-
ក្រុមហ៊ុនផលិតឱសថចិនដាក់គោលដៅនាំចេញវ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសនានា

ចិន៖ ក្រុមហ៊ុនផលិតឱសថចិនមានផែនការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសផ្សេងៗ ខណៈការចែកចាយទូទាំងពិភពលោកបានចាប់ផ្តើមហើយ ហើយរដ្ឋាភិបាលនានាក៏កំពុងប្រជែងគ្នា ដើម្បីទទួលបានវ៉ាក់សាំង នេះបើតាមសារព័ត៌មាន South China Morning Post ។ ក្រុមហ៊ុនចិនឈានមុខទាំងបី ក្នុងនោះរួមមាន China National Pharmaceutical Group (Sinopharm), Sinovac Biotech និង CanSino Biologics បានធ្វើកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅអោយបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី នេះបើតាមទិន្នន័យសាធារណៈដែលចងក្រងដោយក្រុមហ៊ុនវិភាគអង់គ្លេស Airfinity និងមជ្ឍមណ្ឌលសុខភាពអន្តរជាតិ Duke ។ កិច្ចព្រមព្រៀងខាងលើនេះ បានកើតឡើងស្របនឹងកិច្ចសន្យាការទូតរបស់ប្រទេសចិន ដែលថា នឹងផ្តល់វ៉ាក់សាំងផលិតដោយចិន ធ្វើជាទំនិញសាធារណៈជាសកលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧២ម៉ឺននាក់ និងជាសះស្បើយជាង៥៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៨លាន៣៣ម៉ឺន៣ពាន់៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧២ម៉ឺន២ពាន់៥៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៥លាន៨ម៉ឺន៤ពាន់៩១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៦៧ម៉ឺន១ពាន់៨៦០នាក់ ស្លាប់ចំនួន៣៣ម៉ឺន៥៦៣នាក់ និងជាសះស្បើយចំនួន១០លាន៩១ម៉ឺន៩ពាន់៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩ម៉ឺន៩ពាន់៣០៣នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់៤៧៦នាក់ និងជាសះស្បើយ៩លាន៦៦ម៉ឺន២ពាន់៦៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៣២ម៉ឺន២០នាក់ ស្លាប់១៨ម៉ឺន៨ពាន់២៨៥នាក់ និងជាសះស្បើយ៦លាន៣៥ម៉ឺន៤ពាន់៩៧២នាក់ ៕
-
អង្គការ WHO អះអាងថា នៅមិនទាន់មានភស្តុតាងបញ្ជាក់ថា ទម្រង់ថ្មីនៃវីរុស Covid-19 អាចបំផ្លាញដល់ប្រសិទ្ធភាពវ៉ាក់សាំងនោះទេ

ស្វីស៖ ដោយផ្អែកលើទិន្នន័យបានមកពីអង់គ្លេសនោះ ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក WHO បាននិយាយថា ទម្រង់ថ្មីនៃជំងឺ COVID-19 គ្រាន់តែជាការវិវត្តន៍ ឬការផ្លាស់ប្ដូរទម្រង់ជាធម្មតានៃវីរុសតែប៉ុណ្ណោះ ហើយក៏មិនទាន់មានភស្ដុតាងបញ្ជាក់ថា ទម្រង់ថ្មីនេះអាចបំផ្លាញដល់ប្រសិទ្ធភាពវ៉ាក់សាំងនោះដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ការអត្ថាធិប្បាយបែបនេះរបស់ក្រុមមន្រ្តី WHO បានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុស COVID-19 ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ។ យ៉ាងណាមិញបើតាមក្រុមមន្ត្រីរបស់អង្គការ WHO នោះ មិនទាន់មានភាពចាំបាច់ ដែលត្រូវប្រកាសអាសន្នកម្រិតធ្ងន់ឡើយ ព្រោះយើងនៅមិនទាន់មានការបញ្ជាក់ណាមួយថា ទម្រង់ថ្មីនៃ Covid-19 នេះ អាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មានភាពកាចសាហាវជាងមុននាពេលសព្វថ្ងៃនេះទេ ៕
-
លោក បូរីស ចនសុន និយាយថា ប្រជាជនអង់គ្លេសប្រមាណ៥០ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង covid-19 ក្នុងចក្រភពអង់គ្លេស

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះថ្លែងថា ប្រជាជនជាងកន្លះលាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅក្នុងចក្រភពអង់គ្លេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា ថ្ងៃនេះខ្ញុំអាចប្រកាសបានថា ប្រជាជនជាងកន្លះលាននាក់ហើយនៅចក្រភពអង់គ្លេស ឥឡូងនេះបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ ។ សូមជម្រាបផងដែរថា កាលពីដើមខែធ្នូនេះ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានអនុញ្ញាតអោយចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ និងបាយអូអិនធិច ៕
-
ទីបំផុតសហភាពអឺរ៉ុបបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech

ប៊ែលហ្ស៊ិក៖ ទីបំផុតសហភាពអឺរ៉ុប នៅយប់ថ្ងៃចន្ទដើមនេះ បានសម្រេចចិត្តបើកភ្លើងខៀវអោយបណ្តារដ្ឋទាំង២៧របស់ខ្លួន អាចប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយែន ថ្លែងថា យើងបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ដំបូង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពដំបូង ។ វ៉ាក់សាំងបន្ថែមទៀត នឹងរួចរាល់នាពេលឆាប់ៗនេះ ។ វ៉ាក់សាំងជាច្រើនដូស ដែលបានអនុម័តនៅថ្ងៃនេះ នឹងត្រូវផ្តល់ដល់បណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងពេលតែមួយ និង លក្ខខណ្ឌតែមួយ ។ សូមជម្រាបថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយទៅកាន់បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ហើយការចាប់ផ្តើមចាក់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូដដែលនេះ ។ អឺរ៉ុបទាំងមូលនឹងទទួលបានវ៉ាក់សាំងរហូតដល់២០០លានដូសនៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខណៈការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សមានវ័យចំណាស់ ៕
-
ការនាំចេញអង្កររបស់វៀតណាមកើនឡើងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល០៩ឆ្នាំ រហូតដល់ថ្នាក់ខ្វះកុងទីន័រដាក់

វៀតណាម៖ ការនាំចេញអង្កររបស់វៀតណាមបានស្ទុះឡើងខ្ពស់បំផុត បើធៀបនឹងបរិមាណនាំចេញចាប់តាំងពីខែធ្នូ ឆ្នាំ២០១១ ស្របពេលដែលកង្វះទូរកុងទីន័រនាំអោយថ្លៃដឹកជញ្ជូនកើនឡើង នេះបើតាមសារព័ត៌មាន VNExpress នាពេលថ្មីៗ ។ ការខ្វះទូរកុងទីន័រទំនិញបានធ្វើអោយពួកឈ្មួញពិបាកដឹកអង្ករទៅអោយអតិថិជនរបស់ពួកគេ នេះបើតាមពាណិជ្ជករម្នាក់នៅខេត្ត អាង យ៉ាង ។ ឈ្មួញដដែលបន្ថែមថា ជាឧទាហរណ៍ កុងទីន័រ២០ហ្វីត ធ្លាប់តែថ្លៃ១.៥០០ដុល្លារកាលពីប៉ុន្មានខែមុន បានឡើងដល់៥.០០០ដុល្លារសំរាប់ដឹកទៅកាន់អាហ្វ្រិក ។ ក្រុមឈ្មួញបាននិយាយថា វៀតណាមទំនងជាមិនអាចបំពេញតាមគោលដៅនាំចេញអង្ករ៦.៥លានតោនបានទេនៅឆ្នាំ២០២០នេះ ។ សូមជម្រាបថា អង្ករបាក់៥ភាគរយថ្លៃ៥០០ដុល្លារក្នុង១តោន ដោយកាលពីសប្តាហ៍មុន ថ្លៃតែ៤៧០ទៅ៤៩០ដុល្លារក្នុងមួយតោន ។ បើតាមទិន្នន័យគយបានបង្ហាញថា ក្នុងអំឡុងពេលពីខែមករា ដល់ខែវិច្ឆិកាកន្លងទៅ ការនាំចេញធ្លាក់ចុះ២.៩ភាគរយ បានត្រឹម៥.៧លានតោន ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ព្រមានថា ការបិទផ្នែកខ្លះអាចនឹងក្លាយជារឿងដែលមិនអាចជៀសវាងបាន

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ការបិទផ្នែកខ្លះអាចនឹងក្លាយជារឿងដែលមិនអាចជៀសវាងបាន បើសិនជាចំនួនអ្នកឆ្លង Covid-19 កើនឡើងខ្លាំងហួសពីការគ្រប់គ្រង នេះបើតាមសារព័ត៌មាន The Thaiger នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ បានបន្ទោសការផ្ទុះជំងឺ Covid-19 លើក្រុមកម្មករខុសច្បាប់បំរើការក្នុងរោងចក្រ ដោយសារតែពួកគេបានលួចចូលមកធ្វើការក្នុងប្រទេសថៃ ដោយឆ្លងកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ាដោយពុំបានធ្វើចត្តាឡីស័កត្រឹមត្រូវ ។ ទន្ទឹមគ្នា លោក ប្រាយុទ្ធ បានប្រាប់ទៅអាជ្ញាធរថា ត្រូវតែធ្វើជាប្រព័ន្ធនៅក្នុងតាមរកកម្មករចំណាកស្រុកមកពិនិត្យសុខភាព ហើយលោកសង្ឃឹមថា សភាពការណ៍នឹងវិលមកល្អប្រសើរឡើងវិញក្នុងពេល១សប្តាហ៍ទៀត ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ថ្មីៗសរុប៣៨២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនគឺជាពលករចំណាកស្រុក ដែលស្ថិតនៅខេត្ត សាមុត សាខន ភាគនិរតីប្រទេស ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង៣៨២នាក់ខាងលើនេះដែរ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត សាមុត សាខន ខណៈ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន០៦របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ…
-
លោក ចូ បៃដិន ទទួលការចាក់វ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីជាការបង្កើនទំនុកចិត្តជូនដល់ប្រជាជនខ្លួន

