-
ជប៉ុន៖ អ្នកដំណើរជាង១ពាន់នាក់ជាប់ស្ទះចរាចរណ៍ពេញ១យប់ ខណៈមានព្យុះព្រិល

មនុស្សច្រើនជាង១ពាន់នាក់នៅប្រទេសជប៉ុនបានចំណាយពេលពេញមួយយប់ ជាប់គាំងក្នុងរថយន្ត តាមដងផ្លូវ ដោយសារតែការកកស្ទះចរាចរណ៍ ខណៈមានព្យុះព្រិល កាលពីម្សិលមិញនេះ ដោយពួកគេមានអាហារនិងទឹកតិចតួចសម្រាប់បរិភោគប៉ុណ្ណោះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការកកស្ទះចរាចរណ៍គឺនៅចំណុចផ្លូវហាយវេ ភ្ជាប់ពីក្រុងតូក្យូ ទៅ Niigata ដោយបានចាប់ផ្តើមតាំងពីថ្ងៃពុធ។ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានបិទច្រកចូលផ្លូវហាយវ៉េ ដើម្បីកាត់បន្ថយការស្ទះ។ ការកកស្ទះបានចាប់ផ្តើម នៅក្រោយពេលមានរថយន្ត១គ្រឿងបានជាប់ផុងក្នុងព្រិល នៅពាក់កណ្តាលផ្លូវ ហើយរហូតដល់យប់មិញ គ្រាន់តែជួរថយន្តកកស្ទះ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ អ្នកដំណើរជាស្ត្រី ក្នុងវ័យ៣០ឆ្នាំ និងបុរសវ័យ៦០ឆ្នាំ ជាច្រើននាក់ត្រូវបានក្រុមសង្គ្រោះ បញ្ជូនចេញពីតំបន់កកស្ទះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការស្លាប់ ឬរងរបួសធ្ងន់ធ្ងរទេ ខណៈដែលអាហារ សាំង និងបង្គន់ចល័តត្រូវបានបន្តផ្គត់ផ្គង់ ខណៈដែលការជាប់គាំងនៅតែតែបន្តមាន ដល់ថ្ងៃសុក្រ ហើយក្រុមសង្គ្រោះព្យាយាមសម្អាតព្រិលចេញពីផ្លូវដែរ៕ ប្រភពព CNN
-
ថៃ៖ អ្នកលក់បង្គារម្នាក់ឆ្លងកូវីដ១៩ រួចបន្តចម្លងទៅសមាជិកគ្រួសារ៣នាក់ទៀត ជាករណីសហគមន៍ថ្មី

ថៃបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៤នាក់ទៀត នៅថ្ងៃសុក្រ ទី១៨ ធ្នូ ២០២០នេះ នេះបើតាមមន្ត្រីសុខាភិបាលបញ្ជាក់ ជាករណីឆ្លងក្នុងស្រុកថ្មីៗ ស្របពេលដែលប្រទេសថៃបានចាប់ផ្តើមបើកទ្វារសម្រាប់ទេសចរវិញ ក្រោយពេលបិទរាប់ខែ ព្រោះជំងឺរាតត្បាតនេះ។ ស្ត្រីវ័យ៦៧ឆ្នាំម្នាក់ ជាអ្នកលក់បង្គារ នៅខេត្ត Samut Sakhon ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ហើយសមាជិកគ្រួសាររបស់គាត់៣នាក់ទៀត ក្រោយមក ក៏រកឃើញថាវិជ្ជមានដែរ ប៉ុន្តែស្ត្រីរូបនេះមិនធ្លាប់មានប្រវត្ថិចេញទៅក្រៅប្រទេសទេ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ Sopon Iamsirithaworn ប្រាប់អ្នកសារព័ត៌មាន។ ប្រភពបន្តថា ពេលនេះ ក្រសួងកំពុងរងចាំលទ្ធផលតេស្ត មនុស្ស១៦៥នាក់ទៀត ដែលប៉ះផ្ទាល់ជាមួយស្ត្រីរូបនេះ។ ជាករណីឆ្លងក្នុងសហគមន៍ថ្មីមួយទៀត ក្រោយករណីឆ្លងក្នុងសហគមន៍ ពីក្រុមមនុស្សចូលមកប្រទេសថៃដោយខុសច្បាប់ តាមព្រំដែនប្រទេសមីយ៉ាន់ម៉ា៕ ប្រភព CNA
-
ថៃផ្តើមយុទ្ធនាការសម្អាតក្រុងបាងកកទាំងយប់ ប្រយុទ្ធនឹងការបំពុលខ្យល់ធ្ងន់ធ្ងរ

