-
វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថកូរ៉េខាងត្បូង Celltrion ទទួលបានការអនុម័តអោយប្រើប្រាស់ក្នុងករណីពិសេស

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះនិយាយថា គ្រូពេទ្យអាចគ្រប់គ្រងការព្យាបាលដោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ សែលទ្រីអន (Celltrion) ដល់អ្នកជំងឺ ដែលមានស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រុមហ៊ុន សែលទ្រីអន បញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការសាកល្បងព្យាបាលដំណាក់កាលទី២ និងទី៣ សម្រាប់វ៉ាក់សាំង CT-P59 ហើយគ្រោងនឹងស្វែងរកការយល់ព្រមអោយប្រើប្រាស់បន្ទាន់ សម្រាប់ការព្យាបាលមុនដំណាច់ឆ្នាំ២០២០នេះ ។ បើតាមមន្ត្រីទីភ្នាក់ងារទប់ស្កាត់ និងការពារជំងឺកូរ៉េខាងត្បូងលោក Kwon Jun-wook បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះថា ការព្យាបាលត្រូវបានគេរំពឹងថា នឹងត្រូវផ្តល់ជូនអ្នកជំងឺដំបូងក្នុងពេលឆាប់ៗនេះហើយ ៕
-
អូស្រ្តាលីដឹកដៃចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពាក់ព័ន្ធនឹងជម្លោះតម្លើងពន្ធលើស្រូវសាឡី

អូស្រ្តាលី៖ អូស្រ្តាលីនឹងស្នើអង្គការពាណិជ្ជកម្មពិភពលោក WTO ឲ្យធ្វើការស៊ើបអង្កេត បន្ទាប់ពីចិនបានសម្រេចដំឡើងពន្ធលើការនាំចូលស្រូវសាឡីពីអូស្រ្តាលី ដែលប្រការនេះ នឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែតានតឹងខ្លាំងមួយកម្រិតទៀត នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្រ្តាលីលោក ស៊ីម៉ុន ប៊ឺមីងហាំ ថ្លែងថា ការដំឡើងពន្ធ៨០ភាគរយរបស់ទីក្រុងប៉េកាំង លើការនាំចូលស្រូវសាលីពីអូស្ត្រាលី គឺជារឿងគ្មានមូលដ្ឋាន និងគ្មានភ័ស្តុតាងច្បាស់លាស់ ហើយវិធានការស្រដៀងគ្នានេះ អាចនឹងត្រូវធ្វើឡើងសម្រាប់វិស័យផ្សេងៗទៀត ។ សង្គ្រាមពន្ធគយរវាងអូស្រ្តាលី និង ចិនបានកើតមានឡើង ចំពេលដែលរដ្ឋាភិបាលទាំងពីរកំពុងមានជម្លោះជាមួយគ្នា ដោយបង្កឲ្យមានការភ័យខ្លាចថា វិធានការណ៍ទាំងនេះ ត្រូវបានធ្វើឡើងដោយសារកត្តាជំរុញផ្នែកនយោបាយ ៕
-
តម្លៃប្រេងឥន្ធនៈយន្តហោះងើបឡើងវិញ ក្រោយមានតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស និងចរាចរណ៍នៃអ្នកធ្វើដំណើរក៏ចាប់ផ្តើមមានជាបណ្តើរៗ

អន្តរជាតិ៖ ទីផ្សារប្រេងឥន្ធនៈយន្តហោះនៅលើពិភពលោក បានវិលត្រឡប់មកមានជីវិតឡើងវិញ ដោយសារតែមានតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសឡើងវិញ, ចរាចរណ៍នៃអ្នកធ្វើដំណើរមានជាបណ្តើរៗ ហើយរំពឹងថា វ៉ាក់សាំង COVID-19 នឹងជម្រុញឲ្យមានជើងហោះហើរអន្តរជាតិកាន់តែច្រើននៅក្នុងឆ្នាំ២០២១ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ការចម្រាញ់ប្រេងយកប្រាក់ចំណេញពីប្រេងឥន្ធនៈ មានការកើនឡើងក្នុងរយៈពេលជាច្រើនខែ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗទាំងអស់នៅក្នុងខែធ្នូនេះ ដោយមានក្តីរំពឹងថា នឹងមានតម្រូវការកាន់តែច្រើនសម្រាប់ឆ្នាំ២០២១ ជាមួយកម្រិតប្រាក់ចំណេញនៅសហរដ្ឋអាមេរិក និង អឺរ៉ុប ត្រូវបានគាំទ្រតាមរយៈការមានឡើងវិញ នៃទំហំការដឹកជញ្ជូនតាមផ្លូវអាកាស និង នៅតំបន់អាស៊ាន មានការគាំទ្រតាមរយៈមានការធ្វើដំណើរឡើងវិញ ។ ការចម្រាញ់ប្រេងយន្តហោះ នៅតំបន់អាស៊ី ដែលជាទីផ្សារប្រេងកំពូលរបស់ពិភពលោកនោះ បានកើនឡើង៥៨០ភាគរយ ហើយតម្លៃនាំចេញ បានកើនឡើង៤៥ភាគរយ ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ទៅរកកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែមីនាមក ។ បើតាមការព្យាករណ៍របស់ក្រុមហ៊ុន Wood Mackenzie នៅសិង្ហបុរី ក្នុងត្រីមាសទី១ឆ្នាំ២០២១ តម្រូវការប្រេងឥន្ធនៈយន្តហោះនៅតំបន់អាស៊ាន នឹងមានចំនួន១.៤លានបារ៉ែលក្នុងមួយថ្ងៃ ៕
-
ក្នុងរយៈពេល០៦ខែឆ្នាំ២០២១ ក្រុមហ៊ុន Apple មានគម្រោងបង្កើនការផលិតទូរស័ព្ទ iphone រហូតដល់៩៦លានគ្រឿង

