-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥៦ម៉ឺននាក់ និងជាសះស្បើយជាង៤៧លាន៤៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៨លាន៥៤ម៉ឺន៧ពាន់២០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៦ម៉ឺន២ពាន់៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៧លាន៤៤ម៉ឺន៧ពាន់២២៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៥លាន៥៩ម៉ឺន៥០នាក់ ស្លាប់ចំនួន២៩ម៉ឺន៣ពាន់៣៦៥នាក់ និងជាសះស្បើយចំនួន៩លាន៨ម៉ឺន៥ពាន់៤៤១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៧៣ម៉ឺន៥ពាន់៩៧៥នាក់ ស្លាប់ចំនួន១៤ម៉ឺន១ពាន់៣៩៨នាក់ និងជាសះស្បើយ៩លាន២១ម៉ឺន៤ពាន់៨០៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៦៧ម៉ឺន៥ពាន់៩១៥នាក់ ស្លាប់១៧ម៉ឺន៨ពាន់១៨៤នាក់ និងជាសះស្បើយ៥លាន៨៥ម៉ឺន៤ពាន់៧០៩នាក់ ៕
-
ស្ត្រីអង់គ្លេសចាក់វ៉ាក់សាំងកូវីដ១៩មុនគេលើលោកចាត់ទុកវាជាកាដូរល្អបំផុត

លោកស្រី Margaret Keenan វ័យ៩០ឆ្នាំ ជាជនជាតិអង់គ្លេសបានក្លាយជាមនុស្សដំបូងក្នុងពិភពលោកដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech ដោយគាត់បានទទួល នៅមន្ទីរក្នុងស្រុកមួយ ក្នុងតំបន់ Coventry នៃប្រទេសអង់គ្លេស នាព្រឹកវេលាម៉ោងប្រមាណ៦និង៣១នាទីព្រឹក (ម៉ោងនៅអង់គ្លេស) ថ្ងៃទី៨ ធ្នូ ២០២០។ លោកស្រី Margaret Keenan បាននិយាយថា «ខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាមនុស្សដំបូងទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩…វាគឺជាកាដូរខួបកំណើតមុនពេលដ៏ល្អបំផុត ដែលខ្ញុំប្រាថ្នាចង់បាន ព្រោះវាមានន័យថា ខ្ញុំ ទីបំផុតទៅ បានទទឹងរង់ចាំការចំណាយពេលវេលាជាមួយគ្រួសារនិងមិត្តៗ នៅថ្ងៃបុណ្យចូលឆ្នាំសកល ក្រោយពេលដែលខ្ញុំបានចំណាយពេលខ្លួនឯង ស្ទើពេញមូយឆ្នាំហើយនោះ» អង់គ្លេសចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃអង្គារ៍នេះ តាមការគ្រោងទុក ពោលគឺបន្ទាប់ពីខ្លួនទទួលបានការអនុញ្ញាតឲ្យប្រើជាលើកដំបូង កាលពីសប្តាហ៍មុន។ អ្នកដែលត្រូវបានផ្តល់អាទិភាពដំបូង ឬ ហៅហៅថា “V-Day” គឺសំដៅលើមនុស្សចាស់មានវ័យជាង៨០ បុគ្គលិកមើលថែមនុស្សចាស់ឬអ្នកជំងឺ មន្ត្រីពេទ្យជួរមុខ ជាដើម៕
-
លោក ដូណាល់ ត្រាំ ថា ចង់ចាក់វ៉ាក់សាំង Covid-19 ផ្សាយតាមទូរទស្សន៍ដែរ តែថា មិនចាំបាច់ទេ ព្រោះគាត់ឈ្នះជំងឺនេះរួចទៅហើយ

