-
ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលថៃ បើទោះបីជាប្រទេសនេះកំពុងផ្ទុះ Covid-19 ក្នុងសហគមន៍

ថៃ៖ កងទ័ពថៃ នៅថ្ងៃចន្ទម្សិលមិញបានសារភាពថា ពួកគេមិនអាចបិទព្រំដែនទាំងស្រុងពីជនចំណាកស្រុកខុសច្បាប់បានទេ សូម្បីតែក្រសួងសុខាភិបាលបានបញ្ជាក់ថា ការឆ្លងមេរោគចុងក្រោយបង្អស់នៅឯទីផ្សារបង្គាមួយក្នុងខេត្ត សាមុត សាខន មានទំនាក់ទំនងជាមួយពលករចំណាកស្រុកក៏ដោយ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ នាយរងសេនាធិការនិងជាអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Santipong Thammapiya បញ្ជាក់ថា ពលករចំណាកស្រុកខុសច្បាប់កំពុងឆ្លងដែនដោយប្រើប្រាស់បណ្តាញធម្មជាតិ បើទោះបីជាយើងបានដាក់ពង្រាយកងទាហានទៅការពារព្រំដែនប្រវែង៥.៥២៦គីឡូម៉ែត្ររបស់យើងក៏ដោយ ។ លោកបានទទួលស្គាល់ថា ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលថៃពីមីយ៉ាន់ម៉ា ជាពិសេសនៅតាមទីតាំងតូចៗក្នុងខេត្ត Tak, Chiang Rai និង Kanchanaburi ហើយថា កងទ័ពនឹងដាក់ធនធានបន្ថែមទៀត រួមទាំងយន្តហោះដ្រូន កងអង្គភាពល្បាតចល័ត និងរបងលួសបន្លាផងដែរ ដើម្បីការពារតំបន់ដែលមានហានិភ័យខ្ពស់ ។ នាយកវិទ្យាស្ថានគ្រប់គ្រងជំងឺក្រុងលោកវេជ្ជបណ្ឌិត Vichan Pawun និយាយថា ពលករចំណាកស្រុកនៅខេត្ត សាមុត សាខន អាចជាមូលហេតុនៃការឆ្លងថ្មីបំផុតក្នុងផ្សារបង្គានៅស្រុក Muang ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ផ្អែកលើការធ្វើតេស្តបានរកឃើញថា ៩០ភាគរយនៃអ្នកឆ្លងគឺជាកម្មករចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅក្នុងតំបន់នោះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧០ម៉ឺននាក់ និងជាសះស្បើយជាង៥៤លាន៥៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៧លាន៧០ម៉ឺន៦ពាន់៧០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧០ម៉ឺន៨ពាន់៤០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៤លាន៥៧ម៉ឺន៨ពាន់៤៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៤៧ម៉ឺន៣ពាន់៦៩៧នាក់ ស្លាប់ចំនួន៣២ម៉ឺន៦ពាន់៧៧២នាក់ និងជាសះស្បើយចំនួន១០លាន៨០ម៉ឺន២ពាន់៤៩៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧ម៉ឺន៥ពាន់៤២២នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់១៤៥នាក់ និងជាសះស្បើយ៩លាន៦៣ម៉ឺន៥ពាន់៦១៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន២៦ម៉ឺន៤ពាន់២២១នាក់ ស្លាប់១៨ម៉ឺន៧ពាន់៣២២នាក់ និងជាសះស្បើយ៦លាន២៨ម៉ឺន៦ពាន់៩៨០នាក់ ៕
-
នាយករដ្ឋមន្ត្រីថៃត្រូវការពេលគិត៧ថ្ងៃ សម្រេចលុបឬមិនលុបពិធីឆ្លងឆ្នាំទូទាំងប្រទេសតែម្តង