អាមេរិក៖ ក្នុងរយៈពេល០៦ដំបូងឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុន Apple មានផែនការផលិតទូរស័ព្ទ iPhone អោយបានរហូតដល់៩៦លានគ្រឿង ដែលជាកំណើនប្រមាណ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ នេះបើតាមសារព័ត៌មានជប៉ុន Nikkei ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ប្រភពដដែលនេះបានអោយដឹងទៀតថា Apple បានស្នើអោយអ្នកផ្គត់ផ្គង់របស់ខ្លួនផលិតទូរស័ព្ទ iPhone អោយបាន៩៥ទៅ៩៦លានគ្រឿង ក្នុងនោះរួមមានទាំងក្រុម iPhone 12 ដែលជាស៊េរីជំនាន់ចុងក្រោយបំផុត និងក្រុម iPhone មុនៗ ដូចជា iPhone 11 និង iPhone SE ក៏ប៉ុន្តែការខ្វះខាតនៃផ្នែកសំខាន់ៗណាមួយ នឹងអាចប៉ះពាល់ដល់គោលដៅនេះបាន ។ យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានអោយដឹងថា ខ្លួនមានផែនការផលិតទូរស័ព្ទ iPhone សរុបអោយបាន២៣០លានគ្រឿង សម្រាប់រយៈពេលពេញមួយឆ្នាំ២០២១ខាងមុខនេះ ក្នុងនោះរួមមានទាំងម៉ូដែលថ្មីៗ និងម៉ូដែលចាស់ៗផងដែរ ៕
-
ទីបំផុតលោក ចូ បៃដិន ត្រូវបានមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកព្រមទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកជាផ្លូវការ

អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell បានទទួលស្គាល់លោក ចូ បៃដិន ជាលើកដំបូងថា ជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២០ ។ ការទទួលស្គាល់ជាផ្លូវការនេះ បានកើតមានឡើងបន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីអោយលោកក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ។ លោក Mitch McConnell បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គបោះឆ្នោតបានសម្រេចហើយ ដូច្នេះថ្ងៃនេះ ខ្ញុំសូមអបអរសាទរចំពោះលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត ហើយខ្ញុំក៏ចង់អបអរសាទរអនុប្រធានាធិបតី ដែលជាសហការីរបស់យើងមកពីរដ្ឋកាលីហ្វ័រញ៉ា គឺលោកស្រីកាម៉ាឡា ហារីស ផងដែរ ៕
-
សហរដ្ឋអាមេរិកគ្រោងនឹងអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ

អាមេរិក៖ សហរដ្ឋអាមេរិកនឹងបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានរកឃើញថា វ៉ាក់សាំងក្រុមហ៊ុននេះមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់រហូតដល់៩៥% នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានចេញផ្សាយទិន្នន័យនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ខាងលើនេះ នៅមុនកិច្ចប្រជុំគណៈកម្មាធិការវ៉ាក់សាំង ដែលនឹងបើកការពិភាក្សាអំពីវានៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់ )ដើម្បីសម្រេចថាតើត្រូវអនុញ្ញាតអោយប្រើប្រាស់ឬយ៉ាងណា ។ ប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ពិតមែននោះ វានឹងក្លាយជាវ៉ាក់សាំង COVID-19 ទី២ហើយ ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ៕
-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្វើចត្តាឡីស័កលើកទីបី បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលធ្វើតេស្តវិជ្ជមាន Covid-19

អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុង ធ្វើចត្តាឡីស័កជាថ្មីម្តងទៀត បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ ដែលក្រោយមកបានធ្វើតេស្តវិជ្ជមាន Covid-19 នេះបើតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ លោក ណឺតាន់យ៉ាហ៊ូ ក៏បានធ្វើតេស្តអវិជ្ជមានចំនួន០២ដងរួចមកហើយផងដែរ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្តាហ៍កន្លងទៅ ប៉ុន្តែយោងតាមការណែនាំស្តីពីមេរោគនេះ លោកត្រូវតែធ្វើចត្តាឡីស័ករហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ។ នេះជាលើកទី៣ហើយ ដែលលោក ណឺតាន់យ៉ាហ៊ូ បានធ្វើចត្តាឡីស័កដោយសារតែជំងឺCovid-19 ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនបានឆ្លងវីរុសនេះនោះទេ ។ គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ នឹងធ្វើចត្តាឡីស័កហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីមានទំនាក់ទំនងជាមួយប្រធានតុលាការកំពូលរបស់គណបក្ស Likud លោក មីឆែល ក្លេណើ កាលពីសប្តាហ៍មុន ខណៈដែលលោក ក្លេណើ បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕
-
អ៊ីស្រាអែលប្រកាសទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលថ្មីរបស់ខ្លួន ដើម្បីទុកទប់ទល់នឹងសត្រូវនានា

អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែលនៅថ្ងៃអង្គារនេះប្រកាសថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ដោយជោគជ័យ ជាមួយនឹងប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដោយផ្តល់ការការពារប្រឆាំងនឹងការគំរាមកំហែងនានា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមមន្ត្រីការពារជាតិអ៊ីស្រាអែលបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលពួកគេបានធ្វើការសាកល្បងរួមបញ្ចូលគ្នា នូវសមាសធាតុផ្សេងៗគ្នានៃប្រព័ន្ធការពារមីស៊ីលច្រើនស្រទាប់របស់ប្រទេសខ្លួន ។ ប្រព័ន្ធទាំងនោះរួមមាន Arrow សម្រាប់ស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ, ប្រព័ន្ធ David’s Sling សម្រាប់បាញ់ទម្លាក់មីស៊ីលចម្ងាយមធ្យម និង ប្រព័ន្ធ Iron Dome ដែលប្រើអស់ជាច្រើនឆ្នាំ ដើម្បីការពារប្រឆាំងនឹងការបាញ់រ៉ុក្កែតចូលពីតំបន់ហ្គាហ្សាស្ទ្រីប ។ សូមជម្រាបថា អ៊ីស្រាអែលបានប្រឈមមុខនឹងការគំរាមកំហែង ដោយគ្រាប់រ៉ុក្កែត និងមីស៊ីលពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ដែលនៅជិតខាង ក៏ដូចជាពីអ៊ីរ៉ង់ផងដែរ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦៤ម៉ឺននាក់ និងជាសះស្បើយជិត៥២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៣លាន៧៨ម៉ឺន៩ពាន់៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៤ម៉ឺន៦១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥១លាន៧៩ម៉ឺន៨ពាន់៣៩១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៧លាន១៤ម៉ឺន២ពាន់២០៧នាក់ ស្លាប់ចំនួន៣១ម៉ឺន១ពាន់៥៤នាក់ និងជាសះស្បើយចំនួន១០លាន៣ពាន់៣២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៩៣ម៉ឺន២ពាន់៩០៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៤ពាន់១៣០នាក់ និងជាសះស្បើយ៩លាន៤៥ម៉ឺន៥ពាន់៧៩៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៩៧ម៉ឺន៤ពាន់២៥៨នាក់ ស្លាប់១៨ម៉ឺន២ពាន់៨៥៤នាក់ និងជាសះស្បើយ៦លាន៦ម៉ឺន៧ពាន់៨៦២នាក់ ៕
-
ពេទ្យព្យាបាលអ្នកជម្ងឺកូវីដ១៩រាប់ខែនៅអាមេរិកនិយាយអ្វីខ្លះ ក្រោយចាក់វ៉ាក់សាំងមុនគេនោះ?

គិលានុប្បដ្ឋាយិកានៅតាមបន្ទប់សង្គ្រោះបន្ទាន់ បានក្លាយជាក្រុមមនុស្សដំបូងគេបង្អស់ នៅសហរដ្ឋអាមេរិក ដែលទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ។ លោកស្រី Sandra Lindsay ទទួលបន្ទុកព្យាបាលអ្នកជំងឺ COVID-19 អស់រយៈពេលជាច្រើនខែមកហើយនោះ បានទទួលការចាក់វ៉ាក់សាំងនៅទីក្រុងញូយ៉ក បានលើកឡើងថា «ខ្ញុំមិនមានអារម្មណ៍ខុសប្លែក បន្ទាប់ពីទទួលបានវ៉ាក់សាំងនោះឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានសង្ឃឹមនៅថ្ងៃនេះ និងដូចជាធូរស្បើយឡើងវិញ ហើយខ្ញុំក៏សង្ឃឹមផងដែរថា នេះគឺជាការចាប់ផ្តើម ដើម្បីបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។ លោកស្រី Lindsay បានបន្ថែមថា លោកស្រីចង់បង្កើនទំនុកចិត្តក្នុងចំណោមសាធារណជនថា «វ៉ាក់សាំងនេះពិតជាមានសុវត្ថិភាពមែន»។ នៅពេលគ្រូពេទ្យចាក់វ៉ាក់សាំង COVID-19 តាមដៃរបស់លោកស្រី Lindsay អភិបាលរដ្ឋញូយ៉កបាននិយាយថា លោកស្រីគឺជាជនជាតិអាមេរិកដំបូងគេដែលបានចាក់វ៉ាក់សាំង ហើយអភិបាលរូបនេះបានហៅលោកស្រីថា «វីរនារី»។