អាមេរិក៖ មន្រ្តីសេតវិមាន នៅថ្ងៃចន្ទនេះនិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានឆន្ទៈចាក់វ៉ាក់សាំង Covid-19 ផ្សាយតាមកញ្ចក់ទូរទស្សន៍ដែរ ប៉ុន្តែគាត់ប្រហែលជាមិនមែនជាបេក្ខជនល្អជាងគេទេ ពីព្រោះគាត់បានយកឈ្នះជំងឺនេះរួចទៅហើយ នេះបើតាមសារព័ត៌មានអង់គ្លេស Daily Mail នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ មន្ត្រីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់ (លោក ត្រាំ) បានបង្ហាញនូវឆន្ទៈ.. ខ្ញុំគិតថា មានសំណួរបើកចំហ ថាតើគាត់នឹងក្លាយជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងតាមទូរទស្សន៍ដែរឬក៏អត់… ហើយនោះគ្រាន់តែជាតម្រូវការ ដើម្បីបំពេញបំណងអ្នកដែលចង់បានប៉ុណ្ណោះ ។ ការលើកឡើងខាងលើនេះរបស់មន្រ្តីសេតវិមាន បានកើតមានឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកចំនួន០៣រូប គឺលោក Bill Clinton លោក George W. Bush និងលោក Barack Obama បាននិយាយថា ពួកលោកនឹងទទួលយកការចាក់វ៉ាក់សាំង ហើយចាក់វាផ្សាយតាមទូរទស្សន៍ ក្នុងគោលបំណងកសាងទំនុកចិត្តដល់សាធារណៈជន ៕
-
លោក ចូ បៃដិន ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបកាន់មុខតំណែងជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ ឡូដ អូស្ទីន ជាអ្នកត្រួតត្រាកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់លោក នេះបើតាមប្រភពចំនួនពីរដែលដឹងពីការសម្រេចចិត្តនេះ ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ចូ បៃដិន បញ្ជាក់ថា ការតែងតាំងលោក អូស្ទីន គឺជាជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់ការងារ បើប្រៀបធៀបទៅនឹងលោក ជេ ចនសុន ដែលធ្លាប់បម្រើការជាលេខាធិការសន្តិសុខមាតុភូមិចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧ និងលោកស្រី មីឆែល ផ្ល័រណយ ដែលជាទីប្រឹក្សាគោលនយោបាយការ ពារជាតិ និង ជាអ្នកប្រជែងគ្នាសម្រាប់មុខតំណែងនេះ ។ សូមជម្រាបថា លោក ឡូដ អូស្ទីន នឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកស្បែកខ្មៅដំបូងបង្អស់បានចូលនិវត្តន៍នៅឆ្នាំ២០១៦ ហើយនឹងត្រូវការការលើកលែងពីសភា ចាប់តាំងពីការចូលនិវត្តន៍របស់លោកតិចជាងរយៈពេលដែលត្រូវការ ពោលគឺតិចជាង០៧ឆ្នាំចាប់តាំងពីគាត់បានបម្រើការងារ ៕
-
កាណាដារំពឹងថា នឹងទទួលបានវ៉ាក់សាំង COVID-19 សរុប០៦លានដូសពីក្រុមហ៊ុន Pfizer និង Moderna នៅត្រឹមចុងខែមីនា ឆ្នាំ២០២១

កាណាដា៖ កាណាដានឹងចាប់ផ្តើមទទួលដូសដំបូងនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ នៅមុនដំណាច់ខែធ្នូឆ្នាំនេះ ឆាប់ជាងការរំពឹងទុក ហើយវ៉ាក់សាំងរាប់លានដូសបន្ថែមទៀត នឹងមកដល់នៅដើមឆ្នាំ២០២១ខាងមុខ នេះបើតាមក្រុមមន្ត្រីកាណាដា ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ និយាយថា វាគឺជាឆ្នាំដ៏លំបាក ហើយយើងមិនទាន់រួចផុតពីវិបត្តិនេះនៅឡើយទេ ប៉ុន្តែឥឡូវនេះ វ៉ាក់សាំងនឹងមកដល់នាពេលឆាប់ៗខាងមុខ ។ ចំពោះវ៉ាក់សាំងដំណាក់កាលដំបូង នឹងត្រូវបញ្ជូនទៅកាន់ទីតាំងចំនួន១៤កន្លែង ហើយត្រូវផ្តល់អាទិភាពទៅឲ្យបុគ្គលិកសុខាភិបាល មនុស្សចាស់ជរា និងពលរដ្ឋនៅតាមតំបន់ស្រយាលនៃសហគមន៍ជនជាតិដើមភាគតិច ។ សូមជម្រាបថា ប្រទេសកាណាដាក៏បានរំពឹងផងដែរថា នឹងទទួលបានវ៉ាក់សាំង COVID-19 សរុបចំនួន ៦លានដូសពីក្រុមហ៊ុន ភីហ្វីហ្សឺ និង ម៉ូឌែណា នៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ ៕
-
ទីក្រុងសៅ ប៉ូឡូ របស់ប្រទេសប្រេស៊ីល នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំនាខែមករា ឆ្នាំ២០២១

