-
ប្រមុខការបរទេសអាមេរិកត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីប៉ះពាល់ជាមួយអ្នកផ្ទុក Covid-19

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើចត្តាឡីស័ក ឬដាក់ខ្លួនអោយនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប៉ះពាល់ជាមួយបុគ្គលដែលមានផ្ទុកជំងឺ COVID-19 នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គិតមកទល់ពេលនេះ លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើតេស្តអវិជ្ជមានជំងឺ Covid-19 ។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថា មានទំនាក់ទំនងជាមួយអ្នកដែលមានផ្ទុកជំងឺ COVID-19 ម្នាក់ ។ ប៉ុន្តែសម្រាប់ហេតុផលភាពឯកជន យើងមិនបង្ហាញអត្តសញ្ញាណបុគ្គលម្នាក់នោះបានទេ ៕
-
បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ Alaska មានប្រតិកម្មធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីចាក់វ៉ាក់សាំង Covid-19 របស់ Pfizer

អាមេរិក៖ បុគ្គលិកថែទាំសុខភាពម្នាក់ក្នុងរដ្ឋ អាឡាស់ស្កា ទទួលរងប្រតិកម្មធ្ងន់ ធ្ងរ ក្រោយពេលចាក់វ៉ាក់សាំងការពារ Covid-19 របស់ក្រុមហ៊ុន Pfizer នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ បុគ្គលិកថែទាំសុខភាពដែលត្រូវបានគេស្គាល់ថា ជាស្ត្រីវ័យកណ្តាលរូបនេះ មានប្រតិកម្មអាឡ័កស៊ី ដូចជាមុខឡើងក្រហម និងពិបាកដកដង្ហើមរយៈពេល១០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងរបស់ក្រុមហ៊ុន Pfizer នៅថ្ងៃពុធនេះ ។ ក្រោយមកនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បាឡេត ដោយសារតែប្រតិ កម្មនេះ ។ ក្រុមមន្រ្តីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ស្ត្រីដែលគេមិនបង្ហាញឈ្មោះរូបនេះ បានទទួលរងនូវប្រតិកម្មអាឡ័កស៊ីអាណាហ្វីឡាក់ទិច ដែលតម្រូវអោយព្យាបាលក្នុងមន្ទីរពេទ្យ និង តាមដាន ហើយនឹងមិនទទួលការចាក់វ៉ាក់សាំងលើកទី២ទេ ខណៈនាងគ្មានប្រវត្តិអាឡ័កស៊ីពីមុនមកឡើយ ។ យ៉ាងណាមិញ មន្ត្រីសុខាភិបាលរដ្ឋ អាឡាស់ស្កា បាននិយាយថា នឹងមិនមានការផ្លាស់ប្តូរផែនការចែកចាយវ៉ាក់សាំងទេ បន្ទាប់ពីឧប្បត្តិហេតុនេះ ៕
-
អង្គការ WHO នឹងបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅទីក្រុងវូហាន របស់ប្រទេសចិននៅខែមករាឆ្នាំក្រោយនេះ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា

ស្វីស៖ អ្នកជំនាញអន្តរជាតិមួយក្រុម ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមអ្នកជំនាញអន្តរជាតិខាងលើមានសមាជិកពី១២ទៅ១៥នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន សំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ ។ សូមជម្រាបថា ចិនបានទទួលស្គាល់ និង រាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសបង្កជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ នៅឯផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះអោយជាផ្លូវការថា COVID-19 ៕
-
ចិនទទួលបានវ៉ាក់សាំង Covid-19 ចំនួន១០០លានដូសពីក្រុមហ៊ុនផលិតឱសថ BioNTech ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងប្រទេសរបស់ខ្លួន

ចិន៖ ក្រុមហ៊ុនផលិតឱសថមួយរបស់ចិនទទួលបានវ៉ាក់សាំង Covid-19 ចំនួន១០០លានដូសពីក្រុមហ៊ុនអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ខណៈចិនស្វែងរកការចាក់វ៉ាក់សាំងនៅក្រៅប្រទេសបន្ថែមលើវ៉ាក់សាំងដែលផលិតក្នុងស្រុក ដើម្បីធានាការចាក់គ្រប់គ្រាន់ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមហ៊ុនឱសថ Shanghai Fosun ដែលកាលពីខែមីនា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដើម្បីអភិវឌ្ឍ និងដាក់លក់វ៉ាក់សាំង mRNA នៅក្នុងប្រទេសចិននោះ នឹងធ្វើការទូទាត់ប្រាក់ជាមុនចំនួន២៥០លានអឺរ៉ូ ឬស្មើនឹង៣០០លានដុល្លារអាមេរិក សម្រាប់វ៉ាក់សាំង៥០លានដូសដំបូង ។ បន្ថែមលើនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់មួយនេះ ក៏នឹងផ្គត់ផ្គង់ប្រមាណជាង១០០លានដូស សម្រាប់ប្រទេសចិននៅឆ្នាំ២០២១ ។ ប៉ុន្តែការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដល់ប្រទេសចិន គឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុនដៃគូ Pfizer ក្នុងកិច្ចព្រមព្រៀងនេះនោះទេ ៕
-
យានអវកាស ឆាងអឺ-៥ របស់ចិនទទួលជោគជ័យ ក្នុងការនាំយកគំរូតាងព្រះច័ន្ទ មកកាន់ផែនដី

