-
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិកបញ្ជាក់ថា ទ្វីបអាហ្វ្រិកអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 នាពាក់កណ្តាលឆ្នាំ២០២១

អាហ្វ្រិក៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិកបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ទ្វីបអាហ្រ្វិកទំនងជានឹងត្រូវរង់ចាំរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ដើម្បីចាប់ផ្តើមការចាក់វ៉ាក់សាំង Covid-19 ក្នុងទ្រង់ទ្រាយធំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក WHO ក៏បានជំរុញអោយបណ្តាប្រទេសអាហ្វ្រិក បង្កើនសមត្ថភាពរបស់ពួកគេក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺ Covid-19 ដោយព្រមានថា ទ្វីបនេះនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការចាក់ថ្នាំបង្ការនោះទេ ។ ជាមួយនឹងវ៉ាក់សាំងការពារ Covid-19 ចំនួន០៣ ឥឡូវនេះបានបង្ហាញពីអត្រាប្រសិទ្ធិភាព៧០ភាគរយ ឬលើសនេះ ហើយអង្គការសុខភាពពិភពលោក WHO ក៏បានអំពាវនាវអោយទ្វីបអាហ្វ្រិកបង្កើនការត្រៀមលក្ខណៈ សម្រាប់ប្រព័ន្ធចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មានរបស់ទ្វីបមួយនេះ ៕
-
ហ្វីលីពីនចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covid-19 ចំនួន០២លានដូសពីក្រុមហ៊ុនផលិតឱសថ AstraZeneca

ហ្វីលីពីន៖ ហ្វីលីពីននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ AstraZeneca ចំនួន០២លានដូស នៅក្នុងថ្ងៃសុក្រនេះ ដែលវាជាការចុះកិច្ចព្រមព្រៀងលើកដំបូងរបស់ប្រទេសកំពុងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ពីវីរុសរាតត្បាត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានផ្នែកវ៉ាក់សាំង និងអនុវត្តគោលនយោបាយទប់ស្កាត់ជំងឺ Covid-19 លោក កាលីតូ ហ្កាល់វេស បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ រួមបញ្ចូលបណ្តាក្រុមហ៊ុនឯកជន ដែលនឹងជួយមូលនិធិរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំង ។ ការរៀបចំស្រដៀងគ្នា ក៏នឹងត្រូវធ្វើឡើងជាមួយបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃទៀតផងដែរ បើការទិញដូរមិនគិតពីផលចំណេញ និងពួកគេបញ្ចុះថ្លៃ ។ តាមពិតរដ្ឋាភិបាលហ្វីលីពីនមានគំរោងចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនដល់ទៅ៣០លាននាក់ក្នុងមួយឆ្នាំ ដើម្បីសំរេចគោលដៅចាក់វ៉ាក់សាំងបង្ការដល់ប្រជាពលរដ្ឋខ្លួន៧៥ភាគរយ ។ តែយ៉ាងណាមិញ ការផ្តល់វ៉ាក់សាំងនេះ ទំនងជានឹងមិនកើតមានឡើងមុនចុងត្រីមាសទី២ឆ្នាំក្រោយទេ ដោយសារតែតំរូវការ និងការចែកចាយវ៉ាក់សាំងលើពិភពលោកមានភាពមមាញឹកខ្លាំង ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤២លាន៣៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦១លាន៣០ម៉ឺន៥៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៣ម៉ឺន៧ពាន់៦២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤២លាន៣៩ម៉ឺន២ពាន់១៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៣លាន២៤ម៉ឺន៨ពាន់៦៧៦នាក់ ស្លាប់ចំនួន២៦ម៉ឺន៩ពាន់៥៥៥នាក់ និងជាសះស្បើយចំនួន៧លាន៨៤ម៉ឺន៦ពាន់៨៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៣០ម៉ឺន៩ពាន់៨៧១នាក់ ស្លាប់ចំនួន១៣ម៉ឺន៥ពាន់៧៥២នាក់ និងជាសះស្បើយ៨លាន៧១ម៉ឺន៧ពាន់៧០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន២០ម៉ឺន៤ពាន់៥៧០នាក់ ស្លាប់១៧ម៉ឺន១ពាន់៤៩៧នាក់ និងជាសះស្បើយ៥លាន៥២ម៉ឺន៨ពាន់៥៩៩នាក់ ៕
-
ប្រធានាធិបតីប្រេស៊ីលធ្លាប់កើតកូវីដ១៩ ប្រកាសជាថ្មីថា មិនត្រូវការវ៉ាកសាំង ខណៈប្រេស៊ីលឆ្លងច្រើនជាងគេលំដាប់ទី២

