-
លោក ដូណាល់ ត្រាំ ដកអ្នកការទូតមួយចំនួនចេញពីអ៊ីរ៉ាក់ ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិងកំពុងដកអ្នកការទូតអាមេរិកពាក់កណ្តាលចេញពីស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ បន្តកើនឡើងនៅមុនខួប១ឆ្នាំនៃការសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ កាហ្សេម សូឡៃម៉ានី នេះបើតាមសារព័ត៌មាន Politico នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ របាយការណ៍ស្តីពីការដកបុគ្គលិកទូតនេះ បានកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ពិចារណាបិទស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ក្រោយបណ្តាទីភ្នាក់ងារចារកម្មកាន់តែសម្តែងការព្រួយបារម្ភ អំពីការវាយប្រហារលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់ និងលើស្ថានទូតរបស់ខ្លួននៅទីនោះ ។ ទោះជាយ៉ាងណា ការកាត់បន្ថយបុគ្គលិកទូតត្រូវគេគិតថា ជាវិធានការបណ្តោះអាសន្ន តែដោយសារអាមេរិក និងអ៊ីរ៉ង់ទើបជួបបញ្ហាថ្មី ដោយសារតែការធ្វើឃាតអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៊ីរ៉ង់ ដូច្នេះការវិលត្រឡប់របស់អ្នកការទូតទាំងនេះមកកាន់ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដវិញ ស្ថិតក្នុងភាពមិនប្រាកដប្រជា ៕
-
អតីតប្រធានាធិបតីបារាំងបានស្លាប់ ក្រោយឆ្លងកូវីដ១៩

លោក Valery Giscard d’Estaing អតីតប្រធានាធិបតីបារាំងបានទទួលមរណភាពហើយ កាលពីយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងវ័យ៩៤ឆ្នាំ ក្រោយគេដឹងថាលោកបានឆ្លងជំងឺ COVID-19។ លោក Giscard ដែលបានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែបញ្ហាបេះដូង និងផលវិបាកនៃ COVID-19 បានទទួលមរណភាពនៅផ្ទះរបស់លោក នៅ Loire ប្រទេសបារាំង។ លោក Giscard បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីបុណ្យសពរបស់ អតីតប្រធានាធិបតីបារាំងម្នាក់ទៀត។ លោក Valery Giscard d’Estaing បានក្លាយជាប្រធានាធិបតីក្មេងជាងគេបំផុត នៅប្រទេសបារាំង ដែលចូលកាន់តំណែងនៅអាយុ ៤៨ឆ្នាំ កាលពីឆ្នាំ១៩៧៤ តំណែងអស់រយៈពេល ០៧ឆ្នាំ៕
-
លោក ប្រាយុទ្ធ ចាន់អូចា បន្តស្ថិតនៅក្នុងមុខតំណែងជានាយករដ្ឋមន្ត្រីថៃដដែល បន្ទាប់ពីតុលាការជាន់ខ្ពស់បំផុតសម្រេចឲ្យរួចផុតពីការចោទប្រកាន់

