-
លោក ចូ បៃដិន អះអាងថា រដ្ឋបាលថ្មីរបស់លោកនឹងមិនអនុវត្តគោលនយោបាយពាណិជ្ជកម្មបែបទណ្ឌកម្មឡើយ

អាមេរិក៖ លោក ចូ បៃដិន ថ្លែងថា រដ្ឋបាលថ្មីរបស់លោកនឹងមិនអនុវត្តគោលនយោបាយពាណិជ្ជកម្មបែបទណ្ឌកម្មទេ ប៉ុន្តែលោកនឹងធ្វើឲ្យប្រជាជនអាមេរិកមានភាពប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ជាពិសេសធានាថា មេដឹកនាំសហជីប និងបរិស្ថានក្លាយជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលយើងធ្វើឡើង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក ចូ បៃដិន បានថ្លែងអំឡុងសន្និសីទកាសែតមួយ ដែលពិភាក្សាពីផែនការសេដ្ឋកិច្ចរបស់លោកថា សហរដ្ឋអាមេរិកត្រូវតែរួមកម្លាំងជាមួយបណ្តាប្រទេសប្រជាធិបតេយ្យលើពិភពលោក ដើម្បីបង្ហាញពីការរួបរួមគ្នាលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះក៏បានសន្យាដែរថា រដ្ឋបាលរបស់លោកនឹងបង្ហាញព័ត៌មានលម្អិត នៃរបៀបវារៈលើគោលនយោបាយពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ពោលគឺមួយថ្ងៃក្រោយលោកចូលកាន់តំណែងផ្លូវការ ៕
-
ប្រធានអង្គការ WHO ព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការកើនឡើងករណីឆ្លង Covid-19 នៅក្នុងប្រទេសជាច្រើន ខណៈមានភាពវិជ្ជមានអំពីវ៉ាក់សាំង

អាមេរិក៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម បានសម្តែងការសាទរចំពោះការលើកទឹកចិត្ត ជុំវិញលទ្ធផលបឋមនៃការធ្វើតេស្ត វ៉ាក់សាំង Covid-19 ប៉ុន្តែលោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងករណីឆ្លងនៅតាមបណ្តាប្រទេសជាច្រើន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ថេត្រូស បានបញ្ជាក់ថា យើងនៅតែបន្តទទួលបានព័ត៌មានលើកទឹកចិត្ត អំពីលទ្ធផលបឋមនៃការតេស្តសាកល្បងវ៉ាក់សាំង COVID-19 ។ លោកបន្តថា យើងនៅតែមានសុទិដ្ឋិនិយម ដោយក្ដីប្រុងប្រយ័ត្នបំផុត អំពីសក្តានុពលនៃឧបករណ៍ថ្មីដ៏សំខាន់មួយនេះ ដើម្បីចាប់ផ្តើមបញ្ចេញឱ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប៉ុន្តែវាមិនមែនជាពេលវេលា ដែលយើងគួរតែពេញចិត្តនោះទេ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេត្រូស ត្រូវបានធ្វើឡើងស្របពេលដែលពិភពលោកមានក្ដីសង្ឃឹមយ៉ាងខ្លាំង ចំពោះការយកឈ្នះលើជំងឺ COVID-19 បន្ទាប់ពីបេក្ខភាពទីពីរនៃវ៉ាក់សាំង COVID-19 ត្រូវបានរកឃើញថា មានប្រសិទ្ធភាពប្រឆាំងនឹងរីវុសដ៏កាចសាហាវមួយនេះរហូតដល់៩៤.៥% ៕
-
លោក ដូណាល់ ត្រាំ ធ្លាប់ស្នើសុំជម្រើសបើកការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ តែត្រូវលុបចោលវិញក្រោយមានការប្រឹក្សាពីហានិភ័យនៃជម្លោះ

