-
សិង្ហបុរីរកឃើញកូវីដ-១៩ បំលែងខ្លួនថ្មី ជាស្ត្រីម្នាក់មានប្រវត្ថិមកពីអង់គ្លេស

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយនៅថ្ងៃទី ២៤ ធ្នូ នេះ ថា វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី បានចូលមកដល់ប្រទេសអាស៊ានហើយ គឺប្រទេសសិង្ហបុរី នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរី។ ប្រភពបានបញ្ជាក់អះអាងថា អ្នកដែលផ្ទុកវីរុសកូរ៉ូណាប្រភេទ B117 ជាស្ត្រីអាយុ ១៧ឆ្នាំ ដែលសិក្សានៅអង់គ្លេស ចាប់តាំងពីខែសីហាមក។ នាងបានវិលមកសិង្ហបុរីកាលពីថ្ងៃ៦ ខែធ្នូ ចាប់ក្តៅខ្លួនកាលពីថ្ងៃ៧ ធ្នូ និងត្រូវបានបញ្ជាក់ថា មានវីរុសកូរ៉ូណាប្រភេទថ្មីនៅថ្ងៃ ៨ ធ្នូ។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនមានភស្តុតាងបង្ហាញថា វីរុសប្រភេទ B117 កំពុងឆ្លងនៅក្នុងសហគមន៍សិង្ហបុរីទេ៕
-
រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញបញ្ជាក់ថា អេស្ប៉ាញនឹងទទួលបានវ៉ាក់សាំង Covid-19 ចំនួន៣៥ម៉ឺនដូសក្នុងមួយសប្តាហ៍ពីក្រុមហ៊ុន Pfizer

អេស្ប៉ាញ៖ រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញលោក សាល់វ៉ាដូ អ៊ីឡា នៅថ្ងៃពុធនេះថ្លែងថា ប្រទេសរបស់លោកនឹងទទួលបានវ៉ាក់សាំង Covid-19 ចំនួន៣៥ម៉ឺនដូសក្នុងមួយសប្តាហ៍ ពីក្រុមហ៊ុនផលិតឱសថ ភីហ្វីហ្សឺ-បាយអូអិនធិច ដែលនឹងចាប់ផ្តើមពីថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញរូបនេះ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា យើងនឹងចាប់ផ្តើមបញ្ចប់វីរុសរាតត្បាតនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ ប៉ុន្តែវានឹងត្រូវចំណាយពេលពីរបីខែដើម្បីលេចចេញជារូបរាង ។ ជាមួយគ្នានេះ លោកបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានមនុស្ស២.៣លាននាក់នឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច ជាមួយនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃទៀត ក្រោយពេលមានការអនុម័តពីសហភាពអឺរ៉ុប ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងសរុបជិត៤.៦លានដូសនឹងដឹកជញ្ជូនមកដល់ នៅពាក់កណ្តាលខែមិនា ឆ្នាំក្រោយនេះ ។ កញ្ចប់ទីមួយដែលចំនួនទឹកប្រាក់មិនត្រូវបានបញ្ជាក់នេះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង ហ្គូដាឡាចារ៉ា ភាគកណ្តាលប្រទេសអេស្ប៉ាញ ដើម្បីនឹងចាប់ផ្តើមចែកចាយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ៕
-
កូរ៉េខាងត្បូងឈានដល់ការចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covid-19 ពី Pfizer និង Janssen សរុបចំនួន១៦លានដូស ដើម្បីចាក់ជូនប្រជាជនខ្លួន