ថៃ៖ តុលាការខ្ពស់បំផុតរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានសំរេចអោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា រួចផុតពីការចោទប្រកាន់រំលោភក្រមសីលធម៌ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតអោយលោកអាចបន្តនៅក្នុងមុខតំណែងដដែល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ ការសម្រេចក្តីខាងលើនេះ បានកើតមានឡើងចំពេលលោក ប្រាយុទ្ធ ប្រឈមនឹងការតវ៉ាប្រឆាំងរាប់ខែមកហើយ ពីសំណាក់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមនិស្សិត ដែលទាមទារអោយលោកចុះចេញពីតំណែងផងដែរ ដោយសារតែពួកគេយល់ឃើញថា លោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស៊ីវិល តាមរយៈការបោះឆ្នោតដែលមានការរៀបចំទុកមុនមួយ ។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ថៃបានសំរេចលើបណ្តឹងប្តឹងដោយគណបក្សប្រឆាំងភឿថៃ ដែលថា លោក ប្រាយុទ្ធ បានរំលោភច្បាប់ដោយសារតែបន្តនៅក្នុងផ្ទះយោធាមួយក្នុងបន្ទាយទាហាន ទោះជាលោកបានលាឈប់ពីមេបញ្ជាការកងទ័ពកាលពីខែកញ្ញា ឆ្នាំ២០១៤ហើយក្តី ។ បណ្តឹងចោទប្រកាន់ថា លោកបានរំលោភមាត្រាច្បាប់មួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលហាមនាយករដ្ឋមន្ត្រីទទួលបានផលប្រយោជន៍ពិសេសពីបណ្តាទីភ្នាក់ងាររដ្ឋ ឬ ក្រុមហ៊ុនសហគ្រាសដែលជាទំនាស់ផលប្រយោជន៍ ។ បើសិនជារដ្ឋមន្ត្រីណាម្នាក់ត្រូវបានរកឃើញកំហុស ដូច្នេះមន្ត្រីនោះនឹងត្រូវដកសិទ្ធិ និងបង្ខំអោយចាកចេញពីមុខតំណែង ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦៥លាននាក់ ក្នុងនោះស្លាប់ជិត១លាន៥០ម៉ឺននាក់ និងជាសះស្បើយជិត៤៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៤លាន៨២ម៉ឺន១ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៩ម៉ឺន៨ពាន់៣១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៤លាន៩២ម៉ឺន៤ពាន់៣៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៣១ម៉ឺន៣ពាន់៩០០នាក់ ស្លាប់ចំនួន២៧ម៉ឺន៩ពាន់៨៦៥នាក់ និងជាសះស្បើយចំនួន៨លាន៤៦ម៉ឺន២ពាន់៣៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៥៣ម៉ឺន៣ពាន់៤៧១នាក់ ស្លាប់ចំនួន១៣ម៉ឺន៨ពាន់៦៥៧នាក់ និងជាសះស្បើយ៨លាន៩៧ម៉ឺន១០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៤៣ម៉ឺន៦ពាន់៦៥០នាក់ ស្លាប់១៧ម៉ឺន៤ពាន់៥៣១នាក់ និងជាសះស្បើយ៥លាន៦៩ម៉ឺន៨ពាន់៣៥៣នាក់ ៕
-
ប្រជាជនជប៉ុននឹងចាក់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃ បន្ទាប់ពីសភាជប៉ុនបានអនុម័តពង្រាងច្បាប់មួយ

ជប៉ុន៖ សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា សភាជប៉ុននៅថ្ងៃពុធនេះ បានអនុម័តពង្រាងច្បាប់មួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃសំរាប់ប្រជាជនទូទៅ ហើយរដ្ឋាភិបាលកណ្តាលជាអ្នកចេញការចំណាយ ។ ការអនុម័តដោយសភាជាន់ខ្ពស់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីការអនុម័តយល់ព្រមដោយសភាជាន់ទាប ដែលនឹងធ្វើអោយពង្រាងច្បាប់នេះចូលជាធរមាន ហើយវាក៏នឹងអនុញ្ញាតអោយរដ្ឋាភិបាលតំបន់ដឹកនាំការចាក់វ៉ាក់សាំងផងដែរ ។ ចំណាត់ការនេះ ត្រូវបានធ្វើឡើងនៅពេលដែលជប៉ុនជួបការឆ្លងជំងឺកូវីដ១៩ក្នុងរលកថ្មីដ៏អាក្រក់បំផុតនៅតំបន់ខ្លះ ដែលនាំអោយមានការអំពាវនាវអោយបិទរង្គសាល និងភោជនីយដ្ឋានមុនម៉ោងកំណត់ ហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានផ្អាកកម្មវិធីធ្វើដំណើរមួយ ដែលមានបំណងទ្រោលសេដ្ឋកិច្ចឡើងវិញ ។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានប្តេជ្ញារកវ៉ាក់សាំងមកចាក់អោយប្រជាជនលោកគ្រប់គ្រាន់ ដែលយ៉ាងយូរនៅត្រឹមឆមាសទី១ ឆ្នាំ២០២១ តែគេមិនដឹងថាតើជនបរទេសនៅជប៉ុន នឹងស្ថិតក្នុងកម្មវិធីចាក់វ៉ាក់សាំងឥតគិតថ្លៃនេះដែរឬអត់ទេ ៕
-
ប្រធានាធិបតីរុស្ស៊ីបញ្ជាអោយចាក់វ៉ាក់សាំង Covid-19 ជាលក្ខណៈទ្រង់ទ្រាយធំ ជូនប្រជាជនរុស្ស៊ីនាសប្តាហ៍ក្រោយ

