-
តុលាការកូរ៉េកាត់ទោសមេបណ្តាញផ្លូវភេទតាមអនឡាញ ជាប់គុក៤០ឆ្នាំ

តុលាការកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៦ វិច្ឆិកា ២០២០ បានកាត់ទោសមេដឹកនាំបណ្តាញផ្លូវភេទតាមអនឡាញម្នាក់ ឲ្យជាប់ពន្ធនាគារ៤០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន យុនហាប។ បុរសវ័យ២៤ឆ្នាំ ឈ្មោះថា Cho Ju-bin រូបនេះត្រូវបានរកឃើញថា មានមានទោស ទាក់ទងនឹងដំណើរការបណ្តាញអនឡាញ ដែលបានទាក់ទងស្ត្រីយ៉ាងតិច៧៤នាក់ រួមមានទាំងយុវតី១៦នាក់ ដែលអាជ្ញាធរចាត់ទុកថា ភាពទាសភាពនិម្មិត តាមរយៈបង្ខំឲ្យស្ត្រីទាំងនោះ ដោយបញ្ជូនរូបភាពថោកទាបកាន់តែច្រើន ហើយពេលខ្លះ រូបភាពផ្លូវភេទដ៏ឃោរឃៅ នៅចន្លោះពីខែឧសភា ២០១៩ និងខែកុម្ភៈ ២០២០។ តុលាការកណ្តាលក្រុងសេអ៊ូលបានកាត់ទោស ពីបទបំពានច្បាប់ការពារកុមារនិងឧក្រិដ្ឋកម្ម តាមរយៈការបង្កើតនិងបញ្ចេញរូបអាសអាភាស និង បង្កើតអង្គការឧក្រិដ្ឋកម្ម។ មេធាវីរបស់លោក Cho Ju-bin មិនទាន់ត្រូវបានសុំបានយោបល់អ្វីទេ ចំពោះបញ្ហានេះ យ៉ាងណាក៏ដោយ នៅពេលបញ្ចូនទៅក្នុងពន្ធនាគារកាលពីខែមីនា លោក Cho Ju-bin បាននិយាយថា លោកចង់សុំទោស ជនរងគ្រោះទាំងនោះ។ ទាក់ទងនឹងករណីនេះ ពលរដ្ឋកូរ៉េខាងត្បូងរាប់លាននាក់បានដាក់ញត្តិឲ្យអាជ្ញាធរបញ្ចេញអត្តសញ្ញាណរបស់លោកCho Ju-bin ហើយមិនត្រឹមឲ្យស៊ើបអង្កេតលើក្រុមនេះ ប៉ុន្តែត្រូវស៊ើបរកអ្នកដែលចូលរួមបង់ប្រាក់ មានរហូតដល់១.៥លានវុន ឬ ១៣៦០ដុល្លារអាមេរិក ដើម្បីអាចមើករូបភាពនិងវីដេអូខុសច្បាប់ទាំងនោះទៀតផង។…
-
ពួកបាតុករថៃចង់ឲ្យស្តេចឈប់គ្រប់គ្រងទ្រព្យរាប់ពាន់លានដុល្លារ ជាការទាមទារថ្មី១ទៀត

