថា នឹងអាចគ្រប់គ្រងស្ថានការណ៍ COVID-19 នាពេលបច្ចុប្បន្ននេះបាន ដោយមិនចាំបាច់ចាត់វិធានការចាក់សោរប្រទេសឡើយ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្ញុំអាចធានាបានថា រដ្ឋាភិបាលនឹងធ្វើឲ្យបានល្អបំផុត… ក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ខ្ញុំថា ស្ថានការណ៍បច្ចុប្បន្ន វានឹងអាចគ្រប់គ្រងបាន ប្រសិនបើមនុស្សគ្រប់គ្នាព្រមចូលរួមសហការ ។ សូមជម្រាបថា បើគិតចាប់តាំងពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន ២៧ នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះ មានសរុបច្រើនជាង១.៣០០ករណីទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុត សាខន ដែលភាគច្រើនជាពលករចំណាក ស្រុកមកពីមីយ៉ាន់ម៉ា ៕
-
ប្រធានាធិបតីបារាំងជាសះស្បើយឡើងវិញពីជំងឺ Covid-19 នេះបើតាមវិមានអេលីហ្សេ

បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជាសះស្បើយឡើងវិញហើយពីជំងឺ COVID-19 ដោយនៅពេលនេះ លោកមិនមានរោគសញ្ញានៃជំងឺរាតត្បាតសកលនេះទៀតឡើយ នេះបើតាមការិយាល័យប្រធានាធិបតីបារាំង ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ វិមានអេលីហ្សេបានលើកឡើងថា លោក Macron ដែលកំពុងដាក់ខ្លួនឲ្យនៅដាច់ឆ្ងាយពីគេ នៅឯគេហដ្ឋានមួយនៅជិតទីក្រុងប៉ារីស មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ។ នៅដំណាក់កាលនេះ លោក Macron មិនមានរោគសញ្ញាអ្វីមួយទាក់ទងនឹងជំងឺ COVID-19 ឡើយ ដូច្នេះការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់លោកអាចបញ្ចប់ក្រោយមួយសប្តាហ៍ ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីបារាំងមានវ័យ៤២ឆ្នាំរូបនេះ ត្រូវបានវិមានអេលីហ្សេ ប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 ដោយលោកត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាលរយៈពេលមួយសប្តាហ៍ ៕
-
ការសិក្សាស្រាវជ្រាវថ្មីមួយបញ្ជាក់ថា ការចម្លងរបស់វីរុស Covid-19 ទម្រង់ថ្មី នឹងធ្វើអោយមានមនុស្សស្លាប់កាន់តែច្រើន

បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាក្លាយពូជដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសហាក់ដូចជាមានការឆ្លងកាន់តែច្រើនហើយទំនងជានឹងនាំឲ្យអត្រានៃការព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់កាន់តែខ្ពស់ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ វីរុសទម្រង់ថ្មីនេះ អាចចម្លងច្រើនជាងវីរុសប្រភេទដទៃទៀតរហូតដល់ទៅ៥៦ភាគរយឯណោះ ។ បើទោះជាយ៉ាងនេះក្តី មិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា វាបណ្តាលអោយមានជំងឺធ្ងន់ធ្ងរ ឬស្រាលនោះទេ នេះបើតាមការសិក្សាដោយមជ្ឈ មណ្ឌលគំរូគណិតវិទ្យា នៃជំងឺឆ្លងនៅសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍ ។ បញ្ហាខាងលើនេះបានបង្កឲ្យមានការព្រួយបារម្ភថា ការធ្វើតេស្ត ការព្យាបាលនិងវ៉ាក់សាំងដែលទើបតែចាប់ផ្តើមដំណើរការ ប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ ថ្វីបើអ្នកត្រួតពិនិត្យសុខភាពអឺរ៉ុបនិយាយថា វីរុសនេះប្រហែលជាមិនមានភាពខុសប្លែកពីវីរុសដែលអាចចាក់ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ក៏ដោយ ៕
-
កម្មវិធីផ្ញើសារដ៏ល្បីរបស់រុស្ស៊ី Telegram នឹងចាប់ផ្តើមតម្រូវអោយមានការបង់ថ្លៃសេវាកម្មនៅឆ្នាំ២០២១

