-
កូរ៉េខាងត្បូងទិញវ៉ាក់សាំងសម្រាប់មនុស្ស៤៤លាននាក់ ពី៤ក្រុមហ៊ុន

កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ ជាផ្នែកនៃកម្មវិធីផ្តល់វ៉ាក់សាក់ប្រឆាំងជំងឺវីរុសកូវីដ១៩ ដល់មនុស្ស៤៤លាននាក់ នេះបើតាមរដ្ឋាភិបាលកូរ៉េប្រកាស នៅថ្ងៃអង្គារ៍ ទី៨ ធ្នូ ២០២០នេះ។ រដ្ឋាភិបាលបានរៀបចំនីតិវិធីទិញវ៉ាក់សាំង៦០លានដូសពីក្រុមហ៊ុនបី ដោយ១ក្រុមហ៊ុនៗ ទិញ២០លានដូស ក្នុងនោះ រួមមាន AstraZeneca Inc., Pfizer និង Moderna ។ ៤លានដូសទៀត ទិញពីក្រុមហ៊ុន Johnson & Johnson’s Janssen ដែលសរុបទាំង៤ក្រុមហ៊ុន អាចគ្របដណ្តប់លើមនុស្ស៣៤លាននាក់ ហើយដូសផ្សេងៗទៀត បម្រុងសម្រាប់មនុស្ស១០លាននាក់ នឹងត្រូវទិញតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ១៩ សរុបជិត៤ម៉ឺននាក់ ហើយ ស្លាប់មាន៥៥២នាក់៕ ប្រភពពី CNA
-
ឆ្នាំ២០២០ ហុងកុងរឹបអូសបារីរត់ពន្ធ១៩០ លានដើម ច្រើនបំផុតក្នុងពេល២០ឆ្នាំ

មន្ត្រីគយហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញថា តាំងពីដើមឆ្នាំ ២០២០ មកគយហុងកុងបានរឹបអូសបារីដែលត្រូវសង្ស័យថា ជាបារីរត់ពន្ធជាង ១៩០ លានដើម គឺច្រើនជាងចំនួនដែលបានរឹបអូសនៅក្នុងឆ្នាំណាមួយទាំងអស់ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក និងបានលើសពីចំនួនសរុបនៃបារីដែលត្រូវបានរឹបអូសក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ ក្នុងករណីចុងក្រោយ កាលពីថ្ងៃទី៤ ធ្នូ មានបារីរត់ពន្ធប្រមាណ៨លានដើមត្រូវបានរឹបអូស មានតម្លៃប្រមាណ២២លានដុល្លារអាមេរិក ហើយតម្លៃពន្ធប្រមាណ១៥លានដុល្លារ ហើយបុរសនិងស្ត្រី៥នាក់ មានវ័យចាប់ពី៣៥ ដល់ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន៕ ប្រភពពី news.gov.hk
-
លោក ចូ បៃដិន តែងតាំងលោក ហ្សាវីយើ បេសេរ៉ា ជារដ្ឋមន្ត្រីសុខាភិបាលថ្មីរបស់សហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសតាំងរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ាលោក ហ្សាវីយើ បេសេរ៉ា អោយធ្វើជារដ្ឋមន្ត្រីសុខាភិបាលថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ កន្លងមក លោក ហ្សាវីយើ បេសេរ៉ា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីដឹកនាំច្បាប់សុខភាពរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងសភាចន្លោះពីឆ្នាំ២០០៩-២០១០ ។ កំឡុងពេលនោះ លោក បេសេរ៉ា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា អ្វីដែលលើកទឹកចិត្តលោកអោយដើរឆ្ពោះទៅមុខ គឺដោយសារមនុស្សរាប់ពាន់នាក់មិនមានការធានារ៉ាប់រងសុខភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ។ ហើយបើសិនត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភានោះ លោក បេសេរ៉ា ក្នុងវ័យ៦២ឆ្នាំ នឹងក្លាយជាជនជាតិអាមេរិកាំង ដើមកំណើតឡាទីនដំបូងគេបង្អស់ ដែលដឹកនាំក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ ដែលជាទីភ្នាក់ងារមានកញ្ចប់ថវិកាប្រចាំឆ្នាំ១ទ្រីលានដុល្លារ ជាមួយនឹងបុគ្គលិក៨ម៉ឺននាក់ ទទួលបន្ទុកត្រួតពិនិត្យឱសថ វ៉ាក់សាំង និង ការស្រាវជ្រាវវេជ្ជសាស្ត្រ ក៏ដូចជាកម្មវិធីធានារ៉ាប់រងសុខភាព ដែលគ្របដណ្តប់ពលរដ្ឋអាមេរិកច្រើនជាង១៣០លាននាក់ ៕
-
ក្រុមហ៊ុនឱសថអាមេរិក Pfizer ដាក់ពាក្យស្នើសុំការចាក់វ៉ាក់សាំង Covid-19 បន្ទាន់នៅឥណ្ឌា