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២១ ធ្នូ ២០២០នេះបាននិយាយថា លោកត្រូវការពេល៧ថ្ងៃទៀត ដើម្បីវាយតម្លៃពីស្ថានភាពកូវីដ១៩ មុនពេលលោកត្រូវសម្រេចចិត្តលុបឬមិនលុបពិធីបុណ្យឆ្លងឆ្នាំ សកល ទូទាំងប្រទេសតែម្តង។ និយាយក្រោយពេលប្រជុំជាមួយរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ ទាក់ទងការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយដ៏ធំកាលពីចុងសប្តាហ៍នោះ លោក ប្រាយុទ្ធ បានបន្ថែមទៀតថា ក្រុមន្ត្រីសុខាភិបាលនិងនគរបាលតាមព្រំដែនបានពង្រឹងសន្តិសុខ ប៉ុន្តែនៅមានចម្លោះប្រហោង នៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ កាលពីចុងសប្តាហ៍ មានឆ្លងកូវីដ១៩ ករណីថ្មី ច្រើនជាង៨០០នាក់ ទាក់ទងនឹងអ្នកលក់បង្គារម្នាក់ នៅខេត្ត សាមុត សាខន ខណៈដែលស្រុក Muang នៃខេត្តមួយនេះក៏ទើបផ្ទុះការចម្លងក្នុងសហគមន៍ ផ្តើមចេញពីក្រុមអន្តោប្រវេសន៍ខុសច្បាប់ដែរ៕ ប្រភពពី The Nations
-
ឧបនាយករដ្ឋមន្រ្តីប្រទេសមួយបានស្លាប់ ក្រោយឆ្លងវីរុសជំងឺកូវីដ១៩

លោក Museveni ប្រធានាធិបតីអ៊ូហ្គង់ដាបានថ្លែងថា លោក Kivejinja ឧបនាយករដ្ឋមន្រ្តីទី២នៃប្រទេសអ៊ូហ្គង់ដាបានទទួលមរណភាពដោយសារឆ្លងវីរុសជំងឺកូវីដ១៩។ ក្នុងសកម្មភាពឃោសនារកសំឡេងឆ្នោតដែលបានធ្វើនៅក្រុងHoimaភាគខាងលិចប្រទេសអ៊ូហ្គង់ដា លោក Museveni បានថ្លែងថា លោក Kivejinja ដែលកំពុងទទួលការព្យាបាលពីជំងឺកូវីដ១៩នៅមន្ទីរពេទ្យMulagoនៃរដ្ឋធានីអ៊ូហ្គង់ដាជាអកុសលបានទទួលមរណភាពដោយសារមានអាការៈអាប់អួរទៅ លោកមានការឈឺចាប់និងមានក្តីទុក្ខយ៉ាងក្រៀមក្រំចំពោះរឿងនេះ។ លោក Nabakooba រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងបច្ចេវិទ្យាទូរគមនាគមន៍អ៊ូហ្គង់ដាបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃដដែលថា លោកKivejinjaទទួលមរណភាពនៅមន្ទីរពេទ្យMulagoកាលពីថ្ងៃទី១៩ខែធ្នូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុននេះ លោកបានទទួលការព្យាបាលក្នុងបន្ទប់ICUរហូត។ លោកRugundaនាយករដ្ឋមន្រ្តីអ៊ូហ្គង់ដាបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ការទទួលមរណភាពរបស់លោកKivejinjaគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងររបស់អ៊ូហ្គង់ដា៕
-
សមាជិកសភាអាមេរិកឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ជិត៩០០ពាន់លានដុល្លារ

អាមេរិក៖ សមាជិកសភាអាមេរិកនៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បានឈានដល់កិច្ចព្រមព្រៀងមួយលើកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារ Covid-19 ជិត៩០០ពាន់លានដុល្លារ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ មេដឹកនាំព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក មីត ម៉ាកខូននែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានព្រមព្រៀងលើកញ្ចប់ថវិកាជិត៩០០ពាន់លានដុល្លារ… វាត្រូវបានរៀបចំឡើងជាមួយគោលនយោបាយគោលដៅ ដើម្បីជួយប្រជាជនអាមេរិក ដែលបានរង់ចាំជាយូរមកហើយ ។ ប្រធានសភាបក្សប្រជាធិបតេយ្យលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក ឆាក់ ស៊ូមឺ បានបញ្ជាក់ដែរថា ការព្រមព្រៀងត្រូវបានសម្រេចជាមួយបក្សសាធារណរដ្ឋ និងសេតវិមានលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់ថវិកាចាំបាច់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត និងជីវភាពរបស់ប្រជាជនអាមេរិក ខណៈ Covid-19 បង្កើនល្បឿនឆ្លង ។ សូមជម្រាបថា កញ្ចប់ថវិកាសង្រ្គោះខាងលើនេះត្រូវគេរំពឹងថា នឹងរួមបញ្ចូលជំនួយសម្រាប់ការចែកចាយវ៉ាក់សាំង និង ភស្តុភារអត្ថប្រយោជន៍បន្ថែម សម្រាប់អ្នកគ្មានការងារធ្វើចំនួន៣០០ដុល្លារក្នុងមួយសប្តាហ៍ និងការចែកមូលប្បទានប័ត្រសំរាប់ជំរុញសេដ្ឋកិច្ចជុំថ្មីក្នុងមួយមូលប្បទានប័ត្រ៦០០ដុល្លារ ៕
-
ជប៉ុនបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនពុំធ្លាប់មាន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ដែលបង្កឡើងដោយសារតែវិបត្តិ Covid-19