ប្រេស៊ីល៖ អភិបាលរដ្ឋសៅ ប៉ូឡូ លោក ចៅ ដូរៀ នៅថ្ងៃចន្ទនេះនិយាយថា រដ្ឋរបស់លោកនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារ Covid-19 ទ្រង់ទ្រាយធំនៅអំឡុងខែមករា ឆ្នាំ២០២១ខាងមុខនេះ បើទោះបីជាផែនការនេះ អាចនឹងត្រូវបានរារាំងពីសំណាក់ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ ក៏ដោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ អភិបាលរដ្ឋសៅ ប៉ូឡូ លោក ចៅ ដូរៀ បាននិយាយថា ការចាក់ថ្នាំបង្ការរោគក្នុងទ្រង់ទ្រាយធំដោយប្រើវ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលផលិត និងអភិវឌ្ឍដោយប្រទេសចិន នឹងចាប់ផ្តើមធ្វើឡើងជាមួយក្រុមបុគ្គិលពេទ្យ មនុស្សមានវ័យចំណាស់ និងក្រុមមនុស្សស្ម័គ្រចិត្តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។ សូមបញ្ជាក់ថា វ៉ាក់សាំង កូរ៉ូណាវ៉ាក់ របស់ចិនត្រូវបានដាក់បញ្ចូលទៅក្នុងសមរភូមិនយោបាយរវាងលោក ហ្ស៊ែរ បូលសូណារ៉ូ និង លោក ចៅ ដូរៀ ដែលជាគូប្រជែងកំពូល សម្រាប់ការប្រកួតប្រជែងតំណែងពីប្រធានាធិបតីស្តាំនិយម នៅក្នុងការបោះឆ្នោតរបស់ប្រទេសប្រេស៊ីលនៅឆ្នាំ ២០២២ ខាងមុខនេះ ៕
-
កូរ៉េខាងត្បូងទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថជាច្រើន ដើម្បីចាក់ជូនប្រជាជនរាប់លាននាក់នៅឆ្នាំក្រោយ

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក ផាក នុងហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលបានរៀបចំទិញវ៉ាក់សាំង COVID-19 ចំនួន២០លានដូសពីក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា, ក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ និង ម៉ូឌែណា ព្រមទាំងចំនួន០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson’s ដែលអាចផ្ដល់ជូនគ្រប់គ្រាន់សម្រាប់មនុស្សរហូតដល់ ៣៤លាននាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូងរូបនេះបញ្ជាក់ទៀតថា ចំនួនវ៉ាក់សាំងការពារជំងឺ COVID-19 សម្រាប់មនុស្ស១០លាននាក់ទៀត នឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងផលិតវ៉ាក់សាំងពិភពលោករបស់អង្គការសុខភាពពិភពលោក WHO មានឈ្មោះថា កូវ៉ាក់ (COVAX) ។ ចំពោះដំណើរការដឹកជញ្ជូនវ៉ាក់សាំង COVID-19 នឹងចាប់ផ្តើមមិនយូរជាងខែមីនាខាងមុខនេះទេ ចំនែកឯដំណើរការចាក់វ៉ាក់សាំងវិញ ក៏អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២១ផងដែរ ៕
-
លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងផ្តល់អាទិភាពចែកចាយវ៉ាក់សាំង Covid-19 ដល់ប្រជាជនអាមេរិកមុនដំបូង

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងគោលបំណងធានាអោយបាននូវអាទិភាពទទួលបានវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលអាមេរិកបញ្ជាទិញ ទុកចាក់ជូនប្រជាជនអាមេរិក មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស ។ បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា បទបញ្ជប្រតិបត្តិខាងលើនេះ ក៏នឹងបង្កើតរបៀបវារៈមួយសម្រាប់ទីភ្នាក់ងារទាំង ឡាយនៃរដ្ឋាភិបាលអាមេរិក អោយជួយដល់បណ្ដាប្រទេសដទៃ ដើម្បីទិញ ឬទទួលបានវ៉ាក់សាំងផងដែរ ។ ពាក់ព័ន្ធនឹងបញ្ហាចែកចាយវ៉ាក់សាំងនេះដែរ សេតវិមានគ្រោងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃអង្គារដដែលនេះ ដើម្បីពិភាក្សាលើគ្នានីតិវិធីចែកចាយវ៉ាក់សាំង ខណៈវ៉ាក់សាំង COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្ដើមចាក់ជូនប្រជាជនអាមេរិក ឱ្យបានមុនថ្ងៃបុណ្យណូអែល ខណៈក្រុមមន្ត្រីរបស់លោក ចូ បៃដិន មិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះឡើយ ៕
-
អ៊ីរ៉ង់ចោទប្រកាន់សហរដ្ឋអាមេរិកថា បានរារាំងប្រទេសខ្លួនមិនអោយទិញវ៉ាក់សាំង Covid-19

