-
ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក អាចបង្កើតប្រព័ន្ធភាពសុំាឆ្លើយតបភ្លាមៗទៅនឹងវីរុសនេះ

ចិន៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថចិន ស៊ីណូវ៉ាក ហៅឈ្មោះថា កូរ៉ូណាវ៉ាក់ ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដនោះ អាចបង្កើតប្រព័ន្ធភាពសុំាឆ្លើយតបភ្លាមៗទៅនឹងមេរោគ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការចេញផ្សាយពីការសិក្សាស្រាវជ្រាវថ្មីខាងលើនេះ បានកើតមានចំពេលដែលក្រុមហ៊ុនឱសថអាមេរិក ភីហ្វឺហ្សឺ និងក្រុមហ៊ុន ម៉ូឌែណា ព្រមទាំងក្រុមហ៊ុនរុស្ស៊ី សុទ្ធតែអះអាងរៀងៗខ្លួនថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពច្រើនជាង៩០ភាគរយ ដោយឈរលើទិន្នន័យបឋមអំពីការធ្វើតេស្ដក្នុងដំណាក់កាលទី ៣ ដែលជាជំហានចុងក្រោយ ។ បើតាមក្រុមអ្នកស្រាវជ្រាវចិន ការសិក្សានៅក្នុងការធ្វើតេស្ដដំណាក់កាលទី៣គឺជារឿងសំខាន់បំផុត ដើម្បីកំណត់ថាតើវ៉ាក់សាំង កូរ៉ូណាវ៉ាក់ អាចនឹងការពារមនុស្សមិនឱ្យឆ្លងជម្ងឺ COVID-19 បានដែរឬក៏យ៉ាងណា ខណៈបច្ចុប្បន្នក្រុមហ៊ុន ស៊ីណូវ៉ាក កំពុងដំណើរការការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សក្នុងដំណាក់កាលទី ៣ នៅឥណ្ឌូណេស៊ី ប្រេស៊ីល និងតួកគី ៕
-
ប្រមុខការទូតអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់នឹងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ពេញលេញ បើសិនលោក បៃដិន ដកទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាហ្វាដ ហ្សារីហ្វ ថ្លែងថា ប្រទេសរបស់លោកនឹងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥យ៉ាងពេញលេញ ប្រសិនបើប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន ដកទណ្ឌ កម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងបទសម្ភាសន៍មួយដែលចុះផ្សាយដោយគេហទំព័រព័ត៌មានរដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធនេះ លោក ហ្សារីហ្វ បញ្ជាក់ថា ប្រសិនបើលោក ចូ បៃដិន បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់សហរដ្ឋអាមេរិក… យើងក៏ដូចគ្នាដែរ ហើយអាចនឹងវិលត្រឡប់ទៅរកការប្តេជ្ញាចិត្តរបស់យើងយ៉ាងពេញលេញនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបើកការចចារតាមដែលអាចធ្វើទៅបានជាមួយប្រទេសមហាអំណាច៥បូក១ ដែលជាភាគីហត្ថលេខី ។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាអំពីវិធីដែលអាចធ្វើអោយសហរដ្ឋអាមេរិកអាចចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ លោកថា ស្ថានភាពនឹងល្អប្រសើរឡើងវិញក្នុងពេលពីរទៅបីខែក្រោយ… បើសិនលោក បៃដិន អាចដកទណ្ឌកម្មទាំងអស់ជាមួយនឹងបទបញ្ជាប្រតិបត្តិចំនួន០៣ ។ សូមបញ្ជាក់ថា កន្លងមក លោក ចូ បៃដិន ធ្លាប់បានសន្យាថា នឹងចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥វិញ ដែលត្រូវបានយល់ព្រមដោយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតីអាមេរិក ប្រសិនបើអ៊ីរ៉ង់នឹងវិលត្រឡប់ទៅរកការអនុលោមតាមច្បាប់នោះដែរ ៕
-
បង្ក្រាបបាតុកម្មមុខសភាថៃ របួសមនុស្សយ៉ាងតិច៥៥នាក់

-
ជប៉ុន និងអូស្ត្រាលីឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ស្តីពីកតិកាសញ្ញាការពារជាតិទ្វេភាគី