ជប៉ុន៖ គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃចន្ទនេះ បានអនុម័តសេចក្តីព្រាងលើកញ្ចប់ថវិកាជាតិដ៏ច្រើនបំផុតមិនធ្លាប់មាន រហូតដល់១.០៣ទ្រីលានលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធថ្មី គិតចាប់ពីខែមេសា ឆ្នាំ២០២១ នេះបើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២១ នេះ ត្រូវបានអនុម័តដោយយោងទៅលើបញ្ហាជាក់ស្តែងនានា ដែលត្រូវបានបង្កឡើងដោយសារតែជំងឺរាតត្បាតជាសកល COVID-19 នៅជប៉ុន ។ កញ្ចប់ថវិកាជាតិប្រចាំឆ្នាំទំហំ១០៦.៦ទ្រីលានយ៉េន ឬស្មើនឹង១.០៣ទ្រីលានដុល្លារអាមេរិកខាងលើនេះ គឺមានការកើនឡើងខ្លាំង បើធៀបនឹងចំនួនដែលត្រូវបានព្យាករណ៍ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ ។ សូមជម្រាបថា កំណែទម្រង់សារពើពន្ធត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ សម្រេចទុកចោលមួយឡែកសិន ដោយលោកកំពុងគិតគូរដោះស្រាយវិបត្តិនានាបង្កឡើងដោយជំងឺ COVID-19 ជាអាទិភាព តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើនប្រាក់ចំណូលតាមរយៈពន្ធ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវអោយប្រជាជនកុំភ័យស្លន់ស្លោ ខណៈថៃទើបរកឃើញអ្នកឆ្លង Covid-19 ចំនួន៣៨២នាក់ ដែលទាក់ទិននឹងករណីឆ្លងក្នុងសហគមន៍

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយប្រជាជនថៃកុំមានការភ័យស្លន់ស្លោ ចំពោះរលកថ្មីនៃការឆ្លង Covid-19 ដែលបានហូរចេញពីខេត្ត សាមុត សាខន នៅភាគនិរតីនៃទីក្រុងបាងកក នេះបើតាមសារព័ត៌មាន ឌឹ ថៃហ្គឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាយករដ្ឋមន្រ្តីថៃរូបនេះបានជំរុញអោយ ប្រជាជនទាំងអស់កុំភ្លេចការពារខ្លួន ដោយត្រូវពាក់ម៉ាសគ្រប់ពេលទាំងអស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ ត្រូវរក្សាគម្លាតសង្គម និងត្រូវលាងសម្អាតដៃអោយបានញឹកញាប់ ។ ការអំពាវនាវខាងលើនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ថ្មីៗសរុប៣៨២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនគឺជាពលករចំណាកស្រុក ដែលស្ថិតនៅខេត្ត សាមុត សាខន ភាគនិរតីប្រទេស ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង៣៨២នាក់ខាងលើនេះដែរ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត សាមុត សាខន ខណៈ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន០៦របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ មិនស្ថិតនៅជិតទីក្រុងបាងកកឡើយ ។ ដោយឡែកសម្រាប់០៨ករណីឆ្លងផ្សេងទៀត គឺជាប្រភេទករណីនាំចូលពីក្រៅប្រទេស ៕
-
ថៃនាំចេញអង្ករតិចជាងវៀតណាម ជាលើកដំបូង

