-
លោក ដូណាល់ ត្រាំ បញ្ជាអោយដកកងទ័ពចេញពីសូម៉ាលី បន្ទាប់ពីការកាត់បន្ថយចំនួនទាហាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់

អាមេរិក៖មន្ទីរបញ្ចកោណនៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាអោយដកយោធានិងបុគ្គលិកសន្តិសុខអាមេរិកចេញពីប្រទេសសូម៉ាលី ជាទីដែលពួកគេធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់-សាបាប នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ លោក ត្រាំ បានបញ្ជាអោយក្រសួងការពារជាតិ និងបញ្ជាការអាហ្វ្រិករបស់សហរដ្ឋអាមេរិក ដូរទីតាំងបុគ្គលិកនិងទ្រព្យសម្បត្តិភាគច្រើនចេញពីសូម៉ាលីយ៉ាងយូរត្រឹមឆ្នាំ២០២១ ។ ប៉ុន្តែក្រសួង ការពារជាតិអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមិនដកចេញ ឬឈប់ចូលរួមពាក់ព័ន្ធជាមួយអាហ្វ្រិកទេ.. យើងបន្តកាត់បន្ថយអង្គការជ្រុលនិយមហិង្សានានា ដែលអាចគំរាមមាតុភូមិរបស់យើង ក្នុងពេលធានាថា យើងបន្តរក្សាគុណតម្លៃយុទ្ធសាស្ត្ររបស់យើងនៅក្នុងការប្រកួតប្រជែងរបស់មហាអំណាច ។ សូមបញ្ជាក់ថា បញ្ជាការអាហ្វ្រិកអាមេរិកបានរក្សាទុកទាហាន និងបុគ្គលិកប្រមាណ៧០០នាក់មកពីប្រតិបត្តិការសន្តិសុខអាមេរិក និងក្រុមហ៊ុនម៉ៅការសន្តិសុខឯកជននៅសូម៉ាលី ដែលអង្គភាពទាំងពីរធ្វើប្រតិបត្តិការប្រឆាំងពួកអាល់-សាបាប ហើយជួយបណ្តុះបណ្តាលកងកម្លាំងសូម៉ាលីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ៕
-
រដ្ឋធានីម៉ូស្គូ របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំ

រុស្ស៊ី៖ អភិបាលក្រុងម៉ូស្គូលោក សឺហ្គេ សប់ប្យ៉ាននីន បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ Covid-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។ អភិបាលក្រុង ម៉ូស្គូ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា បុគ្គលិកពេទ្យ គ្រូបង្រៀន ព្រមទាំងបុគ្គលិកផ្តល់សេវាសង្គម នឹងក្លាយជាអ្នកដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំង ដោយសារតែពួកគេជាក្រុមងាយរងគ្រោះបំផុត ខណៈដែលមនុស្ស៥ពាន់នាក់ផ្សេងទៀតបានចុះឈ្មោះរួចរាល់ហើយសម្រាប់ការចាក់វ៉ាក់សាំង ។ ការលើកឡើងខាងលើនេះរបស់លោក សឺហ្គេ សប់ប្យ៉ាននីន ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានបញ្ជាអោយរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនដល់ប្រជាជនជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ស្របពេលដែលចំនួនវ៉ាក់សាំងដែលបានផលិតមានប្រមាណជិត២លានដូស ៕
-
នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា វ៉ាក់សាំង Covid-19 អាចនឹងផលិតរួចរាល់នៅឥណ្ឌានាប៉ុន្មានសប្តាហ៍ទៀតនេះ

ឥណ្ឌា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី នៅថ្ងៃសុក្រនេះប្រកាសថា វ៉ាក់សាំងការពារជំងឺ Covid-19 អាចនឹងផលិតរួចរាល់នៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ។ លោក ម៉ូឌី បានបញ្ជាក់ថា តម្លៃវ៉ាក់សាំងបាននិងកំពុងពិភាក្សាជាមួយបណ្តារដ្ឋ ហើយការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសវិញ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលដែលរដ្ឋាភិបាលសហព័ន្ធទទួលបានការយល់ព្រមពីក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌា ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងចំនួន០៣នៅឥណ្ឌា គឺស្ថិតក្នុងតំណាក់កាលផ្សេងៗគ្នា… អ្នកជំនាញបានរំពឹងថា វ៉ាក់សាំងនេះគឺនឹងមិនប្រើពេលយូរទៀតនោះទេ វាប្រហែលជាពីរទៅបីសប្តាហ៍ទៀតប៉ុណ្ណោះ.. វ៉ាក់សាំងអាចនឹងផលិតរួចរាល់នៅឥណ្ឌា ។ លោក ម៉ូឌី បន្ថែមទៀតថា អាទិភាពដំបូងគេនឹងត្រូវបានផ្តល់ជូនដល់ក្រុមបុគ្គលិកជួរមុខ ដែលជាអ្នកឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ កូរ៉ូណា ៕
-
ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាវិធានការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច

ស្វីស៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា អង្គការសុខភាពពិភពលោក WHO ព្រមានដល់រដ្ឋាភិបាល និងប្រជាជនទាំងអស់ មិនត្រូវបោះបង់ចោលវិធានការការពារខ្លួនពីជំងឺ COVID-19 ព្រោះតែឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះជិតសម្រេចបានជោគជ័យនោះឡើយ ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថាដំណើរការទៅលើវ៉ាក់សាំងនានាបានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺនៅខាងចុងនៃផ្លូវដ៏ងងឹត ។ លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញ អង្គការ WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ ។ សូមជម្រាបថា ការព្រមានបែបនេះរបស់ WHO ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់គឺ ភីហ្វីហ្សឺ និង បាយអូអិនធិច នៅក្នុងករណីបន្ទាន់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥២ម៉ឺននាក់ និងជាសះស្បើយជិត៤៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៦លាន២៣ម៉ឺន៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥២ម៉ឺន៤ពាន់៤៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៨១ម៉ឺន២ពាន់៤០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៧៧ម៉ឺន២ពាន់៥៣៥នាក់ ស្លាប់ចំនួន២៨ម៉ឺន៥ពាន់៥៥០នាក់ និងជាសះស្បើយចំនួន៨លាន៦៥ម៉ឺន៨ពាន់៨៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៦០ម៉ឺន៨ពាន់៤១៨នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់៧៣៦នាក់ និងជាសះស្បើយ៩លាន៥ម៉ឺន៨ពាន់៨២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៥៣ម៉ឺន៤ពាន់៩៥១នាក់ ស្លាប់១៧ម៉ឺន៥ពាន់៩៨១នាក់ និងជាសះស្បើយ៥លាន៧៤ម៉ឺន៤ពាន់៣៦៩នាក់ ៕
-
វៀតណាម៖ អ្នកជំងឺកូវីដ១៩ម្នាក់ដែលនាំឲ្យផ្ទុះក្នុងសហគមន៍ជាថ្មី ប្រឈមជាប់គុក១២ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មាន Vietnam Express បានចេញផ្សាយនៅថ្ងៃនេះថា នគរបាលបាននិងកំពុងស៊ើបអង្កេតលើករណីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដែលជាជនជាតិវៀតណាមពាក់ព័ន្ធបំពានការធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល។ នគរបាលថា បុរសរូបនេះបានចម្លងកូវីដ-១៩ ទៅមនុស្ស៣នាក់ផ្សេងទៀតក្នុងទីក្រុងហូជីមិញ ហើយអាចនឹងរងបទចោទ «ចម្លងជំងឺឆ្លងគ្រោះថ្នាក់ទៅមនុស្សផ្សេងទៀត» មានស្ថានទម្ងន់ទោស ជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ។ ករណីនេះហើយដែលនាំឲ្យវៀតណាមមានការឆ្លងក្នុងសហគមន៍ជាថ្មី ក្រោយពេលគ្មានអស់រយៈពេលជិត៣ខែមកហើនោះ។ នេះជាលើកទីមួយហើយ ដែលអ្នកបំពានបទបញ្ញាត្តិទប់ស្កាត់កូវីដ-១៩ មានលក្ខណៈបទឧក្រិដ្ឋ ខណៈពេលកន្លងមក មានត្រឹមតែបង់ប្រាក់ពិន័យប៉ុណ្ណោះ។ ដំបូងឡើយអ្នកផ្ទុកកូវីដ-១៩ វ័យ ២៨ ឆ្នាំរូបនេះ បានត្រលប់មកពីជប៉ុន និងដាក់ចត្តាឡីស័ករយៈពេល ៤ថ្ងៃ។ ក្រោយពីធ្វើតេស្តរកឃើញអវិជ្ជមានចំនួន ពីរដងមក បុរសរូបនេះ បានសុំមកដាក់ចត្តាឡីស័កនៅផ្ទះវិញ។ ក្រោយមក បុរសរូបនេះ បានតេស្តរកឃើញវិជ្ជមាន ហើយគេជឿថាបានទៅចម្លងលើគ្រូភាសាអង់គ្លេសម្នាក់នៅក្នុងទីក្រុងហូជីមិញ ក្រោយជួបគ្នា។ ក្មួយ និងសិស្សរបស់គ្រូភាសាអង់គ្លេស ក៏ឆ្លងកូវីដ-១៩ ផងដែរ។ ទន្ទឹមនេះ អ្នកបម្រើការលើយន្តហោះនេះបានទៅខាងក្រៅ និងមានទំនាក់ទំនងជាមួយម្តាយ និងមិត្តភក្តិរបស់ខ្លួនថែមទៀតដូចជាទៅហាងលក់ដូរទំនិញផ្សេងៗដែរ៕
-
កូវីដ១៩៖ អង្គការសុខភាពពិភពលោកពិចារណាផ្តល់ការទទួលស្គាល់វ៉ាក់សាំងផ្លូវការ តាមអនឡាញ

អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ខ្លួនកំពុងពិចារណាផ្តល់ការបញ្ជាក់ពីការអាចប្រើប្រាស់ឬការទទួលស្គាល់ជាផ្លូវការ លើការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ តាមអនឡាញ ខណៈដែលក្តីសង្ឃឹមក្នុងការបញ្ចប់ជំងឺនេះត្រូវបានគេមើលឃើញក្រោយពេលអង់គ្លេសបានក្លាយជាប្រទេសដំបូង ដែលទទួលបានការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ខ្លួន។ អ្នកជំនាញអង្គការសុខភាពិភពលោកប្រចាំនៅអឺរ៉ុប Siddhartha Datta បានប្រាប់អ្នកសារព័ត៌មាន កាលពីម្សិលមិញថា «ពួកយើងកំពុងធ្វើការយ៉ាងជាប់លាប់ ទាក់ទងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការឆ្លើយតបនឹងកូវីដ១៩ ហើយក្នុងចំណោមនេះ ក៏មានរបៀបដែលពួកយើងប្រហែលជាធ្វើការជាមួយរដ្ឋជាសមាជិក ចំពោះអ្វីដែលត្រូវបានហៅថា លិខិតបញ្ជាក់ទទួលស្គាល់វ៉ាក់សាំង តាមអនឡាញដែរ» ។ ប្រភពបន្តថា ចំពោះវិធីសាស្ត្រដែលក៏នឹងសំដៅលើលទ្ធភាពសម្គាល់និងគ្រប់គ្រងមនុស្សដែលទទួលការចាក់វ៉ាក់សាំងដែរនោះ មិនទាន់ត្រូវបានសម្រេចចុងក្រោយទេ ហើយក៏ត្រូវធ្វើឲ្យស្របតាមច្បាប់ប្រទេសជាសមាជិកនីមួយៗដែរ។ គួរបញ្ជាក់ថា អង់គ្លេស កាលពីថ្ងៃពុធ សប្តាហ៍នេះបានក្លាយជាប្រទេសដំបូងដែលគេអនុញ្ញាតឲ្យប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩ Pfizer-BioNTech ហើយទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុបក៏នឹងប្រកាសពីការសម្រេចចិត្តនេះ នាថ្ងៃទី២៩ ធ្នូ ជាលើកចុងក្រោយដែរ៕ ប្រភពពី CNA
-
ប្រេសិតពិសេសអង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សគ្រប់រូបនៅលើពិភពលោកត្រូវតែទទួលបានវ៉ាក់សាំង Covid-19 ដោយតម្លាភាព