អ៊ីរ៉ង់៖ ប្រធានធនាគារកណ្តាលអ៊ីរ៉ង់បញ្ជាក់ថា អាមេរិកកំពុងព្យាយាមយ៉ាងសកម្មដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការទិញវ៉ាក់សាំង Covid-19 តាមរយៈកម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមជាសកល ធ្វើឡើងដោយអង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានធនាគារកណ្តាលអ៊ីរ៉ង់លោក Abdolnasser Hemmati នៅថ្ងៃចន្ទនេះនិយាយថា វាគួរតែត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថា កិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការទិញវ៉ាក់សាំងតាមរយៈកម្មវិធី COVAX ត្រូវបានរារាំងដោយសារតែបញ្ហាផ្ទេរប្រាក់ដែលកើតឡើងពីការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។ ប្រធានធនាគារកណ្តាលអ៊ីរ៉ង់រូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា មកទល់ពេលនេះ វិធីសាស្រ្តណាក៏ដោយ ក្នុងការទូទាត់ និង ផ្ទេររូបិយប័ណ្ណដែលត្រូវការ គឺត្រូវប្រឈមនឹងឧបសគ្គដោយសារតែការដាក់ទណ្ឌកម្មអមនុស្សធម៌របស់រដ្ឋាភិបាលអាមេរិក និងតម្រូវការដើម្បីទទួលបានការអនុញ្ញាតពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់ក្រសួងរតនាគារអាមេរិក OFAC ៕
-
អង្គការសុខភាពពិភពលោក WHO ប្រឆាំងនឹងការចាក់វ៉ាក់សាំង Covid-19 តម្រូវដោយច្បាប់

ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះបញ្ជាក់ថា ការព្យាយាមពន្យល់អោយប្រជាជនយល់ដឹងអំពីគុណប្រយោជន៍នៃវ៉ាក់សាំង Covid-19 នឹងមានប្រសិទ្ធភាពឆ្ងាយជាងការព្យាយាមធ្វើអោយការចាក់វ៉ាក់សាំងនេះក្លាយជាអ្វីតម្រូវដោយច្បាប់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធាននាយកដ្ឋានវ៉ាក់សាំងរបស់អង្គការ WHO លោកស្រី កេត អូប្រាយអ៊ឹន បានប្រាប់ក្នុងសន្និសីទកាសែតមួយថា ខ្ញុំអត់គិតថា ការតំរូវដោយច្បាប់ ក្នុងការធ្វើដូច្នេះ ជាទិសដៅត្រូវអនុវត្តនៅទីនេះទេ… ជាការល្អ ត្រូវមានការលើកទឹកចិត្ត និងជួយសម្រួលអោយមានការប្រើវា ជាជាងការចាប់បង្ខំ ។ បន្ថែមលើនេះ អង្គការសុខភាពពិភពលោក WHO ក៏បានបញ្ជាក់ដែរថា វាជាការសំរេចចិត្ត និងការទទួលខុសត្រូវរបស់សាម៉ីប្រទេស ថាតើពួកគេនឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដោយរបៀបណា ។ តែទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ នៅតែនិយាយថា ការតំរូវដោយច្បាប់ថា ត្រូវតែចាក់វ៉ាក់សាំង Covid-19 គឺជាផ្លូវដើរខុសឆ្គងមួយ ។ តួយ៉ាងកាលពីអតីតកាល ការចាប់បង្ខំអោយចាក់វ៉ាក់សាំងបាននាំមកនូវប្រតិកម្ម គឺការប្រឆាំងជំទាស់កាន់តែខ្លាំងឡើង ៕