រដ្ឋបាលរាជធានីបាងកក ក៏ដូចជាមន្ត្រីរដ្ឋាភិបាលមានសមត្ថកិច្ចផ្សេងៗទៀតបានចាប់ផ្តើមអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ ក្នុងរាជធានី។ កាលពីម៉ោង១០យប់ ថ្ងៃទី១៧ ធ្នូ អភិបាលក្រុងបាងកក Aswin Kwanmuang អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Niphon Bunyamanee និងស្នងការរង រាជធានីបាងកក Jirasan Kaewsaeng-ake បានចាប់ផ្តើមដឹកនាំប្រតិបត្តិការនូវអ្វីដែលគេហៅថា យុទ្ធនាការ «សម្អាតទ្រង់ទ្រាយធំ នៅបាងកក» ដើម្បីកាត់បន្ថយកម្រិតភាគល្អិតនៃខ្យល់ពុល PM2.5 នៅក្នុងខ្យល់ តាមរយៈការបាញ់ទឹក ក៏ដូចជាសម្អាតផ្លូវថ្នល់និងអគារផ្សេងៗជាដើម។ លោក Aswin បាននិយាយថា «សកម្មភាពនេះនឹងធ្វើឡើង ក្នុងខណ្ឌ៥០ នៃរាជធានីបាងកក ខណៈដែលយប់នេះ យុទ្ធនាការនេះនឹងចាប់ផ្តើម ៥ទីតាំងសិន។» លោកបន្ថែមទៀតថា ក្រសួងមហាផ្ទៃបានចេញបញ្ជាឲ្យ អ្នកពាក់ព័ន្ធទាំងអស់ផ្អាកគម្រោងសាងសង់សិន ចាប់ពីខែមករា ដល់ខែកុម្ភៈ ដើម្បីកាត់បន្ថយធូរលី និងការបំពុលខ្យល់ក្នុងក្រុង។ «ពួកយើងក៏បានស្នើដល់បណ្តាខេត្តជាប់នឹងរាជធានីបាងកក បញ្ឈប់ការដុតសំរាម និងសំណល់កសិកម្មផ្សេងៗ ដែលវាក៏ជាប្រភពនៃភាគល្អិតនៃខ្យល់ពុល PM2.5 ដែលអាចបោកបក់ចូលមកតំបន់នានា ក្នុងក្រុង»។ គួរបញ្ជាក់ថា យុទ្ធនាការនេះបានចាប់ផ្តើមក្រោយនាយករដ្ឋមន្ត្រីបានចេញបញ្ជាឲ្យប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ ខណៈដែលកម្រិតខ្យល់ពុលក្នុងក្រុងបាងកក ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង៕ ប្រភពបាងកកប៉ុស្តិ៍
-
ក្រុមហ៊ុន Samsung គ្រោងប្រកាសបង្ហាញផលិតផលថ្មីនៃត្រកូល Galaxy S21 នៅខែក្រោយ ខណៈទាត់ចោលពាក្យចចាមអារាមរឿងឈប់ផលិតផលទូរស័ព្ទត្រកូល Galaxy Note

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung បានប្រកាសទាត់ចោលព័ត៌មានដែលថា ខ្លួននឹងឈប់ផលិត ឬបោះបង់ចោលទូរស័ព្ទត្រកូល Galaxy Note ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនឹង គ្រោងនឹងបង្ហាញផលិតផលថ្មីនៃត្រកូល Galaxy S21 នៅខែក្រោយ នេះបើតាមសារព័ត៌មាន GSM Arena នាពេលថ្មីៗ ។ អគ្គនាយកក្រុមហ៊ុន Samsung ទទួលបន្ទុកផ្នែកអាជីវកម្មទូរស័ព្ទចល័ត លោក TM Roh បញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសបង្ហាញផលិតផលជំនាន់ថ្មីនៃត្រកូល Galaxy Note នៅឆ្នាំក្រោយ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនមិនអាចប្រាប់បានទេថាវាជាអ្វី ហើយកាលបរិច្ឆេទនោះនៅពេលឡើយ ប៉ុន្តែក្រុមហ៊ុនមិនបោះបង់ចោលឡើយ ។ បើតាមការបញ្ជាក់នេះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ផលិតផលត្រកូល Galaxy Note អាចត្រូវបានចាត់ទុកនៅក្នុងលេខរៀងទី៣ នៃផលិតផលអាទិភាពរបស់ក្រុមហ៊ុន Samsung ៕
-
អ្នកជំនាញរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA អនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់