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ ចំនួន១០លានដូស និង ក្រុមហ៊ុនអង់គ្លេស ចេនសិន ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Johnson & Johnson ចំនួន០៦លានដូសទៀត នេះបើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះ បានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃព្រហ ស្បតិ៍នេះថា ប្រទេសរបស់លោកនឹងទទួលបានវ៉ាក់សាំង COVID-19 ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ពីក្រុមហ៊ុន ចេនសិន នៅត្រីមាសទី២ ឆ្នាំ២០២១ ចំនែកឯវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វីហ្សឺ នឹងមកដល់នៅត្រីមាសទី៣ ឆ្នាំ២០២១ ។ គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងបំផុតមួយ ស្របពេលដែលអត្រាឆ្លង COVID-19 បានកើនឡើងដល់ខ្ទង់១ពាន់នាក់ជាមធ្យម ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ដែលបានជំរុញឲ្យអាជ្ញាធរបង្កើនការអនុវត្តវិធានការរឹតបន្តឹងសុវត្ថិភាពសង្គមកាន់តែតឹងរ៉ឹង ៕
-
អតីតនាយករដ្ឋមន្ត្រីជប៉ុនអាចនឹងត្រូវកោះហៅមកសួរនាំរឿងល្មើសនឹងច្បាប់មូលនិធិបោះឆ្នោត

អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូ អាបេ ប្រហែលជាត្រូវរដ្ឋសភាកោះហៅមកសួរនាំរឿង ល្មើសនឹងច្បាប់មូលនិធិបោះឆ្នោត នេះបើតាប្រភពពីគណបក្សកាន់អំណាចនិងរដ្ឋាភិបាលបញ្ជាក់ប្រាប់សារព័ត៌មានរយធឺ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូនេះ។ ប្រភពដែលនិយាយសុំមិនបញ្ចេញឈ្មោះអោយដឹងថា លោកអាបេប្រហែលជាត្រូវកោះអញ្ជើញអោយផ្តល់ចម្លើយនៅថ្ងៃសុក្រ។ ជាមួយគ្នាក៏កំពុងពិចារណា ជំនួបតាមប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយជាសាធារណៈ។ លោក អាបេ បានសម្រេចលាលែងតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញា ក្នុងហេតុផលលោកមានបញ្ហាសុខភាព ហើយឥឡូវនេះលោកស្ថិតនៅក្នុងការសង្ស័យទៅលើថ្លៃចំណាយអាហារពេលល្ងាច ដែលរៀបចំសម្រាប់ក្រុមអ្នកគាំទ្ររបស់លោកដែលត្រូវបានសង្ស័យថា ល្មើសនឹងច្បាប់មូលនិធិបោះឆ្នោត៕
-
វៀតណាមបន្តធ្វើតេស្តវ៉ាក់សាំងផលិតក្នុងស្រុកជាលើកទី ២ ទៅលើប្រជាជនស្ម័គ្រចិត្ត១៧នាក់បន្ថែមទៀត

វៀតណាម៖ ប្រជាជនវៀតណាមស្ម័គ្រចិត្ត១៧នាក់បន្ថែមទៀត បានចាក់សាកល្បងវ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុករបស់ខ្លួន មានឈ្មោះថា Nano Covax នៅឯមន្ទីរពេទ្យយោធានៅថ្ងៃពុធម្សិលមិញ នេះបើតាមសារព័ត៌មាន Vietnam Insider នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ការធ្វើតេស្តខាងលើនេះ ត្រូវបានចាត់ទុកជាលើកទី២ នៃការសាកល្បងវ៉ាក់សាំងផលិតក្នុងស្រុករបស់វៀតណាមផ្ទាល់ទៅលើមនុស្ស ដោយកាលពីថ្ងៃ១៧ ខែធ្នូកន្លងទៅនេះ ប្រជាជនវៀតណាម០៣នាក់បានចាក់សាកល្បងវ៉ាក់សាំងថ្មីនេះមុនគេ ហើយត្រូវគេរាយការណ៍ថា មកទល់នឹងពេលនេះសុខភាពរបស់ពួកគេទាំងបីនាក់ គឺល្អធម្មតា ។ បើតាមការគ្រោងទុកនោះ ដំណាក់កាលតេស្តវ៉ាក់សាំងរបស់វៀតណាមទាំងទី១ និងទី២ ត្រូវការពេលយ៉ាងហោចណាស់០៤ខែដើម្បីតាមដានលទ្ធផល ដោយការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ គឺត្រូវប្រើពេល០៨ខែ ហើយនៅឆ្នាំ ២០២១ វៀតណាមនឹងប្រមូលព័ត៌មានទាំងអស់ ដើម្បីសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Nano Covax ជាផ្លូវការតែម្តង ៕
-
ថៃប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៦៧នាក់ទៀត ក្នុងនោះ៥៨នាក់ជាករណីឆ្លងក្នុងសហគមន៍ ផ្ទុះចេញពីខេត្តសាមុត សាខន