ក្រុមបាតុកររាប់ពាន់នាក់ កាលពីថ្ងៃពុធម្សិលមិញបានបន្តធ្វើសកម្មភាពតវ៉ារបស់ខ្លួន ហើយបានអំពាវនាវឲ្យព្រះមហាក្សត្រ ឈប់គ្រប់គ្រងព្រះរាជ្យទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ជាការទាមទារថ្មីមួយទៀត ក្រៅពីកន្លងមក ចង់ឲ្យធ្វើកំណែទម្រង់របបរាជានិយម និងចង់ឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ក្នុងសកម្មភាពបាតុកម្មរាប់ខែមកនេះ។ បាតុករនេះធ្វើឡើងក្រោយពេលនគរបាលបានកោះហៅបណ្តាមេដឹកនាំបាតុកម្មធំៗ មកសាកសួរ រឿងប្រមាថព្រះមហាក្សត្រ ហើយសកម្មភាពតវ៉ារិះគន់ស្តេចរបស់ពួកបាតុករ ភាគច្រើនជាយុវជនថៃពេលនេះគឺជារឿងប្រវត្ថិសាស្ត្រមួយ ដែលកម្រកើតមានឡើងណាស់ ក្នុងប្រទេសនេះ។ ពួកមេដឹកនាំទាំងនោះ អាចប្រឈមនឹងការជាប់ពន្ធនាគារ១៥ឆ្នាំ។ បាតុកម្មកាលពីថ្ងៃទី២៥ វិច្ឆិកា បានធ្វើឡើងតាមការគ្រោងទុក គឺនៅមុខទីស្នាក់ការព្រះរាជទ្រព្យ ដែលឃ្លាំងផ្ទុកនូវព្រះរាជទ្រព្យរបស់ក្សត្រ។ ប៉ុន្តែនគរបាលក៏បានដាក់រនាំងផ្សេងៗ ក្រោយមកក្បួនបាតុកម្មក៏ប្តូរទៅទីស្នាក់ការធនាគារពាណិជ្ជកម្មវិញ ហើយធនាគារ Siam Commercial Bank នេះ ក៏មានភាគហ៊ុនព្រះមហាក្សត្រជាង២៣ភាគរយដែរ។ នគរបាលអះអាងថា បាតុករចូលរួមបាតុកម្ម នាពេលនោះ មានប្រមាណ៨០០០នាក់។ ពុំទាន់មានការបញ្ចេញមតិយោបល់អ្វីពីព្រះបរមរាជវាំងនៅឡើយទេ ចំពោះការតវ៉ានេះ ប៉ុន្តែព្រះមហាក្សត្រធ្លាប់ត្រូវបានប្រទានសំណួរទាក់ទងនឹងបាតុកម្មនេះ ដោយពេលនោះ ព្រះអង្គមានព្រះបន្ទូលថា ទ្រង់ស្រលាញ់ប្រជាជនថៃដូចៗគ្នា៕ ប្រភពពី CNA
-
លោក ចូ បៃដិន បញ្ជាក់ថា Covid-19 ធ្វើអោយមានការបែកបាក់ផ្នែកនយោបាយខ្លាំងនៅសហរដ្ឋអាមេរិក និងអំពាវនាវអោយមានការឯកភាពគ្នា