អាមេរិក៖ ទីបំផុតទីប្រឹក្សាយោបល់ពីខាងក្រៅអោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅថ្ងៃព្រហស្បតិ៍នេះ បានបើកភ្លើងខៀវអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ក៏ត្រូវបានគេរំពឹងដែរថា នឹងអនុញ្ញាតអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានផ្តល់នូវក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សច្រើនជាង៣០ម៉ឺននាក់រួចទៅហើយបានស្លាប់ ដោយសារវីរុសនេះ ហើយចំនួនអ្នកក៏កំពុងគំរាមកំហែងដល់មន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក ។ សូមជម្រាបថា ទីប្រឹក្សាយោបល់ពីខាងក្រៅអោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតក្នុងសំឡេងគាំទ្រ២០សំឡេង និងគ្មានសំឡេងប្រឆាំងឡើយ ខណៈមួយសំឡេងទៀតធ្វើអនុបវាទ ខណៈទីប្រឹក្សានេះបានកត់សម្គាល់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ គឺមានច្រើនជាងហានិភ័យ ចំពោះមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដាក់ពាក្យសុំការអនុម័តអោយប្រើវ៉ាក់សាំងCovid-19 របស់ខ្លួនក្នុងប្រទេសជប៉ុន

ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer នៅថ្ងៃសុក្រនេះបញ្ជាក់ថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ខ្លួននៅក្នុងប្រទេសជប៉ុន ស្របពេលដែលវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ត្រូវបានប្រើប្រាស់រួចហើយនៅអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក កាស៊ុណូប៊ុ កាតុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនការប្រកាសរបស់ក្រុមហ៊ុន Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងគឺជាអាទិភាព លោកថា ជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយ ឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំអោយបានត្រឹមត្រូវដើម្បីអនុវត្ត ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងតូក្យូមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុនផលិតឱសថ Pfizer សម្រាប់វ៉ាក់សាំងចំនួន១២០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ៕
-
ឥណ្ឌារំពឹងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជននៅខែមករា ឆ្នាំ២០២១

ឥណ្ឌា៖ ឥណ្ឌារំពឹងថា នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ជូនប្រជាជនរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ នេះបើតាមមន្ត្រីសុខាភិបាលសហព័ន្ធរបស់ឥណ្ឌា ប្រាប់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមមន្រ្តីដែលស្នើសុំមិនបញ្ជាក់អត្តសញ្ញាណបានអះអាងថា បេក្ខភាពវ៉ាក់សាំងពីរបីអាចនឹងទទួលបានការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់ ពីសំណាក់និយតករឱសថនៅក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ។ ទន្ទឹមគ្នា ក្រុមហ៊ុនចំនួនពីរបានដាក់ពាក្យសុំពិចារណារួចទៅហើយ ហើយក្រុមហ៊ុនចំនួន០៦ផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងផ្សេងៗគ្នា ។ កម្មវិធីចាក់វ៉ាក់សាំងនេះ គឺមានគោលបំណងផ្តល់ជូនប្រជាជនចំនួន៣០០លាននាក់នៅត្រឹមដើមខែសីហា ឆ្នាំ២០២១ខាងមុខ ៕
-
ថៃបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជាង ៥០ ដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ប្រទេសរបស់ខ្លួន