ថៃ៖ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៦៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន០៩ករណីជាករណីនាំចូលពីក្រៅប្រទេស និង៥៨ករណីទៀតជាករណីឆ្លងក្នុងសហគមន៍ នេះបើតាមក្រសួងសុខាភិបាលថៃ ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង៥៨ករណីដែលជាករណីឆ្លងក្នុងសហគមន៍ គឺលើកលែងតែ០៣ករណីប៉ុណ្ណោះ ដែលមិនជាប់ពាក់ព័ន្ធជាមួយការឆ្លងរាលដាល ដែលត្រូវបានរកឃើញពាក់ព័ន្ធទីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងខេត្ត សាមុត សាខន នៅភាគនិរតីរាជធានីបាងកក កាលពីសប្តាហ៍មុន នេះបើតាមអ្នកនាំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 នៃក្រសួងសុខាភិបាលថៃ លោក ថាវីស៊ីន វិសានុយោធិន ។ បើគិតចាប់តាំងតែពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន២៧នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះមានជាង ១.៣០០ករណីហើយ ដែលពាក់ព័ន្ធនឹងការរាតត្បាតនៅទីតាំងផ្សារលក់គ្រឿងសមុទ្រ ដោយភាគច្រើនជាពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា ៕
-
សហរដ្ឋអាមេរិកទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចំនួន១០០លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន

អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារ ដើម្បីបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ចំនួន១០០លានដូសបន្ថែមទៀត ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងប្រទេស ស្របពេលករណីឆ្លងវីរុសនេះកើនឡើងយ៉ាងគំហុក នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla បញ្ជាក់ថា ជាមួយវ៉ាក់សាំង១០០លានដូសបន្ថែមនេះ វានឹងអាចការពារប្រជាជនអាមេរិកបានកាន់តែច្រើន ហើយសង្ឃឹមថា វាអាចនឹងបញ្ចប់វីរុសឆ្លងដ៏កាចសាហាវមួយនេះអោយបានឆាប់រហ័ស ។ សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer-BioNTech នឹងត្រូវផ្គត់ផ្គង់វ៉ាក់សាំងចំនួន២០០ដូសទៅឲ្យរដ្ឋាភិបាលអាមេរិក ។ ហើយការចែកចាយ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ ខណៈកិច្ចព្រមព្រៀងនេះដែរ ក៏នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវជម្រើសក្នុងការទិញរហូតដល់ទៅ៤០០លានដូសបន្ថែមទៀតផងដែរ ៕
-
អង់គ្លេសរកឃើញវីរុស Covid-19 ទម្រង់ថ្មីចំនួន០២ករណីទៀតនាំចូលក្នុងប្រទេស

អង់គ្លេស៖ អង់គ្លេសបានរកឃើញករណីឆ្លងវីរុស Covid-19 ទម្រង់ថ្មីចំនួន០២ករណីបន្ថែមទៀត ខណៈករណីឆ្លងនាំចូលថ្មីនេះ ជាទំនាក់ទំនងរបស់មនុស្សដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីវីរុសថ្មីនេះត្រូវបានរកឃើញ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ ជាការឆ្លើយនឹងបញ្ហាខាងលើនេះ វិធានការរឹតត្បិតការធ្វើដំណើរជាមួយប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានដាក់ចេញ ខណៈអ្នកណាដែលធ្វើដំណើរទៅទីនោះកាលពី០២សប្តាហ៍មុន និង អ្នកដែលពួកគេបានទាក់ទងជាមួយត្រូវបានគេប្រាប់អោយធ្វើចត្តាឡីស័កជាបន្ទាន់ ។ វីរុសក្លាយពូជថ្មីនេះ បានបង្កអោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះ រដ្ឋមន្រ្តីសុខាភិបាលអាហ្វ្រិកខាងត្បូងលោក Zweli Mkhize បានព្រមានថា មនុស្សវ័យក្មេងដែលធ្លាប់តែមានសុខភាពល្អ បានក្លាយទៅជាអ្នកជំងឺកាន់តែច្រើន ៕
-
សង្ហិបុរី ម៉ាឡេស៊ី និងហុងកុងរកឃើញវីរុស Covid-19 ទម្រង់ថ្មី ភាគច្រើនជាករណីនាំចូល