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូនេះថា ក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ របស់សហរដ្ឋអាមេរិកបានដាក់ពាក្យស្នើសុំការប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំង COVID-19 របស់ខ្លួនក្នុងប្រទេសឥណ្ឌា នេះបើតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលឥណ្ឌា ។ ទីប្រឹក្សារដ្ឋាភិបាលឥណ្ឌាទទួលបន្ទុកកម្មវិធីវ៉ាក់សាក់ COVID-19 លោក វីខេ ផូល បានបញ្ជាក់នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ឥណ្ឌា NDTV នាពេលថ្មីៗនេះថា យើងស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ ដែលចង់បានអាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់ក្នុងប្រទេសរបស់យើង ។ លោក វីខេ ផូល បានសង្កត់ធ្ងន់ទៀតថា ជាធម្មតាឥណ្ឌាត្រូវការពេល៩០ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តលើការស្នើសុំបែបនេះ ប៉ុន្តែការសម្រេចចិត្តលើវ៉ាក់សាំងរបស់ ភីហ្វីហ្សឺ អាចនឹងធ្វើឡើងលឿនជាងនេះ ។ យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌាមិនបានធ្វើការឆ្លើយតបណាមួយ ជុំវិញនឹងសំណើខាងលើនេះរបស់ក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ នោះទេ ខណៈដែលមន្រ្តីរបស់ ភីហ្វីហ្សឺ ប្រចាំប្រទេសឥណ្ឌា ក៏មិនទាន់បញ្ចេញប្រតិកម្មភ្លាមៗនោះដែរ ៕
-
លោក មូន ចេអ៊ីន បញ្ជាអោយបង្កើនការធ្វើតេស្តរក Covid-19 ក្នុងគ្រាដែលប្រទេសខ្លួនប្រឈមនឹងការផ្ទុះរលកទី៣

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃចន្ទនេះ អំពាវនាវអោយបង្កើនការធ្វើតេស្តរក Covid-19 និងការតាមដានយ៉ាងហ្មត់ចត់បន្ថែមទៀត ស្របពេលប្រទេសនេះព្យាយាមគ្រប់គ្រងរលកនៃការឆ្លងចុងក្រោយបង្អស់ និង ធំបំផុតរបស់ខ្លួន នេះបើតាមសារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យរបស់វិមានខៀវលោក ជុង ម៉ាន់ហូ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោក មូន បានបញ្ជាអោយរដ្ឋាភិបាលប្រើគ្រប់ធនធានទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត Covid-19 និងអំពាវនាវអោយបង្កើនការធ្វើតេស្តបន្ថែមទៀត តាមរយៈការកៀគរយោធា និង មនុស្សមកពីសេវាសាធារណៈ ។ អ្នកនាំពាក្យរបស់វិមានខៀវរូបនេះបន្ថែមទៀតថា លោក មូន ក៏បានបញ្ជាក់ផងដែរថា កន្លែងធ្វើតេស្តគួរតែមានរយៈពេលច្រើនម៉ោង ដើម្បីអនុញ្ញាតឱ្យអ្នកធ្វើការអាចចូលមកធ្វើតេស្តបានងាយស្រួល ហើយកន្លែងធ្វើតេស្តចល័តតាមដងផ្លូវគួរតែបង្កើតឡើងអោយបានច្រើនបន្ថែមទៀត ។ បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង កូរ៉េខាងត្បូងបានរាយការណ៍ពីអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦១៥ករណី នៅថ្ងៃចន្ទនេះ ពោលគឺវាមានរយៈពេល១ខែគត់ ដែលប្រទេសមួយនេះបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃ ៣ខ្ទង់មិនធ្លាប់មានក្នុងរយៈពេល០៩ខែមកនេះ ៕
-
ជប៉ុនត្រៀមបញ្ជូនគិលានុបដ្ឋាយិកាយោធាទៅកាន់តំបន់រងគ្រោះធ្ងន់ធ្ងរដោយសារ Covid-19