ប្រធានាធិបតីនៃប្រទេសប្រេស៊ីល Jair Bolsonaro បានប្រកាសជាសាធារណៈ កាលពីម្សិលមិញថា លោកនឹងមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ទេ ជាការអះអាងជាថ្មីម្តងទៀត ដោយលោកបង្ហាញពីការសង្ស័យលើកម្មវិធីវ៉ាក់សាំង។ មេដឹកនាំស្តាំនិយមរូបនេះបន្ថែមទៀតថា សភាប្រេស៊ីលទំនងជាមិនតម្រូវឲ្យពលរដ្ឋប្រេស៊ីល ទទួលយកវ៉ាក់សាំងទេ ខណៈគេដឹងថា ប្រេស៊ីលគឺជាប្រទេសលំដាប់ទី២ មានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ។ អំឡុងការថ្លែងផ្សាយផ្ទាល់ កាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកា ២០២០ លោក Jair Bolsonaro បាននិយាយថា «ខ្ញុំប្រាប់អ្នកថា ខ្ញុំនឹងមិនទទួលយកវាទេ វាជាសិទ្ធិរបស់ខ្ញុំ» ។ ប្រធានាធិបតីប្រេស៊ីលធ្លាប់ឆ្លងកូវីដ១៩ កាលពីខែកក្កដារូបនេះ បាននិយាយម្តងហើយម្តងទៀតថា ពលរដ្ឋប្រេស៊ីលនឹងមិនចាំបាច់មានវ៉ាក់សាំងទេ បើទោះបីជាវ៉ាក់សាំងត្រូវចែកចាយពេញពិភពលោកក៏ដោយ។ កាលពីខែតុលា លោកធ្លាប់ក៏ធ្លាប់និយាយលេងសើចលើបណ្តាញសង្គមធ្វីតធឺទៀតថា វ៉ាក់សាំង នឹងត្រូវការសម្រាប់សត្វឆ្កែប៉ុណ្ណោះ៕
-
ឥណ្ឌាត្រៀមរៀបចំសម្ភារៈក្លាសេសម្រាប់ការរក្សាទុក និងចែកចាយវ៉ាក់សាំង Covid-19 ដោយសុវត្ថិភាព

ឥណ្ឌា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌាកំពុងត្រៀមរៀបចំសម្ភារៈក្លាសេ (ទូរទឹកកក) សម្រាប់ការរក្សាទុក និងចែកចាយវ៉ាក់សាំងដោយសុវត្ថិភាព ។ ប្រភពបានអោយដឹងថា វ៉ាក់សាំង COVID-19 តម្រូវអោយរក្សាទុក និងដឹកជញ្ជូនក្នុងបរិស្ថានត្រជាក់ខ្លាំងបំផុតជាប់ជានិច្ច ព្រោះថា ពួកវានឹងបាត់បង់ប្រសិទ្ធភាព នៅពេលស្ថិតក្រោមសីតុណ្ហភាពខ្ពស់ ឬត្រជាក់មិនដល់កម្រិត ។ សូមជម្រាបថា ឥណ្ឌាអាចនឹងទទួលបានវ៉ាក់សាំង Covid-19 ចន្លោះពី៤០០-៥០០លានដូស ខណៈរដ្ឋាភិបាលបានបង្គាប់អោយបណ្តារដ្ឋទាំងឡាយ បង្កើតផែនការជាបន្ទាន់ ដើម្បីត្រៀមសម្រាប់ការរក្សាទុក និងការចែកចាយវ៉ាក់សាំងទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ៕
-
ជប៉ុនទទួលរងការវាយប្រហារពីជំងឺគ្រុនផ្តាសាយបក្សី បន្ថែមពីលើជំងឺ Covid-19