អាមេរិក៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូនេះថា តម្លាភាពក្នុងការទទួលបានវ៉ាក់សាំង COVID-19, ថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្ត្រគួរតែត្រូវបានធានា ដើម្បីឆ្លើយតបជាសកល ចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ នេះបើតាមអ្នកនាំពាក្យដែលបានចូលរួមក្នុងសម័យប្រជុំពិសេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមលោក មូនា អាក្រាំ បាននិយាយថា យើងត្រូវតែធានាដំបូងគេថា វ៉ាក់សាំងប្រឆាំងវីរុសអាចនឹងចែកចាយទៅដល់ប្រជាជនគ្រប់រូប មិនថា អ្នកមាន ឬអ្នកក្រ ប្រុស ឬស្រី ឬក៏នៅទីកន្លែងណានោះទេ ដោយឈរលើគោលការណ៍តម្លាភាព ។ អង្គការសុខភាពពិភពលោក WHO និងអង្គការជាដៃគូជាច្រើនទៀតបានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងមួយឈ្មោះ កូវ៉ាក់ ដែលមានគោលដៅចែកចាយវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដោយតម្លាភាព និងសមធម៌ ហើយមកទល់ពេលនេះ មានប្រទេសជាង១០០បានចូលរួម ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា បញ្ជាក់ថា នឹងចែកចាយវ៉ាក់សាំង Covid-19 ចំនួន១២៥លានដូសនៅទូទាំងសកលលោក ក្នុងត្រីមាសទី១ ឆ្នាំ២០២១

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនរំពឹងថា នឹងចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 ដ៏មានប្រសិទ្ធភាពរបស់ខ្លួនប្រមាណពី១០០លាន ទៅ១២៥លានដូសទៅកាន់ពិភពលោកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះបញ្ជាក់ថា នៅក្នុងចំណោមវ៉ាក់សាំង Covid-19 ទាំង១២៥លានដូសខាងលើនេះ ក្នុងនោះមាន៨៥លានទៅ១០០លានដូសនឹងត្រូវធ្វើការចែកចាយនៅក្នុងសហរដ្ឋអាមេរិក ខណៈដែល១៥លានទៅ២៥លានដូសទៀតនឹងត្រូវចែកចាយនៅក្រៅប្រទេស ។ ដោយឡែកនៅក្នុងត្រីមាសទី១វិញ គឺស្ថិតនៅក្នុងចន្លោះពី៥០០លានទៅដល់១ពាន់លានដូស ដោយក្រុមហ៊ុន ម៉ូឌែណា រំពឹងថា នឹងផលិតចែកចាយជាសកលនៅឆ្នាំ២០២១ខាងមុខនេះ ៕
-
រដ្ឋមន្រ្តីសុខាភិបាលព័រទុយហ្កាល់និយាយថា នឹងចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ

ព័រទុយហ្គាល់៖ រដ្ឋាភិបាលព័រទុយហ្កាល់នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសអំពីផែនការចាក់វ៉ាក់សាំងការពារមនុស្សប្រឆាំងនឹងមេរោគឆ្លងដោយស័្មគ្រចិត្ត និងដោយឥតគិតថ្លៃ ហើយថា ខ្លួនសង្ឃឹមថា នឹងទទួលបានប្រជាជនចូលរួមជិត១០ភាគរយក្នុងដំណាក់កាលដំបូង ដែលនឹងចាប់ផ្តើមនៅខែក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ អាទិភាពដំបូងនឹងត្រូវផ្តល់ដល់អ្នកដែលមានអាយុលើសពី៥០ឆ្នាំដែលមានជំងឺពីមុនស្រាប់ ដូចជាជំងឺសរសៃឈាមក្នុងបេះដូង ឬ ជំងឺសួត អ្នកជំនាញជួរមុខមកពីវិស័យនានា ក្នុងនោះរួមមានវិស័យសុខាភិបាល យោធា និងសន្តិសុខជាដើម ។ រដ្ឋមន្រ្តីសុខាភិបាលព័រទុយហ្កាល់លោកស្រី Marta Temido បញ្ជាក់ថា ប្រទេសរបស់លោកស្រីនឹងទិញវ៉ាក់សាំង Covid-19 ចំនួន២២លានដូស តម្លៃ២៤៣.១៤លានដុល្លារអាមេរិក លោកស្រីថា វាត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ជាទិញជាមួយក្រុមហ៊ុនផលិតឱសថធំៗមួយចំនួន មានដូចជា CureVac, Pfizer-BioNTech, Moderna, Johnson&Johnson, Sanofi និង GSK ៕