អាមេរិក៖ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានស្នើសុំជម្រើសអោយមានការវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗ របស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីរបស់លោកមិនគាំទ្រ នេះបើតាមប្រភពពីមន្រ្តីអាមេរិកមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដកស្រង់ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ មន្រ្តីអាមេរិករូបនេះបានបង្ហើបអោយដឹងទៀតថា ទីប្រឹក្សាលោក ត្រាំ បានបញ្ចុះបញ្ចូលមិនឲ្យបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយសារតែហានិភ័យនៃជម្លោះ អាចរាលដាលកាន់តែធំ ។ លោក ដូណាល់ ត្រាំ បានស្នើសុំជម្រើសនៃការវាយប្រហារ ហើយក្រុមមន្ត្រីបានបង្ហាញសេណារីយ៉ូនានា ប៉ុន្តែនៅទីបំផុតលោក ត្រាំ ក៏បានលុបចោលការសម្រេចចិត្តវិញ ។ យ៉ាងណាមិញ សេតវិមានបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយអ្វីឡើយលើបញ្ហានេះ ។ សូមបញ្ជាក់ថា បើតាមមន្រ្តីអាមេរិកខាងលើនេះ លោក ដូណាល់ ត្រាំ បានស្នើសុំជម្រើសនេះ អំឡុងកិច្ចប្រជុំមួយនៅក្នុងសេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាមួយនឹងជំនួយការសន្តិសុខកំពូលៗ រួមមានអនុប្រធានាធិបតីលោក ម៉ៃ ភែន រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិលោក គ្រីស្តូហ្វឺ មៀលឡឺ និងលោកឧត្តមសេនីយ៍ ម៉ាក មីល្លេយ អគ្គសេនាធិការចម្រុះនៃកងទ័ពអាមេរិក ៕
-
សភាថៃប្រជុំចរចាលើការទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញ តាមសំណើពួកបាតុករ

-
រញ្ជួយដី៦.៣រិចទ័រវាយប្រហារកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី មុននេះបន្តិច

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣៣ម៉ឺននាក់ និងជាសះស្បើយជាង៣៨លាន៤៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៥លាន៣៤ម៉ឺន៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣៣ម៉ឺន១ពាន់៧៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៨លាន៤៨ម៉ឺន៣ពាន់២២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១១លាន៥៣ម៉ឺន៨ពាន់៥៧នាក់ ស្លាប់ចំនួន២៥ម៉ឺន២ពាន់៦៥១នាក់ និងជាសះស្បើយចំនួន៧លាន១ម៉ឺន៩ពាន់៣០៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៨៧ម៉ឺន៤ពាន់១៧២នាក់ ស្លាប់ចំនួន១៣ម៉ឺន៥៥៩នាក់ និងជាសះស្បើយ៨លាន២៨ម៉ឺន៨ពាន់១៦៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៨៧ម៉ឺន៦ពាន់៧៤០នាក់ ស្លាប់១៦ម៉ឺន៦ពាន់៦៧នាក់ និងជាសះស្បើយ៥លាន៣២ម៉ឺន២ពាន់៤០៦នាក់ ៕
-
រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងព្រមានថា ស្ថានភាព Covid-19 កំពុងឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់ខ្លាំង