ជប៉ុន៖ ជប៉ុនបាននិងកំពុងត្រៀមបញ្ជូនគិលានុបដ្ឋាយិកាមកពីកងកម្លាំងស្វ័យការ ពារខ្លួនទៅកាន់កោះអូសាកា និង ហុកកៃដូដើម្បីជួយព្យាបាល ចំពេលមានការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីមានសំណើពីសំណាក់រដ្ឋាភិបាលដីកោះទាំងពីរ នេះបើតាមអ្នកនាំពាក្យប្រមុខរដ្ឋាភិបាលជប៉ុនលោក កាស៊ុណូប៊ុ កាតុ ចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ សារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍ថា កោះ ហុកកៃដូ ភាគខាងជើងជប៉ុនបាននិងកំពុងមានផែនការស្នើសុំរដ្ឋាភិបាល អោយបញ្ជូនគិលានុបដ្ឋាយិកាមកពីកងកម្លាំងស្វ័យការពារខ្លួនដើម្បីជួយព្យាបាល ខណៈដែលដីកោះមួយនេះបានមើលឃើញពីការកើនឡើងអ្នកឆ្លងវីរុសនៅឯមន្ទីរពេទ្យចំនួន០២កន្លែង ។ បើតាមសារព័ត៌មានជប៉ុន NHK កោះ អូសាកា ភាគខាងលិចជប៉ុនវិញ រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ករណីឆ្លង Covid-19 ប្រចាំថ្ងៃកើនឡើងប្រមាណ៣០០ករណីនៅក្នុងរយៈពេល០៦ថ្ងៃមកនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែធ្នូនេះថា នៅទូទាំងប្រទេសជប៉ុនមានអ្នកឆ្លង Covid-19 សរុប១៦ម៉ឺន៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុប២ពាន់៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់២៧៧នាក់ ៕
-
មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន១.១០៨ករណី និង២៩នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យសប្តាហ៍មុននេះ

មីយ៉ាន់ម៉ា៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានរាយការណ៍ពីអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន១.១០៨ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យសប្តាហ៍មុននេះ ធ្វើអោយតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់៩ម៉ឺន៩ពាន់១៥៥ករណី នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ សេចក្តីថ្លែងការណ៍ដដែលបានអោយដឹងទៀតថា អ្នកជំងឺចំនួន២៩នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះ នាំអោយតួលេខអ្នកជំងឺស្លាប់សរុបកើនដល់២ពាន់១១០នាក់ ។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា អ្នកជំងឺ Covid-19 សរុប៧ម៉ឺន៧ពាន់៦៣៦នាក់ហើយបានជាសះស្បើយឡើងវិញ និងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ដោយឡែកមនុស្សសរុប១លាន២៨ម៉ឺន៨ពាន់៣៦៥នាក់ផ្សេងទៀតក៏ត្រូវបានធ្វើតេស្តរក Covid-19 ផងដែរ ៕
-
ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair បញ្ជាទិញយន្តហោះ 737 MAX ចំនួន៧៥គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង ក្នុងតម្លៃខ្ទង់៧ពាន់លានដុល្លារ

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយថ្មីៗនេះថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីង ទើបទទួលបានការបញ្ជាទិញឡើងវិញលើកដំបូងសម្រាប់ត្រកូលយន្តហោះ 737 MAX ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair រហូតដល់៧៥គ្រឿង ក្នុងតម្លៃខ្ទង់៧ពាន់លានដុល្លារ ។ ការបញ្ជាទិញចុងក្រោយនេះ នាំអោយចំនួនសរុបនៃត្រកូតយន្តហោះ ប៊ូអ៊ីង 737 MAX ដែល Ryanair បានបញ្ជាទិញកើនដល់២១០គ្រឿង ជាមួយតម្លៃសរុបជាង២២ពាន់លានដុល្លារ ។ យន្តហោះទាំងនេះ នឹងត្រូវប្រគល់អោយក្រុមហ៊ុនអាកាសចរណ៍របស់អៀរឡង់នេះ ក្នុងចន្លោះពេល០៤ឆ្នាំ គឺរវាងឆ្នាំ២០២១ និងឆ្នាំ២០២៤ខាងមុខ ។ សូមជម្រាបផងដែរថា ការបញ្ជាទិញទ្រង់ទ្រាយធំខាងលើនេះ អាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃទំនុកចិត្តចំពោះត្រកូលយន្តហោះ ដែលកំពុងស្ថិតលើគន្លងផ្លូវឆ្ពោះទៅរកការវិលត្រឡប់ទៅធ្វើប្រតិបត្តិការឡើងវិញ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍អាមេរិក FAA សម្រេចដកបំរាមកាលពីខែវិច្ឆិកាកន្លងទៅ ៕
-
នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ រថយន្តប្រើសាំងអាចនឹងត្រូវបានហាមឃាត់នៅជប៉ុន