ចិន៖ ទីភ្នាក់ងារអវកាសចិន CNSA បញ្ជាក់ថា យានផ្ទុកគំរូតាងព្រះច័ន្ទរបស់បេសកកម្ម ឆាងអឺ-៥ បានទទួលជោគជ័យ ក្នុងការទម្លាក់ខ្លួនមកលើផែនដីនៅពេលទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ ដោយវាត្រូវបានចាត់ទុកថា ជាការបង្កើនសមត្ថភាពថ្មីមួយកម្រិតទៀតរបស់ចិន និងជាលើកដំបូងផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ ទីភ្នាក់ងារអវកាសចិន CNSA បន្តថា យានផ្ទុកដុំថ្មពីព្រះច័ន្ទ ដែលត្រូវបានគេអះអាងថា មានទម្ងន់ពីរគីឡូក្រាមនោះ ត្រូវបានទម្លាក់ទៅលើទីវាលមួយនៃខេត្ត អ៉ីនណឺ ម៉ុងហ្គោលី នៃភាគខាងជើងប្រទេសចិន ។ សម្រាប់គំរូតាងពីព្រះច័ន្ទនេះដែរ នឹងអាចជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រចិន និងអន្តរជាតិ ស្វែងយល់បន្ថែមពីការកកើតនៃព្រះច័ន្ទ និងសកម្មភាពភ្នំភ្លើង ដែលធ្លាប់កើតមាននៅលើផ្ទៃព្រះច័ន្ទ ។ សូមជម្រាបថា ប្រទេសចិនពេលនេះបានក្លាយជាមហាអំណាចអវកាសទី ៣ នៅក្នុងពិភពលោក ដែលអាចយកគំរូងតាងពីព្រះច័ន្ទត្រលប់មកកាន់ផែនដីវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលបានធ្វើរឿងនេះកាលពីទសវត្សរ៍ ១៩៦០ និង ១៩៧០ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦៥ម៉ឺននាក់ និងជាសះស្បើយជាង៥២លាន៣៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៤លាន៥១ម៉ឺន៤ពាន់៧៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៥ម៉ឺន៤ពាន់៣៤៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥២លាន៣៥ម៉ឺន៤ពាន់២៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៧លាន៣៩ម៉ឺន២ពាន់៦១៨នាក់ ស្លាប់ចំនួន៣១ម៉ឺន៤ពាន់៥៧៧នាក់ និងជាសះស្បើយចំនួន១០លាន១៧ម៉ឺន៧៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៩៥ម៉ឺន១ពាន់៧២នាក់ ស្លាប់ចំនួន១៤ម៉ឺន៤ពាន់៤៨៧នាក់ និងជាសះស្បើយ៩លាន៤៨ម៉ឺន៩ពាន់១៤៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៤ម៉ឺន២ពាន់៦៩៥នាក់ ស្លាប់១៨ម៉ឺន៣ពាន់៨២២នាក់ និងជាសះស្បើយ៦លាន១៣ម៉ឺន២ពាន់៦៨៣នាក់ ៕
-
កូវីដ១៩៖ អាមេរិកបង្កើនល្បឿនចាក់វ៉ាក់សាំង ខណៈ ១ថ្ងៃ មានស្លាប់ជាង២៥០០នាក់ព្រោះជំងឺនេះ

សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូ ២០២០នេះ បានពង្រីកយុទ្ធនាការចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ទៅលើក្រុមវេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិការ ជាក្រុមជួរមុខ ខណៈដែលជំងឺកូវីដ១៩បានសម្លាប់ពលរដ្ឋអាមេរិកច្រើនជាង២៥០០នាក់ ជាប្រចាំថ្ងៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។ ប្រភពថា បច្ចុប្បន្ននេះ វ៉ាក់សាំងដែលត្រូវចាក់ជូនពលរដ្ឋអាមេរិក រួមមានទាំង Pfizer Inc និង ដៃគូអាល្លឺម៉ង់ BioNTech SE ខណៈដែលការដឹកជញ្ជូនវ៉ាក់សាំងបន្តធ្វើដំណើរទៅកាន់មណ្ឌលផ្តល់វ៉ាក់សាំង ទូទាំងប្រទេស។ វ៉ាក់សាំងមួយទៀត របស់ក្រុមហ៊ុន Moderna Inc ដែលទើបទទួលបានការអនុម័តពីរដ្ឋបាលអាហារនិងឪសថអាមេរិកបន្ទាន់ នាសប្តាហ៍នេះ នឹងត្រូវប្រើប្រាស់ផងដែរ៕
-
កសិករម្នាក់ក្លាយជាអ្នកមានភ្លាមៗ ក្រោយភ្ជួរដីរកឃើញពេជ្រជិត១៥ការ៉ាត់ លក់បានជាង៨ម៉ឺនដុល្លារ