រុស្ស៊ី៖ ស្ថាបនិក Telegram ដែលជាជនជាតិរុស្ស៊ី លោក Pavel Durov បញ្ជាក់ថា កម្មវិធីផ្ញើសារដ៏ល្បីនេះ នឹងចាប់ផ្តើមអោយមានការបង់ប្រាក់ថ្លៃសេវាកម្មនៅឆ្នាំ២០២១ខាងមុខ ខណៈក្រុមហ៊ុនកំពុងមានការរីកចម្រើន ដែលត្រូវការការចំណាយយ៉ាងហោចណាស់ពីរបីរយលានដុល្លារក្នុងមួយឆ្នាំ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ស្ថាបនិក Telegram មានវ័យ៣៦ឆ្នាំរូបនេះបញ្ជាក់ទៀតថា លោកមិនមានគម្រោងក្នុងការលក់ក្រុមហ៊ុននោះទេ ដូច្នេះចាំបាច់ត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីរកថវិកា ប៉ុន្តែក៏នឹងមានមុខងារចំនួន០៣ ដែលនៅតែបន្តប្រើប្រាស់ដោយឥតគិតថ្លៃ ។ លោកបានសង្កត់ធ្ងន់ថា Telegram នឹងចាប់ផ្តើមបង្កើតប្រាក់ចំណូល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយថា យើងនឹងចាប់ផ្តើមដំណើរការមុខងារថ្មីៗរាប់មិនអស់ ហើយនឹងស្វាគមន៍អ្នកប្រើប្រាស់ថ្មីរាប់ពាន់លាននាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៤ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៩លាន៧២ម៉ឺន៩ពាន់១២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៤ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៦លាន១២ម៉ឺន៥ពាន់៧៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន១១ម៉ឺន១ពាន់៣២៦នាក់ ស្លាប់ចំនួន៣៣ម៉ឺន៧ពាន់៦៦នាក់ និងជាសះស្បើយចំនួន១១លាន២១ម៉ឺន៩ពាន់១២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន១៤ម៉ឺន៧ពាន់៤៦៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៧ពាន់១២៨នាក់ និងជាសះស្បើយ៩លាន៧១ម៉ឺន៧ពាន់១៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៤២ម៉ឺន៥ពាន់៥៩៣នាក់ ស្លាប់១៩ម៉ឺន៣២នាក់ និងជាសះស្បើយ៦លាន៤៤ម៉ឺន៨ពាន់៧៤០នាក់ ៕
-
ថៃ៖ ខេត្តឈៀង ម៉ៃ នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ទោះកំពុងផ្ទុះកូវីដ១៩ខ្លាំង

ខេត្តឈៀងម៉ៃមានទំនុកចិត្តថា វាអាចទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយទទូចថា ខ្លួននឹងរៀបចំពិធីអបអរសាទរឆ្នាំថ្មីរបស់ខ្លួន។ លោក Danai Sarapruek ប្រធានផ្នែកលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃមានប្រសាសន៍ថា ខេត្តនឹងមិនហាមឃាត់ព្រឹត្តិការណ៍ចូលឆ្នាំថ្មីទេ ដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចពីការធ្វើដូច្នេះ។ លោក Danai បាននិយាយថា អ្នករៀបចំការប្រារព្ធពិធីចូលឆ្នាំថ្មីទាំងអស់ត្រូវជូនដំណឹងដល់រដ្ឋបាលខេត្តអំពីសកម្មភាពដែលពួកគេគ្រោងនឹងរៀបចំ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងវីរុសកូវីដ១៩។ ប៉ុន្តែយ៉ាងក៏ដោយ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោកត្រូវការពេល ៧ថ្ងៃ ដើម្បីវាយតំលៃស្ថានភាព Covid-19 ដើម្បីសំរេចថាតើការរាប់ថយក្រោយចូលឆ្នាំថ្មីគួរតែត្រូវបានប្រារព្ធធ្វើ ឬយ៉ាងណា៕