ជប៉ុន៖ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅខេត្តទី៣ របស់ជប៉ុន ចំពេលដែលរលកនៃការចម្លងរោគនេះនៅកសិដ្ឋានបសុបក្សី មានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានអស់រយៈពេលជាង០៤ឆ្នាំមកហើយ ។ ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅតំបន់អាវ៉ាជិ ខេត្តហ៊ីយ៉ូហ្គូ ភាគខាងលិចទីក្រុងតូក្យូ ស្ថិតនៅជិតខេត្ត កាហ្គាវ៉ា ជាខេត្តដែលការផ្ទុះជំងឺផ្ដាសាយបក្សីលើកដំបូង ត្រូវបានគេរកឃើញក្នុងកសិដ្ឋានចិញ្ចឹមសត្វកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ទន្ទឹមគ្នា សត្វមាន់ប្រមាណ១៤ម៉ឺន៦ពាន់ក្បាលនៅកសិដ្ឋាន ហ៊ីយ៉ូហ្គូ នឹងត្រូវយកទៅសម្លាប់ ឬកប់ចោល ស្របពេលដែលការធ្វើដំណើរចេញចូលក្នុងបរិវេណប្រហែល០៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននោះ នឹងត្រូវរឹតត្បិតផងដែរ ៕
-
លោក ចូ បៃដិន កំពុងប្រឈមនឹងការសម្រេចចិត្ត ជុំវិញការបន្តសុពលភាពសន្ធិសញ្ញា “New START” រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី

អាមេរិក៖ អ្នកតស៊ូមិតផ្នែកគ្រប់គ្រងអាវុធបាននិងកំពុងជម្រុញអោយប្រធានា ធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន បន្តសុពលភាពសន្ធិសញ្ញាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីកំណត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ លោក បៃដិន បានប្រឈមមុខនឹងការសម្រេចចិត្តភា្លមៗ ថាតើត្រូវបន្តសុពលភាពសន្ធិសញ្ញាឆ្នាំ២០១០ “New START” ដែរឬទេ ខណៈដែលសន្ធិសញ្ញាទ្វេភាគីរវាងប្រទេសទាំងពីរជិតដល់ថ្ងៃអស់សុពលភាព ដើម្បីបង្កកការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តគ្មានដែនកំណត់ រួមទាំងគ្រាប់មីស៊ីល ក៏ដូចជានាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែករបស់ពួកគេ ។ សូមបញ្ជាក់ថា សន្ធិសញ្ញាទ្វេភាគី New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ខាងមុខ ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕
-
នាយករដ្ឋមន្រ្តីប៉ាគីស្ថានអះអាងថា ខ្លួនមិនចង់ឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន ព្រោះតែការបិទប្រទេសដើម្បីទប់ស្កាត់ Covid-19 ឡើយ

ប៉ាគីស្ថាន៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ នឹងមិនចេញបញ្ជាអោយបិទប្រទេស ដោយសារតែការឆ្លងរាតត្បាតនៃជម្ងឺ Covid-19 ជាថ្មីទៀតនោះទេ ហើយថា រូបលោកមិនចង់ឃើញប្រជាជនខ្លួនស្លាប់ព្រោះតែការអត់ឃ្លាន ស្របពេលកំពុងព្យាយាមសង្គ្រោះជីវិតពួកគេពីការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ លោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងបែបនេះទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ នៅឯភាគខាងកើតទីក្រុង ឡាហូរ ប៉ុន្មានម៉ោងក្រោយអាជ្ញាធរបានរាយការណ៍ពីករណីស្លាប់ដោយសារជម្ងឺ Covid-19 ថ្មីៗចំនួន៥៩នាក់បន្ថែមទៀត ខណៈប៉ាគីស្ថានក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់កើនខ្ពស់បំផុត នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ និងករណីឆ្លងថ្មីៗចំនួន៣ពាន់នាក់ផ្សេងទៀតក៏ត្រូវបានរាយការណ៍ផងដែរ ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះបញ្ជាក់ទៀតថា រូបលោកមិនចង់បិទរោងចក្រ ហាងលក់ទំនិញ និងផ្សារទំនើបនោះទេ ដោយសារវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ហើយជាមួយគ្នានេះ លោក ខាន់ ក៏បានជម្រុញផងដែរ អោយប្រជាជនរឹតបន្តឹងវិធានការរក្សាគម្លាតសង្គម ហើយថា ការពាក់ម៉ាសការពារគឺជាវិធីការពារដ៏ងាយស្រួលបំផុត ដើម្បីទប់ស្កាត់ជម្ងឹ Covid-19 ៕
-
ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅមីយ៉ាន់ម៉ា កើនដល់១.៨១០នាក់ ក្រោយទើបរកឃើញអ្នកស្លាប់ថ្មី២៦នាក់ទៀតក្នុងពេលមួយថ្ងៃ

