-
មន្រ្តីជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាលអាមេរិកអំពាវនាវអោយប្រជាជនទៅធ្វើតេស្តរក Covid-19 បន្ទាប់ពីការធ្វើដំណើរក្នុងថ្ងៃបុណ្យ Thanksgiving

អាមេរិក៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា មន្រ្តីកំពូលផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានធ្វើការអំពាវនាវអោយប្រជាជនអាមេរិក ដែលបានធ្វើដំណើរក្នុងថ្ងៃបុណ្យរំលឹកគុណ ឬ “Thanksgiving” ទៅធ្វើតេស្តរកមេរោគ Covid-19 ដើម្បីទប់ស្កាត់ករណីឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ ។ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់ថូនី ហ្វូស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន ABC ថា បញ្ហាទំនងជាកើតឡើង នៅពេលដែលអ្នកត្រឡប់ទៅកាន់កន្លែងដែលអ្នកបានមក… បើសិនដូច្នេះ អ្នកគួរតែធ្វើចត្តាឡីស័កដោយខ្លួនឯងក្នុងអំឡុងពេលនេះ ឬក៏ទៅធ្វើតេស្តរកមេរោគ ដើម្បីអោយប្រាកដថា អ្នកមិនបាននាំជំងឺឆ្លងត្រឡប់ទៅកាន់ទីកន្លែងផ្សេងទេ ក្នុងនោះមានផ្ទះ និងគ្រួសារផ្សេងទៀត ។ ការអំពាវនាវខាងលើនេះរបស់លោក អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកទើបរកឃើញករណីឆ្លងជម្ងឺ COVID-19 រហូតដល់ទៅជាង ១៣ម៉ឺន៨ពាន់១៨៨ករណីថ្មីៗក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ៨១៩នាក់ទៀតបានស្លាប់ ដែលនេះនៅតែជាអត្រាឆ្លង និងស្លាប់ខ្ពស់បំផុតដដែល ៕
-
កាណាដាពន្យារពេលរឹតត្បិតលើការធ្វើដំណើរអន្តរជាតិចូលមកកាន់ប្រទេសខ្លួនរហូតដល់ខែមករា ឆ្នាំក្រោយ ដើម្បីទប់ស្កាត់ Covid-19

កាណាដា៖ រដ្ឋាភិបាលកាណាដា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានប្រកាសអូសបន្លាយពេលការរឹតត្បិតការធ្វើដំណើរអន្តរជាតិបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ Covid-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្រ្តីសុវត្ថិភាពសាធារណៈ និងការត្រៀមបង្ការគ្រាអាសន្នរបស់កាណាដា លោក ប៊ៀល ប៊្លែរ បានប្រកាសថា ការរឹតបន្តឹងលើការធ្វើដំណើរលើប្រជាជនអាមេរិកចូលមកកាន់កាណាដា នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី២១ ខែធ្នូខាងមុខនេះ ហើយការរឹត ត្បិតលើរាល់អ្នកដំណើរដែលមកដល់ ពីបណ្តាប្រទេសផ្សេងៗទៀតនឹងត្រូវអូសបន្លាយពេលរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសកាណាដាមានអ្នកឆ្លង Covid-19 សរុបកើនដល់៣៧ម៉ឺន២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺស្លាប់សរុប១ម៉ឺន២ពាន់៣២នាក់ និងជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៤ពាន់៤១១នាក់ ៕
-
មីយ៉ាន់ម៉ារកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១.៥០៩ករណី និង៣១នាក់ស្លាប់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យសប្តាហ៍មុននេះ