ថៃ៖ ថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ សម្រាប់ពលរដ្ឋមកពី៥៦ប្រទេស ដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារ Covid-19 បើទោះបីជាភ្ញៀវទេសចរនឹងតម្រូវអោយធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេលពីរសប្តាហ៍ក៏ដោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រុមការងារ Covid-19 របស់ថៃ លោក តាវីស៊ីន វីសានុយុតធិន ថ្លែងថា អ្នកទេសចរមកពីប្រទេសនានារួមមានអូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិកអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ប៉ុន្តែត្រូវការលិខិតបញ្ជាក់ដើម្បីបង្ហាញថា ពួកគេមិនមាន Covid-19 រយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរ និងការកក់សណ្ឋា គារធ្វើចត្តាឡីស័ក ។ លោកបន្ថែមថា ភ្ញៀវទេសចរនឹងត្រូវធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍បន្ទាប់ពីបានមកដល់ លោកថា ទិដ្ឋាការធម្មតារយៈពេល៣០ថ្ងៃនឹងត្រូវពន្យារដល់៤៥ថ្ងៃ ។ ការកែប្រែនេះធ្វើឡើងស្របពេលប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ កំពុងខិតខំជំរុញសកម្មភាពក្នុងស្រុកបន្ថែមទៀត ប៉ុន្តែការហាមឃាត់ការធ្វើដំណើរកំពុងបន្តធ្វើអោយភ្ញៀវទេសចរបរទេសភាគច្រើនមានការលំបាក ៕
-
លោក ចូ បៃដិន ធ្វើតេស្តអវិជ្ជមាន Covid-19 បន្ទាប់ពីមនុស្សជំនិតម្នាក់របស់លោកធ្វើតេស្តវិជ្ជមាន Covid-19

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ត្រូវបានធ្វើតេស្តអវិជ្ជមាន Covid-19 ខណៈដែលមនុស្សជំនិតម្នាក់ និងទីប្រឹក្សារបស់លោក គឺលោក សេឌ្រិច រិចមិនដ៍ នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើតេស្ដរកឃើញវិជ្ជមាន COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រីរបស់លោក ចូ បៃដិន បាននិយាយថា លោក រិចមិនដ៍ មិនបានប៉ះពាល់ដោយផ្ទាល់ជាមួយលោក បៃដិន, លោក Ossoff ឬក៏លោក Warnock នោះទេ ហើយលោក បៃដិន ក៏បានធ្វើតេស្ដរក COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ ដោយចេញលទ្ធផលអវិជ្ជមានរួចទៅហើយដែរ ។ គួរបញ្ជាក់ថា លោក សេឌ្រិច រិចមិនដ៍ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ពីរថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុង អាត្លង់តា ដើម្បីចូលរួមយុទ្ធនាការឃោសនាមួយ ដែលលោក ចូ បៃដិន កំពុងស្វែងរកការគាំទ្រសម្រាប់បេក្ខភាពសមាជិកព្រឹទ្ធ សភាពីររូប…
-
ប្រធានាធិបតីបារាំងធ្វើតេស្តរកឃើញវិជ្ជមានជំងឺ Covid-19 ចំពេលដែលអ្នកឆ្លងវីរុសសរុបនៅទូទាំងប្រទេសអឺរ៉ុបនេះកើនឡើងជាង២លាននាក់

បារាំង៖ វិមានអេលីហ្សេ នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយពេលនេះលោកកំពុងធ្វើចត្តាឡីស័ក ដើម្បីទទួលការព្យាបាលរយៈពេល០៧ថ្ងៃ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ ។ យោងតាមការអនុវត្តវិធានការផ្នែកសុខាភិបាលនោះ ប្រធានាធិបតីបារាំងមានវ័យ៤២ឆ្នាំរូបនេះ នឹងត្រូវតម្រូវអោយស្នាក់នៅដាច់ដោយឡែកពីគេរយៈពេលមួយសប្តាហ៍ ដើម្បីទទួលការព្យាបាល ប៉ុន្តែលោក ម៉ាក្រុង នៅតែអាចបំពេញការងារបានពីចម្ងាយ ។ ស្របពេលជាមួយគ្នានេះដែរ ភរិយារបស់លោក គឺលោកស្រី Brigitte ត្រូវបានធ្វើតេស្តរកឃើញអវិជ្ជមាន Covid-19 ប៉ុន្តែនៅតែបន្តធ្វើចត្តាឡីស័ក ឬដាក់ខ្លួនអោយនៅដាច់ដោយឡែកពីគេ ៕