មីយ៉ាន់ម៉ា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជម្ងឺ Covid-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់១ពាន់៨១០នាក់ហើយ គិតត្រឹមថ្ងៃពុធម្សិលមិញ នេះបើតាមរបាយការណ៍របស់ក្រសួងកីឡា និងសុខាភិបាលមីយ៉ាន់ម៉ា ។ របាយការណ៍ដដែលបានអោយដឹងថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានរកឃើញអ្នកស្លាប់ដោយសារជម្ងឺ Covid-19 ថ្មីចំនួន២៦នាក់បន្ថែមទៀត ។ ហើយគិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងជម្ងឺ Covid-19 សរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនដល់៨ម៉ឺន៣ពាន់៥៦៦ករណី ដែលរួមបញ្ចូលទាំងករណីឆ្លងថ្មីចំនួន១ពាន់៣៣០នាក់ទៀត ខណៈអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៣ពាន់៣៦៦នាក់ ។ សូមជម្រាបថា ជម្ងឺ Covid-19 ត្រូវបានគេរាយការណ៍ពីការរកឃើញលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ ៕
-
វៀតណាមត្រូវការ១៥០ពាន់លានដុល្លារអាមេរិក អភិវឌ្ឍន៍ថាមពល

ប្រទេសវៀតណាមត្រូវការថវិការ ១៥០ពាន់លានដុល្លារអាមេរិក ឬពាក់កណ្តាលនៃ GDP របស់ខ្លួន ដើម្បីបង្កើនផលិតភាពថាមពល ក្នុងរយៈពេល១០ឆ្នាំទៀត ប៉ុន្តែការប្រមូលកញ្ចប់ថវិការនេះប្រហែលជាជួបការលំបាក នេះបើតាមក្រុមអ្នកវិភាគ។ ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍និងផែនការប្រចាំក្នុងក្រុងហាណូយ Dang Huy Dong បាននិយាយ ក្នុងវេទិការមួយ កាលពីពេលថ្មីៗនេះថា យ៉ាងហោចណាស់៥ឆ្នាំទៀត លំហូរមូលធននឹងមិនគ្រប់គ្រាន់ សម្រាប់តម្រូវការនេះទេ។ ខណៈដែលលំហូរមូលធនអន្តរជាតិមានច្រើនក៏ដោយ ភាពប្រកួតប្រជែងក៏មានខ្ពស់ដែរ ព្រោះបណ្តាមេដឹកនាំបរទេសក៏មានស្តង់ដាខ្ពស់ៗ។ ដោយគាំទ្រការអះអាងនេះ លោក Nguyen Duc Hien ដែលជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ចកណ្តាលបាននិយាយថា កម្ចីក្នុងស្រុកគឺពិបាក ខណៈដែលមានឧបសគ្គ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យថាមពលនេះ។ ក្រុមអ្នកវិភាគផ្សេងៗទៀតបានព្រមានថា ចាប់តាំងពីវិស័យថាមពលជាឧស្សាហកម្មរសើប ដែលប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចជាតិនោះ រដ្ឋាភិបាលចាំបាច់ត្រូវតែជ្រើសរើស ហើយត្រូវធានាថា វិនិយោគបរទេសនឹងមិននាំយកបច្ចេកវិទ្យាទាប ឬ ព្យាយាមគ្រប់គ្រងធនធានរបស់ប្រទេសទេ៕ ប្រភពពី VN Express