-
កូវីដ១៩៖ ថៃឆ្លងថ្មី ៩នាក់ទៀត រួមមានទាំងទារកវ័យ៦ខែម្នាក់ដែរ

អាជ្ញាធរថៃប្រទេសថៃ នៅថ្ងៃអង្គារ៍ ទី១៥ ធ្នូ ២០២០នេះបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត ក្នុងនោះ រួមមានទាំងទារក វ័យ៦ខែម្នាក់ដែរ។ ប្រភពថា ករណីទំាំងនេះសុទ្ធតែជាករណីនាំចូល មកពី៧ប្រទេស រួមមានទាំងទារកជនជាតិអង់គ្លេសម្នាក់ដែរ ហើយពួកគេវិជ្ជមាន ក្រោយការធ្វើចត្តាឡីស័ក។ ថៃមានកូវីដ១៩ ចំនួន៤២៤៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៥ ធ្នូ នេះ។ ថៃទើបផ្ទុះក្នុងសហគមន៍ជាថ្មី ឆ្លងពីអ្នកលួចចូលប្រទេសខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែពុំមានករណីស្លាប់បន្ថែមទៀតទេ ទោះមានឆ្លងក្នុងស្រុកជាថ្មីបែបនេះក៏ដោយ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
វៀតណាមថា អាល្លឺម៉ង់ផ្តល់ជំនួយជាង៦លានដុល្លារ ជួយអាស៊ាន ឆ្លើយតបនឹងកូវីដ១៩

ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ ធ្នូ ម្សិលមិញ បានអះអាងថា ខ្លួននឹងផ្តល់ជំនួយ៥លានអឺរ៉ូ ឬ ៦.០៧លានដុល្លារអាមេរិក ដល់អាស៊ាន ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម នាថ្ងៃនេះ។ សារព័ត៌មាន VN Express បានឲ្យដឹងដោយយោងលើស្ថានទូតអាល្លឺម៉ង់នៅក្រុងហាណូយថា កិច្ចសហការរបស់អាល្លឺម៉ង់ជាមួយបណ្តាប្រទេសអាស៊ានគឺជាកិច្ចការដ៏មានសារៈសំខាន់មួយ នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលអាល្លឺម៉ង់។ ប្រភពថា មូលនិធិអាស៊ានដែលត្រូវបានបង្កើតឡើង អំឡុងកិច្ចប្រជុំរបស់ខ្លួន កាលពីខែមុន បានទទួលជំនួយប្រមាណ១០លានដុល្លារអាមេរិកហើយ ក្នុងនោះ វៀតណាមសន្យាជួយ៥លានដុល្លារអាមេរិក រួមបញ្ជូលទាំងបរិក្ខាវេជ្ជសាស្ត្រ។ ប្រទេសផ្សេងៗទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡើង ក៏បានសន្យាថា នឹងជួយរាប់រយលានដុល្លារអាមេរិកដែរ៕
-
លោក ចូ បៃដិន រិះគន់ធ្ងន់ៗលើលោក ដូណាល់ ត្រាំ ក្រោយនៅតែបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះ បានរិះគន់លើលោក ដូណាល់ ត្រាំ ថា មិនគោរពតាមរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជនអាមេរិក តាមរយៈការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា វាគឺជាគោលជំហរជ្រុលហួសហេតុ ដែលយើងមិនធ្លាប់បានឃើញពីមុនមក… គោលជំហរមួយដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន មិនគោរពតាមគោលការណ៍នៃច្បាប់ និងរដ្ឋធម្មនុញ្ញ ។ ការកត់សម្គាល់បែបនេះរបស់លោក បៃដិន បានកើតមានឡើងក្រោយក្រុមអ្នកដំណាងបោះឆ្នោត ឬអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីអោយលោកក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕
-
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មតួកគី ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើតួកគី ពាក់ព័ន្ធនឹងការទិញយកប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ដែលប្រការនេះ នឹងធ្វើអោយភាពតានតឹងដល់ទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តអង្គការ ណាតូទាំងពីរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ការដាក់ទណ្ឌកម្មនេះ គឺផ្តោតលើប្រធានឧស្សាហកម្មការពារជាតិផ្នែកផ្គត់ផ្គង់ និងអភិវឌ្ឍខឿនការពារជាតិកំពូលរបស់តួកគី លោក អ៊ីស្មាអ៊ីល ដេមៀរ និងបុគ្គលិកបីនាក់ផ្សេងទៀត ។ ហើយវិធានការដែលទទួលបានការស្វាគមន៍ពីគណបក្សទាំងពីរក្នុងសភាអាមេរិកនេះដែរ ត្រូវបានប្រកាសនៅក្រោមច្បាប់ប្រឆាំងសត្រូវរបស់សហរដ្ឋអាមេរិក តាមរយៈច្បាប់ដាក់ទណ្ឌកម្ម ដែលជាសកម្មភាពដំបូងត្រូវបានប្រើប្រឆាំងនឹងសមាជិកនៃសម្ព័ន្ធមិត្តអង្គការណាតូ ។ ជាការឆ្លើយតប តួកគីបានថ្កោលទោសការដាក់ទណ្ឌកម្មនេះថា ជាកំហុសដ៏ធ្ងន់ធ្ងរ ហើយបានជំរុញឱ្យរដ្ឋាភិបាលអាមេរិកកែប្រែសេចក្តីសម្រេចចិត្តអយុត្តិធម៌របស់ខ្លួន ។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់តួកគី ការដាក់ទណ្ឌកម្មនេះ នឹងបង្កអន្តរាយដល់ទំនាក់ទំនងទៅវិញទៅមកដោយជៀសមិនរួច និង គំរាមចាត់វិធានការសងសឹក ៕
-
ក្រុមហ៊ុនឱសថ Pfizer និង Moderna រំពឹងថា នឹងរកចំណូលបាន៣២ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនៅឆ្នាំ២០២១