កសិករជនជាតិឥណ្ឌាម្នាក់បានក្លាយជាអ្នកមានទ្រព្យច្រើន ភ្លាមៗ ក្រោយពេលភ្ជួរដី ស្រាប់តែរកឃើញគ្រាប់ពេជ្រទំហំជាង១៤.៩៨ការ៉ាត់។ កសិករម្នាក់នេះរស់នៅក្នុងភូមិ Krishna-Kalyanpur តំបន់ជនបទមួយនៃខេត្ត Madhya Pradesh ប្រទេសឥណ្ឌា បានរកឃើញគ្រាប់ពេជ្រមួយនេះ ក្នុងដីស្រែរបស់គាត់ កាលពីយប់ថ្ងៃទី ១៥ ធ្ន ២០២០។ លោក Lakhan Yadav វ័យ៤៥ឆ្នាំ បានលក់ពេជ្រនេះ ក្នុងតម្លៃ ៦១៣៣០ផោន ឬ ៨២៨៨៤.៤៩ដុល្លារអាមេរិក។ លោកថា ចង់យកប្រាក់ទាំងនេះចំណាយលើការអប់រំក្មេងៗ៕
-
កូវីដ១៩៖ ចក្រភពអង់គ្លេសចាក់វ៉ាក់សាំងលើពលរដ្ឋជិត១៤ម៉ឺននាក់ ក្នុងពេល៧ថ្ងៃ

មនុស្សជិត១៤ម៉ឺននាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅចក្រអង់គ្លេស ក្នុងពេល៧ថ្ងៃមកនេះ ជាតួលេខដំបូងដែលត្រូវបានបង្ហាញ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The telegraph នាថ្ងៃទី១៦ ធ្នូនេះ។ រដ្ឋមន្ត្រីវ៉ាក់សាំង Nadhim Zahawi បាននិយាយថា មនុស្ស១៣៧៨៩៧នាក់បានទទួលការចាក់វ៉ាក់សាំង Pfizer/BioNTech រហូតមកដល់ពេលនេះ រួមមានទាំង ១០៨០០០នាក់នៅអង់គ្លេស, ៧៨៩៧នាក់ នៅ Wales និង ៤០០០នាក់នៅ Northern Ireland និង ១៨០០០នៅ Scotland ។ អង់គ្លេសគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៤០លានដូស ដោយរដ្ឋមន្ត្រីសុខាភិបាល Matt Hancock សង្ឃឹមថា មនុស្សរាប់លាននាក់អាចចាក់បាន នៅមុនថ្ងៃបុណ្យគ្រីស្មាក់។ របាយការណ៍នេះបានបង្ហាញ នៅមុនពេលកិច្ចប្រជុំលើកទី២ របស់រាជ\រដ្ឋាភិបាលអង់គ្លេស ទាំង៤តំបន់នេះ ដោយផ្តោតលើការបន្ថូរបន្ថយភាពរឹតត្បិតខ្លះ សម្រាប់ពិធីបុណ្យគ្រីស្មាក់៕
-
នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ការបំពុលខ្យល់ដែលកើនឡើងខ្លាំង នៅបាងកក

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ ដែលកំពុងកើតមានខ្លាំងនៅក្រុងបាងកក និងបណ្តាខេត្តក្បែរៗ នាប៉ុន្មានថ្ងៃមកនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៦ ធ្នូនេះ។ នាយករដ្ឋមន្ត្រីបាននិយាយថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ប្រយុទ្ធប្រឆាំឆនងកម្រិតភាគល្អិតនៃខ្យល់ពុល PM2.5 ដែលកើនឡើងខ្លាំង ប៉ុន្តែបញ្ហាគឺកាន់តែអាក្រក់ឡើង ដោយសារតែអាកាសធាតុបច្ចុប្បន្ន។ លោកបានជំរុញដល់អ្នកដំណើរប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ឲ្យបានច្រើនបំផុត ហើយរដ្ឋាភិបាលនឹងពិចារណាក្នុងការណែនាំពីការកំហិតលើការធ្វើដំណើរតាមមធ្យោបាយឯកជន ក្នុងរាជធានីដែរ។ ខណៈដែលការដុតសំណល់កសិកម្ម គឺជាផ្នែកមួយនៃការនាំឲ្យមានខ្យល់ពុល PM2.5 ខ្លាំងដែរនោះ លោកប្រាយុទ្ធ បាននិយាយថា កសិករនៅមានការខ្វះខាតសម្ភារៈ ក្នុងការទុកដាក់ការចោលកាកសំណល់ដែលមិនឆេះ៕