-
កូវីដ១៩៖ ពលរដ្ឋអាមេរិក២០លាននាក់គ្រោងចាក់វ៉ាក់សាំងជំហានដំបូង ក្នុងខែធ្នូនេះ

ក្រុមមន្ត្រីសុខាភិបាលកំពូលរបស់អាមេរិក កាលពីថ្ងៃទី១ ធ្នូម្សិលមិញ បានប្រកាសពីផែនការចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជំហានដំបូង ទៅលើប្រជាពលរដ្ឋអាមេរិក នៅដើមខែធ្នូ ឬ ពាក់កណ្តាលខែធ្នូ ២០២០នេះ ខណៈដែលចំនួនមនុស្សស្លាប់ទូទាំងប្រទេស ជាប្រចាំថ្ងៃ បានឡើងដល់កម្រិតកំពូល ពុំធ្លាប់មាន ក្នុងពេល៦ខែមកនេះ។ អនុប្រធានកម្មវិធី Operation Warp Speed programរបស់សប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Moncef Slaoui បានអះអាងថា មនុស្សប្រមាណ២០លាននាក់អាចនឹងត្រូវផ្តល់ចាក់វ៉ាក់សាំង ត្រឹមចុងឆ្នាំ២០២០នេះ ហើយពលរដ្ឋអាមេរិកភាគច្រើននឹងទទួលវ៉ាក់សាំងដ៏មានប្រសិទ្ធិភាពខ្ពសបំផុត ត្រឹមពាក់កណ្តាលឆ្នាំ២០២១។ ការលើកឡើងរបស់លោក Moncef Slaoui បានធ្វើឡើង ចំថ្ងៃដែលអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន២២៩៥នាក់ទៀត ទូទាំងប្រទេស៕ ប្រភពពី CNA
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកអះអាងថា គ្មានភស្ដុតាងណាមួយបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោត ឬកែប្រែដល់លទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីទេ

អាមេរិក៖ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា ក្រសួងយុត្តិធម៌អាមេរិករកមិនឃើញភស្ដុតាងណាមួយបញ្ជាក់ថា មានការលួចបន្លំសន្លឹកឆ្នោតឡើយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកលោក Bill Barr បានសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ យើងមិនបានរកឃើញភស្ដុតាងណាមួយ ដែលអាចបញ្ជាក់បានថា ការបោះឆ្នោតត្រូវបានលួចបន្លំ ឬក៏ធ្វើអោយកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ ។ ការអះអាងបែបនេះរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា ការបោះឆ្នោតមានលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋសំខាន់ៗដូចជា Georgia, Michigan និងរដ្ឋ Pennsylvania ដើម្បីរារាំងកុំឱ្យមានការទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ៕
-
ក្រុមហ៊ុន Amazon នឹងដាក់អោយប្រើប្រាស់មុខងារស្គាល់សំឡេងអតិថិជន សម្រាប់ប្រើនៅក្នុងសេវាកម្ម Call-Center

អាមេរិក៖ ក្រុមហ៊ុន Amazon នៅថ្ងៃអង្គារនេះប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់មុខងារការស្គាល់សំឡេង “Voice Recognition” សម្រាប់សេវាកម្ម Call-Center ស្របពេលក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំមួយនេះ រកប្រាក់ចំណេញបានយ៉ាងច្រើនពីសេវាកម្ម Cloud អំឡុងវិបត្តិ Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon លោក Andy Jassy បញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តបង្កើតសេវាកម្មការស្គាល់សំឡេងនេះឡើង គឺដើម្បីឱ្យបុគ្គលិកបម្រើការងារជា Call-Center មានភាពងាយស្រួល មិនចាំបាច់ចំណាយពេលច្រើន ក្នុងការសួរនាំពីព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ហើយចំណែកអតិថិជនផ្ទាល់ គឺគ្រាន់តែប្រាប់ពីគោលបំណងដែលខលមកជាការស្រេច ។ បើតាមអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon រូបនេះ សេវាកម្ម Amazon Connect Voice ID នឹងប្រើប្រាស់មុខងារ Voice Recognition ដើម្បីឱ្យបុគ្គលិកដែលបម្រើការងារផ្នែក Call-Center ដឹងថា អតិថិជនមួយណាកំពុងខលមក ដោយមិនចាំបាច់សួរនាំនូវសំណួរច្រើន ៕
-
មនុស្សស្លាប់កើនដល់០៥នាក់ ក្នុងនោះមានទារកម្នាក់ ក្នុងហេតុការណ៍ឡានបើកបុកហ្វូងមនុស្សនៅអាល្លឺម៉ង់