ការនាំចេញអង្កររបស់ថៃនឹងតិចជាងការនាំចេញអង្កររបស់វៀតណាម លើកដំបូង ដោយវៀតណាមនឹងនាំចេញ ៦លានតោន ក្នុងឆ្នាំ២០២០នេះ នេះបើតាមការឲ្យដឹងរបស់ប្រធានសមាគមន៍នាំចេញអង្ករថៃ Charoen Laothamatas ចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃទី២១ ធ្នូ ២០២០នេះ។ ស្ថានភាពបែបនេះក៏ធ្វើឲ្យថៃនាំចេញអង្ករតិចបំផុតពុំធ្លាប់មាន រយះពេល២០ឆ្នាំមកនេះ នេះបើតាមប្រភពដដែល។ ប្រភពបន្ថែមទៀតថា ការនាំចេញអង្កររបស់ថៃបានប្រឈមនឹងបញ្ហាជាច្រើន រួមមានទាំងតម្លៃ និង កង្វះផ្នែកដឹកជញ្ជូនដែរ។ ខណះវៀតណាមនឹងនាំចេញបានដល់៦លានតោន ថៃមានលទ្ធភាពនាំចេញបាន៥.៧លានតោនអង្ករ ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ នេះបើតាមប្រភពដដែរ៕
-
សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើទម្រង់ថ្មីនៃជំងឺ Covid-19 ដែលផ្ទុះឡើងនៅអង់គ្លេស

អាមេរិក៖ មន្រ្តីសុខាភិបាលកំពូងអាមេរិកបញ្ជាក់ថា អាជ្ញាធរអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃទម្រង់ថ្មីរបស់ជំងឺ COVID-19 នៅអង់គ្លេស ខណៈផ្នែកខ្លះនៃប្រទេសអឺរ៉ុបមួយនេះ នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិតដ៏តឹងរ៉ឹង នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានទីប្រឹក្សា នៃកម្មវិធីវ៉ាក់សាំងអាមេរិកលោក ម៉ុនសេហ្វ ស្លាវី បានប្រាប់ទូរទស្សន៍ CNN ថា ក្រុមមន្ត្រីអាមេរិកមិនបានដឹងឡើយ ថាតើទម្រង់ថ្មីរបស់ COVID-19 នេះមានវត្តមានក្នុងសហរដ្ឋអាមេរិករួចហើយ ឬក៏យ៉ាងណានោះទេ ដោយលោកត្រឹមបញ្ជាក់ថា អាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ។ លោក ម៉ុនសេហ្វ ស្លាវី បន្ថែមទៀតថា រូបលោកយល់ឃើញថា វិធានការហាមឃាត់ការធ្វើដំណើរទៅកាន់អង់គ្លេស ទំនងជាមិនកើតឡើងឡើយក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាប្រទេសអឺរ៉ុបជាច្រើនបានធ្វើវារួចទៅហើយក៏ដោយ ៕
-
បណ្តាប្រទេសអឺរ៉ុបសម្រេចហាមឃាត់ជើងហោះហើរពីអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុងទម្រង់ថ្មី

អាល្លឺម៉ង់៖ បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន ចាប់ផ្តើមផ្អាកជើងហោះហើរពីអង់គ្លេស ដើម្បីការពារការរាតត្បាតទម្រង់ថ្មីនៃជំងឺ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO បានជំរុញអោយមានការរឹតបន្តឹងខ្លាំងឡើង ស្របពេលដែលរដ្ឋាភិបាលអង់គ្លេសព្រមានថា ករណីឆ្លងទម្រង់ថ្មីនៃវីរុសនេះគ្រប់គ្រងលែងបានហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ឆ្លើយតបនឹងការអំពាវនាវរបស់អង្គការ WHO នោះ ហូឡង់បានហាមឃាត់ការហោះហើរពីចក្រភពអង់គ្លេសយ៉ាងហោចណាស់ក្នុងរយៈពេលពេញមួយឆ្នាំនេះ ខណៈដែលបែលហ្ស៊ិកបានសម្រេចការហាមឃាត់ការហោះហើរ២៤ម៉ោង ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញ ហើយក៏បានផ្អាកសេវាកម្មរថភ្លើងទៅកាន់អង់គ្លេសផងដែរ ។ សូមរំលឹកថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស កាលពីថ្ងៃសៅរ៍ប្រកាថា វីរុស COVID-19 ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា ៕