បរទេស៖ ក្រុមហ៊ុនផលិតឱសថធំៗចំនួន០៣ ត្រូវបានគេប៉ាន់ប្រមាណថា នឹងរកចំណូលបានសរុបប្រមាណ៣២ពាន់លានដុល្លារពីការផលិតវ៉ាក់សាំង Covid-19 របស់ពួកគេនៅឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មាន អាណាឌូលូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមហ៊ុនវិនិយោគទុនចម្រុះ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក ម័រហ្គេន ស្ទែនលី បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ ត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់ចំណូលចំនួន១៩ពាន់លានដុល្លារពីវ៉ាក់សាំងនេះនៅឆ្នាំ២០២១ ។ ប៉ុន្តែក្រុមហ៊ុន ភីហ្វីហ្សឺ នឹងបែងចែកប្រាក់ចំណូលរបស់ខ្លួនពីការលក់វ៉ាក់សាំងជាមួយដៃគូអាល្លឺម៉ង់ បាយអូអិនធិច ។ ដោយឡែកក្រុមហ៊ុនឱសថអាមេរិកមួយទៀត គឺ ម៉ូឌែណា ដែលបង្កើត និងផលិតវ៉ាក់សាំងផ្ទាល់ខ្លួនត្រូវបានគេរំពឹងថា នឹងរកចំណូលបាន១៣.២ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនៅឆ្នាំ២០២១ ។ បើតាមការប៉ាន់ស្មាននោះ ក្រុមហ៊ុននេះអាចនឹងរកចំណូលបានពី១០ទៅ១៥ពាន់លានដុល្លារពីវ៉ាក់សាំង Covid-19 ក្នុងឆ្នាំ ២០២១ និង ២០២២ ៕
-
ប្រធានអង្គការ UNICEF អំពាវនាវអោយគ្រូបង្រៀនស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំង Covid-19