អាល្លឺម៉ង់៖ មនុស្ស០៥នាក់បានបាត់បង់ជីវិត ក្នុងនោះក៏មានទារកម្នាក់ផងដែរ ខណៈមនុស្ស១៥នាក់ទៀតរងរបួសធ្ងន់-ស្រាល នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកទៅលើអ្នកថ្មើរជើងនៅទីក្រុង Trier ស្ថិតភាគនិរតីប្រទេសអាល្លឺម៉ង់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ ព្រះរាជអាជ្ញាអាល្លឺម៉ង់លោក Peter Fritzen បានបញ្ជាក់ក្នុងសន្និសិទសារព័ត៌មានមួយថា ជនសង្ស័យទំនងជាស្រវឹងស្រា ហើយអាជ្ញាធរមិនបានធ្វើការសន្មត់ថា មានក្រុមសកម្មប្រយុទ្ធឥស្លាមនិយម នៅពីក្រោយហេតុការណ៍នេះនោះទេ ។ ដោយឡែកសាក្សីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានរថយន្ត Ranger Rover មួយគ្រឿងពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលអោយពួកគេប៉ើងពាសពេញផ្លូវ ។ តាមរយៈសារបង្ហោះនៅលើ Twitter មន្ត្រីប៉ូលីសបាននិយាយថា អាជ្ញាធរប៉ូលីសបានទៅដល់កន្លែងកើតហេតុជាមួយនឹងសេវាកម្មបន្ទាន់ ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីទីតាំងកើតហេតុនោះ ។ អ្នកនាំពាក្យប៉ូលិសបាននិយាយថា រថយន្តត្រូវបានបញ្ឈប់ ហើយអ្នកបើកបរក៏ត្រូវបានឃាត់ខ្លួនផងដែរ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤៨ម៉ឺននាក់ និងជាសះស្បើយជាង៤៤លាន៤៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៤លាន១៨ម៉ឺន៨ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៨ម៉ឺន៦ពាន់៦០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤លាន៤៣ម៉ឺន៧ពាន់៩៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន១០ម៉ឺន៨ពាន់៤៩០នាក់ ស្លាប់ចំនួន២៧ម៉ឺន៦ពាន់៩៧៦នាក់ និងជាសះស្បើយចំនួន៨លាន៣៣ម៉ឺន៣ពាន់១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៤៩ម៉ឺន៩ពាន់៧១០នាក់ ស្លាប់ចំនួន១៣ម៉ឺន៨ពាន់១៥៩នាក់ និងជាសះស្បើយ៨លាន៩៣ម៉ឺន១ពាន់៧៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៣៨ម៉ឺន៨ពាន់៥២៦នាក់ ស្លាប់១៧ម៉ឺន៣ពាន់៨៦២នាក់ និងជាសះស្បើយ៥លាន៦៥ម៉ឺន៦ពាន់៤៩៨នាក់ ៕
-
ទីបំផុតយាន ឆាងអឺទី៥ របស់ចិនទទួលជោគជ័យ ក្នុងការព្យាយាមចុះចតនៅលើភពព្រះច័ន្ទ ដើម្បីប្រមូលគំរូតាងយកមកកាន់ផែនដីវិញ

ចិន៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា យាន ឆាងអឺទី៥ (Chang’e-5) បានចុះចតដោយជោគជ័យនៅផ្នែកម្ខាងនៃព្រះច័ន្ទ នៅថ្ងៃអង្គារនេះ ហើយថែមទាំងបញ្ជូនរូបភាពមកកាន់ផែនវិញផងដែរ នេះបើតាមប្រកាសរបស់រដ្ឋបាលអវកាសជាតិចិន CNSA ។ បេសកកម្ម ឆាងអឺទី៥ សំដៅចុះចតនៅតំបន់ភ្នំ រឹមខឺ ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទ ដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម នៅលើផ្នែកដែរបែរមុខ មករកផែនដីយើងជានិច្ចនោះ ។ បេសកកម្មនេះ គឺជាបេសកកម្មស្រាវជ្រាវនៅលើឋានព្រះច័ន្ទដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន ។ សូមរំលឹកផងដែរថា ការបាញ់បង្ហោះត្រូវបានពន្យាពេលជាច្រើនដង ខណៈការពន្យារពេលចុងក្រោយបង្អស់គឺនៅចុងឆ្នាំ២០១៩ និង ត្រូវបានអូសបន្លាយរហូតមកដល់ពេលនេះ ។ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យាន Chang’e-5 នឹងប្រមូលគំរូតាង (កម្ទេចដី ឬថ្ម) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ ៕
-
ឥណ្ឌូនេស៊ី៖ អភិបាលរដ្ឋធានីហ្សាកាតាឆ្លងកូវីដ១៩ បន្ទាប់ពីរដ្ឋមន្ត្រី២រូបឆ្លង

អភិបាលរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី Anies Baswedan បានឆ្លងជំងឺកូវីដ១៩ នេះបើតាមការការប្រកាសឲ្យដឹងផ្ទាល់ពីរូបលោក នាថ្ងៃទី១ ធ្នូ ២០២០នេះ ហើយបុរសវ័យ៥១ឆ្នាំរូបនេះស្ថិតក្នុងចំណោមអ្នកនយោបាយនិងមន្ត្រីជាច្រើនក្នុងប្រទេស ដែលបានឆ្លងជំងឹកូវីដ១៩នេះ ក្នុងនោះ សូម្បីតែរដ្ឋមន្ត្រីដឹកជញ្ជូន និងរដ្ឋមន្ត្រីសាសនាក៏បានឆ្លងដែរ។ លោកអភិបាល Anies Baswedan បានប្រកាសតាមតេឡេក្រាម ដោយបញ្ជាក់ពីវិជ្ជមាន ក្នុងកំពុងសម្រាកព្យាបាល ហើយបន្តទៀតថា «ខ្ញុំចង់រំលឹកដល់អ្នកគ្រប់គ្នាថា ជំងឺកូវីដ១៩នៅតែស្ថិតជុំវិញយើង ហើយមករកយើងទាំងអស់គ្នា។» អភិបាលរងក្រុងហ្សាកាតាលោក Ahmad Riza Patria ក៏បានឆ្លងដែរ កាលពីថ្ងៃអាទិត្យ ។ ឥណ្ឌូនេស៊ី ប្រទេសដែលមានប្រជាជនសរុប២៧០លាននាក់មួយនេះ មាករណីឆ្លងថ្មីដ៏ខ្ពស់ ក្នុងសប្តាហ៍មុន ហើយមកទល់នេះ មានជាង៥៣ម៉ឺនករណី ស្លាប់មនុស្សជិត១៧០០០នាក់៕
-
អធិការបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចប្រឈមនឹងរលកទី៣នៃជំងឺ Covid-19

អាល្លឺម៉ង់៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូនេះថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល អះអាងថា ប្រទេសរបស់លោកអាចនឹងប្រឈមនូវរលកទី៣នៃការចម្លងជំងឺ Covid-19 ប្រសិនបើពលរដ្ឋមិនបានយកចិត្តទុកដាក់នៅក្នុងសប្តាហ៍ខាងមុខនេះ ។ លោកស្រី មឺហ្គែល បាននិយាយនៅក្នុងការពិភាក្សាជាមួយមន្រ្តីប៉ូលិសនៅថ្ងៃចន្ទនេះថា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវរងារ… បើមិនដូច្នោះទេ យើងនឹងទទួលយកដោយផ្ទាល់នៅក្នុងរលកបន្ទាប់ ។ លោកស្រីបាននិយាយប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងតំបន់មួយចំនួន ដែលអនុញ្ញាតអោយសណ្ឋាគារបើកទ្វារសម្រាប់ក្រុមគ្រួសារ ក្នុពិធីបុណ្យណូអែល ដោយព្រមានថា វាមានហានីភ័យកាន់តែអាក្រក់ទៅៗ ចំពោះការកើនឡើងនៃជំងឺ Covid-19 ។ លោកស្រី មឺហ្គែល និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានព្រមព្រៀងកាលពីសប្តាហ៍មុនថា ការបន្ធូរបន្ថយផ្នែកខ្លះនឹងត្រូវបានអនុញ្ញាតអោយក្រុមគ្រួសារប្រារព្ធពិធីបុណ្យណូអែលតូចៗ ។ ប៉ុន្តែនៅក្នុងសន្និសិទវីដេអូនៃថ្នាក់ដឹកនាំកំពូលរបស់គណបក្សអភិរក្សានិយមរបស់លោកស្រី កាលពីថ្ងៃចន្ទម្សិលមិញ លោកស្រី មឺហ្គែល បាននិយាយថា លោកស្រីមិនយល់ពីផែនការរបស់រដ្ឋមួយចំនួននៅភាគខាងជើង និងខាងលិច ដែលការរាតត្បាតមិនសូវធ្ងន់ធ្ងរ ហើយអនុញ្ញាតអោយសណ្ឋាគារបើកទ្វារសម្រាប់គ្រួសារជួបជុំគ្នា ៕
-
រដ្ឋមន្រ្តីសុខាភិបាលអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Covid-19 ចំនួន០២ប្រភេទ នឹងដាក់អោយប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនៅរយៈពេលប៉ុន្មានសប្តាហ៍ទៀត

