-
ហ្វីលីពីន៖ Manny Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តជាប្រធានាធិបតី

កំពូលអ្នកប្រដាល់របស់ហ្វីលីពីន និងល្បីពាសពេញពិភពលោក Manny Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច (PDP-Laban) នៅប្រទេសហ្វីលីពីនហើយ ខណៈអ្នកវិភាគនានាបានមើលឃើញថា លោកកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិក្រោយ។ សមាជិកព្រឹទ្ធសភាហ្វីលីពីនវ័យ វ័យ៤១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានគណបក្ស PDP-Laban របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គី ឌូតឺតេ មួយនេះកាលពីថ្ងៃយប់ថ្ងៃពុធ ជំនួសលោក Aquilino “Koko” Pimentel IIIត្រូវបានធ្វើឡើង នៅចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២។ ទោះបីជាអ្នកវិភាគជាច្រើននៅហ្វីលីពីន បានលើកឡើងថា លោក Manny Pacquiao មានទ្រព្យប្រមាណ២២០លានដុល្លារអាមេរិករូបនេះ ទំនងជាកំពុងឈានទៅរកតំណែង ជាប្រធានាធិបតិអាណត្តិថ្មីក្តី ក៏លោក Pacquiao ផ្ទាល់បានបកស្រាយថា «វាលឿនពេកហើយដែលត្រូវមកនិយាយ អំពីការបោះឆ្នោតប្រធានាធិបតីនោះ»៕
-
កូវីដ១៩៖ ថៃត្រៀមមណ្ឌលចាក់វ៉ាក់សាំង១ម៉ឺនកន្លែងឲ្យពលរដ្ឋទូទាំងប្រទេស នាខែឧសភា

កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជម្ងឺវីរុសកូវីដ១៩ នៃប្រទេសថៃនឹងចាប់ផ្តើមជាផ្លូវការហើយ ក្នុងខែឧសភា ២០២១ ខាងមុខ នេះបើតាមផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺ បង្ហាញឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ធ្នូ ២០២០។ ប្រទេសថៃ កាលពីសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀង៦ពាន់លានបាត ក្នុងការទិញវ៉ាក់សាំង២៦លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca/Oxford ដើម្បីផ្តល់ជូនពលរដ្ឋ១៣លាននាក់ ដោយម្នាក់ៗ គ្រោងនឹងទទួលបាន២ដូស។ លោក Opas Karnkawinpong អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺបានឲ្យដឹងថា វ៉ាក់សាំងនេះ ជាបឋម នឹងត្រូវឆ្លងកាត់ស្តង់ដាគុណភាពនិងសុវត្ថិភាព តាមរយៈផ្នែកពិនិត្យថ្នាំនិងអាហារ របស់ក្រសួងសុខាភិបាល។ ជំហានបន្ទាប់ អគ្គនាយកដ្ឋាននឹងរៀបចំមណ្ឌលវ៉ាក់សាំង នៅក្នុងមន្ទីរពេទ្យជាង១ម៉ឺនកន្លែងទូទាំងប្រទេស ដើម្បីផ្តល់ជូនតាមសហគមន៍ឲ្យបានរហ័ស និងបញ្ចៀសការប្រមូលផ្តុំខ្លាំងក្នុងមន្ទីរពេទ្យ៕ ប្រភពពី The Nation
-
អតីតមេដឹកនាំអាមេរិកជាច្រើនរូប និងលោក ចូ បៃដិន និយាយថា នឹងស្ម័គ្រចិត្តចាក់វ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីកសាងទំនុកចិត្តពីសាធារណៈជន

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama, លោក George W Bush និងលោក Bill Clinton ព្រមទាំងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ប្រសិនបើសកម្មភាពនេះនឹងជួយបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជនទូទៅ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ លោក Obama បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ SiriusXM ថា ប្រសិនបើអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វូស៊ី ប្រាប់ខ្ញុំថា វ៉ាក់សាំង Covid-19 មានសុវត្ថិភាព ហើយអ្នកអាចចាក់វ៉ាក់សាំងបាន… តើអ្នកដឹងទេ ខ្ញុំពិតជានឹងទទួលយកវា ។ សូមជម្រាបថា កន្លងមកនេះ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ព្រមទាំងក្រុមហ៊ុនអាមេរិក Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ ៕
-
នាយករដ្ឋមន្ត្រីបារាំងអះអាងថា នឹងចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនដោយឥតគិតថ្លៃ