ជប៉ុន៖ ជប៉ុន និង អូស្ត្រាលីឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយជាមួយគ្នា ស្តីពីកតិកាសញ្ញាការពារជាតិទ្វេភាគី មានគោលបំណងសម្រួលដល់កិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នា នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បច្ចុប្បន្នជប៉ុន និង អូស្រ្តាលីកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ខណៈប្រទេសទាំងពីរព្រួយបារម្ភពីការកើនឡើង នូវសកម្មភាពកងទ័ពចិន ក្នុងសមុទ្រចិនខាងត្បូង ការធ្វើសមយុទ្ធនៅប្រជុំដែនកោះមានជម្លោះនៅសមុទ្រចិនខាងកើត និងសកម្មភាពរបស់ចិនមកលើប្រទេសដែនកោះប៉ាស៊ីហ្វិកខាងកើត ។ សូមជម្រាបថា កិច្ចព្រមព្រៀងនេះបានចំណាយពេល០៦ឆ្នាំដើម្បីចរចា ហើយចាំបាច់ត្រូវផ្តល់សច្ចាប័នពីសមាជិកសភារបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងទទួលបានទៅវិញទៅមក ឬ (Reciprocal Access Agreement) នេះដែរ គឺជាក្របខ័ណ្ឌច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យយោធាជប៉ុន-អូស្រ្តាលីធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ព្រមទាំងធ្វើសមយុទ្ធរួមគ្នា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតផងដែរ ៕
-
ទីបំផុតបេសកកម្មរបស់ NASA និង SpaceX ទទួលបានជោគជ័យ ក្រោយយានអវកាស Crew Dragon ចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS

អាមេរិក៖ សារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃអង្គារនេះថា យានអវកាស Crew Dragon ដែលមានឈ្មោះថា រ៉េស៊ីលៀន របស់ក្រុមហ៊ុន SpaceX ដែលផ្ទុកអវកាសយានិកចំនួន០៤នាក់បានទទួលជោគជ័យទាំងស្រុង បន្ទាប់ពីចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS ។ យានអវកាសខាងលើនេះ បានចូលចតដោយស្វ័យប្រវត្តិនៅស្ថានីយអវកាសអន្តរជាំតិ ISS នៅម៉ោង១១៖០១នាទីយប់ថ្ងៃចន្ទដើមសប្តាហ៍ (ម៉ោងក្នុងតំបន់) ពោលគឺចំណាយរយៈពេលជាង២៧ម៉ោង បន្ទាប់ពីហោះឡើងចេញពីមជ្ឈមណ្ឌលអវកាស ខេនណឺឌី រដ្ឋផ្លូរីដា ។ បេសកកម្មនេះហៅថា Crew-1 គឺជាបេសកកម្មផ្លូវការដំបូង ក្នុងចំណោមបេសកកម្មរួមគ្នាសរុបចំនួន០៦រវាងអង្គការ NASA និង SpaceX នៅក្រោមកម្មវិធី Commercial Crew Program របស់ NASA ។ បើតាមការគ្រោងទុកនោះ អវកាសយានិកទាំង០៤នាក់នឹងធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្រ្ត និងការជួសជុលស្ថានីយ ISS ក្នុងកំឡុងបេសកកម្មរយៈពេល០៦ខែនៅទីនោះ ហើយនឹងត្រឡប់ចុះមកផែនដីវិញនៅចន្លោះខែមីនា និងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ៕
-
លោក Jeff Bezos បរិច្ឆាគប្រាក់៧៩១លានដុល្លារទៅដល់អង្គការចំនួន១៦ ដើម្បីជួយការពារបរិស្ថានពិភពលោក

អាមេរិក៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon លោក Jeff Bezos បញ្ជាក់ថា លោកបានបរិច្ចាគប្រាក់ប្រមាណ៧៩១លានដុល្លារអាមេរិកទៅដល់អង្គការចំនួន១៦ ដែលមានបេសកកម្មសំខាន់សម្រាប់កិច្ចការងារជួយការពារបរិស្ថានពិភពលោក នេះបើតាមទស្សនាវដ្ដី Forbes នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ តាមរយៈបណ្តាញសង្គម Instagram លោក Jeff Bezos បានបញ្ជាក់ថា លោកបានចំណាយពេលជាច្រើនខែមកហើយ ជាមួយនឹងក្រុមមនុស្សដ៏ឆ្លាតវ៉ៃទាំងនោះ ។ ពួកគេបានប្រើប្រាស់ជីវិតរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួល អាកាសធាតុនៅលើភពផែនដីរបស់យើង… លោកមានមោទនភាពណាស់ចំពោះការងាររបស់ពួកគេ ហើយដូច្នេះលោកនឹងជួយពួកគេដើម្បីសម្រេចផែនការ ។ សូមជម្រាបថា ទឹកប្រាក់មូលនិធិខាងលើនេះ ជាផ្នែកមួយនៃការសន្យាកន្លងមករបស់លោក Bezos ដែលថា នឹងបរិច្ឆាគប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក ក្នុងការគាំទ្រពីក្រោយនូវសកម្មភាពការពារបរិស្ថាន និងប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុលើផែនដី ៕
-
Tiktok គ្រោងដាក់ចេញមុខងារថ្មីឈ្មោះថា «Family Pairing» នៅចុងឆ្នាំនេះ ដើម្បីអនុញ្ញាតអោយឪពុកម្ដាយគ្រប់គ្រង និងតាមដានគណនីកូនៗរបស់ខ្លួន

