-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៣ម៉ឺននាក់ និងជាសះស្បើយជាង៥៥លាន៦០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៩លាន៣ម៉ឺន១ពាន់៦៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៣ម៉ឺន៦ពាន់៥៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៥លាន៦០ម៉ឺន៧ពាន់១៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៩១ម៉ឺន៥ពាន់៥១៣នាក់ ស្លាប់ចំនួន៣៣ម៉ឺន៤ពាន់១៧៤នាក់ និងជាសះស្បើយចំនួន១១លាន១០ម៉ឺន១ពាន់៤៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន១២ម៉ឺន៣ពាន់៥៤៤នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់៧៧៨នាក់ និងជាសះស្បើយ៩លាន៦៩ម៉ឺន២ពាន់៦១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៣៦ម៉ឺន៦ពាន់៦៧៧នាក់ ស្លាប់១៨ម៉ឺន៩ពាន់២៦៤នាក់ និងជាសះស្បើយ៦លាន៦៩ម៉ឺន២ពាន់៦១នាក់ ៕
-
កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍៣៩នាក់ទៀត មានទាំងអ្នកនេសាទ អ្នកលក់ ស្ត្រីមេផ្ទះ

រាជរដ្ឋាភិបាលថៃ នៅថ្ងៃពុធ ទី២៣ ធ្នូ ២០២០នេះ បានប្រកាសពីការឆ្លងក្នុងសហគមន៍ចំនួន៣៩នាក់ទៀត និង៧ករណីទៀត ជាការនាំចូលពីក្រៅប្រទេស។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩បានបញ្ជាក់ថា ៣៩ករណីថ្មីគឺភាគច្រើន មានទាក់ទងនឹងផ្សារលក់អាហារសមុទ្រ ក្នុងខេត្តសាមុត សាខន ពោលគឺផ្តើមពីស្ត្រីលក់បង្គារម្នាក់។ ប្រភពបន្ថែមទៀតថា ក្នុងចំណោម៣៩នាក់ថ្មី មាន១១នាក់នៅបាងកក ៥នាក់នៅខេត្ត Chachoengsao និង៣នាក់ នៅខេត្ត Nakhon Pathom ខណៈដែលខេត្ត Kamphaeng Phet, Tak, Prachin Buri, Ayutthaya, Samut Prakan និង Saraburi មាន២ករណីក្នុងមួយខេត្តៗ ហើយខេត្ត Phetchabun, Krabi, Khon Kaen, Nakhon Ratchasima, Nonthaburi, Pathum Thani, Phuket និង Suphan Buri មាន១ករណីក្នុងមួយខេត្តៗ។ ភាគច្រើនគឺជាអ្នកនេសាទ អ្នកលក់ និងអ្នកដឹកជញ្ជូនអាហារសមុទ្រ។ ក្រៅពីនេះ ក៏មានអ្នកបំរើសេវាកម្មនៅភោជនីយដ្ឋាន…
-
លោក ដូណាល់ ត្រាំ គំរាមមិនចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះពី Covid-19 ព្រោះចង់បង្កើនចំនួនទឹកប្រាក់បន្ថែមទៀត

អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះគំរាមថា នឹងមិនចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះប្រទេសជាតិពីជំងឺ COVID-19 ដែលមានទឹកប្រាក់៨៩២ពាន់លានដុល្លារ ដោយលោកបញ្ជាក់ថា វាគួរតែត្រូវធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ទៅតាមកម្រិតនៃការបង់ពន្ធ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ តាមរយៈបណ្តាញសង្គម Twitter លោក ត្រាំ បានណែនាំឲ្យសភារៀបចំកញ្ចប់ថវិកាជាថ្មី ដោយត្រូវកាត់បន្ថយការចំណាយមិនចាំបាច់ចោល ហើយបង្កើនថវិកាជំនួយវិញ សម្រាប់ប្រជាជនជាក់ស្តែង បើមិនដូច្នោះទេ គឺត្រូវរង់ចាំដល់រដ្ឋបាលក្រោយ ជាអ្នកដោះស្រាយបញ្ហាកញ្ចប់ថវិកានេះ ។ កន្លងមកប្រធានាធិបតីអាមេរិករូបនេះ ចង់ឲ្យសភាបង្កើនចំនួនថវិកាទៅតាមប្រព័ន្ធត្រួតពិនិត្យការបង់ពន្ធរហូតដល់២ពាន់ដុល្លារសម្រាប់មនុស្សម្នាក់ៗ និង ៤ពាន់ដុល្លារសម្រាប់គូស្វាមី ប៉ុន្តែនៅក្នុងកញ្ចប់ថវិកាដែលសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិកទើបតែបានអនុម័តកាលពីដើមសប្តាហ៍នេះ គឺមានតែ ៦០០ដុល្លារសម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ ៕
-
លោក ចូ បៃដិន រិះគន់លោក ដូណាល់ ត្រាំ ជុំវិញវិធានការឆ្លើយតប ចំពោះក្រុមវាយប្រហារតាមអ៊ីនធើណិតលើរដ្ឋាភិបាលអាមេរិក