បារាំង៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ កាស្ទិច បានថ្លែងក្នុងកិច្ចប្រជុំមួយនៅ ថ្ងៃព្រហស្បតិ៍នេះ ជាមួយបណ្តារដ្ឋមន្ត្រីបារាំងផ្សេងៗទៀតថា បារាំងនឹងផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ដោយមិនគិតថ្លៃនោះឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង COVID-19 នឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែចាក់វានោះឡើយ ប៉ុន្តែរដ្ឋាភិបាលបារាំងអំពាវនាវអោយគ្រប់គ្នាចាក់វាអោយបានច្រើនតាមដែលអាចធ្វើទៅរួច ។ បន្ថែមលើនេះ លោក ហ្សង់ កាស្ទិច បានគូសបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃខាងលើនេះ គឺស្ថិតក្រោមកម្មវិធី នៃប្រព័ន្ធសន្តិសុខសង្គមរបស់បារាំង ដែលបានត្រៀមកញ្ចប់ថវិកាសរុប១.៥ពាន់លានអឺរ៉ូ ឬស្មើនឹង១.៨២ពាន់លានដុល្លារ ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់ឆ្នាំ២០២១ខាងមុខ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥១ម៉ឺននាក់ និងជាសះស្បើយជាង៤៥លាន៣៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៥លាន៥១ម៉ឺន៥ពាន់៤៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥១ម៉ឺន១ពាន់៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៣៦ម៉ឺន៣ពាន់៥៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៥៣ម៉ឺន៤ពាន់៦៣២នាក់ ស្លាប់ចំនួន២៨ម៉ឺន២ពាន់៨២៨នាក់ និងជាសះស្បើយចំនួន៨លាន៥៦ម៉ឺន១ពាន់៣៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៥៧ម៉ឺន១ពាន់៧៨០នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់២២៧នាក់ និងជាសះស្បើយ៩លាន១ម៉ឺន៥ពាន់៦៨៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៤៨ម៉ឺន៧ពាន់៥១៦នាក់ ស្លាប់១៧ម៉ឺន៥ពាន់៣០៧នាក់ និងជាសះស្បើយ៥លាន៧២ម៉ឺន៥ពាន់១០នាក់ ៕
-
Apple កំពុងបើកការស៊ើបអង្កេត ក្រោយទូរស័ព្ទ iPhone 12 ជាច្រើនជួបបញ្ហាសេវា 5G និង 4G

អាមេរិក៖ អំឡុងវេទិការ Forum របស់ Apple មានអតិថិជន និងអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារថា ទូរស័ព្ទ iPhone 12 របស់ពួកគេ បានជួបបញ្ហាបាត់សេវានៅពេលប្រើប្រព័ន្ធ 5G និង 4G ជាពិសេសគឺប្រើជាមួយក្រុមហ៊ុន Verizon និង AT&T នេះបើតាមសារព័ត៌មាន GSM Arena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ ទន្ទឹមគ្នានេះ ក៏មានអ្នកប្រើនៅតាមបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ក្រៅពីសហរដ្ឋអាមេរិកក៏បានបញ្ចេញសារដូចគ្នានេះផងដែរ ដោយភាគច្រើនគឺបាត់សេវ៉ាតែម្តង នៅពេលពួកគេប្រើប្រព័ន្ធ 5G ។ បើតាមអ្នកជំនាញនោះ វាប្រហែលជាមកពីការផលិត iPhone 12 របស់ Apple មិនទាន់សមស្របទៅតាមស្ថានការណ៍ ឬបរិបទនៃបច្ចេកវិទ្យា 5G ពោលគឺបច្ចេកវិទ្យា និងបច្ចេកទេសនៅមិនទាន់ដំណើការស៊ីគ្នាល្អ ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមហ៊ុន Apple បានឆ្លើយបតថា នៅពេលនេះក្រុមហ៊ុនអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេត និងស្វែងរកមូលហេតុ ៕
-
កូវីដ១៩៖ អង់គ្លេសចាក់វ៉ាក់សាំងសប្តាហ៍ក្រោយ តែមិនផ្តល់ឲ្យស្ត្រីមានផ្ទៃពោះ និងកុមារទេ