អាមេរិក៖ រដ្ឋមន្រ្តីសុខាភិបាលអាមេរិកលោក អាឡិច អាហ្សា បានបញ្ជាក់នៅថ្ងៃចន្ទនេះថា វ៉ាក់សាំងចំនួន០២ប្រភេទដំបូងប្រឆាំងនឹងជំងឺ Covid-19 អាចនឹងមានសម្រាប់ប្រជាជនអាមេរិកមុនថ្ងៃបុណ្យណូអែល ក្រោយ ម៉ូឌែណា ក្លាយទៅជាក្រុមហ៊ុនផលិតឱសថទីពីរ ដែលនឹងទទួលបានការអនុញ្ញាតជាបន្ទាប់ពីរដ្ឋាភិបាលអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២០ ។ ទីប្រឹក្សាខាងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក នឹងជួបគ្នានៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ ដើម្បីពិចារណាលើការអនុញ្ញាតអោយប្រើប្រាស់វ៉ា់ក់សាំងរបស់ក្រុមហ៊ុន ភីហ្វីហ្ស៊ឺ ។ លោក អាហ្សា និយាយថា វ៉ាក់សាំងនោះ អាចត្រូវបានអនុម័ត និងដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយមានពេលមួយសប្តាហ៍នៅពីក្រោយវ៉ាក់សាំង ម៉ូឌែណា ។ លោកសង្ឃឹមថា វិទ្យាសាស្រ្ត និងភស្តុតាងនឹងមានភាពច្បាស់លាស់គ្រប់គ្រាន់ ដែលអភិបាលរដ្ឋរបស់យើង នឹងអនុវត្តតាមអនុសាសន៍ដែលយើងនឹងធ្វើចំពោះពួកគេ ។ លោកបន្ថែមទៀតថា រូបលោក និងអនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ភែន នឹងពិភាក្សាទៅកាន់អភិបាលរដ្ឋទាំងអស់នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ដើម្បីជជែកអំពីវ៉ាក់សាំងទាំងនេះ ថាតើក្រុមមនុស្សណាមួយដែលគួរត្រូវបានផ្តល់អាទិភាព ដើម្បីទទួលវ៉ាក់សាំងជាមុន ៕
-
នាយករដ្ឋមន្រ្តីអេត្យូពីអបអរសាទរចំពោះកងទ័ពរបស់ខ្លួន ដែលបានបណ្តេញចលនាភាគខាងជើង

អេត្យូពី៖ នាយករដ្ឋមន្រ្តីអេត្យូពីលោក អាប៊ី អាម៉េដ នៅថ្ងៃចន្ទនេះ បានសាទរចំពោះកងទ័ពរបស់លោក ដែលបានបណ្តេញចលនាភាគខាងជើង ប៉ុន្តែមេដឹកនាំកងកម្លាំង Tigrayan បាននិយាយថា ពួកគេនៅតែប្រឆាំង ចំពេលមានការភ័យខ្លាចចំពោះជម្លោះទ័ពព្រៃ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។ សង្គ្រាមជិតមួយខែ បានផ្តាច់ជីវិតមនុស្សរាប់រយនាក់ និងជនភៀសខ្លួនរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសស៊ូដង់ ។ បើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក ស្ទេហ្វេន ឌូហ្សារីក បានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បាននិយាយជាមួយនាយករដ្ឋមន្រ្តីអេត្យូពី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយអំពាវនាវអោយមានការគោរពសិទ្ធិមនុស្ស និងអាចអោយជំនួយមនុស្សធម៌ចេញ-ចូលបាន ។ លោក ឌូហ្សារីក បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា លោកអគ្គលេខាធិ ការអង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា ប្រទេសអេត្យូពីត្រូវការការផ្សះផ្សារជាតិពិតប្រាកដមួយ ដោយគ្មានការរើសអើង… ដែលសហគមន៍ទាំងអស់គួរតែមានការគោរព និងជាផ្នែកនៃប្រទេសអេត្យូពី ៕