មីយ៉ាន់ម៉ា៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ Covid-19 ចំនួន១.៥០៩ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល និងកីឡារបស់មីយ៉ាន់ម៉ា ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ តួលេខឆ្លងថ្មីៗខាងលើនេះ បាននាំអោយចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់៨ម៉ឺន៩ពាន់៤៨៦ករណី ។ ហើយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យនេះដែរ ក៏មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ដោយសារ Covid-19 ថ្មីចំនួន៣១នាក់ផងដែរ ប្រការនេះនាំអោយចំនួនអ្នកស្លាប់សរុបកើនដល់១ពាន់៩១៨នាក់ ។ ដោយឡែកបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងកីឡារបស់មីយ៉ាន់ម៉ា អ្នកជម្ងឺ Covid-19 ដែលជាសះស្បើយឡើងវិញ និង អនុញ្ញាតអោយចេញពីមន្ទីរពេទ្យមានចំនួន៦ម៉ឺន៨ពាន់៩១០នាក់ ។ មីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងជម្ងឺ Covid-19 ចំនួន០២ករណីជាលើកដំបូងក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ ៕
-
ថៃ៖ ស្ត្រីម្នាក់ទើបដឹងផ្ទុកកូវីដ១៩ ក្រោយចូលខារ៉ាអូខ ផ្សារទំនើប មនុស្ស៣២៦នាក់ជួបប្រាស្រ័យ

ថ្មីៗនេះ អាជ្ញាធរថៃបានអះអាងថា មានមនុស្ស៣២៦នាក់មានការប្រាស្រ័យទាក់ទងជាមួយស្ត្រីជនជាតិថៃម្នាក់ នៅឈឿងម៉ៃ ដែលទើបរកឃើញថាផ្ទុកជំងឺកូវីដ១៩ ហើយស្ត្រីរូបនោះបានទៅហាងខារ៉ាអូខេ ផ្សារទំនើប និងរោងភាពយន្ត ហើយបានប្រើប្រាស់សេវាកម្មដឹកជញ្ជូនទាំងឯកជនទាំងសាធារណៈទៀតផង។ បើតាមប្រភពពីផ្សារទំនើប អ្នកប្រាស្រ័យទាក់ទងទាំងនោះបានជួបស្ត្រីរូបនេះ ខណៈដែលគាត់មានវត្តមានក្នុងផ្សារទំនើប ហើយត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ស្ត្រីវ័យ២៩ឆ្នាំរូបនេះទើបត្រលប់មកពីប្រទេសមីយ៉ាន់ម៉ា ហើយទើបរកឃើញថាមានផ្ទុកកូវីដ១៩ កាលពីថ្ងៃទី២៧ វិច្ឆិកា ហើយអាជ្ញាធរប្រកាសនៅថ្ងៃទី២៨ តែគាត់មកដល់ប្រទេសថៃ កាលពីថ្ងៃទី២៤ តាមរថយន្ត។ អាជ្ញាធរជឿជាក់ថា ស្ត្រីរូបនេះបានឆ្លងកូវីដ១៩ ខណៈមានវត្តមាននៅប្រទេសមីយ៉ាន់ម៉ា។ ប្រភពបន្តថា ក្នុងចំណោមមនុស្សទាំង៣២៦នាក់ មាន១៤៩នាក់មានហានិភ័យខ្ពស់ ខណៈដែល១៤៩នាក់មានហានិភ័យតិច ប៉ុន្តែមានមនុស្ស៧២នាក់ ប៉ះផ្ទាល់ជាមួយស្ត្រីរូបនេះ។ មានសំណួរជាច្រើនបានសាកសួរហេតុអ្វីបានជាស្ត្រីរូបនេះចូលប្រទេស តែមិនធ្វើចត្តាឡីស័ក ប៉ុន្តែអាជ្ញាធរសុខាភិបាលថៃសង្ស័យថា ស្ត្រីរូបនេះប្រហែលចូលប្រទេសវិញ ដោយខុសច្បាប់៕ ប្រភពពីបាងកកប៉ុស្តិ៍
-
លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីថា នឹងមិនផ្លាស់ប្ដូរគោលជំហរដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំឡើយ

អាមេរិក៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ជាលើកដំបូងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ចាប់តាំងពីលោកទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីថា លោកនឹងមិនសារភាពព្រមចុះចាញ់លោក ចូ បៃដិន ឡើយ ហើយក៏នឹងមិនផ្លាស់ប្ដូរគោលជំហរដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំនោះដែរ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះបានសង្កត់ធ្ងន់ថា វាប្រហែលជាអ្នកមិនអាចកែប្រែចិត្តគំនិតខ្ញុំបានឡើយ… ចិត្តគំនិតរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរក្នុងរយៈពេល០៦ខែខាងមុខនេះនោះទេ… ការបោះឆ្នោតនេះគឺពោរពេញដោយការលួចបន្លំ… យើងទេគឺជាអ្នកទទួលបានជ័យជម្នះយ៉ាងងាយស្រួល ។ សូមរំលឹកផងដែរថា លោក ដូណាល់ ត្រាំ ក៏បានអះអាងដូចគ្នានេះដែរកាលពីសប្ដាហ៍មុនថា លោកនឹងដើរចេញពីសេតវិមាន ប្រសិនបើជ័យជម្នះលោក ចូ បៃដិន ត្រូវបានទទួលស្គាល់ដោយអង្គបោះឆ្នោត ប៉ុន្តែលោកមិនបាននិយាយថា ខ្លួននឹងសារភាពចុះចាញ់លោក បៃដិន នោះទេ ៕
-
នាយករដ្ឋមន្រ្តីឥណ្ឌាចុះទស្សនកិច្ចទីតាំងផលិតវ៉ាក់សាំង Covid-19 ចំពេលមានករណីឆ្លងកើនឡើងខ្លាំង

ឥណ្ឌា៖ សារព័ត៌មានរ៉យទ័រចុះផ្សាយថ្មីៗនេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក នរិន្ទ្រា ម៉ូឌី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងចំនួន០៣ ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងការផលិតវ៉ាក់សាំង ។ អំឡុងដំណើរស្សនកិច្ចនៅសួន Zydus Biotech នៅទីក្រុង Ahmedabad សួន Bharat Biotech នៅទីក្រុង Hyderabad និងវិទ្យាស្ថាន Serum នៅទីក្រុង Pune លោក ម៉ូឌី បានប្រាប់អ្នកវិទ្យាសាស្ត្រថា លោកបានជួបពួកគេទល់មុខគ្នា ដើម្បីលើកកម្ពស់សីលធម៌ និងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅដំណាក់កាលអភិវឌ្ឍន៍វ៉ាក់សាំង ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា ឥណ្ឌាចាត់ទុកវ៉ាក់សាំងមិនត្រឹមតែសំខាន់ចំពោះសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាសុខភាពសកលផងដែរ ហើយវាជាកាតព្វកិច្ចរបស់ឥណ្ឌាក្នុងការជួយប្រទេសដទៃទៀត រួមទាំងប្រជាជាតិនានានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ៕
-
ទីបំផុតកូរ៉េខាងត្បូងសម្រេចដាក់ចេញបំរាមហាមឃាត់មិនអោយមានពិធីជប់លៀងឆ្លងឆ្នាំ ដើម្បីទប់ស្កាត់ Covid-19