រុស្ស៊ី៖ សារព័ត៌មាន RT ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាចាប់ផ្តើមការចាក់វ៉ាក់សាំង COVID-19 ក្នុងចំណោមប្រជាជនរុស្ស៊ីជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ។ នៅក្នុងសន្និសីទវីដេអូមួយនៅថ្ងៃពុធនេះ លោក ពូទីន បានប្រាប់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោកស្រី Tatiana Golikova ដែលទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងនឹង Covid-19 របស់រុស្ស៊ីថា ខ្ញុំបានស្នើអោយរៀបចំដំណើរការចាក់សាំងជាលក្ខណៈទ្រង់ទ្រាយធំ ដោយត្រូវចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយ ។ ជាការឆ្លើយតប លោកស្រីសន្យាថា នឹងរាយការណ៍ជូនលោក ពូទីន វិញ នៅពេលរដ្ឋាភិបាលបំពេញកិច្ចការងារនេះចប់សព្វគ្រប់ ។ លោក ពូទីន បានគូសបញ្ជាក់ទៀតថា វ៉ាក់សាំង Sputnik V ប្រមាណ២លានដូស បានត្រៀមរួចរាល់ហើយ ឬនឹងត្រូវផលិតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិត និងគ្រូជនជាតិរុស្ស៊ី អាចទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូសភ្លាមៗបាន ៕
-
ការចាក់វ៉ាក់សាំង Covid-19 នៅអង់គ្លេសនាសប្តាហ៍ក្រោយ នឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព

អង់គ្លេស៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូនេះថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន អាចនឹងចាក់វ៉ាក់សាំង COVID-19 ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព ប៉ុន្តែលោកនឹងមិនទទួលការចាក់វ៉ាក់សាំង មុនអ្នកដែលងាយរងគ្រោះ ឬក៏អ្នកត្រូវការជាចាំបាច់បំផុតនោះទេ ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា លោក ចនសុន ចង់ចាក់វ៉ាក់សាំងដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព និងបញ្ចុះបញ្ចូលអោយប្រជាជនអង់គ្លេស យល់ព្រមចាក់វ៉ាក់សាំង នៅពេលមានវ៉ាក់សាំងតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានសាទរដល់ប្រទេសរបស់លោក ក្នុងការអនុម័តអោយប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដែលកំពុងជាក្ដីសង្ឃឹមមួយបិទបញ្ចប់ ការឆ្លងរាតត្បាតជំងឺ Covid-19 និងធ្វើអោយជីវិតនានាក្នុងពិភពលោកត្រឡប់ទៅរកសភាពធម្មតាឡើងវិញ ៕
-
លោក ដូណាល់ ត្រាំ នឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំសហគ្រាស និងមន្រ្តីរដ្ឋាភិបាលនាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាស្តីពីការពន្លឿនការចាក់វ៉ាក់សាំង Covid-19

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើការប្រមូលផ្តុំមេដឹកនាំមកពីសហគ្រាសតូច-ធំ និងមន្រ្តីរដ្ឋាភិបាលនាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរួមគ្នាមួយ ស្តីពីវ៉ាក់សាំងការពារវីរុសកូរ៉ូណា នេះបើតាមសេតវិមាន ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យសេតវិមានលោក ប្រាយអិន ម័រហ្គេនស្ទើន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីកំពុងរង់ចាំការប្រមូលផ្តុំនៃមេដឹកនាំមកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋាភិបាលថ្នាក់រដ្ឋ វិស័យឯកជន យោធា និងសហគមន៍វិទ្យាសាស្រ្ត សម្រាប់កិច្ចពិភាក្សាដ៏ទូលំទូលាយជាមួយប្រជាជនអាមេរិក ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ រៀបចំឡើងដើម្បីការផ្តល់ជូនជាប្រវត្តិសាស្រ្តនេះ ការបញ្ចេញវ៉ាក់សាំង ដើម្បីជួយសង្គ្រោះជីវិតប្រជាជននៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ FDA ។ គួរបញ្ជាក់ផងដែរថា ការជួបជុំគ្នាខាងលើនេះ គ្រោងនឹងធ្វើឡើងចំពេលដែលលោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA របស់លោក ដើម្បីពន្លឿនការអនុម័តវ៉ាក់សាំង ។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅពុំទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយនោះទេ ៕
-
ប្រមុខអង្គការ NATO អំពាវនាវអោយមានកិច្ចព្រមព្រៀងជាថ្មីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