ជប៉ុន៖ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ រថយន្តប្រើសាំងអាចនឹងត្រូវបានហាមឃាត់ ខណៈដែលរដ្ឋាភិបាលជប៉ុនកំពុងពិចារណាហាមឃាត់ការលក់រថយន្តដែលប្រើសាំងអោយបាន ហើយងាកទៅជំរុញការប្រើប្រាស់រថយន្តលក្ខណៈហៃប្រ៊ីដ ឬរថយន្តប្រើថាមពលអគ្គិសនីវិញ នេះបើតាមសារព័ត៌មាន CNA នាពេលថ្មីៗ ។ ជប៉ុន កូរ៉េខាងត្បូង និងចិនកាលពីពេលថ្មីៗកន្លងទៅនេះ សុទ្ធតែបានប្រកាសកំណត់គោលដៅជាក់លាក់ ក្នុងការកាត់បន្ថយ និង បញ្ចប់ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដើម្បីទប់ទល់នឹងបញ្ហាកើនឡើងកម្តៅរបស់ភពផែនដី ។ ម្យ៉ាងវិញទៀត គោលដៅនេះដែរ ធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ កាលពីខែតុលាកន្លងទៅ ដែលចង់ឲ្យជប៉ុនកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនអោយមកធ្លាក់នៅកម្រិតសូន្យតែម្តងក្នុងឆ្នាំ២០៥០ខាងមុខនេះ ៕
-
កូវីដ១៩៖ ថៃនឹងរៀបចំពិធី Countdown ឆ្លងឆ្នាំថ្មី ទោះទើបមានឆ្លងក្នុងសហគមន៍ជាថ្មី

ទោះបីជាមានការឆ្លងក្នុងសហគមន៍ជាថ្មី នៅប្រទេសថៃ ថ្មីៗនេះ ពោលគឺផ្ទុះក្នុងសហគមន៍៣លើកមកហើយក៏ដោយ សកម្មភាពអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ នាពេលខាងមុខនេះ នឹងត្រូវរៀបចំបានតាមការគ្រោងទុក ប៉ុន្តែត្រូវអនុវត្តន៍តាមស្តង់ដារសុវត្ថិភាពសុខភាព នេះបើតាមឧត្តមសេនីយ៍ Nattaphon Narkphanit ប្រធានគណៈគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ក្នុងប្រទេសថៃ បញ្ជាក់ ដោយផ្អែកតាមការបន្ធូរបន្ថយភាពរឹតបន្តឹងខ្លះៗ ។ លោកថា គណៈកម្មការនឹងប្រជុំទៀត នាថ្ងៃចន្ទនេះ ជាមួយនឹងវិធានការក្រសួងការបរទេសដែលត្រូបន្ធូរបន្ថយការរឹតត្បិតមួយចំនួន សម្រាប់ជនបរទេសចូលមកប្រទេសថៃ បើទោះបីជាសុវត្ថិភាពសុខភាពសាធារណៈនៅតែជាក្តីកង្វល់អាទិភាពក៏ដោយ។ បើតាមប្រភពថា សកម្មភាពឆ្លងឆ្នាំថ្មីនាពេលខាងមុខ ដែលរួមមានទាំងការរាប់ថយក្រោយ (Countdown) ជុំគ្នា ក៏ត្រូវស្ថិតក្រោមវិធានការសុខាភិបាលតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់បង្កើនវិធានការប្រឆាំងកូវីដ១៩ ជាពិសេស នៅខេត្តស្ថិតនៅភាគខាងជើង ដែលទើបផ្ទុះករណីថ្មីៗ ទាក់ទងនឹងជនជាតិថៃបានចូលមកប្រទេសឆ្លងព្រំដែន ដោយខុសច្បាប់ ពីក្រុង Tachileik នៃប្រទេសមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវតាមដានរកអ្នកប្រាស្រ័យទាក់ទងនឹងអ្នកផ្ទុកកូវីដ១៩ទាំងនោះឲ្យបាន ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកទេសចរដែលមានផែនការមកចូលរួមពិធីបុណ្យគ្រីស្មាក់ និងបុណ្យចូលឆ្នាំថ្មី នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ធ្នូ ២០២០៕ ប្រភពពីបាងកកប៉ុស្តិ៍