អង់គ្លេសនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងជំងឺវីរុសកូវីដ១៩ នាដើមសប្តាហ៍នេះហើយ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ប៉ុន្តែគណៈកម្មការទទួលបន្ទុកវ៉ាក់សាំងរបស់អង់គ្លេសក៏បានបង្ហាញពីមនុស្សអាទិភាពដែលត្រូវទទួលយកវ៉ាក់សាំងដំណាក់កាលដំបូងនេះដែរ ប៉ុន្តែគេឲ្យប្រាប់ថា ស្ត្រីមានផ្ទៃពោះ និងកុមារ មិនត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ទេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី៣ ធ្នូ ២០២០នេះ។ ប្រភពថា ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម១៦ឆ្នាំនឹងមិនទាន់អាចផ្តល់វ៉ាក់សាំងឲ្យទេ សម្រាប់ដំណាក់កាលដំបូងនេះ ដើម្បីសុវត្ថិភាព។ សម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលមានផែនការចង់មានបុត្រក្នុងពេល៣ខែក្រោយនោះ គឺនឹងមិនអាចចាក់ដូសដំបូងនេះបានទេ ព្រោះគ្មានភស្តុតាងថា វាមានសុវត្ថិភាពសម្រាប់ពួកគេទេ។ សម្រាប់កុមារវិញ ក៏មិនលើកទឹកចិត្តឲ្យប្រើប្រាស់ដែរ ព្រោះកុមារឆ្លងក្នុងកម្រិតស្រាល មិនចាំបាច់ទេ តែបើកុមារណាដែលមានហាភ័យខ្ពស់ខ្លាំង តាមរយៈការចេញរោគសញ្ញានោះ ក៏អាចចាក់ដូសដំបូងនេះដែរ។ គណៈកម្មការមួយនេះក៏បានបញ្ជាក់ដែរថា អ្នកដែលអាទិភាពក្នុងការចាក់វ៉ាក់សាំងដូសដំបូងនេះគឺជាអ្នកមើលថែមនុស្សចាស់ បុគ្គលពេទ្យ និងមនុស្សវ័យចំណាស់ៗ ដូចជា ៧០ឆ្នាំ ឬជាង៧០ឆ្នាំ ៨០ឆ្នាំឬជាង៨០ឆ្នាំ ហើយអាយុកាន់តែច្រើនក៏មានអាទិភាពបន្តបន្ទាប់។ អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការនេះ ក្នុងដើមសប្តាហ៍ក្រោយបាន បន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេលើពិភពលោកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer/BioNTech នេះ៕
-
កូរ៉េខាងត្បូងឈានដល់កិច្ចព្រមព្រៀងទិញបេក្ខភាពវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca PLC ដើម្បីបញ្ជាទិញបេក្ខភាពវ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុនមួយនេះ ស្របពេលករណីឆ្លងនៅក្នុងប្រទេសកើនឡើងខ្លាំងជាថ្មីទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួនកំពុងស្ថិតក្នុងការចរចា ទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថសកល ក្នុងនោះរួមមាន AstraZeneca, Pfizer និង Johnson & Johnson ដើម្បីបញ្ជាទិញវ៉ាក់សាំងដ៏មានប្រសិទ្ធិភាពរបស់ពួកគេ ហើយក៏បានចាប់ផ្តើមនីតិវិធីត្រួតពិនិត្យបឋមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីខែតុលាកន្លងទៅផងដែរ ។ បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលផ្អែកលើប្រភពពីមន្រ្តីសុខាភិបាលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានរាយការណ៍ថា កិច្ចព្រមព្រៀងជាមួយ AstraZeneca ត្រូវបានចុះហត្ថលេខារួចរាល់ហើយនាពេលថ្មីៗនេះ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងធ្វើការប្រកាសដែលទំនងជាធ្វើឡើងនៅសប្តាហ៍ក្រោយ បន្ទាប់ពីបញ្ចប់កិច្ចចរចាទាំងស្រុងជាមួយក្រុមហ៊ុនផ្សេងៗទៀត ៕
-
អូស្ត្រាលីមានបំណងបញ្ចប់ការពិនិត្យឡើងវិញនូវវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ត្រឹមខែមករា មុនពេលអនុម័តអោយប្រើនៅខែមិនា ឆ្នាំក្រោយ