អាមេរិក៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បញ្ជាក់ថា ជំងឺ Covid-19 បានធ្វើអោយមានការបែកបាក់ផ្នែកនយោបាយកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ហើយលោកថែមទាំងបានអំពាវនាវអោយមានការឯកភាពគ្នា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាអបអរថ្ងៃបុណ្យរំលឹកគុណ “Thanksgiving” នៅឯស្រុកកំណើតរបស់លោកក្នុងទីក្រុងវីលមីងតុន រដ្ឋដេឡាវែរ លោក បៃដិន បាននិយាយថា វា (Covid-19) បានធ្វើអោយយើងបែកបាក់គ្នា… ធ្វើអោយយើងខឹងសម្បា… ធ្វើអោយយើងប្រឆាំងគ្នា ។ ខ្ញុំដឹងថា ប្រទេសនេះកាន់តែបារម្ភឡើងអំពីការប្រយុទ្ធគ្នា ប៉ុន្តែយើងត្រូវចាំថា យើងកំពុងធ្វើសង្គ្រាមជាមួយវីរុសមិនមែនជាមួយគ្នានោះទេ ហើយថា ខ្ញុំជឿថា រដូវកាលបែកបាក់គ្នាដ៏សែនលំបាកនេះ នឹងឈានទៅរកឆ្នាំនៃពន្លឺភ្លឺស្វាង និងការឯកភាពគ្នា ។ បន្ថែមលើនេះ លោក ចូ បៃដិន ក៏បានសន្យាដែរថា ចាប់ផ្តើមនៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់ខ្ញុំ យើងនឹងចាត់វិធានការដែលនឹងផ្លាស់ប្តូរទិសរបស់ជំងឺរាតត្បាត ហើយលោកបានជំរុញអោយជនជាតិអាមេរិកអនុវត្តតាមគោលការណ៍ផ្នែកសុខភាព ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤២ម៉ឺននាក់ និងជាសះស្បើយជាង៤២លាន២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦០លាន៧១ម៉ឺន៥ពាន់៧១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤២ម៉ឺន៦ពាន់៧៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤២លាន២ម៉ឺន៨ពាន់២៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៣លាន១៣ម៉ឺន៧ពាន់៩៦២នាក់ ស្លាប់ចំនួន២៦ម៉ឺន៨ពាន់២១៩នាក់ និងជាសះស្បើយចំនួន៧លាន៨០ម៉ឺន៥ពាន់២៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន២៦ម៉ឺន៦ពាន់៦៩៧នាក់ ស្លាប់ចំនួន១៣ម៉ឺន៥ពាន់២៦១នាក់ និងជាសះស្បើយ៨លាន៦៧ម៉ឺន៧ពាន់៩៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន១៦ម៉ឺន៦ពាន់៨៩៨នាក់ ស្លាប់១៧ម៉ឺន៧៩៩នាក់ និងជាសះស្បើយ៥លាន៥១ម៉ឺន២ពាន់៨៤៧នាក់ ៕
-
ក្រុមហ៊ុនផលិតឱសថចិន CNBG ដាក់ពាក្យសុំការអនុញ្ញាតដើម្បីនាំវ៉ាក់សាំង Covid-19 របស់ខ្លួនទៅកាន់ទីផ្សារ

ចិន៖ ក្រុមហ៊ុនផលិតឱសថ CNBG បានដាក់ពាក្យសុំការអនុញ្ញាតទៅកាន់និយ័តករចិន ដើម្បីនាំវ៉ាក់សាំង Covid-19 របស់ខ្លួនទៅកាន់ទីផ្សារអោយបានមុន ឬស្មើការចេញប្រើវ៉ាក់សាំងរបស់គូប្រជែងមកពីបស្ចិមប្រទេស នៅពេលការសាកល្បងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងមួយចំនួន ឈានដល់ដំណាក់កាលចុងក្រោយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពាក្យសុំនេះ ទំនងជាមានបញ្ចូលទៅជាមួយនូវទិន្នន័យបានមកពីការសាកពិសោធន៍លើមនុស្សនៅដំណាក់កាលទី៣របស់ក្រុមហ៊ុន ដែលធ្វើឡើងនៅមជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង ។ បើតាមក្រុមហ៊ុន CNBG ខ្លួនមិនទទួលបានរបាយការណ៍អំពីប្រតិកម្មវ៉ាក់សាំងអាក្រក់ខ្លាំង លើអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ ។ សូមជម្រាបថា CNBG អាចនឹងក្លាយក្រុមហ៊ុនផលិតវ៉ាក់សាំងដំបូងគេ ក្រៅពីរុស្ស៊ី ដែលវ៉ាក់សាំង Covid-19 របស់ខ្លួន នឹងត្រូវយកទៅចាក់សំរាប់សាធារណៈជនទូទៅ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការដើរតួនាទីធំមួយសំរាប់ការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក ៕
-
ថៃគ្រោងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covid-19 តម្លៃ៦ពាន់លានដុល្លារពីក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រសប្តាហ៍នេះ

ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃពុធនេះថា វិទ្យាស្ថានវ៉ាក់សាំងជាតិនឹងចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ៦ពាន់លានដុល្លារ សម្រាប់វ៉ាក់សាំង Covid-19 ជាមួយក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស-ស៊ុយអែត អាស្រ្តាហ្សេណេកា នៅថ្ងៃសុក្រសប្តាហ៍នេះ ។ ស្ថិតក្រោមកិច្ចសន្យាខាងលើនេះ ប្រទេសថៃនឹងបញ្ជាទិញវ៉ាក់សាំង Covid-19ចំនួន២៦លានដូស ដែលគ្រប់គ្រាន់ល្មមសម្រាប់ចាក់អោយមនុស្សចំនួន១៣លាននាក់ ។ បើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃលោកស្រី ត្រៃស៊ូរី តៃសារ៉ាណាគុល លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងធ្វើជាអធិបតីក្នុងពិធីនេះបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តការទិញវ៉ាក់សាំងនេះនៅថ្ងៃទី១៧ ខែវិច្ឆិកា ។ លោកស្រីបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសន្យានេះ នឹងផ្តល់អោយប្រជាជនថៃនូវឱកាសប្រសើរជាងប្រទេសដទៃទៀត ដើម្បីទទួលបានវ៉ាក់សាំង លោកស្រីថា ការទទួលយកវ៉ាក់សាំងត្រូវបានរំពឹងថា នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២១ ។ ហើយកិច្ចសន្យានេះដែរ អាចនឹងគ្របដណ្តប់លើការផលិតវ៉ាក់សាំងក្នុងប្រទេសថៃ នៅឯរោងចក្ររបស់ក្រុមហ៊ុន Siam Bioscience Group ដោយលោកស្រីបាននិយាយថា វារួមបញ្ចូលទាំងការផ្ទេរបច្ចេកវិជ្ជាផលិតកម្មផងដែរ ៕
-
បាឡែន និង ដូហ្វីន១០០ក្បាលងាប់ នៅតំបន់កោះដាច់ស្រយាលមួយ

ក្រុមន្ត្រីបានឲ្យដឹងថា ត្រីបាឡែននិងត្រីដូហ្វីនប្រមាណ១០០ក្បាលបានងាប់ក្បែរៗគ្នា នៅតំបន់កោះដាច់ស្រយាល Chatham Islands មានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតប្រទេស New Zealand ។ ភាគច្រើននៃត្រីទាំងនេះបានជាប់គាំង កាលពីចុងសប្តាហ៍ ប៉ុន្តែក្រុមសង្គ្រោះពិបាកជួសង្គ្រោះ ដោយសារតែតំបន់នៅឆ្ងាយពេក។ នាយកដ្ឋានអភិរក្សរបស់ប្រទេសនេះបានឲ្យដឹងថា ត្រីបាឡែនសរុប៩៧ក្បាលបានងាប់ ខណៈត្រីដូហ្វីនមាន៣ក្បាល ប៉ុន្តែមាន២៦ក្បាលនៅមានជីវិត ស្ថិតក្នុងសភាពខ្សោយ ហើយមូលហេតុបណ្តាលពីលក្ខខណ្ឌទឹកសមុទ្រ។ កាលពីចុងខែកញ្ញា ២០២០ ក៏មានត្រីបាឡែនរាប់រយក្បាលបានងាប់ ក្នុងទឹករាក់នៃឆ្នេរប្រទេសអូស្ត្រាលី ហើយត្រូវបានចាត់ទុកថាជាការងាប់ដ៏ច្រើនមួយ ក្នុងពិភពលោក៕ ប្រភពពី CNA
-
ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីជលផលត្រូវបានអង្គភាពប្រឆាំងពុករលួយចាប់ឃាត់ខ្លួន