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានរិះគន់ចំពោះការឆ្លើយតបរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតដ៏ធំមកលើរដ្ឋាភិបាលអាមេរិក (ប្រភពមិនផ្លូវការបានចោទលើរុស្ស៊ី) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបានរាយការណ៍ថា ក្រុមប្រតិបត្តិការមួយដែលមានការរៀបចំផ្នែកបច្ចេកវិទ្យាទុកជាមុនយ៉ាងល្អិតល្អន់ បានបើកការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត មកលើរដ្ឋាភិបាលអាមេរិកកាលពីប៉ុន្មានខែមុន តាមរយៈការលួចជ្រៀតចូលកម្មវិធីសន្តិសុខ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ ។ ពាក់ព័ន្ធនឹងរឿងនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើរដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ ហាក់ពុំបានបង្កបញ្ហាធ្ងន់ធ្ងរឡើយ ដោយអ្វីៗស្ថិតក្រោមការគ្រប់ គ្រងបាន និងថា រុស្ស៊ីទំនងជាគ្មានទាក់ទិននឹងសកម្មភាពវាយប្រហារនេះទេ ។ ឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ ខាងលើនេះ លោក បៃដិន បាននិយាយថា លោក ត្រាំ នៅមិនទាន់បានកំណត់ថាតើនរណាជាអ្នកទទួលខុសត្រូវនៅឡើយទេ ។ លោក បៃដិន ក៏បានព្រមានដែរថា លោកនឹងចាត់វិធានការសងសឹកវិញ នៅពេលលោកចូលកាន់តំណែងផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ៕
-
នាយករដ្ឋមន្រ្តីថៃបញ្ជាអោយអាជ្ញាធររឹតបន្តឹងលើការធ្វើដំណើរ និងត្រូវចាត់វិធានការទប់ស្កាត់ Covid-19 ឡើងវិញ

ថៃ៖នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយបញ្ឈប់ការបន្ធូរបន្ថយលើការធ្វើដំណើរ និងត្រូវចាត់វិធានការដ៏តឹងរ៉ឹងឡើងវិញ ដើម្បីទប់ស្កាត់ Covid-19 ក្នុងនោះរួមទាំងការហាមឃាត់មិនអោយប្រារព្ធពិធីឆ្លងឆ្នាំថ្មី ក្រោយផ្ទុះករណីឆ្លងវីរុសនេះក្នុងសហគមន៍កាលពីចុងសប្តាហ៍មុននៅខេត្ត សាមុត សាខន នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្រ្តីថៃរូបនេះបញ្ជាក់ថា ការផ្ទុះ Covid-19 ឡើងនេះ គឺជាការរំលឹកដ៏សំខាន់មួយ អំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៃវីរុសឆ្លងដ៏កាចសាហាវមួយនេះ ដែលនៅតែមានចំពោះប្រទេសរបស់យើង ។ លោក ប្រាយុទ្ធ បន្ថែមថា ស្ថានភាព Covid-19 នៅលើពិភពលោកដែលកាន់តែអាក្រក់ទៅៗនោះ នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃ ហើយយើងត្រូវតែត្រៀមខ្លួន ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសង្កត់ធ្ងន់ទៀតថា លោកនឹងជួបប្រជុំជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ Covid-19 ដែលហៅកាត់ថា CCSA នៅសប្តាហ៍នេះ មុនពេលធ្វើការប្រកាសជាផ្លូវការណាមួយ ៕
-
ការស្រាវជ្រាវមួយរកឃើញថា រលកថ្មីនៃ Covid-19 នឹងធ្វើអោយខាតបង់សេដ្ឋកិច្ចថៃចំនួន៤៥ពាន់លានបាតក្នុងមួយខែ