អូស្រ្តាលី៖ និយ័តករឱសថរបស់អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួនកំពុងស្ថិតនៅក្នុងតំណាក់កាលពិនិត្យឡើងវិញ នូវប្រសិទ្ធិភាព និង សុវត្ថិភាពវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ រហូតដល់ខែមករា ឆ្នាំ២០២១ មុនពេលដែលអូស្រ្តាលីចាប់ផ្តើមការចាក់វ៉ាក់សាំងនៅក្នុងខែមិនាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានរដ្ឋបាលគ្រប់គ្រងមុខទំនិញរបស់អូស្រ្តាលីលោក ចន ស្គើរីត បាននិយាយថា ខ្លួនប្រហែលជាអាចនឹងបញ្ចប់ការពិនិត្យឡើងវិញរបស់ខ្លួននៅចុងខែមករាខាងមុខ ហើយបានប្រាប់បុគ្គលិកកុំអោយយកគំរោងវិស្សមកាល ទៅសម្រេចការងារនេះដែរ ។ សូមជម្រាបថា ភីហ្វីហ្សឺ គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំង Covid-19 ធំៗចំនួន០៤ ដែលអូស្រ្តាលីយល់ព្រមទិញ ហើយក្នុងនោះក៏រួមមានក្រុមហ៊ុន Novavax, AstraZeneca និង CSL Ltd ដែលសុទ្ធសឹងតែទទួលបានជោគជ័យក្នុងតំណាក់កាលធ្វើតេស្ត ។ យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក ក្រេក ហាន់ បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ខែមករា ជាពេលមិនទាន់សាកសមដើម្បីចាប់ផ្តើមផែនការចាក់វ៉ាក់សាំងនោះទេ ។ លោកបានសង្កត់ធ្ងន់ថា យើងកំពុងស្ថិតនៅលើផ្លូវសម្រាប់ការចាក់វ៉ាក់សាំងដំបូងបង្អស់ ដែលចាប់ផ្តើមជាមួយបុគ្គលិកសុខាភិបាលរបស់យើង ដែលនឹងត្រូវទទួលការយល់ព្រមនៅក្នុងខែមីនាខាងមុខនេះ ៕
-
ក្រុមហ៊ុន ម៉ូឌែណា រំពឹងថា វ៉ាក់សាំង Covid-19 របស់ខ្លួននឹងទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សានិយ័តករសុខាភិបាលអាមេរិក

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូនេះថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា លោក ស្ទេហ្វាន បង់សែល និយាយថា វ៉ាក់សាំងក្រុមហ៊ុនរបស់លោកនឹងទទួលបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ក្នុងរយៈពេល ២៤ទៅ៧២ម៉ោង ក្រោយកិច្ចប្រជុំក្រុមប្រឹក្សានិយ័តករសុខាភិបាលអាមេរិក ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា របស់អាមេរិករូបនេះ បានអះអាងនៅក្នុងសន្និសីទស្តីពីការថែទាំសុខភាព Piper Sandler ថា បច្ចុប្បន្នក្រុមហ៊ុន ម៉ូឌែណា មានវ៉ាក់សាំងរាប់លានដូស ដែលអាចចែកចាយភ្លាមៗ បើសិនសំណើខាងលើទទួលបានការអនុញ្ញាតនោះ ។ ការកត់សម្គាល់បែបនេះរបស់លោក បង់សែល ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដើម្បីពិភាក្សាស្តីពីសំណើរបស់ ម៉ូឌែណា ចំពោះការអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ ៕