កូរ៉េខាងជើង៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសដាក់ចេញនូវបម្រាមហាមឃាត់មិនអោយមានការប្រគុំតន្ត្រីមួយចំនួន និងពិធីជប់លៀងឆ្លងឆ្នាំ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ បន្ថែមលើនេះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានអះអាងទៀតថា សូណាសាធារណៈ និងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរ ស្របពេលដែលករណីឆ្លង COVID-19 បានកើនឡើងវិញក្នុងអត្រាខ្ពស់បំផុត ។ បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង អាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីៗចំនួន៤៥០នាក់ទៀតនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃច្រើនជាង៥០០ករណីក្នុងរយៈពេល០៣ថ្ងៃជាប់គ្នាមកហើយ ។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun ក៏បានបញ្ជាក់ដែរថា វិធានការរឹតបន្តឹងនឹងត្រូវរឹតត្បិតលើការប្រមូលផ្តុំគ្នា និងសកម្មភាពទាំងឡាយដែលត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ ក្នុងការឆ្លង COVID-19 ជាពិសេសនៅក្នុងរដ្ឋធានីសេអ៊ូល និងនៅតំបន់ជុំវិញ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤៣លាន៥៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៣លាន៦ម៉ឺន៤ពាន់៨៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៦ម៉ឺន៥ពាន់២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៣លាន៥៤ម៉ឺន១ពាន់៦៣១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៣លាន៧៥ម៉ឺន៤០៤នាក់ ស្លាប់ចំនួន២៧ម៉ឺន៣ពាន់៧២នាក់ និងជាសះស្បើយចំនួន៨លាន១០ម៉ឺន៧ពាន់២០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៤៣ម៉ឺន២ពាន់៧៥នាក់ ស្លាប់ចំនួន១៣ម៉ឺន៧ពាន់១៧៧នាក់ និងជាសះស្បើយ៨លាន៨៤ម៉ឺន៦ពាន់៣១៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៣១ម៉ឺន៤ពាន់៧៤០នាក់ ស្លាប់១៧ម៉ឺន២ពាន់៨៤៨នាក់ និងជាសះស្បើយ៥លាន៥៧ម៉ឺន៨ពាន់១១៨នាក់ ៕
-
ប្រមុខអង្គការសហប្រជាជាតិជំរុញអោយរក្សាភាពអត់ធ្មត់ នៅក្រោយការស្លាប់របស់អ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃសុក្រនេះ បានអំពាវនាវអោយគ្រប់គ្នារក្សាភាពអត់ធ្មត់ បន្ទាប់ពីអ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែររអ៊ីរ៉ង់លោក ម៉ូហ៍សេន ហ្វាគ្រីហ្សាដេហ៍ ត្រូវបានគេធ្វើឃាត នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ ចុះផ្សាយដោយ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អ្នកនាំពាក្យរបស់លោក ហ្គូដទែរ៉េស បានលើកឡើងថា ថ្ងៃនេះយើងបានទទួលដំណឹងថា អ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែររអ៊ីរ៉ង់ត្រូវបានគេធ្វើឃាតស្ថិតនៅក្បែរទីក្រុងតេហេរ៉ង់… យើងសូមជម្រុញអោយគ្រប់គ្នារក្សាភាពអត់ធ្មត់ ហើយត្រូវជៀសវាងការធ្វើសកម្មភាពណាមួយ ដែលអាចនាំទៅរកការផ្ទុះភាពតានតឹងខ្លាំងឡើងនៅក្នុងតំបន់ ។ ការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួនខាងលើនេះ បានកើតមានឡើងក្រោយអ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែររអ៊ីរ៉ង់លោក ម៉ូហ៍សេន ហ្វាគ្រីហ្សាដេហ៍ បានបាត់បង់ជីវិតនៅថ្ងៃសុក្រនេះ នៅក្នុងការវាយប្រហារមួយនៅខាងក្រៅទីក្រុងតេហេរ៉ង់ ខណៈអ៊ីរ៉ង់បានចោទប្រកាន់រឿងនេះលើអ៊ីស្រាអែល និងព្រមានអំពីការសងសឹកធ្ងន់ធ្ងរ ៕
-
អ៊ីរ៉ង់ប្រាប់អង្គការសហប្រជាជាតិថា មានការចង្អុលបង្ហាញជាច្រើនលើអ៊ីស្រាអែល ជុំវិញករណីស្លាប់របស់អ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស និងក្រុមប្រឹក្សាសន្តិសុខយូអិននៅថ្ងៃសុក្រនេះ ដោយបញ្ជាក់ថា មានការចង្អុលបង្ហាញជាច្រើនទៅលើអ៊ីស្រាអែល ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែររអ៊ីរ៉ង់មួយរូប ហើយថា អ៊ីរ៉ង់នឹងរក្សាសិទ្ធិក្នុងការការពារខ្លួនឯងផ្ទាល់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ បានបញ្ជាក់ថា មានការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ ជុំវិញការធ្វើឃាតកម្មនេះថា អ៊ីស្រាអែលគឺជាអ្នកដែលនៅពីក្រោយខ្នង ហើយលោកក៏បានអំពាវនាវផងដែរអោយពិភពលោកបញ្ចប់ទង្វើបែបស្តង់ដាពីរដ៏គួរអោយអាម៉ាស់ និង ថ្កោលទោសរដ្ឋភេរវករ (អ៊ីស្រាអែល) ។ បើតាមក្រសួងការពារជាតិអ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរលោក ម៉ូហ៍សេន ហ្វាគ្រីហ្សាដេហ៍ បានទទួលរងរបួសជាទម្ងន់ នៅពេលដែលក្រុមអ្នកវាយប្រហារ ធ្វើការស្ទាក់រថយន្ត និងប្រយុទ្ធគ្នាជាមួយក្រុមសន្តិសុខការពាររូបលោក ហើយបន្ទាប់មកលោក ហ្វាគ្រីហ្សាដេហ៍ បានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ៕