បរទេស៖ ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ(UNICEF) នៅថ្ងៃអង្គារនេះ បានអំពាវនាវអោយគ្រូបង្រៀនស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្តល់អាទិភាពចាក់វ៉ាក់សាំង Covid-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានអង្គការ យូនីសេហ្វ លោកស្រី ហេនរីតា ហ្វ័រ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Covid-19 បានបង្កការបំផ្លិចបំផ្លាញដល់ការអប់រំរបស់កុមារនៅជុំវិញពិភពលោក ហើយថា ការចាក់វ៉ាកសាំងដល់គ្រូបង្រៀន គឺជាជំហានដ៏សំខាន់មួយដើម្បីឈានទៅរកផ្លូវត្រូវ ។ លោកស្រីបានសង្កត់ធ្ងន់ថា គ្រូបង្រៀនគួរតែត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំង Covid-19 បន្ទាប់ពីបុគ្គ លិកសុខាភិបាលជួរមុខ និងប្រជាជនដែលមានហានិភ័យខ្ពស់ ហើយថា វានឹងជួយការពារគ្រូបង្រៀនពីជំងឺនេះ ដោយអនុញ្ញាតអោយពួកគេបង្រៀនសិស្សដោយផ្ទាល់ ក៏ដូចជាបើកសាលារៀនឡើងវិញផងដែរ ។ បើតាមអង្គការ យូនីសេហ្វ ការផ្ទុះឡើងខ្លាំងបំផុតនៃករណីឆ្លងជំងឺ Covid-19 កាលពីចុងខែមេសាកន្លងទៅ ការបិទទ្វារសាលារៀនបានរំខានដល់ការរៀនសូត្ររបស់សិស្ស-និស្សិតស្ទើរតែ៩០ភាគរយនៅទូទាំងពិភពលោក ៕
-
ទីបំផុតលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្រោយអង្គបោះឆ្នោតបោះឆ្នោតទទួលស្គាល់ជាផ្លូវការ

អាមេរិក៖ ទីបំផុតលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក បៃដិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត២៣២រូប ហើយអង្គបោះឆ្នោតក្នុងរដ្ឋចម្បងៗ ឬហៅថា Swing states សុទ្ធ តែបោះឆ្នោតគាំទ្រលោក បៃដិន និងលោកស្រី ខាម៉ាឡា ហារីស ។ យ៉ាងណាមិញ លោក ត្រាំ នៅតែប្រកាន់ជំហរមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតជា មួយការរំពឹងថា នឹងអាចបញ្ចុះបញ្ចូលកុំឱ្យសភាអាមេរិកទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ។ សូមជម្រាបថា លទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំការប្រកាស និង ទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំងពីរ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន ៕
-
សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំក្នុងទីក្រុងញូយ៉ក

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដំបូងរបស់ខ្លួនក្នុងទ្រង់ទ្រាយធំ ដោយចាប់ផ្តើមនៅទីក្រុងញូយ៉ក ខណៈចំនួនស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះកើនឡើងជិត៣០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ទីក្រុងញូវយ៉ក បានចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនបុគ្គលិកថែទាំសុខាភិបាលបស់ពួកគេក្នុងពេលផ្សាយផ្ទាល់ ដែលរៀបចំដោយរដ្ឋាភិបាលរដ្ឋលោក Andrew Andrewomo ។ សូមរំលឹកថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech រាប់លានដូស ត្រូវបានប្រមូលសម្រាប់ចែកចាយនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីទទួលបានភ្លើងខៀវពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ៕
-
ហ្វីលីពីនចង់បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន២៥លានដូសពីក្រុមហ៊ុនចិន Sinovac

ហ្វីលីពីន៖ ហ្វីលីពីនចង់សម្រេចកិច្ចចរចាជាមួយក្រុមហ៊ុន Sinovac Biotech នៅក្នុងសប្តាហ៍នេះ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន២៥លានដូស ពីក្រុមហ៊ុនរបស់ចិនមួយនេះ ដោយត្រូវប្រគល់វ៉ាក់សាំងនៅខែមីនា ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានវ៉ាក់សាំងរបស់ហ្វីលីពីន លោក Carlito Galvez បានបញ្ជាក់ថា មន្ត្រីហ្វីលីពីនបានជួបជាមួយតំណាងក្រុមហ៊ុនផលិតឱសថចិន Sinovac កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ហើយនឹងមានជំនួបមួយផ្សេងទៀតនៅសប្តាហ៍នេះ ដើម្បីសម្រេចកិច្ចព្រមព្រៀង ។ ដោយឡែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលបានបន្តទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយរដ្ឋាភិបាលចិន ចង់អោយប្រជាជនហ្វីលីពីនប្រមាណ១០៨លាននាក់នោះ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដោយទិញវ៉ាក់សាំងពីរុស្ស៊ី ឬក៏ចិន ៕