ប៊ែលហ្ស៊ិក៖ អគ្គលេខាធិការអង្គការ NATO លោក ចេន ស្តូថែនប៊ឺក នៅថ្ងៃអង្គារនេះនិយាយថា អង្គការ NATO ចាត់ទុកថា វាពិតជាមានសារៈសំខាន់ក្នុងការអោយមានកិច្ចព្រមព្រៀងជាថ្មីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងការកំណត់ក្បាលគ្រាប់នុយក្លេអ៊ែររវាងប្រទេសទាំងពីរ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ លោក ចេន ស្តូថែនប៊ឺក បានកត់សម្គាល់បែបនេះនៅក្នុងសន្និសិទសារព័ត៌មានមួយ ដែលជាកិច្ចបញ្ចប់នៅថ្ងៃដំបូងនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមរដ្ឋមន្រ្តីជាសមាជិកនៃអង្គការ NATO ។ ជាមួយគ្នានេះ លោក ស្តូថែនប៊ឺក បានសង្កត់ធ្ងន់ថា អ្នកចូលរួមក្នុងកិច្ចប្រជុំនោះ បានសម្តែងការគាំទ្រចំពោះការបង្កើតរបបគ្រប់គ្រងអាវុធគ្រប់ជ្រុងជ្រោយ ។ សូមជម្រាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕
-
កូវី១៩៖ វៀតណាមឆ្លងក្នុងសហគមន៍ថ្មីៗថែមទៀត ក្រោយទើបផ្ទុះឡើងវិញ

វៀតណាមបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន២ករណីបន្ថែមទៀត ក្នុងតំបន់ពាណិជ្ជកម្មហូជីមីញ ខណៈដែលរដ្ឋាភិបាលបានជំរុញឲ្យប្រុងប្រយ័តខ្ពស់ ក្រោយផ្ទុះក្នុងសហគមន៍ជាថ្មី កាលពីពេលថ្មីៗនេះ។ វៀតណាមបានអះអាងកាលពីថ្ងៃទី៣០ វិច្ឆិកា ២០២០ អំពីការឆ្លងក្នុងសហគមន៍ជាថ្មីទៀតនៃជំងឺកូវីដ១៩ ជាករណីឆ្លងក្នុងស្រុកលើកដំបូង ក្នុងពេល៨៩ថ្ងៃមកនេះ ពោលគឺបន្ទាប់ពីករណីក្រុងដាណាង ដែលជាការផ្ទុះក្នុងសហគមន៍ដំបូង ដោយពេលនោះហើយ ទើបវៀតណាមចាប់ផ្តើមមានករណីស្លាប់បន្តបន្ទាប់។ ករណីឆ្លងក្នុងស្រុកនេះគឺកើតមានចំពោះបុរសវ័យ៣២ឆ្នាំម្នាក់ ដែលមានទំនាក់ទំនងជាមួយនារីធ្វើការលើយន្តហោះម្នាក់ ដែលផ្ទុកកូវីដ១៩ ក្រោយត្រលប់មកពីជប៉ុន ប្រមាណ២សប្តាហ៍មុន។ ករណីចុងក្រោយនេះ មុនពេលដឹងថាបានឆ្លង បានធ្វើការនៅមជ្ឈមណ្ឌលបង្រៀនភាសារមួយ ទៅហាងកាហ្វេ និងខារ៉ាអូខេ ហើយទីតាំងដែលអ្នកជំងឺបានទៅទាំងអស់ត្រូវបានគេបិទទ្វារអស់ហើយ។ អាជ្ញាធរសុខាភិបាលបានបង្គាប់ឲ្យមនុស្ស១៣៧នាក់ ដែលប៉ះផ្ទាក់ជាមួយបុរសរូបនោះ ស្នាក់នៅអគារធ្វើចត្តាឡីស័ក។ វៀតណាមក៏សម្រេចផ្អាកជើងហោះហើរពាណិជ្ជកម្មពីក្រៅប្រទេសដែរ ក្រោយផ្ទុះជាថ្មីនេះ៕