ចិន៖ សារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃពុធនេះថា កម្មវិធីកម្សាន្តបែបវីដេអូខ្លីៗ Tiktok ដាក់ចេញមុខងារថ្មីជាច្រើនទៀត ក្នុងនោះក៏អនុញ្ញាតអោយឪពុកម្ដាយអាចធ្វើការគ្រប់គ្រង់ និងតាមដានគណនីកូនៗ ឬក្មេងជំទង់របស់ពួកគេបាន ។ មុខងារថ្មីនេះ TikTok អោយឈ្មោះថា «Family Pairing» ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២០នេះ ប៉ុន្តែសម្រាប់ការប្រើប្រាស់ គឺឪពុកម្ដាយត្រូវភ្ជាប់គណនីខ្លួនជាមួយនឹងគណនីកូនៗតាមរយៈមុខងារមួយនេះ ។ មុខងារថ្មីនេះទៀតសោត នឹងអនុញ្ញាតអោយអាណាព្យាបាលមានសិទ្ធិក្នុងការកំណត់ទៅលើ content, users, hashtags, or sounds ណាដែលកូនៗរបស់ពួកគាត់អាចសែ្វងរក ឬប្រើប្រាស់បាន ហើយគណនីកូនៗអាចកំណត់បានជាសាធារណៈ ឬឯកជន ៕
-
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បោះទុនវិនិយោគ១.១៨ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសង្វាក់ផលិតកម្មរបស់ខ្លួននៅស្លូវ៉ាគី

អាល្លឺម៉ង់៖ ប្រធានក្រុមហ៊ុន Volkswagen Slovakia លោក Oliver Gruenberg បញ្ជាក់ថា Volkswagen គ្រោងបោះទុនវិនិយោគ១ពាន់លានអឺរ៉ូ ឬស្មើនឹង១.១៨ពាន់លានដុល្លារអាមេរិកលើរោងចក្ររបស់ខ្លួនក្នុងប្រទេសស្លូវ៉ាគី នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ជាមួយគ្នានេះ លោក Oliver Gruenberg បន្ថែមទៀតថា ទឹកប្រាក់វិនិយោគទាំងអស់ខាងលើនេះ ក្នុងនោះមាន៥០០លានអឺរ៉ូ សម្រាប់ផលិតរថយន្តម៉ូឌែល Passat និង Skoda Superb ជំនាន់ក្រោយ ។ បើតាមប្រធានបុគ្គលិកក្រុមហ៊ុន Volkswagen Slovakia លោក Sebastian Krapoth ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ នឹងបង្កើតការងារប្រមាណ២ពាន់កន្លែងនៅឆ្នាំ២០២១ខាងមុខ ។ លោក Sebastian Krapoth បញ្ជាក់ទៀតថា រោងចក្ររបស់ Volkswagen ក្នុងប្រទេសស្លូវ៉ាគីនេះ ភាគច្រើនផលិតម៉ូដែលចុងក្រោយ ដូចជារថយន្ត Audi Q7 និងរថយន្ត Porsche Cayenne ដែលនឹងនាំចេញច្រើនជាង៩៩ភាគរយនៃផលិតផល ៕
-
ក្រុមហ៊ុន Apple សហការជាមួយក្រុមហ៊ុន Google គ្រោងបង្កើតបច្ចេកវិទ្យា 6G

អាមេរិក៖ បន្ទាប់ពីទើបប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនប្រើ 5G របស់ខ្លួននាពេលថ្មីៗនេះ ស្រាប់តែក្រុមហ៊ុន Apple បានចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុន Google ដើម្បីបង្កើតបច្ចេកវិទ្យា 6G នេះបើតាមគេហទំព័រ Phone Arena នាពេលថ្មីៗ ។ Apple និង Google បានសហការជាមួយអាមេរិកខាងជើង ដែលមានឈ្មោះថា «the Next G Alliance» ក្នុងការបង្កើតយុគសម័យនៃបច្ចេកវិទ្យា 6G ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ដែលជាសមាជិក នឹងជួបជុំគ្នានាសប្ដាហ៍ក្រោយ ដើម្បីចងសម្ព័ន្ធ និង បង្កើតគោលការណ៍រួមក្នុងការផលិតបច្ចេកវិទ្យា 6G ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកឃ្លាំមើលយល់ឃើញថា ការប្រមូលផ្តុំគ្នារបស់ក្រុមហ៊ុនអាមេរិកធំៗខាងលើនេះ ស្ថិតក្នុងគោលបំណងរកវិធីសាស្ត្រទប់ស្កាត់ការរីកលូតលាស់លឿននៃបច្ចេកវិទ្យារបស់ប្រទេសចិន ជាពិសេសគឺបច្ចេកវិទ្យា 6G ដោយសារតែបច្ចុប្បន្ននេះចិនកំពុងតែនាំមុខលើបច្ចេកវិទ្យា 5G ស្រាប់ ៕
-
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ជាង២០លានដុល្លារ ធានាជួយប្រទេសកំពុងអភិវឌ្ឍន៍ទទួលវ៉ាក់សាំងកូវីដ១៩