ថៃ៖ មជ្ឈមណ្ឌលស្រាវជ្រាវមួយមានឈ្មោះថា Kasikorn នៅថ្ងៃពុធនេះបានអោយដឹងថា រលកថ្មីនៃជំងឺ Covid-19 នៅក្នុងខេត្ត សាមុត សាខន ដែលនាំទៅរកការបិទផ្នែកខ្លះរបស់ប្រទេស គិតចាប់ពីថ្ងៃទី១៩ ខែធ្នូ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំក្រោយនេះ នឹងធ្វើអោយខាតបង់សេដ្ឋកិច្ចចំនួន៤៥ពាន់លានបាតក្នុងមួយខែ នេះបើតាមសារព័ត៌មាន The Nation នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវខាងលើនេះ ការខូចខាតអាចត្រូវបានបែងចែកជាបីផ្នែក ។ ទីមួយគឺខូចខាតប្រមាណ១៣ពាន់លានបាតដល់ឧស្សាហកម្មជលផលនិងគ្រឿងសមុទ្រ ពីព្រោះខេត្ត សាមុត សាខន ទទួលខុសត្រូវលើផលិតកម្មអាហារសមុទ្រ៤០ភាគរយនៃប្រទេសថៃ ។ ទីពីរគឺការខូចខាតដោយសារការលុបចោលសកម្មភាពអបអរឆ្លងឆ្នាំថ្មីនៅខេត្ត សាមុត សាខន និងខេត្តជិតៗ រួមទាំងទីក្រុងបាងកក ដោយគេប៉ាន់ប្រមាណថា ប្រជាជននៅតំបន់ទាំងនេះ នឹងចំណាយប្រាក់ប្រហែល១៥ពាន់លានបាតសម្រាប់ពិធីជប់លៀងឆ្នាំថ្មី ។ ចុងក្រោយគឺការខូចខាតដល់វិស័យទេសចរណ៍ក្នុងស្រុក ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួន១៧ពាន់លានបាត ឬប្រហែល៣០ភាគរយនៃប្រាក់ចំណូលទេសចរណ៍សរុបក្នុងរយៈពេលមួយខែ ។ ការប៉ាន់ស្មាននេះ គឺស្ថិតនៅក្រោមការសន្មត់ថា ការធ្វើដំណើរតាមខេត្តនៅតែត្រូវបានអនុញ្ញាត ៕
-
លោក ដូណាល់ ត្រាំ ត្រៀមចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះពី Covid-19 ក្រោយមានការអនុម័តពីសភាអាមេរិក

អាមេរិក៖ សភាអាមេរិកអនុម័តកញ្ចប់ថវិកាចំនួន៨៩២ពាន់លានដុល្លារ សំដៅជួយសង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ Covid-19 ក៏ដូចជាដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសម្រាប់រយៈពេលមួយឆ្នាំទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ថ្មីនេះ បានកើតមានឡើងក្រោយការចរចាគ្នាយ៉ាងតានដានអស់រយៈពេលជាច្រើនថ្ងៃមក ទើបសភាអាមេរិកទាំងពីរបានយល់ព្រមដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ដ៏ធំមួយនេះ បន្ទាប់ពីសភាតំណាងរាស្ត្របានអនុម័តជាដំបូង ហើយព្រឹទ្ធសភាក៏បានធ្វើតាមដូចគ្នានៅប៉ុន្មានម៉ោងក្រោយមក។ ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាសេចក្តីព្រាងកញ្ចប់ថវិកានេះនាពេលឆាប់ៗ ៕
-
រុស្ស៊ីប្រកាសថា វ៉ាក់សាំង Sputnik V របស់ប្រទេសខ្លួនមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី

រុស្ស៊ី៖ រុស្ស៊ីប្រកាសថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ប្រទេសខ្លួន មានឈ្មោះថា Sputnik V ដែលបានចុះបញ្ជីដំបូងគេនៅទូទាំងពិភពលោក ហើយឥឡូវនេះ ខ្លួនបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសក្លាយថ្មី ដែលកំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប នេះបើតាមសារព័ត៌មាន Daily Star ។ ប្រធានមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ី លោក Kirill Dimitriev និយាយថាប្រទេសរុស្ស៊ីបានអោយដឹងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការផ្លាស់ប្តូរទម្រង់ថ្មី ក៏ដូចជាប្រឆាំងនឹងវីរុសដែលមានស្រាប់ ហើយថា វ៉ាក់សាំង Sputnik V បានបង្ហាញពីប្រសិទ្ធភាពរបស់វាម្តងហើយម្តងទៀត បើទោះបីជាមានការផ្លាស់ប្តូរពីមុនខ្លះៗក៏ដោយ ។ សូមជម្រាបថា បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស បាននិងកំពុងធ្វើតេស្តលើវីរុសប្រភេទថ្មី ដើម្បីកំណត់ថាតើការវិវត្តនេះ នឹងមានឥទ្ធិពលអ្វីលើវ៉ាក់សាំងរបស់ក្រុមផលិតឱសថ Pfizer / BioNTech ដែលកំពុងត្រូវបានដាក់អោយប្រើប្រាស់នៅអង់គ្លេស ៕
-
ប្រទេសចំនួន០៥ផ្អាកជើងហោះហើរពីអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភការឆ្លងរាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី

បរទេស៖ សារព័ត៌មានស៊ីនហួរចុះផ្សាយថា យ៉ាងហោចណាស់មានប្រទេសចំនួន០៥បានសម្រេចពន្យាពេលជើងហោះហើរពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីវីរុសកូរ៉ូណាទម្រង់ថ្មីនាពេលថ្មីៗបានឆ្លងរាតត្បាតគ្របដណ្តប់លើប្រទេសនេះ ។ ប្រទេសអាល្លឺម៉ង់ តួកគី អ៊ីស្រាអែល ស្វីស និងអារ៉ាប៊ីសាអូឌីត ស្ថិតនៅក្នុងចំណោមប្រទេសដែលបានប្រកាសហាមឃាត់ជើងហោះហើរ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស SARS-COV-2 ដែលបច្ចុប្បន្នបានក្លាយជាវីរុស 501.V2 ទម្រង់ថ្មី ។ ការផ្អាកជើងហើរនេះដែរ ត្រូវបានចូលជាធរមានគិតចាប់ពីថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ នៅក្នុងប្រទេសមួយចំនួនធំ ។ កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុសCOVID-19ទម្រង់ថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយ មានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសាខាប្រចាំតំបន់អឺរ៉ុបបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានកោះហៅបណ្តារដ្ឋជាសមាជិកអោយចូលរួមកិច្ចប្រជុំជាមួយ ដើម្បីពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រ និងវិធានការឆ្លើយតប ក្រោយទម្រង់ថ្មីនៃវីរុសកូរ៉ូណា ត្រូវបានរាយការណ៍នៅអង់គ្លេស ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ដែលត្រូវរៀបចំកិច្ចប្រជុំនោះនៅឡើយទេ ៕
-
ថៃ៖ អ្នកទិញនៅផ្សារលក់អាហារសមុទ្រក្នុងខេត្តសាមុត សាខន គេឲ្យធ្វើតេស្តរកកូវីដ១៩ ទាំងអស់

«មានមនុស្សប្រមាណ១០០០នាក់ទូទាំងប្រទេសបានទៅទិញទំនិញ ក្នុងផ្សារនេះ ប៉ុន្តែកុំស្លន់ស្លោ គ្រប់គ្នាដែលបានទៅទីនោះគួរតែធ្វើតេស្តរកជំងឺវីរុសកូវីដ១៩» នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសថៃ Taweesin Wisanuyothin កាលពីម្សិលមិញ។ ផ្សារលក់អាហារសមុទ្រស្ថិតក្នុងខេត្តសាមុត សាខនមួយនេះហើយដែលស្ត្រីអ្នកលក់បង្គារម្នាក់បានឆ្លងហើយបន្តឆ្លងក្នុងទ្រង់ទ្រាយធំឡើងវិញ ក្នុងប្រទេសថៃ ដោយអាជ្ញាធរថា អ្នកទិញទំនិញមកពី២២ខេត្ត ចាប់ពីថ្ងៃទី១ ធ្នូ ដល់ ១៨ ធ្នូ គួរតែត្រូវបានធ្វើតេស្តទាំងអស់គ្នា។ កាលពីថ្ងៃទី២២ ធ្នូ ម្សិលមិញ ករណីសហគមន៍ទ្រង់ទ្រាយដ៏ធំនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤២៧នាក់ទៀត ក្នុងនោះ រួមមានទាំងជនអន្តោប្រវេសន៍៣៩៧នាក់៕ ប្រភពពី CNA