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរួចហើយ នៅថ្ងៃចន្ទនេះ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដើម្បីជាការបង្កើនទំនុកចិត្តជូនដល់ប្រជាជនខ្លួន នៅមុនពេលត្រូវបានចែកចាយនៅទូទាំងប្រទេសនាឆ្នាំក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកវ័យ៧៨ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចង្កោមវ័យ ដែលងាយប្រឈមមុខខ្លាំងចំពោះវីរុសនេះ ។ លោក ចូ បៃដិន នៅតែអះអាងថា លោកនឹងចាប់ផ្តើមយុទ្ធការ ប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានសម្លាប់ជីវិតមនុស្សនៅអាមេរិកជាង៣១ម៉ឺន៥ពាន់នាក់ទៅហើយនេះ នៅក្រោយពេលលោកស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។ សូមរំលឹកផងដែរថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន និងភរិយា កាលពីចុងសប្តាហ៍មុននេះ ក៏បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយដែរ ខណៈដែលប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ វិញ ធ្លាប់បានអះអាងថា លោកនឹងចាក់វ៉ាក់សាំងនេះ នៅពេលគ្រូពេទ្យផ្តល់យោបល់ ៕
-
អ្នកជំនាញអះអាងថា វ៉ាក់សាំង Covid-19 របស់ចិន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព នេះបើតាមលទ្ធផលនៃការធ្វើតេស្តគ្លីនិក និងចាក់បន្ទាន់

ចិន៖ បើតាមលទ្ធផល នៃការតេស្តគ្លីនិក និងចាក់បន្ទាន់បានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព នេះបើតាមការអះអាងរបស់អ្នកជំនាញជនជាតិចិនម្នាក់ ដកស្រង់ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ រហូតមកទល់ពេលនេះ មានមនុស្សប្រមាណជាង ៦ម៉ឺននាក់ហើយ នៅតាមតំបន់នានាក្រៅពីប្រទេសចិន ដែលបានទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ហើយក៏មិនមានរបាយការណ៍អំពីប្រតិកម្មអាក្រក់ធ្ងន់ធ្ងរនោះដែរ ។ មន្ត្រីម្នាក់នៃគណៈកម្មាធិការសុខភាពជាតិចិន NHC និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ថ្នាំបង្ការជាតិ លោក Zheng Zhongwei បញ្ជាក់ថា ចិនបានអនុវត្តវ៉ាក់សាំង COVID-19 សម្រាប់ការប្រើប្រាស់បន្ទាន់ ជិតមួយលានដូសរួចទៅហើយ ។ លោកបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ជូនដោយស្ម័គ្រចិត្ត និងមានមូលដ្ឋានច្បាស់លាស់ ព្រមទាំងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាផងដែរ ហើយថា ប្រតិកម្មមិនល្អមួយចំនួនក៏ត្រូវបានគេរាយការណ៍ដែរ ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយកើតឡើងទេ ៕
-
សិង្ហបុរីក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech

សិង្ហបុរី៖ ទីបំផុតសិង្ហបុរី ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលទទួលបានវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer/BioNTech បន្ទាប់ពីវាត្រូវបានដឹកតាមយន្តហោះមកដល់នៅល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីសង្ហិបុរីលោក លី សៀនឡុង បាននិយាយថា ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរបស់លោក នឹងត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ហើយអាទិភាពនឹងត្រូវផ្តល់ជូនដល់ក្រុមមនុស្សដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ដូចជាបុគ្គលិកពេទ្យជួរមុខ និងមនុស្សចាស់ជរាជាដើម ។ សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech ខាងលើនេះ ត្រូវបានដឹកជញ្ជូនតាមជើងហោះហើរលេខ SQ7979 តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរសិង្ហបុរីអ៊ែរឡាញ ដែលបានចាកចេញពីទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក ហើយចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី ចាងជី នៅវេលាម៉ោង០៧ និង៣៦នាទីល្ងាចថ្ងៃចន្ទនេះ ៕