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងលោក Park Neung-hoo បានពិចារណារឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក Park Neung-hoo បានគូសបញ្ជាក់ថា យើងស្ថិតនៅដំណាក់កាលសំខាន់ ដែលយើងប្រហែលជាត្រូវកែទម្រង់លើវិធានការគម្លាតសុវត្ថិភាព ។ លោកបានសង្កត់ធ្ងន់ថា ស្ថានការណ៍ជម្ងឺ Covid-19 បច្ចុប្បន្ន កំពុងឈានដល់របត់គ្រោះថ្នាក់ខ្លាំង បើមើលទៅលើការកើនឡើងករណីឆ្លងប្រចាំថ្ងៃ និងល្បឿនឆ្លង ។ សូមជម្រាបថា ចំណាត់ការដើម្បីទប់ស្កាត់ Covid-19 នឹងរួមបញ្ចូលការហាមឃាត់ការជួបជុំមនុស្សនៅទីសាធារណៈចាប់ពី១០០នាក់ឡើងទៅ ការរឹត ត្បិតលើការចូលរួមពិធីសាសនា និង ការកំណត់ចំនួនអ្នកចូលមើលព្រឹត្តិការណ៍កីឡាត្រឹម៣០នាក់ ។ ទន្ទឹមនេះ អាជ្ញាធរកូរ៉េខាងត្បូងក៏តម្រូវឲ្យទីតាំងដែលពួកគេចាត់ទុកថា ប្រឈមហានិភ័យឆ្លងខ្ពស់ រួមមាន ហាងស្រា និងកន្លែងច្រៀងការ៉ាអូខេជាដើម ពង្រីកវិធានការគម្លាតសុវត្ថិភាពក្នុងចំណោមភ្ញៀវពួកគេ ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna អះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូតដល់៩៤.៥ភាគរយក្នុងការទប់ស្កាត់ Covid-19

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា របស់សហរដ្ឋអាមេរិកប្រកាសថា ការតេស្តសាកល្បងវ៉ាក់សាំង Covid-19 របស់ខ្លួន ក្នុងដំណាក់កាលទី៣ បានបំពេញតាមលក្ខណៈវិនិច្ឆ័យស្ថិតិ ដែលមានប្រសិទ្ធភាពរហូតដល់៩៤.៥% នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដំណឹងល្អនេះ បានកើតមានឡើងមួយសប្តាហ៍ក្រោយក្រុមហ៊ុនផលិតឱសថអាមេរិកមួយទៀត គឺ ភីហ្វីហ្សឺ សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច ក៏បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនផងដែរ ។ សូមជម្រាបថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានបេក្ខជនវ៉ាក់សាំង Covid-19 ចំនួន០២ ដែលកំពុងរងចាំទិន្នន័យសុវត្ថិភាព និងបទបញ្ញត្តិបន្ថែមទៀត ដើម្បីអនុម័តឲ្យប្រើប្រាស់បន្ទាន់នៅក្នុងខែធ្នូ ឆ្នាំ២០២០នេះ ដែលមានរហូតដល់ ៦០លានដូស ៕
-
លោក ចូ បៃដិន ព្រមានថា រដូវរងាកំពុងឈានមកដល់ ដែលនឹងធ្វើអោយស្ថានភាព Covid-19 កាន់តែអាក្រក់ឡើង

អាមេរិក៖ លោក ចូ បៃដិន នៅថ្ងៃចន្ទនេះបញ្ជាក់ថា មនុស្សកាន់តែច្រើននាក់បន្ថែមទៀតនឹងបាត់បង់ជីវិត បើសិនលោក ដូណាល់ ត្រាំ នៅតែបន្តរារាំងផែនការផ្ទេរអំណាច ស្របពេលដែលស្ថានការណ៍ជម្ងឺ COVID-19 ក្នុងប្រទេស កំពុងវិវឌ្ឍកាន់តែអាក្រក់ឡើង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះបានសង្កត់ធ្ងន់ថា យើងកំពុងឈានចូលរដូវរងារ ដែលវានឹងធ្វើឱ្យស្ថានការណ៍ជម្ងឺ COVID-19 កាន់តែអាក្រក់ឡើង… មនុស្សកាន់តែច្រើននឹងត្រូវបាត់បង់ជីវិត បើសិនរដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាច ។ ការអត្ថាធិប្បាយខាងលើនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង វីលមីងតុន រដ្ឋ ឌែលឡាវែរ បន្ទាប់ពីជួបផ្លាស់ប្ដូរយោបល់ជាមួយក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុនកំពូលៗរបស់សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំសហជីពនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ៕
-
ធនាគារ ADB ផ្តល់កម្ចី១.៥ពាន់លានដុល្លារដល់ថៃ ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