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធនេះ បានរកឃើញវីរុស Covid-19 ទម្រង់ថ្មីនៅក្នុងប្រទេស បន្ទាប់ពីការយកសំណាកពីរដ្ឋ សាបា មកពិនិត្យ នេះបើតាមសារព័ត៌មាន The Straits Times នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោក តានស្រ៊ីនួរ អាប់ឌុលឡា បញ្ជាក់ថា វានៅមិនទាន់ច្បាស់នៅឡើយ ថាតើវាជាវីរុសកូរ៉ូណាប្លែងរូបឈ្មោះថាA701B ដែលជាវីរុសកូរ៉ូណាឆ្លងជាធម្មតាដែរឬអត់ តែវាស្រដៀងគ្នានឹងប្រភេទវីរុសដែលគេរកឃើញនៅអាហ្រិកខាងត្បូង អូស្ត្រាលី និងហូឡង់ ។ វីរុសកូរ៉ូណាតែងតែប្លែងរូប ហើយយើងក៏តែងតែតាមដានពិនិត្យ និងសិក្សាស្រាវជ្រាវការជាប់ទាក់ទងនៃវីរុសផ្សេងៗចំពោះប្រជាពលរដ្ឋ ។ ដោយឡែកវីរុសកូរ៉ូណាប្រភេទថ្មីមួយ ដែលកំពុងឆ្លងរាលដាលនៅអង់គ្លេស ក៏ទំនងជាបានចម្លងសិស្ស០២នាក់ ដែលវិលពីអង់គ្លេសមកហុងកុងវិញ នៅពេលទីក្រុងចិនមួយនេះ ធានារកបានវ៉ាក់សាំង Covid-19 ចំនួន២២.៥លានដូសសំរាប់ចាក់អោយប្រជាជនក្នុងក្រុងនេះ ។ បើតាមមន្ត្រីសុខាភិបាលហុងកុងនោះ សំណាកវីរុសដែលគេយកចេញពីសិស្សទាំង០២ គឺដូចគ្នានឹងប្រភេទវីរុសកូរ៉ូណាទម្រង់ថ្មី ដែលកំពុងចម្លងខ្លាំងនៅអង់គ្លេស តែគេត្រូវធ្វើការវិភាគបន្ថែមទៀត ៕
-
ថៃសម្រេចបិទខេត្តចំនួន០៤ ក្រោយករណីផ្ទុះ Covid-19 នៅខេត្ត សាមុត សាខន រីករាលដាលដល់២២ខេត្ត

ថៃ៖ ខេត្តចំនួនបួនរបស់ប្រទេសថៃ ដែលកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ Covid-19 រលកថ្មីត្រូវបានបិទជាផ្លូវការ ដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាល នេះបើតាមសារព័ត៌មាន The Nation នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ខេត្ត សាមុត សាខន បានបង្កើនវិធានការទប់ស្កាត់ដោយប្រកាសថា ខេត្តនេះជាតំបន់ដាក់នៅដាច់ដោយឡែកពីគេចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំក្រោយនេះ ។ ទន្ទឹមគ្នា ខេត្ត សាមុត សុងក្រាម ក៏បានប្រកាសបិទកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី០៤ ខែមករាខាងមុខ ដែលជាហេតុធ្វើអោយមានការបិទកន្លែងសាធារណៈនានា និងការលុបចោលនូវពិធីអបអរឆ្លងឆ្នាំថ្មី ។ ជាមួយគ្នានេះ ខេត្ត សាមុត ប្រាកាន ក៏ត្រូវបានបិទផងដែរ ពោលគឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ដល់ថ្ងៃទី៤ ខែមករា ដោយបិទកន្លែងសាធារណៈ និងលុបចោលរាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់ ចំនែកឯខេត្តឈៀងម៉ៃវិញ ក៏បានបិទស្រុកចំនួន០៣ផងដែរ គឺស្រុក Tha Ton, Malika និង Mae Ai ៕