ក្រុមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនរដ្ឋមន្ត្រីទទួលបន្ទុកជលផលនិងកិច្ចការសមុទ្រ លោក Edhy Prabowo កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២០ នេះបើតាមអ្នកនាំពាក្យរបស់អង្គភាព ដោយគ្មានបង្ហាញហេតុផលនៃការចាប់ឃុំខ្លួននេះទេ។ រដ្ឋមន្ត្រីរូបនេះស្ថិតក្នុងចំណោមមនុស្សមួយចំនួនដែលត្រូវបានចាប់ខ្លួន និងឃុំឃាំង សាកសួរ២៤ម៉ោង នេះបើតាមប្រភពដដែល។ សារព័ត៌មានបានចេញផ្សាយថា លោករដ្ឋមន្ត្រីត្រូវបានចាប់ខ្លួន នៅពេលមកដល់ចំណតអាកាសយានដ្ឋាន Soekarno-Hatta ក្នុងរដ្ឋធានី ជាមួយនឹងភរិយា ពោលគឺបន្ទាប់ពីមានដំណើរទៅសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីមិនទាន់បញ្ចេញមតិអ្វីជុំវិញការចាប់ខ្លួនទេ ហើយមន្ត្រីក្រសួងក៏មិនបញ្ជាក់ព័ត៌មានអ្វីនោះដែរ។ ប៉ុន្តែប្រភពពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរយធឺថា ការចាប់ខ្លួននេះមានទាក់ទងនឹងការស៊ើបអង្កេតរឿងនាំចេញកូនបង្កង។ រម្លឹកដែរថា កាលពីឆ្នាំមុន លោករដ្ឋមន្ត្រីបានសម្រេចលុបចោលបំរាមនាំចេញបង្កង ដែលបំរាមនេះត្រូវបានបង្កើតឲ្យមានដោយរដ្ឋមន្ត្រីមុន៕ ប្រភពពី CNA
-
ប្រធានាធិបតីបារាំងរំពឹងថា ការចាក់វ៉ាក់សាំង Covid-19 នឹងចាប់ផ្តើមនៅបារាំងនាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

បារាំង៖ ប្រធានាធិបតីបារាំងលោក អែម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារនេះថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺ Covid-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា អាចនឹងចាប់ផ្តើមដំណើរការអោយបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងប្រទេសបារាំងនៅចុងឆ្នាំ២០២០ ប្រសិនបើមានការយល់ព្រមពីនិយ័តករ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ ដើម្បីលំអិតពីវិធីសាស្រ្តដែលបារាំងនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងការបិទប្រទេសក្នុងសប្តាហ៍នេះ ។ លោក ម៉ាក្រុង បាននិយាយទៀតថា យើងទំនង ជានឹងទទួលបាននូវការអនុញ្ញាតពីអាជ្ញាធរសុខាភិបាល ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនដែលងាយរងគ្រោះបំផុត ជាពិសេសមនុស្សមានវ័យចំណាស់ក្នុងពេលឆាប់ៗខាងមុខ ពោលគឺនៅចុងឆ្នាំនេះ ឬនៅដើមខែមករា ឆ្នាំក្រោយ លោកថា ក្រុមប្រជាជនផ្សេងទៀតនឹងត្រូវផ្តល់ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅទូទាំងប្រទេសបារាំងមានអ្នកឆ្លង Covid-19 សរុបចំនួន២លាន១៥ម៉ឺន៣ពាន់៨១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប៥ម៉ឺន២៣៧នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៤ពាន់៦៧៩នាក់ ៕
-
សហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំង Covid-19 ចំនួន១៦០លានដូសពីក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា

ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា ក្នុងការផ្គត់ផ្គង់បេក្ខភាពវ៉ាក់សាំង Covid-19 នេះបើតាមការបញ្ជាក់របស់ប្រធានគណៈកម្មការអឺរ៉ុប ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉ែន បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំរីករាយដែលបានប្រកាសថា ថ្ងៃស្អែកនេះយើងនឹងចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីមួយ ដើម្បីទទួលបាននូវវ៉ាក់សាំងការពារជម្ងឺ Covid-19 បន្ថែមទៀត លោកស្រីថា កិច្ចព្រមព្រៀងនោះ នឹងអនុញ្ញាតអោយយើងបញ្ជាទិញវ៉ាក់សាំងចំនួន១៦០លានដូស ដែលផលិតឡើងដោយក្រុមហ៊ុនឱសថអាមេរិក ម៉ូឌែណា។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ម៉ូឌែណា បានប្រកាសពីលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់ទី៣ ដោយអះអាងថា វាមានប្រសិទ្ធភាពរហូតដល់៩៤.៥% ក្នុងការទប់ស្កាត់នឹងវីរុសដ៏កាចសាហាវមួយនេះ ៕